ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​​សុំ​​​រដ្ឋ​ក្នុង​តំបន់​ឈូង​សមុទ្រពែក្ស​​ឱ្យ​​​បញ្ឈប់​ការអង្គាស​ប្រាក់កាស​​ឱ្យ​ពួក​ហាម៉ាស់


រូបឯកសារ៖ មន្ត្រី​ខាង​ការប្រឆាំង​នឹង​ភេរវកម្ម​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក Brian Nelson ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
រូបឯកសារ៖ មន្ត្រី​ខាង​ការប្រឆាំង​នឹង​ភេរវកម្ម​នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ លោក Brian Nelson ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងយុត្តិធម៌ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បានអំពាវ​នាវ​ដល់​ពួក​ប្រទេសជា​សមាជិក​នៃ​មជ្ឈ​មណ្ឌល​តាមដាន​ការរៃ​អង្គាស​ប្រាក់​របស់​ក្រុមភេរវជន(​TFTC)​ ឱ្យប្រើ​ឥទ្ធិពល​ពួក​គេក្នុង​ការចាត់​វិធានការ​ថែម​ទៀត​ដើម្បី​កាត់ផ្តាច់​លំហូរប្រាក់កាស​ទៅ​ឱ្យ​ពួក​ហាម៉ាស់ដែល​គ្រប់គ្រងតំបន់​ហ្កាហ្សា​ជា​កន្លែង​រស់នៅរបស់​ជនជាតិ​ប៉ាឡេស្ទីន​២លាន​៣សែន​នាក់ដែល​រង​ការបាញ់ផ្តក់ដោយ​អ៊ីស្រាអែល​ជាង​ពីរ​អាទិត្យ​មក​ហើយ។

សហរដ្ឋ​អាមេរិក​បានចាត់ទុកពួក​ហាម៉ាស់ថា​ជា​អង្គការ​ភេរវជន​មួយចាប់តាំងពី​ឆ្នាំ១៩៩៧​មក។

រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុសម្រាប់​ការ​ស៊ើប​ការណ៍សម្ងាត់ផ្នែកភេរវកម្ម​និងហិរញ្ញវត្ថុ​លោក Brian Nelson ​បាន​និយាយនៅក្នុង​សេចក្តី​ថ្លែងការណ៍មួយចេញផ្សាយកាលពី​ថ្ងៃ​អង្គារសម្រាប់​ក្រុមនេះ​ថា៖​ «តាម​ទស្សនៈ​របស់​យើង​ ការ​មិន​ចាត់​វិធានការប្រឆាំង​ពួក​ហាម៉ាស់និង​ភេរវកម្ម​របស់​ពួក​គេ​ជា​អំពើ​នាំឱ្យមាន​ផល​អាក្រក់​ដល់​ប្រជារាស្ត្រ​ប៉ាឡេស្ទីន‍»។

លោក​បានថ្លែង​ថា៖ «​តាម​ទស្សនៈ​ហិរញ្ញវត្ថុ យើង​អាចឃើញ​ច្បាស់លាស់​ថា​ពួក​ហាម៉ាស់​បាន​បង្កើន​ការពិបាកខាង​សេដ្ឋកិច្ច​ក្នុង​តំបន់​ហ្កាហ្សា​ច្រើន​ទសវត្សរ៍​មកហើយដោយ​បាន​បង្វែរ​ជំនួយ​មនុស្សធម៌ទៅ​គាំទ្រ​យុទ្ធនាការភេរវកម្ម​របស់​ពួក​គេ ហើយ​យើង​ត្រូវ​តែថ្កោលទោស​សកម្មភាព​ទាំង​នេះ​ជា​សាធារណៈ‍»។

អង្គការ TFTC មាន​ប្រទេសបារ៉េន គូវ៉ែត អូម៉ង់ កាតា​ អារ៉ាប៊ីសាអ៊ូឌីត ​អេមីរ៉ាត​អារ៉ាប់រួម​និង​សហរដ្ឋអាមេរិក​ជា​សមាជិក។

ត្រូវ​បានបង្កើត​កាល​ពី​ឆ្នាំ២០១៧ អង្គការ ​TFTC មានមូលដ្ឋាន​នៅក្រុង​រីយ៉ាត ហើយ​មានពួកមន្ត្រី​រដ្ឋាភិបាល​មក​ពីប្រទេស​ជា​សមាជិក​ជួប​ជុំគ្នាដើម្បីពិភាក្សាអំពី​វិធីដែល​ពួក​គេ​អាចធ្វើ​សហការគ្នាដើម្បី​កាត់បន្ថយលំហូរប្រាក់កាស​ដល់​អង្គការ​ភេរវកម្មនិងប្រយុទ្ធ​ប្រឆាំង​នឹងការលាង​ប្រាក់ជា​ទូទៅ។

ការ​ប្រជុំ​នៅ​ក្នុង​សប្តាហ៍​នេះ ​ដែល​បាន​កំណត់​ដំបូង​ថា​ធ្វើ​នៅ​ខែវិច្ឆិកា ​បាន​បើក​ការប្រជុំគ្នា​មុនពេល​កំណត់​ដោយសារ​មានវិបត្តិនៅ​អ៊ីស្រាអែលនិង​តំបន់​ហ្កាហ្សា៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ

XS
SM
MD
LG