កងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ចំអគារ២កន្លែងនៅភាគខាងកើតប្រទេសស៊ីរី ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងក្រុមគាំទ្ររបស់ពួកគេ នៅក្នុងការវាយប្រហារមួយកាលពីព្រឹកថ្ងៃសុក្រនេះ។
«ការវាយប្រហារការពារខ្លួននេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារមួយចំនួន ដែលកំពុងកើតឡើងហើយដែលភាគច្រើនមិនទទួលបានជោគជ័យ ប្រឆាំងនឹងកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ដោយក្រុមសកម្មប្រយុទ្ធនានាដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៧ ខែតុលាកន្លងមក»។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកLloyd Austin ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
លោកបន្ថែមទៀតថា៖ «លោកប្រធានាធិបតីអាមេរិកបានចាត់ទុកសុវត្ថិភាពរបស់កងកម្លាំងសហរដ្ឋអាមេរិកជាអាទិភាពមួយខ្ពស់ជាងអ្វីៗទាំងអស់ ហើយលោកបានបញ្ជាឱ្យវាយប្រហារនៅថ្ងៃនេះដើម្បីបញ្ជាក់ឱ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនអនុគ្រោះលើការវាយប្រហារមកលើកងកម្លាំងរបស់ខ្លួនឡើយ ហើយនឹងការពារខ្លួន ការពារបុគ្គលិកយោធារបស់ខ្លួន និងផលប្រយោជន៍របស់ខ្លួនផងដែរ»។
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយរូបបានប្រាប់ក្រុមអ្នកសារព័ត៌មានថា យន្តហោះប្រយុទ្ធ F-16 ពីរគ្រឿងរបស់អាមេរិកបានប្រើប្រាស់គ្រាប់ដែលមានការនាំផ្លូវ បាញ់ទៅលើឃ្លាំងផ្ទុកអាវុធនិងឃ្លាំងគ្រាប់នៅជិតទីក្រុង Abu Kamal ក្នុងប្រទេសស៊ីរី។ មន្ត្រីអាមេរិកមិនបាននិយាយទេថា តើមានជនរងគ្រោះពីការវាយប្រហារនោះដែរឬទេ។
ដោយឡែកមន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយរូបទៀតនិយាយថា កងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ពេលនេះបានទទួលរងការវាយប្រហារដោយយន្តហោះដ្រូននិងគ្រាប់រ៉ុក្កែតយ៉ាងហោចណាស់ក៏១៩ដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ វីអូអេបានបញ្ជាក់ផ្ទៀងផ្ទាត់ពីការវាយប្រហារចំនួន១៧លើកក្នុងចំណោមនេះ។
មន្ត្រីអាមេរិក២នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃការវាយប្រហារនេះ បានប្រាប់វីអូអេថាដ្រូនមួយគ្រឿងត្រូវបានបាញ់ដាក់មូលដ្ឋានទ័ពអាកាសal-Harir Air Base Irbil ក្នុងប្រទេសអ៊ីរ៉ាក់ តែមិនបានផ្ទុះនោះទេ។
ប៉ុន្មានម៉ោងក្រោយមក មានដ្រូនមួយផ្សេងទៀត បានផ្ទុះនៅខាងក្រៅមូលដ្ឋានទ័ពអាកាសនេះ ដោយមិនបណ្តាលឱ្យមានគ្រោះថ្នាក់ឬខូចខាតអ្វីឡើយ។
មន្ត្រីអាមេរិកម្នាក់បានប្រាប់វីអូអេថា មានការវាយប្រហារមួយទៀតមកលើកងកម្លាំអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញត្រូវបានគេរាយការណ៍ថា បានកើតមានឡើងនៅផ្នែកឥសានប្រទេសស៊ីរី ដោយមានការបាញ់ចំនួន២គ្រាប់ដោយមិនផ្ទាល់នៅជិតមូលដ្ឋានយោធាអាមេរិក al-Shaddadi ក្នុងប្រទេសស៊ីរី។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានគូសបញ្ជាក់ឡើងវិញពីការលើកឡើងក្នុងពេលកន្លងទៅ ដោយស្តីបន្ទោសដល់ក្រុមដែលមានការគាំទ្រដោយអ៊ីរ៉ង់ ដែលបានវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកស្ទើរជារៀងរាល់ថ្ងៃនេះ៕