ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា​និង​កម្ពុជា​ពង្រឹង​ចំណង​សេដ្ឋកិច្ច​និង​ប្រឆាំង​ភេរវកម្ម​ស្របគ្នា​នឹង​ក្តី​បារម្ភ​ពី​សិទ្ធិ​មនុស្ស

  • នៅ វណ្ណារិន

លោក John Kerry ថត​រូប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​មុន​កិច្ច​ប្រជុំ​ទ្វេភាគី​​នៅ​វិមាន​សន្តិភាព​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស ​ចន ឃែរី​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​​ ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ ​មួយ​ដើម្បី​រឹត​ចំណង​មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា​និង​ការរៀបចំ​កិច្ច​ប្រជុំ​អាស៊ាន-សហរដ្ឋ​អាមេរិក​នា​ខែ​ក្រោយ។​ ​

កម្ពុជា​នឹង​អាច​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្មទ្វេភាគី​ដ៏​សំខាន់​សម្រាប់សហរដ្ឋ​អាមេរិក​ ​និង​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​នាំ​ចូល​ផលិត​ផល​ពី​កម្ពុជា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស សហរដ្ឋ​អាមេរិក​ ចន ឃែរី (John Kerry) ​ដែល​បាន​ថ្លែង​នា​ថ្ងៃ​អង្គារ​ក៏​ប៉ុន្តែការ​ពង្រឹង​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ អភិបាលកិច្ច​ល្អ គឺ​ជា​ក្តី​បារម្ភ​សំខាន់​បំផុត​របស់​សហរដ្ឋ​អាមេរិក។​

ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​បញ្ចប់​ដំណើរទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ លោក​ចន ឃែរី​ ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ក្នុង​ការ​រឹតចំណង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ក៏ដូច​ជា​ការ​រឹតបន្តឹង​ចំណង​ទំនាក់​ទំនង​ការ​ទូត​ ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា។​

«ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​យើង​ បាន​ជំរុញ​ទំនាក់​ទំនង​របស់​យើង​ទៅ​មុខ។ យើង​បាន​យល់​ស្របថា​ កម្ពុជា​គួរតែ​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ចម្រុះ​ គឺ​មិន​ត្រូវ​មាន​ជម្រើស​ណាមួយ​ល្អ​ជាង​គេ​នោះ​ទេ​ ​គ្រប់ៗ​គ្នា​ត្រូវ​មាន​ឱកាស គឺ​ឱកាស​ដើម្បី ឱ្យ​មាន​ ​សមត្ថភាព​ក្នុង​ការ​រីក​ចម្រើន។​ ​ហើយ​ខ្ញុំ​គិត​ថា​ វា​គឺ​ជា​កត្តា​គួរ​ឲ្យ​កត់​សម្គាល់​ណាស់​ថា​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​សម្រាប់ប្រទេស​កម្ពុជា ​ថ្វី​បើ​ប្រទេស​ទាំង​ពីរ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​មួយ​ចំហៀង​ផែន​ដី​ក៏​ដោយ»​។​

ក៏​ប៉ុន្តែ លោក​ថ្លែង​ថា​ ថ្នាក់​ដឹកនាំ​កំពូល​សហរដ្ឋ​អាមេរិកនិង​កម្ពុជានឹង​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​បន្ត​ទៀត​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រជាជាតិ​អាស៊ាន​-អាមេរិក​ ​នៅ​កន្លែង​លំហែ​កាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ​ដែល​នៅ​ទីនោះ​ លោក​ ប្រធានាធិបតី​អាមេរិក​ ​បារ៉ាក់ ​អូបាម៉ា​ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក៏​ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​មហា​អំណាច​នេះ​ក៏​បាន​បញ្ជាក់​ថា​ ៖ «យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះសិទ្ធិមនុស្ស​ គឺ​សេរីភាព​សកល​ហើយ​នឹង​អភិបាលកិច្ច​ល្អ។​ ការ​រីក​ចម្រើន​ក្នុង​វិស័យ​ទំាង​នេះ​គឺ​ជា​កត្តា​សំខាន់​ណាស់​សម្រាប់ទំនាក់​ទំនង​ទ្វេភាគី​របស់​ពួក​យើង»​។​

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស ​ចន ឃែរី​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​ ​មួយ​ដើម្បី​រឹត​ចំណង​មិត្តភាព​ទ្វេភាគី​រវាង​កម្ពុជា​និង​ការរៀបចំ​កិច្ច​ប្រជុំ​អាស៊ាន-សហរដ្ឋ​អាមេរិក​នា​ខែ​ក្រោយ។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ ចន ឃែរី​បាន​ជួប​លោក​ ហ៊ុន សែន​ និង​ ​លោក ​ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។​

ក្រុម​សកម្មជន​សហគមន៍​ដីធ្លី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​ John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អាច​ដង្ហែរ​ទៅ​មុខ​ស្ថានទូត​អាមេរិក​ឡើយ។ (ធីតា វីន/VOA)
ក្រុម​សកម្មជន​សហគមន៍​ដីធ្លី​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដើម្បី​ដាក់​ញត្តិ​ជូន​លោក​ John Kerry រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅប្រទេស​កម្ពុជា។ ប៉ុន្តែ​ពួក​គេ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​អាច​ដង្ហែរ​ទៅ​មុខ​ស្ថានទូត​អាមេរិក​ឡើយ។ (ធីតា វីន/VOA)

បន្ទាប់ពី​ជំនួប​បិទទ្វារ​រវាង​លោក ​ហោ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​លោក​ ចន ឃែរី​នា​ទីស្តីការ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​នា​ព្រឹក​ថ្ងៃអង្គារ​ លោក​ ហោ ណាំហុង​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖​ «ដោយ​សារ​សហរដ្ឋ​អាមេរិក​ គឺ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់ វាយណភ័ណ្ឌ​កាត់​ដេរ ​និង​ស្បែក​ជើង​ ខ្ញុំក៏​ស្នើ​សុំ​ឲ្យ​បញ្ចូល​ ក្នុង​ទំនិញ​ទាំង​៩៧​ទំនិញ​នេះ គឺ​បញ្ចូល​ទំាង​វាយណភ័ណ្ឌ​កាត់​ដេរ ​និង​ស្បែក​ជើង​ យើង​នេះ​ផង​ដែរ»។​

លោក​ ហោ ណាំហុង ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​លោក​ក៏​បាន​បញ្ជាក់​ពី​គោលជំហរ​របស់​ប្រទេស​កម្ពុជាដែល​នៅ​តែ​រក្សា​ អព្យាក្រិតភាព​របស់​ខ្លួន​លើ​បញ្ហាជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូងនឹង​រឿង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រ​ទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ។​ ​

លោក​ ចន ឃែរី​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ក៏​យល់​ព្រម​ចំណោះ​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ្តបត្តិការ​ប្រឆំាំង​នឹង​អំពើ​ភេរវកម្ម​និង​ហិង្សា​ដោយ​ពួក​ជ្រុល​និយម​ផង​ដែរ។

លោក ​ចន ឃែរី ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​យប់​ថ្ងៃ​អង្គារ៕

XS
SM
MD
LG