រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី បានចាត់ទុកការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ក្រោយសម័យខ្មែរក្រហម ថា«មានលក្ខណៈគួរឲ្យកត់សម្គាល់គួរសម»។
លោកថ្លែងបែបនេះទៅកាន់សមភាគីកម្ពុជារបស់លោក គឹលោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង នៅមុនកិច្ចប្រជុំរបស់លោកទាំងពីរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃនេះ។
លោក ឃែរី មានប្រសាសន៍ទៅកាន់លោកហោ ណាំហុងថា «កម្ពុជាបានរំកិលខ្លួនពីភាពក្រីក្រតោកយ៉ាក ពីប្រទេសដែលមានសេដ្ឋកិច្ចដ៏តូចមួយ ទៅជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនគួរឲ្យកត់សម្គាល់ជាខ្លាំង ហើយកម្ពុជាក៏បានទាញប្រជាជនរបស់ខ្លួនជាច្រើនឲ្យរួចផុតពីភាពក្រីក្រដែរ»។
ប្រទេសកម្ពុជាបានធ្លាក់ខ្លួនពីប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេបំផុតមួយនៅតំបន់អាស៊ីក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ទៅជាប្រទេសក្រីក្រជាងគេបំផុតមួយនៅលើពិភពលោក ក្នុងរយៈពេលជាងបីទសវត្សចុងក្រោយនេះ ដោយសារតែសង្គ្រាម និងការវាយប្រយុទ្ធគ្នាក្នុងស្រុក ដោយរួមទាំងសម័យខ្មែរក្រហមដែលបានបន្សល់ទុកសោកនាដកម្មនិងការឈឺចាប់ខ្លោចផ្សាយ៉ាងច្រើនក្នុងប្រទេសនេះផងដែរ។
លោក ឃែរី ដែលបានដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការចូលរួមជួយបង្កើតសាលាក្តីខ្មែរក្រហមក្នុងប្រទេសកម្ពុជាដែរនោះបានថ្លែងថា សហរដ្ឋអាមេរិក រំពឹងថា នឹងបន្តធ្វើការជាមួយកម្ពុជាបន្ថែមទៀត លើវិស័យសុខាភិបាល បរិស្ថាន និងលើគម្រោងគំនិតផ្តួចផ្តើមទន្លេមេគង្គ ព្រមទាំងលើបញ្ហាសន្តិសុខនៅក្នុងតំបន់ផងដែរ។
លោក ឃែរី កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសទីពីរក្នុងដំណើរបំពេញទស្សនកិច្ចបីប្រទេសរបស់លោក ក្នុងតំបន់អាស៊ីនៅសប្តាហ៍នេះ។
ខណៈនៅក្នុងប្រទេសកម្ពុជា លោក ឃែរី គ្រោងនឹងជួបពិភាក្សាជាមួយភាគីកម្ពុជា លើបញ្ហាមួយចំនួន រួមមានពាណិជ្ជកម្មទ្វេភាគី និងការត្រៀមរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន~អាមេរិក ដែលនឹងត្រូវធ្វើឡើងនៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែកុម្ភៈខាងមុខ ដោយមានប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងធ្វើជាម្ចាស់ផ្ទះទទួលចាត់ចែងកិច្ចប្រជុំកំពូលនេះ។
ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនហើយនោះ លោកឃែរី ក៏ជួបជាមួយមន្ត្រីបក្សប្រឆាំង និងតំណាងអង្គការសង្គមស៊ីវិលនៅកម្ពុជាផងដែរ មុនពេលលោក ធ្វើដំណើរបន្តទៅទីក្រុងប៉េកាំង ដែលនៅទីនោះ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គ្រោងនឹងជួបជាមួយភាគីចិន ដើម្បីពិភាក្សាពីបញ្ហាបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងជាដើម៕