ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​គណ​បក្ស​ភ្លើង​ទៀន​ម្នាក់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់


រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។
រូបឯកសារ៖ សកម្មជននិងក្រុមអ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមពិធីហែក្បួនក្នុងអំឡុងយុទ្ធការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២២។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ដែល​ជា​ហេរញ្ញិកា​នៃ​ចលនា​ស្រ្ដី​ថ្នាក់​ជា​តិ ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​» ​និង​សម្រេចឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ នៅ​ពន្ធនា​គារ​ព្រៃស កាល​ពី​ចុង​សប្ដាហ៍​មុន​។

ការ​ចោទ​ប្រកាន់​នេះ​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាពដែលប្រព្រឹត្ត​នៅ​ពាក់​កណ្តាល​ខែ​កក្កដា ​ឆ្នាំ​២០​២៣ ​ឬ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​។ ​នេះ​បើ​តាម​អាជ្ញាធរ ​និង​មន្រ្ដី​ជាន់​ខ្ពស់​គណ​បក្ស​ភ្លើង​ទៀន​។

​លោក សំ វិច្ឆិកា ​អ្នកនាំ​ពាក្យ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នក​ស្រី ​ណែវ ស៊ីអ៊ីម ​ហេរ​ញ្ញិកានៃ​ចលនា​ស្រ្ដី​ថ្នាក់​ជា​តិ​របស់​គណ​បក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​អាជ្ញាធររាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន ​និង​បញ្ជូន​ទៅ​តុលាការ ​ហើយតុលាការបាន​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ កាល​ពីថ្ងៃ​ទី៣ ​ខែ​វិច្ឆិកា​។

លោក​ថ្លែង​ថា៖ «​ការងារហ្នឹង សមត្ថ​កិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ។ ពាក់​ព័ន្ធ​នឹង​ការងារ​លម្អិត​ខាង​តុលា​ការ​ អ្នក​ចេញ​បញ្ជា​ឱ្យ​នាំ​ខ្លួន​»។

​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អង្គហេតុ​ពិត​ប្រាកដ​នៃ​ការ​ចាប់​ខ្លួន​នេះ​នៅ​ឡើយ​ទេ ​ខណៈ​គណ​បក្ស​ភ្លើង​ទៀន​ កំពុង​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​ ដើម្បីរកមេធាវី​ការ​ពារ​ក្តី ​និង​ពិនិត្យ​សំណុំ​រឿង​។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក ​អ៊ី រិន្ទ ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​នៅ​ឡើយ​ទេ​។

ចំណែកលោក ប្លង់ សុផល ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ម្នាក់​ទៀត​ បដិ​សេធ​មិន​ផ្តល់​ការអត្ថា​ធិប្បាយ ដោយ​លោក​ថា​អ្នកសារ​ព័ត៌​មាន​វីអូអេ​មិន​មាន​កាត​សម្គាល់​ពី​ក្រសួង​ព័ត៌​មាន​ត្រឹម​ត្រូវ​។ ប៉ុន្តែ​ក្រោយ​ពេល​អ្នក​សារ​ព័ត៌​មានវីអូអេ​បង្ហាញ​កាត​សម្គាល់​ដែល​ចេញដោយ​ក្រសួង​ព័ត៌​មាន លោកមិន​បាន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ឡើយ។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី ណែវ ស៊ីអ៊ីម ​បាន​នៅ​ឡើយ​ទេ។

​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ជំទាស់​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​មន្រ្ដី​ជាន់​ខ្ពស់​គណ​បក្សភ្លើង​ទៀន​ចាត់​ទុក​ថា​ជា​រឿង​នយោ​បាយ និង​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង ជា​ជាង​ការ​អនុវត្ត​ច្បាប់ ​ព្រោះ​ថាសកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​ក៏​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» និង​កំពុង​ជាប់​ពន្ធនាគារផង​ដែរ​។

អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​ លោក រ៉ុង ឈុន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​៖ ​«រូបភាព​នេះ​ជា​រូប​ភាព​នយោ​បាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដោយ​សារ​តែ​កន្លង​មក​យើង​ឃើញ​ហើយ​ថា ​ថ្នាក់​ដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​តាមខេត្ត​ក្ដី​ ថា្នក់​ជាតិក្ដី​ នៅ​ពេល​ដែល​សំពះ​សូម​ទោស ​ហើយ​សុំ​ចុះ​ចូល​ជាមួយបក្ស​កាន់​អំណាច​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរី​ភាព​។​ ដូច្នេះ​យោង​ទៅ​លើ​ចំណុច​ទាំង​អស់​នេះ​ វា​មិន​មែន​ជា​រឿង​ការ​អនុវត្ត​ច្បាប់​ទេ​ វា​ជា​រឿង​នយោ​បាយ​»។

​លោក រ៉ុង ឈុន ក៏​បាន​អំពាវ​នាវ​ឱ្យនាយក​រដ្ឋមន្រ្តី​ថ្មី លោក ហ៊ុន ម៉ាណែត ដោះ​ស្រាយ​បញ្ហា​នយោ​បាយ​នៅ​កម្ពុជា ​និង​ដោះ​លែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណ​បក្ស​ប្រឆាំង​ រួម​ទាំង​ មេ​ដឹកនាំ​សហ​ជីព​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​អាច​ធ្វើ​ឱ្យ​កម្ពុជា​អាចទាញ​យក​មក​វិញ​ នូវប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA​របស់​សហ​ភាព​អឺរ៉ុប និង​GSP​របស់​សហ​រដ្ឋ​អាមេ​រិក​។

បើ​តាម​លោក រ៉ុង ឈុន មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០​២៣ សកម្ម​ជន​គណ​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ពី​បទ«ញុះញង់» ប៉ុន្តែ​ក្រោយ​មក​អ្នក​ខ្លះ​ ត្រូវ​បាន​ដោះ​លែង​វិញ បន្ទាប់​ពី​សុំ​ទោស​រដ្ឋាភិបាល ​និង​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក ប៉ែន បូណា ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ បដិ​សេធ​មិនធ្វើ​អត្ថា​ធិប្បាយ ​ដោយ​ស្នើឱ្យ​សួរ​ខាង​អាជ្ញាធរវិញ។

គិត​មក​ដល់​ពេល​នេះ​ សកម្ម​ជន​និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ភ្លើង​ទៀន​ជាង​២០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ពួក​គេ​ភាគ​ច្រើន​ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់​» ​«​រួម​គំនិត​ក្បត់» ​និង«​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​»ជា​ដើម។ ​នេះ​បើ​តាម​លោក​ រ៉ុង ​ឈុន​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG