ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបង្កើតគណបក្សថ្មីមួយដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ


លោក ស៊ុន ចន្ធី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់ធំ។ (រូបថត​ផ្តល់​ឱ្យ)
លោក ស៊ុន ចន្ធី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់ធំ។ (រូបថត​ផ្តល់​ឱ្យ)

អតីត​សមាជិក​ជាន់​ខ្ពស់​មួយរូប​របស់​គណបក្ស​ភ្លើង​ទៀន លោកស៊ុន​ ចន្ធី អះ​អាង​ថា​លោកបង្កើត​គណបក្ស​នយោបាយថ្មីមួយ គឺ​ដើម្បី​រួមចំណែក​ដល់​ការស្តា​ឡើង​វិញ​នូវ​ដំណើរ​ការ​ប្រជាធិប​តេយ្យ។

គណបក្សនយោបាយ​ថ្មីនេះ​ មាន​ឈ្មោះ​ថា «គណបក្ស​កម្លាំងជាតិ»​ ហើយ​ត្រូវ បាន​ទទួល​ស្គាល់​ជាផ្លូវ​ការ​ដោយ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​១២ ខែតុលា។ លោកស៊ុន ចន្ធី​ដែលជា​អតីត​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ​គឺ​ជាប្រធាន​គណបក្សនយោបាយ​ដែលទើប​តែត្រូវ​បាន​បង្កើត​ឡើងនេះ។

ក្នុង​ការ​ឆ្លើយឆ្លង​ជាមួយ​សំឡេងសហរដ្ឋ​អាមេរិក(វីអូអេ​)តាមប្រព័ន្ធទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​លោក​ស៊ុន​ ចន្ធី​ ថ្លែងថា​ គណបក្ស​នយោបាយ​របស់លោកនឹងធ្វើ​ឱ្យមាន​អ្នក​នយោបាយ​ជំនាន់​ក្រោយ​ដែល​គាំទ្រលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ និង​ដើម្បី​ស្រោច​ស្រង់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​លោក​ថា​កំពុង​ធ្លាក់​ចុះ​ខ្លាំង។

លោក​លើក​ឡើង​ថា​៖«មូលហេតុ​ដែល​ខ្ញុំ​បានរៀប​ចំ​បង្កើត​គណបក្ស​កម្លាំង​ជាតិ​នេះ​ឡើង​គឺក្នុង​គោល​បំណង​សំខាន់​ពីរ​ ទី១​គឺ​ចង់​ឱ្យ​មាន​អ្នកនយោបាយ​ប្រជាធិប​តេយ្យ​ជំនាន់​ក្រោយ​ពិតប្រាកដ ហ្នឹង​ទី១​។ ទី២​ គឺដើម្បី​ស្រោច​ស្រង់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការ​រស់​រវើក​ឡើង​វិញ​ បន្ទាប់​ពី​យើង​បាន​មើល​ឃើញ​ថា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​រង​គ្រោះ​ស្ទើតែ​ស្លាប់​បាត់​បង់​ទៅ​ហើយ​នោះ​ក្នុង​ពេល​បច្ចុប្បន្ននេះ​»។

​បើតាម​លោក​ស៊ុន​ ចន្ធី​ គណបក្ស​ភ្លើង​ទៀន​កំពុងស្ថិត​ក្នុងស្ថានភាព​ជាប់​គាំង​មួយ​ដែលលោកជឿថា​មិន​អាច​ចូលរួម​ទ្រទ្រង់​ដំណើរការ​ប្រជាធិបតេយ្យបាន​ទេ ដោយ លើកហេតុផល​ថា​គណបក្សនេះ​កំពុងប្រឈមមុខនឹងកង្វះភាព​ស្របច្បាប់​ ពាក់​ព័ន្ធនឹងការចុះបញ្ជីគណបក្ស​នៅក្រសួង​មហាផ្ទៃ។

លោកបន្ថែមថា៖​ «ខ្ញុំមើល​ឃើញ​ថា​ នៅក្នុង​ស្ថានភាព​ចុងក្រោយ​នេះ​ គណបក្ស​ភ្លើង​ទៀន​មិន​អាច​បន្ត​សកម្មភាព​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណើរ​ការ​ប្រជាធិបតេយ្យ​បាន​នោះទេ​ បាទ​ ពីព្រោះ​គណបក្សភ្លើង​ទៀន​នៅពេល​នេះ​ប្រៀប​បាន​ទៅ​នឹង​កប៉ាល់​មួយ​ដែល​គឿង​ គាំង​មិន​អាច​ទៅ​មុខ​ទៀត​បាន​ទេ​ ដោយសារ​គណបក្ស​ភ្លើង​ទៀន​ពុំមាន​ឯកសារ​ច្បាប់​ដើម​ ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ការ បោះឆ្នោត​ទៅ​មុខ​ទៀត​»។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ចុង​ក្រោយ​កាលពីខែ​កក្កដាកន្លង​ទៅ​ គណបក្សភ្លើងទៀន​ខកខាន​មិនបាន​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​ ដោយសារ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​អំពីការ​ចុះបញ្ជី​គណ​បក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ។ ប៉ុន្តែ​គណបក្ស​នេះ​ បានចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​កាលពីខែមិថុនា​ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​១,៦លាននាក់។​

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោកទូច សុខៈ បញ្ជាក់​វីអូអេ​ឱ្យដឹង​កាល​ពី​សប្តាហ៍​មុន​ថាគណ​បក្សកម្លាំងជាតិបានបំពេញគ្រប់លក្ខខណ្ឌ​ក្នុងការចុះបញ្ជីគណបក្ស​នៅ​ក្រសួងមហាផ្ទៃ​។

លោក​ថ្លែង​ថា៖ «ជារួម​គណបក្ស​កម្លាំង​ជាតិ​នេះ​ គឺគោរពទៅតាម​លក្ខខណ្ឌដែល​បញ្ញត្តិដោយ​ច្បាប់​ស្តីពីគណបក្ស​នយោបាយ​។ នៅក្នុង​ហ្នុង​ ខ្ញុំលើក​ត្រួសៗខ្លះៗ​ ដូច​ជាពាក្យ​ស្នើសុំចុះបញ្ជី​គណបក្ស ប្រវត្តិរូប​ ឬក៏ព័ត៌មាន​របស់​ស្ថាបនិក​ របស់​សមាជិក​គាំទ្រ​ លក្ខន្តិកៈរបស់​គណបក្ស​ ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស រូប​សញ្ញា​ និមិត្តសញ្ញា ហើយ​ឈ្មោះ​របស់គណបក្ស​ក៏អាច​ទទួល​យក​បាន​ មិន​មាន​ការ​ប៉ះពាល់​អី​ទេ​។ ដូច្នេះ​ គឺក្រសួង​មហាផ្ទៃសម្រេច​ផ្តល់​ជូន​ដើម្បី​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ សេរី»។ ​

នៅពេលសួរអំពីស្ថានភាពលិខិតដើមបញ្ជាក់ការចុះបញ្ជីរបស់គណបក្ស​ភ្លើង​ទៀន​នៅ​ក្រសួង​មហាផ្ទៃ​ អ្នកនាំពាក្យ​រូបនេះ​មិនផ្តល់​ការឆ្លើយតប​តាម​ប្រព័ន្ធទំនាក់ទំនង​តេឡេក្រាម​នៅរសៀលថ្ងៃចន្ទនេះ។

ដោយឡែក អ្នកនាំពាក្យ​គណបក្សភ្លើងទៀនលោក គីម សួរភិរិទ្ធ​ ថ្លែងថា​ការបង្កើត​គណ​បក្ស«នយោបាយ​កម្លាំង​ជាតិ​» នេះ​មិនត្រូវ​បាន​ចាត់​ទុកថាជាការបំបែក​សំឡេង​របស់​គណបក្ស​គាំទ្រលទ្ធិប្រជាធិបតេយ្យនោះ​ទេ​ ព្រោះគណបក្ស​នេះមាន​គោល​ដៅ​រួម​មួយ​ដូច​គណបក្ស​ជំទាស់​ឯទៀត​ ដែលទើប​បាន​បង្កើត​សម្ព័ន្ធភាព​នយោបាយ​មួយ ​ដើម្បីលើក​ស្ទួយការគោរពសិទ្ធិ​មនុស្ស​ និង​ស្តា​លម្ហ​ប្រជាធិប តេយ្យ​នៅ​កម្ពុជា​។

លោ​កប្រាប់​វីអូអេថា​៖ «បាទ​ ដូចជា​អត់មាន​អី​បែក​សំឡេង​អីទេ​។ បន្តិច​ទៅ​ គាត់​ក៏​មក​ជជែក​ជាមួយ​នឹង​យើង​ដែរ​ថា​ គាត់​ចង់​មក​ចូល​ក្នុង​សម្ព័ន្ធភាព​ហ្នឹង​ដែរ​ណ៎ា! ដូច្នេះ​មិន​ជា​ចោទ​អី​ទេ​ គ្រាន់​តែ​ថា​ជា​រូបភាព​នយោបាយ​ គាត់គិតថា​ភ្លើង​ទៀន​មិន​ទៅ​មុខ​។ ដូច្នេះ​គាត់​មាន​វិធី​ដើរ​របស់​គាត់​អ៊ីចឹង​ទៅណ៎ា!​ អ៊ីចឹង​វា​អត់​មាន​បញ្ហា​អីទេ​។ សំខាន់​ឱ្យ​តែ​គាត់​មាន​គោល​ដៅ​ និង​ឆន្ទៈ​ប្រហាក់​ប្រហែល​នឹង​យើង​ដូចយើងអ៊ីចឹង​អាច​ចូល​ក្នុងសម្ព័ន្ធភាពតែមួយ​បានហើយ»។ ​

អ្នកវិភាគ​នយោបាយ​លោក​សេង សារី យល់ថា​ការបង្កើត​គណបក្ស​កម្លាំង​ជាតិ​ ជា​យុទ្ធសាស្ត្រ​របស់​អ្នក​នយោបាយ​ជំទាស់​ ដើម្បីតទល់​នឹងការ​គាប​សង្កត់​របស់​គណបក្ស​កាន់អំណាច។

បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ​កម្ពុជា។ (រូបថត​ផ្ដល់​ឱ្យ​ដោយ​បណ្ឌិត សេង សារី)
បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយ​កម្ពុជា។ (រូបថត​ផ្ដល់​ឱ្យ​ដោយ​បណ្ឌិត សេង សារី)

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​ ខ្ញុំរាប់​ថា​ ជាយុទ្ធសាស្ត្រមួយ​នៅក្នុង​ការ​ទប់​ ជាមួយ​នឹង​យុទ្ធសាស្ត្រ​របស់​គណបក្សកាន់​អំណាច​ ដែលតែង​តែ​ប្រើ​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ ដើម្បី​បិទ​គណបក្ស​ណា​ដែលមាន​កម្លាំង​ប្រកួត​ប្រជែង​ជាមួយ​ខ្លួនហ្នឹង​។ កន្លងមក​យើង​ឃើញ​បទពិសោធន៍​ជាក់​ស្តែង​ គណបក្ស​ភ្លើង​ទៀន​ដែល​រាប់​ថា​ជាគណបក្ស​មួយ​ដែល​មាន​កម្លាំងប្រកួត​ប្រជែង​ជាមួយនឹងគណបក្សកាន់​អំណាច​ហ្នឹង​ត្រូវ​បានហាម​មិនឱ្យ​ចូលរួម​ការ​បោះឆ្នោត​ជាសាកល​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣»។

អ្នកវិភាគរូបនេះ​លើក​ឡើង​ទៀត​ថាគណបក្ស​កម្លាំង​ជាតិ​អា​ចជា​ច្រក​ស្រូប​យក​សំឡេង​គាំទ្រ​របស់​គណបក្សភ្លើង​ទៀន​ បើសិន​គណបក្សជំទាស់ដ៏ធំមួយនេះ​មិន​អាច​ចូលរួមការ​បោះឆ្នោតពេល​ខាង​មុខ​បាន​ ហើយ​ក៏ជាជន្ទល់​ដើម្បី​ទ្រទ្រង់​សម្ព័ន្ធ​នយោ​បាយ​ថ្មីមួយ​គឺ«សម្ព័ន្ធភាពឆ្ពោះ​ទៅអនាគត» បើ​សិន​សម្ព័ន្ធភាព​នេះ​ប្រេះឆា​ ដោយ​ប្រការ​ណាមួយ។ សម្ព័ន្ធ​ភាព​នយោបាយ​ថ្មីនេះ​មាន​គោលដៅ​ចម្បង​ក្នុង​សា្ត​លទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា ហើយ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​កាល​ពី​សប្តាហ៍​មុន៕

XS
SM
MD
LG