ការប្តេជ្ញាមួយរបស់គណបក្សទាំងពីរ ដែលមិនសូវមានធ្វើរវាងសេតវិមាន និងសភាស.រ.អា ដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងមួយអំពីហេដ្ឋារចនាសម្ព័ន្ធ បានរលំហើយ។
បើតាមអ្នកស្ថិតនៅក្នុងបន្ទប់ក្នុងសេតវិមានថា លោកប្រធានាធិបតីស.រ.អា Donald Trump បានប្រកែកមិនចាប់ដៃរលាក់ជាមួយពួកសមាជិកសភា ឬអង្គុយសម្រាប់ជំនួបមួយជាមួយពួកប្រជាធិបតេយ្យក្នុងសភា ដែលមានកំណត់ធ្វើនៅក្នុងការិយាល័យរាងពងក្រពើកាលពីព្រឹកថ្ងៃពុធទេ។ បន្ទាប់មកលោកក៏បានស្តីបន្ទោសយ៉ាងខ្លាំងដល់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកាំងអំពីអត្ថាធិប្បាយលោកស្រីកាលពីពេលមុននោះក្នុងថ្ងៃនោះដោយលោកស្រីបានចោទប្រកាន់លោកថាបាន «ធ្វើការលាក់បាំង»។
លោក Trump ដែលមានកំហឹងខ្លាំងបានចាកចេញពីបន្ទប់នោះនៅពេលបីនាទី បន្ទាប់មកដោយលោកបានដើរទៅកាន់សួនផ្កាកុលាប ដើម្បីនិយាយប្រាប់សន្និសីទកាសែតមួយដែលបានត្រូវចាត់ចែងដោយប្រញាប់ថា «ខ្ញុំមិនបានធ្វើការលាក់បាំងអ្វីទេ»។
លោកប្រធានាធិបតីបានចោទប្រកាន់ពួកប្រជាធិបតេយ្យថា បានធ្វើការប្រជុំមួយនៅព្រឹកថ្ងៃនោះដែរដើម្បីពិភាក្សាគ្នាអំពី «ការចោទប្រកាន់លោក»។
ប្រធានាធិបតី Trump បាននិយាយថា លោកបាននិយាយប្រាប់លោកស្រី Pelosi និងលោក Chuck Schumer មេដឹកនាំក្រុមភាគតិចនៅក្នុងព្រឹទ្ធសភាស.រ.អាថា លោកចង់ធ្វើឱ្យមានកិច្ចព្រមព្រៀងមួយអំពីហេដ្ឋារចនាសម្ព័ន្ធជាងពួកប្រជាធិបតេយ្យទៅទៀត ក៏ប៉ុន្តែ «លោកអ្នកមិនអាចធ្វើឱ្យមានកិច្ចព្រមព្រៀងនោះនៅក្រោមកាលៈទេសៈនេះទេ។ ដូច្នេះចូរបញ្ចប់ការស៊ើបអង្កេតក្លែងបន្លំនេះទៅ»។
នៅក្នុងសួនផ្កាកុលាប លោកប្រធានាធិបតីបានហៅការស៊ើបអង្កេតពីរឆ្នាំរបស់លោក Robert Mueller រដ្ឋអាជ្ញាពិសេសថាជា «ការប៉ុនប៉ងទម្លាក់ប្រធានាធិបតីស.រ.អា»៕