ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty International ថា​ការ​ប្រហារ​ជីវិត​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍


រូប​ឯកសារ៖ សកម្មជន​របស់​អង្គការ Amnesty International ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​បដា​មួយ​ដែល​សរសេរ​ថា «មិន​មាន​ការ​វាយ​ដោយ​ខ្សែតី​សម្រាប់​ការ​សរសេរ​ប្លុក» នោះ​ទេ នៅ​មុន​ស្ថានទូត​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។
រូប​ឯកសារ៖ សកម្មជន​របស់​អង្គការ Amnesty International ធ្វើ​ការ​តវ៉ា​ជាមួយ​នឹង​បដា​មួយ​ដែល​សរសេរ​ថា «មិន​មាន​ការ​វាយ​ដោយ​ខ្សែតី​សម្រាប់​ការ​សរសេរ​ប្លុក» នោះ​ទេ នៅ​មុន​ស្ថានទូត​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​ក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

ការ​ប្រើ​ទោស​ប្រហារជីវិត​ទូទាំង​សាកលលោក​បាន​ធ្លាក់​ចុះ​៤ឆ្នាំ​ជាប់ៗ​គ្នា​ហើយ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មួយ​ក្នុង​ពេល​មួយ​ទសវត្សរ៍​នេះ។ នេះ​តាម​របាយការណ៍​ថ្មី​មួយ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស Amnesty International។

ចំនួន​មនុស្ស​ដែល​បាន​ប្រហារ​ជីវិត​បាន​ធ្លាក់​មក​នៅ​៦៥៧នាក់​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​៣៣នាក់​តិច​ជាង​កាលពី​ឆ្នាំ២០១៨ ដោយ​ការ​ប្រហារ​ជីវិត​ទាំងអស់​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​តែ​ចំនួន​២០ប្រទេស​តែ​ប៉ុណ្ណោះ។ នេះ​តាម​របាយការណ៍​ថ្មី​មួយ​ដែល​បាន​ចេញ​ផ្សាយ កាលពី​ថ្ងៃទី២១ ខែមេសា​នេះ ដោយ​អង្គការ​សិទ្ធិមនុស្ស Amnesty International។

លោកស្រី Clare Algar នាយក​ជាន់​ខ្ពស់​សម្រាប់​ការ​ស្រាវជ្រាវ គាំទ្រ​និង​គោលនយោបាយ​របស់​អង្គការ​សិទ្ធិមនុស្ស Amnesty International និយាយ​ថា «ទោសប្រហារ​ជីវិត​ជា​ការ​ធ្វើ​ទោស​គួរ​ឲ្យ​ស្អប់ខ្ពើម និង​អមនុស្សធម៌ ហើយ​ថាពុំ​មានភស្តុតាង​ដែល​បង្ហាញ​ថា ទោស​ប្រហារ​ជីវិត​មាន​ប្រសិទ្ធភាព​ជាង​ទោស​ជាប់​ពន្ធនាគារ​ទេ។ ប្រទេស​ភាគ​ច្រើន​ទទួលស្គាល់​អំពី​បញ្ហា​នេះ ហើយ​ការ​ប្រហារជីវិត​ដែល​បន្ត​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​ថា ការ​ខ្វះ​តម្លាភាព​ក្នុង​ការ​រាយការណ៍​អំពី​ការ​ប្រហារ​ជីវិត​នេះ មាន​ន័យ​ថា ចំនួន​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ។

ឧទាហរណ៍ តួលេខ​ទាំង​នោះ​មិន​បាន​រួមបញ្ចូល​ការ​ប្រើ​ទោស​ប្រហារជីវិត​នៅ​ក្នុង​ប្រទេស​ចិន​ដែល​មាន​អ្នក​ដែល​ត្រូវ​ប្រហារជីវិត​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ចំនួន​មនុស្ស​ដែល​ត្រូវ​ប្រហារជីវិត​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ចាត់​ទុក​ជា​ការសម្ងាត់​ ក៏​ប៉ុន្តែ​ត្រូវ​បាន​គេ​ជឿ​ថា មាន​រាប់ពាន់​នាក់។

របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ Amnesty International ឲ្យ​ដឹង​ថា នៅ​ប្រទេស​អ៊ីរ៉ង់​មាន​ការ​ប្រហារ​ជីវិត​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​២៥១នាក់​ដែរ នៅ​អារ៉ាប៊ីសាអូឌីត​១៨៤នាក់ នៅ​អ៊ីរ៉ាក់​យ៉ាង​ហោច​ណាស់​ក៏​១រយ​នាក់ និង​នៅ​ប្រទេស​អេហ្ស៊ីប​យ៉ាង​ហោច​ណាស់​ក៏​៣២នាក់​ដែរ។

លោកស្រី Algar បាន​ចុច​យក​ប្រទេស​មួយ​ចំនួន​អំពី​ការ​មិន​មាន​តម្លាភាព​ក្នុង​ការ​ប្រើ​ទោសប្រហារ​ជីវិត​នេះ។

លោកស្រី Algar បាន​និយាយ​ទៀត​ថា «ការ​ប្រហារ​ជីវិត​កំពុង​ធ្វើឡើង​ដោយ​សម្ងាត់​នៅ​ទូទាំង​ពិភពលោក។ ក្នុង​ប្រទេស​មួយ​ចំនួន​តាំងពី​ប្រទេស​បេឡារុស រហូត​ដល់​ប្រទេស​បុតស្វាណា (Botswana) និង​ពី​អ៊ីរ៉ង់ ​ដល់​ជប៉ុន ការប្រហារ​ជីវិត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ផ្តល់​ព័ត៌មាន​ជា​មុន​ដល់​ក្រុម​គ្រួសារ មេធាវី ឬ​ក្នុង​ករណី​ខ្លះ ដល់​បុគ្គល​ដែល​ត្រូវ​ប្រហារ​ជីវិត​ខ្លួន​ឯង​ផង»។

គ្មាន​ការ​បើក​ចំហរ

លោកស្រី Algar បាន​និយាយ​ថា «ប្រទេស​ចិន កូរ៉េខាងជើង និង​វៀតណាម បន្ត«លាក់​ចំនួន​ទោស​ប្រហារ​ជីវិត​ដោយ​រឹតត្បិត​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ទោស​ប្រហារ​ជីវិត»។

លោកស្រី Algar បាន​និយាយ​ថា «សូម្បី​បណ្តា​ប្រទេស​ដែល​គាំទ្រ​យ៉ាងខ្លាំង​បំផុត​ដល់​ទោស​ប្រហារជីវិត មាន​ការ​លំបាក​ក្នុង​ការ​ពន្យល់​អំពី​មូល​ហេតុ​នៃ​ការ​ប្រើ​ប្រាស់​ទោស​នេះ ​ហើយសម្រេច​លាក់​បាំងមិន​ឲ្យ​គេ​ដឹង។ ប្រទេស​ទាំង​នោះ​ជា​ច្រើន ព្យាយាម​លាក់​បាំង​វិធី​ប្រើ​ប្រាស់​ទោស​ប្រហារ​ជីវិត​របស់​ខ្លួន ព្រោះប្រទេស​ទាំង​នោះ​ដឹង​ថា​ពួកគេ​មិន​អាច​ពន្យល់​អន្តរជាតិ​បាន​ទេ»។

ប្រទេស​មួយ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​គឺ អ៊ីរ៉ង់​ដែល​ការ​ប្រើ​ទោស​ប្រហារ​ជីវិត បាន​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ក៏ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស Amnesty International បាន​ក្រើន​រំលឹក​ពី​ការ​ប្រហារ​ជីវិត​យ៉ាង​សម្ងាត់​ដល់​ក្មេង​ប្រុស​២នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​បាន​ចោទប្រកាន់​ក្មេងប្រុស​អាយុ១៥ឆ្នាំ​ទាំង​នោះ​ពី​បទចោទ​ប្រកាន់​ការ​ចាប់​រំលោភ​ផ្លូវភេទ​ជា​ច្រើន​បន្ទាប់ពី​ការ​កាត់ទោស​មិន​ត្រឹមត្រូវ​មក។

ក្មេងប្រុស​ទាំង​២នាក់​នោះ​មិន​បាន​ដឹង​ខ្លួន​ថា ពួកគេ​បាន​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​មុន​ពេល​ប្រហារ​ជីវិត​ពួកគេ​ទេ ហើយ «សាកសព​របស់​ពួកគេ​មាន​ស្នាម​វាយ​នឹង​ខ្សែតី​ហើយ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​ត្រូវ​គេ​វាយ​មុន​ពេល​ស្លាប់»។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ប្រហារ​ជីវិត​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​តិច​ណាស់​ក៏២នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន នៅ​ពេល​ការ​ប្រហារ​ជីវិត​ចំនួន​២៥៣ករណី​បាន​ត្រូវ​កត់ត្រា។ ក៏ប៉ុន្តែ មនុស្ស​៤នាក់​នៃ​បណ្តា​មនុស្ស​ដែល​ត្រូវ​សម្លាប់​នោះ​មាន​អាយុ​ក្រោម​១៨ឆ្នាំ។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​សន្មត​ថា ការ​ធ្លាក់​ចុះ​ចំនួន​នៃ​ការ​ប្រហារ​ជីវិត មួយ​ផ្នែក​ដោយ​សារ «ការ​កាត់​បន្ថយ​យ៉ាង​ខ្លាំង» នូវ​ចំនួន​នៃ​ការ​ប្រហារ​ជីវិត​ដែល​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​ប្រទេស​នានា​ដូចជា អេហ្ស៊ីប ជប៉ុន និងសិង្ហបុរី​ដែល​អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​និយាយ​ថា ជា​ប្រទេស​ដែល​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ទោស​ប្រហារ​ជីវិត។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ប្រទេស​កាហ្សាក់ស្ថាន រុស្ស៊ី និង តាហ្ស៊ីគីស្ថាន (Tajikistan)​ ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​បន្ត​គោរព​ការ​ផ្អាក​ជា​ផ្លូវការ​លើ​ការ​ប្រហារ​ជីវិត។ ហើយ​មិន​មាន​ការ​ប្រហារ​ជីវិត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​លើក​ទី១​ចាប់តាំង​ពី​ឆ្នាំ២០១០​មក។

«និន្នាការ​នៃ​ការ​ធ្លាក់​ចុះ​ការ​ប្រហារ​ជីវិត​យ៉ាង​ខ្លាំង» ក៏​បាន​ត្រូវ​រាយការណ៍​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​នៅ​ទីនោះ ការ​ប្រហារ​ជីវិត​មនុស្ស​១៤នាក់​ត្រូវ​បាន​ធ្វើ​ឡើង​២ឆ្នាំ​ជាប់ៗ​គ្នា។ ការ​ធ្លាក់​ចុះ​នេះ​ កើត​មាន​ឡើង​បន្ទាប់ពី​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើ​ទោស​ប្រហារ​ជីវិត​នៅ​ឆ្នាំ២០១៥​មក។

ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​ការ​ចុះ​ថយ​ក្នុង​ការប្រើ​ទោស​ប្រហារ​ជីវិត​គឺ ប្រទេស​អារ៉ាប៊ីសាអូឌីត។ ប្រទេស​នេះ​បាន​ប្រហារ​ជីវិត​មនុស្ស​១៨៤នាក់ ​ហើយ​ត្រូវ​បាន​រិះគន់​ចំពោះ​ការ​បង្កើន​ការ​ប្រើ​ទោស​ប្រហារ​ជីវិត «រួម​មាន​ការ​ប្រើ​ទោស​ប្រហារ​ជីវិត​នេះ​ជា​អាវុធ​ប្រឆាំង​នឹង​អ្នក​ប្រឆាំង​ខាង​នយោបាយ​ផង»។ ការណ៍​នេះ​បាន​កត់​សម្គាល់​ថា ជា​ការ​ប្រហារ​ជីវិត​ចំនួន​ដ៏​ខ្ពស់​បំផុត​ក្នុង​តំបន់​មជ្ឈឹមបូព៌ា។

របាយការណ៍​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ប្រហារ​ជីវិត​កើន​ឡើង​ជិត​ទ្វេ​ដង​ក្នុង​មួយ​ឆ្នាំ​គឺ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ដែល​ទោស​ប្រហារ​ជីវិត ​បាន​ត្រូវ​គេ​ប្រើ​យ៉ាង​តិច​ណាស់​ក៏​១រយ​ដង​ដែរ​នៅ​ឆ្នាំ២០១៩។

ការ​កើន​ឡើង​នូវ​ការ​ប្រហារ​ជីវិត​នោះ​បាន​ត្រូវ​គេ​សន្មត​មួយ​ផ្នែក​ធំ​ចំពោះ​ការ​ប្រហារ​ជីវិត​បុគ្គល​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ផ្នែក​មួយ​នៃ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

សហរដ្ឋអាមេរិក​បាន​បន្ត​ដំណើរការ​របស់​ខ្លួន​អស់​ចំនួន​១១ឆ្នាំ​ជា​ប្រទេស​តែ​មួយ​គត់​ធ្វើ​ការ​ប្រហារ​ជីវិត​នៅ​ទ្វីប​អាមេរិក ដោយ​មាន​ការ​ប្រហារ​ជីវិត​មនុស្ស​២២នាក់ ក៏ប៉ុន្តែ​ បានប្រើទោស​ប្រហារ​ជីវិត និង​ធ្វើ​ការ​ប្រហារ​ជីវិត​តិច​ជាង​មុន។

អង្គការ​សិទ្ធិ​មនុស្ស Amnesty International បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ២០១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​ការ​ជឿនលឿន​យ៉ាង​ខ្លាំង​ឆ្ពោះ​ទៅ​កាន់​ការ​លុបបំបាត់​ការ​ប្រហារ​ជីវិត​នៅ​តាម​រដ្ឋ​ហើយ​នៅ​បន្ត​ការ​ប្រហារ​ជីវិត​ដោយ​អាជ្ញាធរ​សហព័ន្ធ៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG