ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ ​Amnesty International ​រិះគន់​ខ្លាំង​ដល់​ «ការ​វាយ​ប្រហារ»​ ប្រឆាំង​សិទ្ធិ​មនុស្ស​នៅអឺរ៉ុប​ និង​អាស៊ី


ប៉ូលិស​ឃាត់​ខ្លួន​សកម្មជន​ម្នាក់​ក្នុង​ពេល​តវ៉ា​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
ប៉ូលិស​ឃាត់​ខ្លួន​សកម្មជន​ម្នាក់​ក្នុង​ពេល​តវ៉ា​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។

​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ទូទាំង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប​និង​ប៉ែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​បាន​ធ្វើ​ «ការ​វាយ​ប្រហារ​ខ្លាំង»​ ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​ បាន​ប្រើ​មធ្យោបាយ​ឃោរឃៅ​ និង​ឧបករណ៍​របស់​រដ្ឋ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ សេរីភាព​ក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ និង​សង្គម​ស៊ីវិល។​

អង្គការ​ Amnesty International​ បាន​រិះគន់​ជា​ខ្លាំង​ថា ​រដ្ឋាភិបាល​នានា​ក្នុង​ប៉ែក​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប​និង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​បាន​ប្រើ​មធ្យោបាយ​ឃោរឃៅ​ និង​ឧបករណ៍​របស់​រដ្ឋ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម សេរីភាព​ក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ និង​សង្គម​ស៊ីវិល​ចាប់តាំង​ពី​ប្រទេស​បេឡារុស​រហូត​ដល់​ប្រទេស​កាហ្សាក់ស្ថាន ​និង​ពី​ប្រទេស​អាស៊ែបៃហ្សង់​រហូត​ដល់​ប្រទេស​រុស្ស៊ី។​

អង្គការ ​Amnesty International​ និយាយ​នៅ​ក្នុង​របាយការណ៍​ក្នុង​តំបន់​ប្រចាំ​ឆ្នាំ​របស់​ខ្លូន​ថា​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ទូទាំង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អឺរ៉ុប​និង​ប៉ែក​កណ្តាល​នៃ​ទ្វីប​អាស៊ី​បាន​ធ្វើ​ «ការ​វាយ​ប្រហារ​ខ្លាំង»​ ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​ បាន​ប្រើ​មធ្យោបាយ​ឃោរឃៅ​ និង​ឧបករណ៍​របស់​រដ្ឋ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​ សេរីភាព​ក្នុង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​ និង​សង្គម​ស៊ីវិល។​

សេចក្តី​រាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ឡុងដ៍​កាលពី​ថ្ងៃទី១៦​ខែមេសា​និយាយ​ថា ​ នៅ​ពេល​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​កាសែត ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ក្រុម​បាតុករ​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ឡើងៗ​កាល​ពី​ឆ្នាំ​២០១៩ ក្រុម​បាតុករ​ដោយ​សន្តិវិធី​បាន​ធ្វើ​សកម្ម​ភាព​រួមគ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ពួកគេ​ដោយ​ឱ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ដល់​ការ​បង្ក្រាប​របស់​ពួក​គេ។​

ស្ថានភាព​ធ្ងន់​ធ្ងរ​ដែល​មាន​រួច​ស្រេច​ហើយ​កាល​ពី​ឆ្នាំ​ទៅ​មិញ​នៅ​ទូទាំង​តំបន់​មួយ​លាត​សន្ធឹង​ចាប់​តាំង​ពី​ប្រទេស​បេឡារុស​រហូត​ដល់​ប្រទេស​កាហ្សាក់ស្ថាន ​និង​ពី​ប្រទេស​អាស៊ែបៃហ្សង់​រហូត​ដល់​ប្រទេស​រុស្ស៊ី​នោះ​កាន់​តែ​ប្រឈម​បញ្ហា​មួយ​កម្រិត​ទៀត​ នៅ​ពេល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នេះ​អនុវត្ត​វិធានការ​គ្រា​មាន​អាសន្ន​ និង​ការ​រឹតត្បិត​យ៉ាង​ច្រើន​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​ពន្យឺត​ការ​រាលដាល​មេរោគ​វីរុស​កូរ៉ូណា​ថ្មី។​ សកម្មភាព​បែប​នេះ​របស់​រដ្ឋាភិបាល​ទាំង​នេះ​បាន​បង្កើន​កង្វល់​ថា ​ វិធានការ​ខាង​សុខាភិបាល​ទាំង​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​ដើម្បី​បង្ក្រាប​សិទ្ធិ​មនុស្ស​ថែម​ទៀត។​

លោក​ Daniel Balson ​ជា​នាយក​ខាង​ការពារ​សិទ្ធិ​មនុស្ស​សម្រាប់​ទ្វីប​អឺរ៉ុប​និង​ផ្នែក​កណ្តាល​នៃ​ទ្វីប​អាស៊ី។ ​លោក​បាន​ព៌ណនា​ស្ថានភាព​មាន​អាសន្ន​ដែល​បាន​ត្រូវ​ប្រកាស​នៅ​ទូទាំង​តំបន់​នោះ​ជា​«គ្រឿងផ្សំ»​ សម្រាប់​ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស។​

លោក ​Balson​ បាន​និយាយ​ប្រាប់​វិទ្យុ​អឺរ៉ុប​សេរី ​និង​វិទ្យុ​សេរីភាព​ថា​ «បើ​គិត​ឱ្យ​សព្វ​គ្រប់​ទៅ​រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​នោះ​មិន​បាន​ប្រើប្រាស់​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​ដើម្បី​បង្កើត​វិធី​ថ្មីៗ​ដើម្បី​បង្ក្រាប​ប្រជារាស្ត្រ​ទេ ក៏​ប៉ុន្តែ​បាន​បង្កើន​ការ​ប្រើ​ប្រាស់​វិធី​ឃោរឃៅ​របស់​ពួក​គេ។​ អ្វី​ដែល​មាន​ការ​ផ្លាស់​ប្តូរ​នោះ​គឺ​ថា​ រដ្ឋាភិបាល​ជា​ច្រើន​យល់​ឃើញ​ថា​ ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​ជា​ការ​ជិះ​សេះ​លែង​ដៃ​ដើម្បី​ប្រើ​ប្រាស់​វិធី​ឃោរឃៅ​ថែម​ទៀត​ និង​បង្ហាញ​ការ​រំលោភ​របស់​ពួកគេ​ដោយ​ចំហ​ថែម​ទៀត​ផង»។

អង្គការ​ Amnesty International ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​នេះ​ថា ​កាល​ពី​ឆ្នាំ​ទៅ​មិញ​សេរីភាព​ខាងការ​ជួប​ជុំ​គ្នា​ «បាន​ត្រូវ​បង្ក្រាប​ជា​បន្ត​យ៉ាង​ឃោរឃៅ»​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន។​ អង្គការ​នេះ​បាន​និយាយ​បន្ថែម​ថា ​«អំណាច​របស់​ក្រុម​បាតុករ​ក្នុងការ​តវ៉ា​តាម​ផ្លូវ​បាន​បង្ហាញ​ថា​ ប្រជារាស្ត្រ​ដឹង​ថា ​អំណាច​នេះ​សំខាន់​ហើយ​ពួក​គេ​មាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់​ដើម្បី​ទាមទារ​យក​អំណាច​នេះ​មក​វិញ»​ ដោយ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះឆ្នោត​បន្លំ​នៅ​ពេល​ដែល​ពួក​គេ​ក៏​បាន​ទាមទារ​ដែរ​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​ ការ​ការ​ពារ​បរិស្ថាន​ និង​ជីវភាព​ល្អ​ប្រសើរ​ឡើង។

នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ដែល​នៅ​ទី​នោះ​អាជ្ញាធរ​បាន​ប្រើ​ល្បិច​ខាង​ផ្លូវ​ច្បាប់​និង​ប្រើ​កម្លាំង​ប៉ូលិស​ដើម្បី​បង្ក្រាប​បាតុកម្ម​នោះ ប្រជា​រាស្ត្រ​បាន​ធ្វើ​ការ​តវ៉ា​ច្រើន​ឡើងៗ​នៅ​តាម​ផ្លូវ​ដើម្បី​បង្កើន​សំឡេង​ពួក​គេ​ប្រឆាំង​នឹង​បញ្ហា​មួយ​ចំនួន​ដែល​មាន​រួម​បញ្ចូល​អំពើ​ពុករលួយ​ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​មាន​ភាព​អាក្រក់​ខ្លាំង​ឡើងៗ។​

កាលពី​ខែ​កក្កដា ​និង​ខែ​សីហា​មាន​ការ​ធ្វើ​បាតុកម្ម​ធំៗ​នៅ​ក្នុង​ក្រុង​មូស្គូរយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​អាជ្ញាធរ​បាន​ប្រកែក​មិន​ព្រម​ចុះ​ឈ្មោះ​ពួក​បេក្ខជន​ប្រឆាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​នៃ​រដ្ឋធានី​មូស្គូ។​

អ្នកស្រី​ Marie Struthers​ ជា​នាយិកា​ប្រចាំ​តំបន់​នៃ​អង្គការ ​Amnesty International ​សម្រាប់​ផ្នែក​ខាង​កើត​នៃ​ទ្វីប​អឺរ៉ុប​និង​ប៉ែក​កណ្តាល​នៃ​ទ្វីបអាស៊ី។​ អ្នកស្រី​បាន​និយាយ​ថា៖​ «ការ​សង​សឹក​ប្រឆាំង​នឹង​ក្រុម​អ្នក​ចូល​រួម​ក្នុង​មហា​បាតុកម្ម​នៅ​ក្នុង​ក្រុង​មូស្គូ​បាន​នាំ​ឱ្យ​មាន​យុទ្ធនាការ​សាមគ្គី​ភាព​មិន​ធ្លាប់​មាន​ពី​ពេល​មក​ដែល​ជា​សញ្ញាបង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ភ្ញាក់​រំឭក ​ការ​យល់​ដឹង​ឮ​អំពី​សិទ្ធិ​មនុស្ស​ និង​អំណាច​របស់​ប្រជារាស្ត្រ​នៅក្នុង​ប្រទេស​រុស្ស៊ី។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ​និង​ខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​នៅ​តែ​រង​ការ​វាយ​ប្រហារ​នៅ​ទូទាំង​តំបន់​នោះ​ក្នុង​ឆ្នាំ​២០១៩។​

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទោះ​ជា​មាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​ច្រើន​ក៏​ដោយ ​ក៏​ការ​វាយ​ប្រហារ​យ៉ាង​ឃោរឃៅ​ប្រឆាំង​នឹង​ពួក​អ្នក​កាសែត​កម្រ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់​ចត់​ណាស់។

ការ​កម្រិត​ស្តង់ដារ​ទាប​

អង្គការ ​Amnesty International​ បាន​និយាយ​ថា​ នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ច្បាប់​ស្តី​ពី​ «ភ្នាក់ងារ​ធ្វើ​ការ​ឱ្យ​បរទេស»​ និង​ «អង្គការ​ក្រៅ​រដ្ឋាភិបាល»​ ដែល​រុស្ស៊ី​មិន​ចង់​ឱ្យ​មាន បាន​ត្រូវ​តាក់តែង​ឡើង​ប្រឆាំង​នឹង​សិទ្ធិ​មនុស្ស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាលឯ​ទៀតៗ​ ដោយចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ​និង​ត្រូវ​បង្ខូច​ឈ្មោះ​ដោយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល»។​

អង្គការ ​Amnesty International ​បាន​និយាយ​បន្ថែម​ថា​ អាជ្ញាធរ​បាន​ «បន្ទាប​ស្តង់​ដារ​ថែម​ទៀត»​ ក្នុង​សេចក្តី​ព្រាង​ច្បាប់​ថ្មីៗ​នេះ ដោយ​បញ្ចូល​អ្នក​សរសេរ​ blogs ​និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ទៅ​ក្នុង​ឋានៈ​ជា​«ភ្នាក់ងារ​ធ្វើការ​ឱ្យ​បរទេស»។​

សេចក្តី​រាយការណ៍​នេះ​របស់​អង្គការ​ Amnesty International​ និយាយ​ថា នៅ​ក្នុង​ប្រទេស​តាហ្ស៊ីគីស្ថាន (Tajikistan) ​ ពាក្យថា​ «សន្តិសុខ​ជាតិ» ​បាន​ត្រូវ​យក​មក​ប្រើ​ដើម្បី​បង្ក្រាប​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​បង្ក្រាប​សិទ្ធិ​មនុស្ស​និង​សេរីភាព​ខាង​សារ​ព័ត៌មាន។​ ចំណែក​ឯ​ការ​ធ្វើ​ទារុណកម្ម​និង​ការ​ធ្វើ​បាប​នៅ​តែ​មានការ​ប្រព្រឹត្ត​ត​ទៅ​ទៀត។​

អង្គការ ​Amnesty International ​បាន​ថ្លែង​ថា​ ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាស៊ៃបៃហ្សង់​បង្ហាញថា ​ការ​រឹតត្បិត​យ៉ាង​តឹង​រ៉ឹង​ប្រឆាំង​នឹង​ក្រុម​អ្នក​ជំទាស់​នឹង​រដ្ឋាភិបាល​នៅតែ​គ្មាន​ការ​ថមថយ។​

អង្គការ ​Amnesty International ​បាន​និយាយ​ថា​ នៅ​ទូទាំង​តំបន់​នោះ​ ពួក​ជន​ជាតិ​ភាគ​តិច​ ពួក​អ្នក​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា ពួក​ជន​មាន​ភេទ​ពីរ​និង​ពួក​មនុស្ស​ប្តូរ​ភេទ​ហៅ​កាត់​ថា​ LGBT​ ក្រុម​សាសនា​ខ្លះ​ និង​ជនកាយវិកល​ជួន​កាល​ប្រឈម​នឹង​ការ​រើសអើង​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​និង​អំពើ​ហិង្សា​ថែម​ទៀត​ផង។​

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ប្រឆាំង​នឹង​ស្ត្រី​និង​កុមារ​ក៏នៅ​តែ​មាន​ច្រើន​ក្នុង​សង្គម​ផង​ដែរ។​

អង្គការ​ Amnesty International ​បាន​ពោល​ថា ការ​រំលោភ​សិទ្ធិ​លើ​បុគ្គល​និង​រំលោភ​សិទ្ធិ​លើ​ក្រុម​នានា​នៅ​ទូទាំង​តំបន់​នោះ​បាន​កើន​ឡើង​ដោយសារ​ប្រព័ន្ធ​តុលាការ​ដែល​ឋិត​នៅ​ក្រោម​សម្ពាធ​នយោបាយ៕​

ប្រែសម្រួល​ដោយ​ឈឹម សុមេធ​

XS
SM
MD
LG