ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ថា​ ជនជាតិ​ដើម​កួយ​រង​ការ​ប៉ះពាល់​ពី​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស


រូបឯកសារ៖ ទិដ្ឋភាពព្រៃឡង់ពី​លើ​អាកាស​នៅ​ឆ្នាំ​២០១៦។ (រូបថតដោយ៖ USAID/Michael Gebremedhin)

ការ​កាប់ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃឈើ​អភិរក្ស​ធំៗ​ពីរ​គឺ​ព្រៃឡង់ ​និង​ព្រៃ​ព្រះរកា​បាន​បង្ក​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ និង​ប្រពៃណី​របស់​ជនជាតិ​ដើម​នៅ​កម្ពុជា។​ នេះ​បើ​តាម​របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​(Amnesty International)

របាយ​ការណ៍​ក្រោម​ចំណង​ជើង​ថា ​«ប្រពៃណី​របស់​យើង​កំពុង​ត្រូវ​បាន​បំផ្លាញ៖ ​ការ​កាប់ឈើ​ខុស​ច្បាប់ ការ​រឹតត្បិត​ និង​ការ​បំពាន​សិទ្ធិ​ជនជាតិ​ដើម​នៅ​តំបន់​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា» ​ដែល​បាន​ចេញផ្សាយ​កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០២២​ បាន​រៀបរាប់​ពី​ការ​រង​គ្រោះ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រឹតត្បិត​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​ចូល​អាស្រ័យ​ផល​ក្នុង​ព្រៃ។​

របាយ​ការណ៍​ខាង​លើ​នេះ​បាន​ផ្អែក​លើ​បទ​សម្ភាសន៍​ជាមួយ​សកម្មជន​សហគមន៍​ចំនួន​ ២០​នាក់​នៅ​តំបន់​អភិរក្ស​ព្រៃឡង់ ​និង​ព្រៃ​ព្រះរកា​ ដែល​ជាកន្លែង​រស់​នៅ​របស់​ជនជាតិ​ដើម​កួយ ​ហើយ​ដែល​ជា​ឧទ្យាន​អភិរក្ស​សត្វព្រៃ​ផង​ដែរ។​

យោង​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ ​ជនជាតិ​ដើម​កួយ​បាន​ពណ៌នា​ជា​បន្តបន្ទាប់​ពី​ការណ៍​ដែល​មន្រ្តី​នគរបាល ​និង​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ទាមទារ​ និង​ទទួល​សំណូក​ ជា​ថ្នូរ​នឹង​ការ​មើល​រំលង​ការ​កាប់​ឈើ​ខុស​ច្បាប់។​

លោក​ Richard Pearshouse ​ប្រធាន​ទទួល​បន្ទុក​ផ្នែក​វិបត្តិ​និង​បរិស្ថាន​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​របាយ​ការណ៍​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរ​ភាសា​ថា៖ ​«ការ​កាប់​ព្រៃឈើ​ខុស​ច្បាប់​ឥត​ឈប់ឈរ​នៅ​កម្ពុជា​គឺ​ជា ការ​គំរាម​កំហែង​មក​លើ​ព្រៃឈើ​ចម្បង​ដែល​នៅ​សេស​សល់​ និង​ជនជាតិ​ដើម​ ដែល​ពឹង​អាស្រ័យ​លើ​ព្រៃឈើ​សម្រាប់​ជីវភាព ​វប្បធម៌ ​និង​ទំនៀមទម្លាប់​របស់​ពួកគេ»។​

លោក​បាន​បន្ថែម​ថា៖​ «ម្តង​ហើយ​ម្តង​ទៀត ​មន្រ្តី​រដ្ឋាភិបាល​ដែល​មាន​ភារកិច្ច​ត្រូវ​ការពារ​តំបន់​ព្រៃ​ឈើ​ដ៏​មាន​តម្លៃ​ទាំង​នេះ​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​បំផ្លាញ​ព្រៃឈើ​ទៅ​វិញ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​អាជីវកម្ម​ឈើ​ខុសច្បាប់​រីកចម្រើន​ទៅ​មុខ។ ​អាជ្ញាធរ​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់​តាមរយៈ​ការ​បង្រ្កាប​ជា​បន្ទាន់​មក​លើ​អំពើ​ពុករលួយ​យ៉ាង​ឥត​សំចៃ​នេះ។​ សិទ្ធិ​របស់​ជនជាតិ​ដើម​កួយ​ត្រូវ​ទទួល​បាន​ការ​ការពារ​នៅ​ក្នុង​គ្រប់​កិច្ច​ប្រតិបត្តិការ​អភិរក្ស»។​

ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) ​លោក​ ហេង គីមហុង​ បាន​និយាយ​ថា ​របាយ​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ជា​ភស្តុតាង​ថ្មី​មួយ​បន្ថែម​ទៀត​ ដែល​បង្ហាញ​ពី​ការ​សឹក​រេចរិល​ជា​បន្ត​បន្ទាប់​នៃ​ជម្រក​ព្រៃ​ឈើ​នៅ​កម្ពុជា​ជា​ពិសេស​នៅ​តំបន់​ព្រៃឡង់​ និង​ព្រៃ​ព្រះរកា ​ដែល​លោក​ថា​ ជា​ទី​ដែល​ «អាជ្ញាធរ​នៃ​ក្រសួង​បរិស្ថាន​តែង​តែ​រឹតត្បិត​សិទ្ធិ​សេរីភាព​មិន​ឲ្យ​សកម្ម​ជន​ និង​បណ្តាញ​សង្គម​មូលដ្ឋាន​ចូលរួម​ល្បាត»​ ខណៈ​បទល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន។​

ដំណាល​គ្នា​នេះ ​លោក​បាន​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​ផ្ទៀងផ្ទាត់​ស្ថានភាព​ពិត​ជាមួយ​នឹង​របាយ​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​ហើយ​ថា ​ប្រសិន​បើ​បទ​ល្មើស​ពិត​ជា​មាន​មែន​ ក្រសួង​បរិស្ថាន​ត្រូវ​ចាត់​វិធាន​ការ​ច្បាប់​ជា​បន្ទាន់​លើ​មន្រ្តី​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។​

លោក​បាន​ថ្លែង​ថា៖ ​«រឿង​អំពើ​ពុក​រលួយ​ក៏​អ៊ីចឹង​ដែរ ​របាយ​ការណ៍​ក៏​បាន​សង្កត់​បែប​នេះ។ ​ ដូច្នេះ​ហើយ ខ្ញុំ​គិត​ថា​ ក្រសួង​បរិស្ថាន​គួរ​តែ​ពិចារណា ​ជា​ពិសេស​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​គួរ​តែ​យក​របាយ​ការណ៍​នេះ​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​ឈាន​ទៅ​រក​ការ​ស៊ើប​អង្កេត​ជាក់លាក់​ណា​មួយ​ដើម្បី​ធ្វើ​ការ​កំណត់​អំពី​ដំណើរ​ឈាន​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ ហើយ​ជា​ពិសេស​ការ​ឈាន​ទៅ​រក​ការ​បញ្ឈប់​អំពើ​ពុករលួយ​ទាំងស្រុង​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ក៏​ដូច​ជា​ អនុវត្ត​តាម​ទិស​ដៅ​នៃ​ការ​បញ្ចប់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

លោក​បាន​បន្ថែម​ថា​ ការ​កាប់​ឈើ​អនាធិបតេយ្យ​នៅ​ក្រោម​រូបភាព​អំពើ​ពុករលួយ​បាន​ជះឥទ្ធិពល​លើ​ជីវភាព​របស់​ជនជាតិ​ដើមកួយ​ផង​ដែរ​ នៅ​ពេល​មាន​ការ​បំផ្លាញ​ដើម​ច្បោះ​ ដែល​ជា​ប្រភេទ​ដើម​ឈើ​ចម្បង​ដែល​ជនជាតិ​ដើម​នេះ​អាស្រ័យផល។​

តំណាង​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ព្រះវិហារ​ លោក​ ស្រី ​ថី​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ជនជាតិ​ដើម​កួយ​ដែល​រស់​នៅ​ក្នុង​តំបន់​អភិរក្ស​បាន​រង​ការ​ប៉ះពាល់​ដោយសារ​បទល្មើស​ព្រៃ​ឈើ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន​មិន​អើពើ។​

លោក​បាន​ថ្លែង​ថា៖ ​«ការ​កាប់ឈើ​នៅ​តំបន់​ព្រៃឡង់​នេះ​គឺ​ ប៉ះពាល់​ដល់​មុខរបរ​ប្រជា​ពលរដ្ឋ​ភាគតិច​ណាស់។ ​ គាត់​អាស្រ័យ​ផល​ពី​ព្រៃ​ឈើ ​រក​ផ្តៅ​រក​អី​ដែល​គាត់​អាស្រ័យ​ផល។​ ពេល​នេះ​វា​អត់​មាន​ដូច​មុន​ទេ។ ​ វា​ខ្សត់​ដូច​ក្នុង​ហ្នឹង​ឯង»។​

លោក​បាន​រំឭក​ឡើង​វិញ​ថា ជនជាតិ​ដើម​ភាគ​តិច​កួយ​ធ្លាប់​បាន​តវ៉ា​ពី​ឆ្នាំ ​២០០៣ ​ជា​មួយ​ក្រុមហ៊ុន​សម្បទាន​ដី​មួយ​ផង​ដែរ​ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សមស្រប​នៅ​ឡើយ​ទេ។​

លោក​ ស្រី ថី​ បាន​ឲ្យ​ដឹង​ទៀត​ថា ​បើ​ទោះ​បី​ព្រៃឡង់​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​បរិស្ថាន​ក៏​ដោយ​ ក៏បទ​ល្មើស​នៅ​តែ​បន្ត​កើត​មាន​ឡើង​ជា​ច្រើន​ទម្រង់។​

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ លោក ​នេត ភក្ត្រា ​បាន​និយាយ​ថា ​របាយ​ការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​ដែល​លើក​ឡើង​ពី​ការ​ប៉ះពាល់​មក​លើ​ជនជាតិ​ដើមភាគ​តិច​នោះ​គឺ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​នោះ​ទេ។​

«ហើយ​ចំពោះ​ការ​លើក​ឡើង​ថា ​មាន​ការ​បំពាន​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​គឺ​ មិន​ពិត​នោះ​ទេ។ ​ ហើយ​អ្នក​ដែល​បាន​លើក​ឡើង​នោះ​ វា​គ្រាន់​តែ​ជា​ក្រុម​មួយ​ក្តាប់​តូច​ ដែល​ពួក​គាត់​ព្យាយាម​នៅ​ក្នុង​ការ​មិន​គោរព​ច្បាប់ ​ បំពាន​ច្បាប់​ ហើយ​ធ្វើ​សកម្ម​ភាព​ ដែល​មិន​បម្រើ​ឲ្យ​ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដោយ​ស្មោះត្រង់ ​និង​តម្កល់​ផល​ប្រយោជន៍​ជា​រួម​ទេ»។​

លោក​បាន​លើក​ឡើង​ទៀត​ថា ​ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​ការពារ​ជាតិ​ចំនួន ​១៨២ ​ទូទាំង​ប្រទេស ​និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ៥២​ ហើយ​ក្នុង​នោះ​មាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ចំនួន ​៨​ នៅ​ជុំវិញ​តំបន់​ព្រៃឡង់ ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​ក្រសួង​បរិស្ថាន។ ​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​រូប​នេះ​ បាន​ស្នើ​ឲ្យ​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បង្ហាញ​អត្តសញ្ញាណ​ពិត​ប្រាកដ​ចំពោះ​រាល់​មន្រ្តី​ឬ​អាជ្ញាធរ​ដែល​ទទួល​សំណូក ​ឬ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ ជា​ជាង​ការ​និយាយ​ទូទៅ ​ឬ​យោង​តាម​សម្តី​បុគ្គល​ដទៃ។ ​ បើ​មិន​ដូច្នេះ​ទេ ​លោក​ចាត់​ទុក​ថា​ អង្គការ​នេះ​កំពុង​ធ្វើ​ «យុទ្ធនាការ​ប្រឆាំង​កម្ពុជា ​និង​បំផ្លាញ​មុខមាត់​មន្រ្តី​ឧទ្យានុ​រក្ស​នៃ​ក្រសួង​បរិស្ថាន»។​

ជាមួយ​ដូចគ្នា​នេះ​ដែរ​ លោក​ថា ក្រសួង​បរិស្ថាន​ទទួល​ស្គាល់​ថា​ បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​នៅ​តំបន់​អភិរក្ស ប៉ុន្តែ​បទល្មើស​ទ្រង់ទ្រាយ​ធំ​មិន​មាន​ទៀត​ទេ​ ហើយ​លោក​លើក​ឡើង​ថា​ ក្រសួង​បរិស្ថាន​ទទួល​ស្វាគមន៍​ការ​ចូល​រួម​របស់​ពលរដ្ឋ​ និង​អង្គការ​សង្គម​ស៊ីវិល​ដោយ​ស្មោះត្រង់​និង​ស្រប​ច្បាប់​នៅ​ក្នុង​កិច្ចការ​ការពារ​សម្បត្តិ​ព្រៃឈើ។​

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ នៅ​ឆ្នាំ ​២០២១ ​ឧទ្យានុរក្ស​បាន​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​ប្រមាណ​ ៨.៦០០​ ករណី​ ក្នុង​នោះ​ដក​ហូត​រណារ​យន្ត​រហូត​ដល់​ជិត​ ៥.០០០​គ្រឿង ​និង​បាន​បញ្ជូន​សំណុំ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ទៅ​តុលាការ​ចំនួន​ប្រមាណ ​៨០០​ករណី ​និង​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ប្រមាណ​២០០០​ករណី។​

កម្ពុជា​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​លើ​សាកល​លោក​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្សរ៍​ចុងក្រោយ​នេះ ដោយ​បាត់​បង់​គម្រប​ព្រៃឈើ​អស់​ប្រមាណ ​៦៤​ភាគ​រយ​ចាប់​តាំង​ពី ​២០១១​ មក។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ៕​

XS
SM
MD
LG