ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្លាប់​របស់​យុវជន​បី​នាក់​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម​ថ្នាំញៀន​ដ៏​ហិង្សា​នៅ​ហ្វីលីពីន


ក្រុម​បាតុករ និង​អ្នក​គាំទ្រ​កាន់​បដា​ និង​ប័ណ្ណ​នានា នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ជាមួយ​នឹង​រថយន្ត​ដឹក​សព​លោក Kian Loyd delos Santos ដែល​ជា​និស្សិត​អាយុ​១៧ឆ្នាំ ក្នុង​ពិធីបុណ្យ​សព​របស់​លោក កាលពី​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៧។
ក្រុម​បាតុករ និង​អ្នក​គាំទ្រ​កាន់​បដា​ និង​ប័ណ្ណ​នានា នៅ​ពេល​ពួកគេ​ដើរ​ក្បួន​ជាមួយ​នឹង​រថយន្ត​ដឹក​សព​លោក Kian Loyd delos Santos ដែល​ជា​និស្សិត​អាយុ​១៧ឆ្នាំ ក្នុង​ពិធីបុណ្យ​សព​របស់​លោក កាលពី​ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៧។

ប្រធានាធិបតី​ហ្វីលីពីន​ លោក Rodrigo Duterte អាច​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​ទំហំ​នៃ​យុទ្ធនាការ​ប្រឆាំង​នឹង​ថ្នាំញៀន​ដ៏​ប្រល័យ​របស់​លោក បន្ទាប់​ពី​ការ​សម្លាប់​យុវជន​៣​នាក់​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ពី​សំណាក់​សាធារណជន​ដែល​គាំទ្រ​លោក​នោះ។ ក៏​ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ទំនង​ជា​នឹង​នៅ​តែ​បន្ត។

កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ​នេះ យុវជន Kian Loyd Delos Santos វ័យ​១៧​ឆ្នាំ ដែល​ជា​សិស្ស​វិទ្យាល័យ​ម្នាក់ ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង​មួយ​នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋធានី ម៉ានីល ដែល​ករណី​ឃាតកម្ម​នេះ​អាច​ជា​ស្នាដៃ​របស់​ប៉ូលិស។ ការ​សម្លាប់​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង ម៉ានីល ហើយ​និង​មាន​ការ​វាយ​ជួង​តវ៉ា​រយៈពេល​៤០​ថ្ងៃ​នៅ​ក្នុង​ព្រះវិហារ​សាសនា​គ្រិស្ត​និកាយ​កាតូលិក​មួយ។

កាល​ពី​២​សប្តាហ៍​កន្លង​ទៅ​នេះ បុរស​វ័យ​១៩​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រកឃើញ​ថា ត្រូវ​បាន​គេ​បាញ់​ស្លាប់​ ហើយ​សាកសព​របស់​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រកឃើញ​និង​មាន​ស្លាកស្នាម​ចាក់​សុសសាច់។ អ្នក​ស៊ើបអង្កេត​កំពុង​តែ​ស៊ើបអង្កេត​ប៉ូលិស ចំពោះ​ករណី​ឃាតកម្ម​ទាំងពីរ​នេះ។

ករណី​ទាំង​២​នេះ​កំពុង​តែ​គំរាមកំហែង​ដល់​ការ​ធ្លាក់​ចុះ​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​ប្រឆាំង​នឹង​ថ្នាំញៀន​ដ៏​មាន​ប្រជាប្រិយភាព​របស់​លោក Duterte ដែល​យុទ្ធនាការ​នេះ​រង​ការ​រិះគន់​អំពី​សំណាក់​សហគមន៍​អន្តរជាតិ សម្រាប់​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ។ ប្រធានាធិបតី​ដែល​និយាយ​ម៉ឺងម៉ាត់​វ័យ​៧២​ឆ្នាំ​រូប​នេះ បាន​អនុម័ត​ទៅ​លើ​យុទ្ធនាការ​នេះ បន្ទាប់​ពី​លោក​បាន​ចូលកាន់​តំណែង​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦ តាមរយៈ​ការ​សន្យា​ថា នឹង​បោសសម្អាត​ថ្នាំញៀន​ក្នុង​រយៈពេល​៦​ខែ។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​ក្នុង​ខួប​បង្កើត​អង្គការ Volunteers Against Crime and Corruption លើក​ទី១៩ នៅ​ក្នុង​វិមាន​ប្រធានាធិបតី Malacanang នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ម៉ានីល កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ថ្លែង​ក្នុង​ខួប​បង្កើត​អង្គការ Volunteers Against Crime and Corruption លើក​ទី១៩ នៅ​ក្នុង​វិមាន​ប្រធានាធិបតី Malacanang នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ម៉ានីល កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧។

​លោក Eduardo Araral សាស្ត្រាចារ្យ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​មាន​ប្រសាសន៍​ថា «ប្រាកដ​ណាស់ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ប្រជាប្រិយភាព មាន​ការ​ខឹងសម្បារ​ច្រើនឡើងៗ​ចំពោះ​ការ​ដែល​យុវជន​ទាំង​នេះ​ត្រូវ​បាន​គេ​សម្លាប់ មិនថា​មាន​កំហុស​ឬ​គ្មាន​នោះ​ទេ។ ខ្ញុំ​គិត​ថា ប៉ូលិស​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ជាង​នេះ​ដោយសារ​តែ​ការ​ប្រតិកម្ម​ពី​សំណាក់​សាធារណជន ហើយ​ដោយសារ​តែ​ពួកគេ​ដឹង​ថា ប្រសិន​បើ​ពួកគេ​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​សមត្ថកិច្ច​របស់​ប៉ូលិស​នោះ លោក​ប្រធានាធិបតី​ក៏​នឹង​មិន​គាំទ្រ​ពួកគេ​នោះ​ដែរ‍»។ ​

ប្រជាពលរដ្ឋ​ហ្វីលីពីន​កាន់​តែ​មាន​ការ​ព្រួយបារម្ភ ដោយសារ​តែ​ ក្នុង​សប្តាហ៍​នេះ សភា​ដែល​មាន​សមាជិក​គណបក្ស​កាន់អំណាច​ច្រើន​ បាន​បែងចែក​ថវិកា​យ៉ាង​តិច​បំផុត​គឺ​ត្រឹមតែ​១៩,៥​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៨ សម្រាប់​គណៈកម្មាធិការ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ។ គណៈកម្មាធិការ​នេះ​អាច​ចោទ​ជា​សំណួរ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​បាន។ ​

សាខា​មួយ​នៃ​គណបក្ស​សេរី ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ហ្វីលីពីន​បាន​និយាយ​នៅ​ក្នុង​សារ​មួយ​បង្ហោះ​លើ​គេហទំព័រ Facebook របស់​ខ្លួន​ថា ការ​សម្រេច​ទៅ​លើ​ថវិកា​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក Duterte «កំពុង​តែ​អនុវត្ត​វប្បធម៌​នៃ​ការ​ការពារ​ប៉ូលិស​គ្រប់​ជាន់​ថ្នាក់»។

ក៏​ប៉ុន្តែ​លោក Duterte បាន​ប្តេជ្ញា​នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​ប្រធានាធិបតី​ថា នឹង​ធ្វើ «ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​និង​គ្មាន​លម្អៀង​ទៅ​លើ​ការ​ស្លាប់​របស់​យុវជន Delos Santos‍»។ ​

លោក​បាន​និយាយ​បន្ថែម​ទៀត​នៅ​លើ​គេហទំព័រ​នោះ​ដោយ​សំដៅ​ទៅ​លើ​មន្ត្រី​នៃ​ស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន​ថា «ប្រសិន​បើ​ការ​ស៊ើបអង្កេត​នោះ​បង្ហាញ​ថា ប៉ូលិស​ម្នាក់ ពីរ​នាក់ ឬ​ក៏​ទាំងអស់​ ដែល​ជា​អ្នក​ធ្វើ​រឿង​នេះ នឹង​មាន​ការ​កាត់​ទោស ហើយ​ពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​ប្រសិន​បើ​ត្រូវ​បាន​កាត់ទោស​នោះ‍។ ខ្ញុំ​ហ៊ាន​ធានា‍»។​

ប៉ូលិស​ឈរ​នៅ​ពេល​ក្រោយ​ខ្សែ​ប៉ូលិស​បន្ទាប់​ពី​បុរស​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ក្នុង​ក្រុង Caloocan ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។
ប៉ូលិស​ឈរ​នៅ​ពេល​ក្រោយ​ខ្សែ​ប៉ូលិស​បន្ទាប់​ពី​បុរស​ម្នាក់​ស្លាប់​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​គ្រឿងញៀន​នៅ​ក្នុង​ក្រុង Caloocan ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧។

អ្នកជំនាញ​ការ​និយាយ​ថា ការ​និយាយ​ខ្លាំងៗ​របស់​លោក Duterte ទៅ​លើ​ប៉ូលិស​ ប្រហែល​ជា​សញ្ញា​មួយ​បង្ហាញ​ថា លោក​នឹង​កែសម្រួល​វិធីសាស្ត្រ​ហិង្សា​របស់​លោក​ទៅ​លើ​ថ្នាំញៀន ដោយ​មិន​បង្អង់។

លោក Duterte បន្ធូរ​បន្ថយ​ជា​បណ្តោះអាសន្ន​កាល​ពី​ខែ​កុម្ភៈ ជាមួយ​នឹង​ការ​ផ្តោត​ថ្មី​មួយ​ទៅ​លើ​ការ​បញ្ឈប់​សកម្មភាព​ហួសហេតុ​របស់​ប៉ូលិស​ជាតិ​ហ្វីលីពីន បន្ទាប់​ពី​ការ​ស្លាប់​របស់​អ្នកជំនួញ​ជនជាតិ​កូរ៉េ​ម្នាក់​នៅ​ក្នុង​កន្លែង​ឃុំ​ខ្លួន។​

អគ្គនាយក​អនុវត្ត​វិធីសាស្ត្រ​ចំពោះ​ថ្នាំញៀន​របស់​លោក គឺ​លោក Aaron Aquino ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​ចង់​ស្តារ​នីតិសម្បទា​របស់​អ្នក​ញៀន​ថ្នាំ​១លាន​៣​សែន​នាក់ ដែល​បាន​ប្រគល់​ខ្លួន​ឲ្យ​អាជ្ញាធរ។

បន្ទាប់​ពី​យុវជន Delos Santos បាន​ទទួល​មរណភាព​កាល​ពី​ខែ​មុន គេហទំព័រthe Philippine Star បាន​ស្រង់​សម្តី​របស់​លោក Duterte ថា លោក​នឹង​មិន​លើកលែង​ចំពោះ​ការ​សម្លាប់​«មនុស្ស​គ្មាន​កំហុស‍» នោះ​ទេ។

លោក​សាស្ត្រាចារ្យ Araral នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​មាន​ប្រសាសន៍​ថា ការ​បន្ថែម​សម្ពាធ​ពី​សាធារណជន ប្រជាពលរដ្ឋ​ហ្វីលីពីន​មួយ​ចំនួន​សង្ស័យ​ថា សហគ្រាស​ផលិត​ថ្នាំ​ញៀន​និង​ឈ្មួញ​ចែកចាយ​ថ្នាំញៀន​បាន​រត់គេច​ខ្លួន​ពី​ការ​បង្ក្រាប​ហើយ។ ​

លោក Ramon Casiple នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សម្រាប់​កំណែ​ទម្រង់​នយោបាយ​និង​ការ​បោះឆ្នោត ដែល​ជា​អង្គការ​តស៊ូ​មតិ​ហ្វីលីពីន​មួយ​បាន​ថ្លែង​ថា «មាន​ការ​ចោទ​សួរ​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ​ទៅ​លើ​ឃាតកម្ម​នេះ ជាពិសេស​ ខ្ញុំ​គិត​ថា ក្រោយ​ពី​ការ​សម្លាប់​យុវជន​ទាំង​៣​នាក់​នេះ។ ច្បាស់ណាស់ ហេតុការណ៍​នេះ​នឹង​បង្វែរ​ពី​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល‍»។

រដ្ឋាភិបាល​របស់​លោក Duterte បាន​ទទួល​ការ​ពេញចិត្ត​៧៥​ភាគរយ​ពី​សំណាក់​ប្រជាពលរដ្ឋ​ហ្វីលីពីន​នៅ​ក្នុង​រយៈពេល​២ខែ​កន្លះ​ដំបូង​ក្នុង​ឆ្នាំ​២០១៧។ នេះ​បើយោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Social Weather Stations ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី ម៉ានីល។ លទ្ធផល​នៃ​ការ​ស្ទង់មតិ​នោះ​បង្ហាញ​ថា ប្រជាពលរដ្ឋ​៦៦​ភាគរយ​មាន​ការ​ពេញចិត្ត​នឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ថ្នាំញៀន​របស់​លោក។ ​

ទីភ្នាក់ងារ​ស្ទង់មតិ Pulse Asia បាន​រកឃើញ​ថា កាល​ពី​ខែ​មីនា ៧៩ភាគរយ​នៃ​ប្រជាពលរដ្ឋ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម។ ​

ប្រជាពលរដ្ឋ​ហ្វីលីពីន​ធម្មតា ជារឿយៗ​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ថា ប្លុក​ដែល​ពួកគេ​រស់នៅ​មាន​សុវត្ថិភាពជាង​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក Duterte ជាង​កាល​ពី​ពេល​មុន។ ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន (methamphetamine) ដែល​គេ​ហៅ​ថា shabu គឺ​ជា​ឫសគល់​នៃ​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ជុំវិញ​ប្រជុំ​កោះ ដែល​មាន​ប្រជាជន​ចំនួន​១០២​លាន​នាក់​នោះ។ ​

អ្នក​វិភាគ​ព្រមាន​ថា ការ​ផ្តាស់ប្តូរ​ណាមួយ​ទៅ​លើ​យុទ្ធនាការ​ប្រឆាំង​ថ្នាំញៀន​នេះ ដែល​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ញូវយ៉ក ប៉ាន់ប្រមាណ​ថា បាន​នាំ​ឲ្យ​មាន​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ចំនួន​៧០០០​ករណី នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ចោះៗ ឬ​សន្សឹមៗ។

លោក Carl Baker នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​វេទិកា​ប៉ាស៊ីហ្វិក CSIS នៅ​រដ្ឋធានី Honolulu រដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក មាន​ប្រសាសន៍​ថា «នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា លោក​ប្រធានាធិបតី Duterte នឹង​កែប្រែ​ច្រើន​ទៅ​លើ​វិធីសាស្ត្រ​របស់​លោក​នៅ​ក្នុង​សង្គ្រាម​ថ្នាំញៀន​ឬ​យ៉ាង​ណា។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​ការ​ចង្អុល​បង្ហាញ​មួយ​ចំនួន​ថា បណ្តា​ស្ថាប័ន​នៃ​រដ្ឋាភិបាល​របស់​លោក​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​ទទួល​ស្គាល់​ការ​ព្រួយ​បារម្ភ​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស។ ​

ការកែ​ប្រែ​ណា​មួយ​ទៅ​លើ​ការងារ​ប្រឆាំង​នឹង​ថ្នាំញៀន​ប្រហែល​ជា​គ្រាន់​តែ​មាន​ន័យ​ថា ប៉ូលិស​ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​បាន​ប្រុងប្រយ័ត្ន​ជាង​មុន​ចំពោះ​អនីតិជន ជាពិសេស​នៅ​កន្លែង​ណា​ដែល​មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក Herman Kraft អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Philippines Diliman។ ​

លោក Kraft បាន​និយាយ​បន្ថែម​ទៀត​ថា «ខ្ញុំ​គិត​ថា គោលបំណង​រួម​និង​យុទ្ធសាស្ត្រ​គឺ​នៅ​តែ​រក្សា​ដដែល។ នោះ​គឺ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី Duterte បាន​គូសបញ្ជាក់​ពី​យុទ្ធសាស្ត្រ​របស់​លោក​ចំពោះ​សង្គ្រាម​ថ្នាំញៀន​នេះ។ គ្រាន់​តែ​អាច​មាន​ការ​បន្ធូរបន្ថយ​ខ្លះៗ ប្រសិន​បើ​យុទ្ធសាស្ត្រ​នោះ​ពាក់ព័ន្ធ​នឹង​ក្មេងៗ»៕​

ប្រែសម្រួល​ដោយ ហុង ចិន្តា ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG