លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak កំពុងជួបការប្រឈមមុខថ្មីមួយទៀតពីសំណាក់អតីតមេដឹកនាំរបស់ប្រទេសម៉ាឡេស៊ីម្នាក់ គ្រាដែលរដ្ឋបាលរបស់លោក ព្យាយាមច្រានចោលបទចោទពុករលួយពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិសម្រាប់ការអភិវឌ្ឍរាប់ពាន់លានដុល្លារ ដោយមិនត្រឹមត្រូវ។
អតីតនាយករដ្ឋមន្ត្រី Mahathir Mohammad ដែលបានកាន់តំណែងពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ បានចាកចេញពីគណបក្សអង្គការបង្រួបបង្រួមជនជាតិម៉ាឡេ ហើយបានបង្កើតជាគណបក្សនយោបាយថ្មីមួយ ដើម្បីបង្រួមបង្រួមគណបក្សប្រឆាំងនិងថ្នាក់ដឹកនាំរបស់លោក Najib Razak។
ការស៊ើបអង្កេតក្នុងប្រទេសសិង្ហបូរី និង ស.រ.អា. តាមរយៈក្រសួងយុត្តិធម៌ស.រ.អា. បានផ្តោតទៅលើបទចោទថា ប្រាក់ចំនួន៣៥០០លានដុល្លារ ត្រូវបានបង្វែរពីមូលនិធិ 1MDB ដែលលោក Najib បានបង្កើតឡើងកាលពីឆ្នាំ២០០៩។ ការរកឃើញបាននាំឲ្យមានការតវ៉ានយោបាយយ៉ាងធំមួយនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Najib មកទល់នឹងពេលនេះ អាចបញ្ជៀសការព្យាយាមចង់ដកហូតលោកចេញពីតំណែង។
លោកនាយករដ្ឋមន្ត្រី Najib អះអាងថាលោកពុំមានកំហុសអ្វីទេ ដោយនិយាយថាមូលនិធិនោះត្រូវបានយកទៅប្រើប្រាស់ដោយត្រឹមត្រូវ ហើយជាវិភាគទានពិតប្រាកដពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕