ពាក្យបណ្តឹងរដ្ឋប្បវេណីរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក ដែលចោទប្រកាន់ចំពោះការលួចថវិកាវិនិយោគដែលគ្រប់គ្រងដោយរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី គឺអាចជាកត្តាជាក់លាក់មួយសម្រាប់ឲ្យគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីធ្វើការអំពាវនាវភ្លាមៗឲ្យលោកនាយរដ្ឋមន្ត្រី Najib Razak លាឈប់ពីមុខតំណែងរបស់លោក។ ទោះបីជាករណីបណ្តឹងផ្លូវច្បាប់នេះទំនងជាអាចជួយក្រុមគណបក្សប្រឆាំងដ៏ទន់ខ្សោយនៅក្នុងក្រុង Kaula Lumpur ក៏ដោយ ក៏វាមិនត្រូវបានគេរំពឹងថា អាចធ្វើឲ្យមេដឹកនាំម៉ាឡេស៊ីចាក់ឫសចាក់គល់រូបនេះចាកចេញពីតំណែងបានដែរ។
គណបក្សកាន់អំណាចរបស់ម៉ាឡេស៊ីនឹងធ្វើការតវ៉ាគាំទ្រលោក Najib ហើយនិងរិះគន់ «ឥទ្ធិពលមហាអំណាចបរទេស រួមទាំងជនជាតិជ្វីបផងដែរ» ថាបានព្យាយាមផ្តួលរំលំរដ្ឋាភិបាលដែលជ្រើសរើសតាមលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការរំពឹងទុករបស់អ្នកនយោបាយគណបក្សប្រឆាំង លោក Charles Santiago កាលពីថ្ងៃពុធម្សិលមិញនេះ។
លោក Santiago ដែលជាសមាជិករដ្ឋសភាមកពីគណបក្សសកម្មភាពប្រជាធិបតេយ្យ (Democratic Action Party) បានប្រាប់ VOA ថា៖ «គណបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលនឹងស្នើដល់អគ្គមេធាវីឲ្យស៊ើបអង្កេតការចោទប្រកាន់ដែលធ្វើឡើងនៅសហរដ្ឋអាមេរិកនេះ។ ករណីនេះនឹងមិនបន្លាយពេលយូរទេ ដោយសារតែការិយាល័យអគ្គមេធាវីបានបិទសំណុំរឿងរបស់ខ្លួនច្រើនខែកន្លងមកហើយ»។
នៅក្នុងការផ្តួចផ្តើមដ៏ធំបំផុតមិនដែលមានពីមុនមករបស់គម្រោងផ្តូចផ្តើមដកយកមកវិញនូវទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលពុករលួយរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (US Justice Department's Kleptocracy Asset Recovery Initiative) អាជ្ញាធរមានគោលបំណងដកហូតនូវអចលនទ្រព្យ សិល្បៈកម្ម គ្រឿងអលង្ការផ្សេងៗ និងសិទ្ធិនៅក្នុងភាពយន្តហូលីវូដ ដែលសរុបមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិក។
អាជ្ញាធរបានចោទប្រកាន់ថា ទ្រព្យសម្បត្តិទាំងអស់នេះត្រូវបានលួចចេញពីគម្រោងថវិកាដែលហៅថា 1Malaysia Development Berhad ឬ 1MDB ដែលជាគម្រោងដែលលោក Najib បានផ្តួចផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩។ ទ្រព្យសម្បត្តិទាំងអស់នេះ សព្វថ្ងៃគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុ ដែលលោកនាយករដ្ឋមន្ត្រី Najib គ្រប់គ្រងពីលើ៕