ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​ថា «សហរដ្ឋ​អាមេរិក​មិនមែន​ត្រូវ​កំណត់​ដោយ​បុរស​តែ​ម្នាក់​ទេ»


រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas ចូលរួម​ការប្រជុំ​គណៈរដ្ឋមន្រ្តី​ប្រចាំ​សប្តាហ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas ចូលរួម​ការប្រជុំ​គណៈរដ្ឋមន្រ្តី​ប្រចាំ​សប្តាហ៍​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​រាយការណ៍​ថា ​លោក​ Heiko Maas​ រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់​កាល​ពី​ថ្ងៃសុក្រ ​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​នៅ​ក្នុង​ការបោះឆ្នោត​អាមេរិក ​បង្ហាញ​ការ​អត់ធ្មត់​រហូត​ដល់​ទទួល​បាន​លទ្ធផល។​ លោក​បន្ថែម​ថា​ ​ការ​បង្កើន​ភាពតាន​តឹងឱ្យ​កាន់​តែ​ធ្ងន់ធ្ងរនោះ​ ជា​ការ​មិន​ទទួល​ខុស​ត្រូវ។

លោក​ Maas ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ​Funke របស់​អាល្លឺម៉ង់​ក្នុង​ភាសា​ខ្លាំងៗថា៖ «សហរដ្ឋអាមេរិក​ មិនមែន​កំណត់​ដោយ​បុរស​តែ​ម្នាក់​ទេ។ ​អ្នក​ចាក់សាំង​លើ​ភ្លើង​ក្នុង​ស្ថានភាព​បែប​នេះ ​កំពុង​ធ្វើ​សកម្មភាព​ដោយ​មិន​ទទួល​ខុស​ត្រូវ»។

លោក​បាន​បន្ថែម​មតិ​យោបល់​ថា៖​ «ឥឡូវ​នេះ គឺ​ជា​ពេល​វេលា​ដើម្បី​រក្សា​ភាព​អត់ធ្មត់​រហូត​ដល់មាន​លទ្ធផល​ ដែល​បាន​កំណត់​ដោយ​ឯករាជ្យ»។

ការរាប់​សន្លឹក​ឆ្នោត កំពុង​បន្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ ដែល​មាន​លទ្ធផល​ប្រកិត​បំផុត​ ដែល​ពឹងផ្អែក​លើ​សំឡេង​ចុង​ក្រោយខុស​គ្នា​បន្តិច​បន្តួច​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​តូច។​ លោក​ប្រធានាធិបតី​ Donald Trump ​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​ចាប់​ផ្តើម​បណ្តឹង​យ៉ាង​ក្តៅ​គគុក​ដោយ​សង្ឃឹម​ថា​ នឹង​បន្ថយ​លទ្ធភាព​នាំ​មុខ​របស់​គូប្រជែង​របស់​លោក​ គឺ​លោក​ Joe Biden បេក្ខជន​ប្រជា​ធិបតេយ្យ​ ហើយ​ភាពតាន​តឹង​ បាន​កើន​ឡើង​នៅ​កន្លែង​ខ្លះ។​

លោក Maas ​បាន​និយាយ​ថា​ លោក​រំពឹង​ថា​ នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ដោះស្រាយរួច​ ​«សហ​រដ្ឋអាមេរិក​ ប្រហែល​ជា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ឆាក​អន្តរជាតិវិញ ​ជាមួយ​នឹង​ថាមពល​ពេញលេញនោះ​ទេ ​ក្នុង​ពេល​នេះ»​។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា៖​ «ពិភពលោក​ត្រូវ​ការ​សហរដ្ឋ​អាមេរិក​ ជា​កម្លាំង​សម្រាប់​សណ្តាប់​ធ្នាប់ ​មិន​មែន​សម្រាប់​ភាព​វឹកវរ​នោះ​ទេ»៕

XS
SM
MD
LG