ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ដាច់​ស្រេច


លោកប្រធានាធិបតី Donald Trump បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump បេក្ខជនខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី ឆ្នាំ២០២០។

ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ នៅ​តែ​មិន​ទាន់​ដឹង​លទ្ធផល​ដាច់ស្រេច​ កាលពី​ថ្ងៃ ព្រហស្បតិ៍ម្សិលមិញ ដោយ​គូ​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បានខិត​ទៅកាន់​សំឡេង​ភាគ​ច្រើន​នៃ​អង្គ​បោះឆ្នោត​ ហើយលោក​ប្រធានាធិបតី​ Donald Trump ទាម​ទារ​ឲ្យ​បញ្ឈប់​ការរាប់​សន្លឹក​ឆ្នោត។ ​គណបក្ស​សាធារណរដ្ឋ កំពុង​ដាក់​ពាក្យ​បណ្តឹង​ដោយ​ចោទប្រកាន់​ពីការបោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី។

លោក​ប្រធានាធិបតី Trump បាន​ចោទ​ប្រកាន់​ដោយគ្មាន​ភស្តុតាង ​កាលពី​ថ្ង​ព្រហស្បតិ៍​ម្សិលមិញ​ លើគណបក្ស​ប្រជាធិបតេយ្យ​ ពីការរៀបចំឲ្យ​មាន​ការលួច​បន្លំ​ និង​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ខ្លាំង​ ដើម្បី​រារាំង​លោក ​មិន​ឲ្យ​ជាប់​ឆ្នោត​ធ្វើ​ជាប្រធានាធិបតី​អាណត្តិ​ទី ២។

លោក​ប្រធានាធិបតី Trump បាន​ប្រាប់​សន្និសីទ​កាសែត​ថា៖ «នេះ​ជា​ករណីដែល​ពួកគេ​កំពុង​ព្យាយាម​លួច​បន្លំ​ក្នុង​ការបោះឆ្នោត ហើយ​យើង​មិនអាច​អនុញ្ញាតឲ្យ​បញ្ហា​នេះ​កើត​ឡើង​បាន​ទេ»។

ផ្ទុយ​ទៅវិញ លោក Biden កាលពី​ពេល​រសៀល​ថ្ងៃព្រហស្បតិ៍ បាន​អំពាវនាវ​ឲ្យ​មាន​ការអត់​ធ្មត់ ខណៈដែល​រដ្ឋ​នានា​កំពុង​រាប់​សន្លឹក​ឆ្នោត​ដែល​មាន​ជាង ​១៥០ ​លាន​សន្លឹក​ នៅ​ក្នុង​ការបោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ។

លោក Biden បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថា៖ «សន្លឹក​ឆ្នោត​នីមួយ​ៗ​ត្រូវតែ​រាប់។ ហើយ​នេះ​ជាអ្វីដែល​យើង​កំពុង​ឃើញ​នៅពេល​ឥឡូវ​នេះ។ ហើយ​នេះ​ជា​អ្វី​ដែល​គួរ​កើត​មាន​ឡើង។ ជួល​កាល លទ្ធិប្រជាធិបតេយ្យ ​មាន​ការច្របូក​ច្របល់»។

លោក Biden ត្រូវ​បានបណ្តាញ​ផ្សាយ​ព័ត៌មាន​រាយការណ៍​ថា នាំ​មុខ​នៅ​ក្នុង​ការ​ទទួល​បាន​អង្គ​បោះឆ្នោត គឺ​ ២៥៣ ទល់នឹង ​២១៤។

បេក្ខជន​ដែលទទួល​បាន​សំឡេង​ភាគ​ច្រើន​គឺ​ចំនួន​ ២៧០ ​នឹង​មាន​ជ័យជម្នះ​នឹង​ឡើង​កាន់​ដំណែង​ប្រធានាធិបតី​ ដែល​មាន​រយៈពេល ​៤ ឆ្នាំ។ ក៏ប៉ុន្តែ ការរាប់​សន្លឹក​ឆ្នោត​នៅ​កំពុង​ធ្វើ​នៅ​ឡើយ​ នៅ​ក្នុង​រដ្ឋ ៤ ​ដែល​នឹង​សម្រេច​លទ្ធផល​នៃ​ការបោះ​ឆ្នោត​គឺ រដ្ឋ Georgia, Pennsylvania, Arizona និង​រដ្ឋ Nevada៕

XS
SM
MD
LG