ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​ព្រម​ព្រៀង​បន្ត​បំពេញ​មុខងារ​សេស​សល់​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​ក្រោយ


រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)
រូបថតដែលចេញផ្សាយដោយសាលាក្តីខ្មែរក្រហម នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បង្ហាញឲ្យឃើញទិដ្ឋភាពទូទៅនៃដំណើរការសវនាការស្តីពីការប្តឹងសាទុក្ខរបស់ ខៀវ សំផន នៅរាជធានីភ្នំពេញ។ (AFP/Nhet Sok Heng/ECCC)

រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ច្បាប់​របស់​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប.)​បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​បំពេញ​មុខងារ​សេស​សល់​បន្ថែម​ទៀត​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលាក្តីខ្មែរ​ក្រហម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ បន្ទាប់​ពី​តុលាការ​កូន​កាត់​មួយ​នេះបាន​សម្រេច​កិច្ច​ការ​ច្បាប់​ជា​ច្រើនគួរ​ជា​ទី​មោទនៈ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ និង​រាយ​ការណ៍​ដោយ​អង្គភាព​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃទី​២១​ខែ​កញ្ញា​ ឧបនា​យក​រដ្ឋមន្ត្រី​ប្រចាំ​ការ​លោក​ ប៊ិន ឈិន​ បាន​ជួប​ពិភាក្សា​ជា​មួយ​ឧបការី​អគ្គ​លេខាធិការ​ និង​ជា​នាយក​ការិល័យ​កិច្ចការ​ច្បាប់​របស់​អ.ស.ប.​លោក​ Stephen Mathias ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍន​ភាព​ការ​ងារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ និង​មុខ​ងារ​សេស​សល់​ក្រោយ​បញ្ចប់​កិច្ច​ដំណើរការ​នីតិវិធី​តាម​ផ្លូវ​តុលាការ។

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖​ «អង្គ​ជំនុំ​ជម្រះ​គ្រោង​នឹង​បញ្ចប់​សំណុំ​រឿង​ទាំង​អស់​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហ​ប្រជាជាតិ​បាន​ឯកភាព​គ្នា​ថា​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នេះ​នឹង​បំពេញ​មុខ​ងារ​សេស​សល់​របស់​ខ្លួន​សម្រាប់​ដំណាក់​កាល​ដំបូង​រយៈ​ពេល​បី​ឆ្នាំ​ ដោយ​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២៣»។​

គោល​បំណង​មួយ​ក្នុង​ចំណោម​គោល​បំណង​សំខាន់​នានា​នៃ​មុខងារ​សេស​សល់​នោះ​ គឺ​ដើម្បី​ថែរក្សា​កេរ​ដំណែល​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ឬ​ហៅ​កាត់​ថា អ.វ.ត.ក.​ រួមទាំង​តាម​រយៈ​ការ​អនុញ្ញាត​ឱ្យ​សាធារណ​ជន​អាច​ចូល​ពិនិត្យ​មើល​ព័ត៌មាន​នៅក្នុង​បណ្ណសារ​របស់​អ.វ.ត.ក.​ឱ្យ​បាន​ទូលំទូលាយ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការងារ​របស់​អ.វ.ត.ក.។ ​

សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ ចាប់​តាំង​ពី​អ.វ.ត.ក.​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​មក​ អ.វ.ត.ក.​ បាន​ទទួល​ភស្តុតាង​ពីជន​រង​គ្រោះ​ជាង​មួយ​ម៉ឺន​បី​រយ​នាក់​ (១០.៣០០នាក់)​បាន​ចេញ​សេចក្តី​សម្រេច​ជាង​១ពាន់​បីរយ​សែ​សិប​ប្រាំ​ (១.៣៤៥) ​និង​បាន​បង្កើត​កំណត់​ហេតុ​តាម​ផ្លូវ​តុលាការ​ និង​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ចំនួន​បី​លាន​ទំព័រ។ ​

គួរ​បញ្ជាក់​ផងដែរ​ថា​ នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ស្អែក​នេះ​ សាលាក្តី​ខ្មែរក្រហម​នឹង​ប្រកាស​សាលដីកា​លើ​បណ្តឹង​សាទុក្ខ​របស់​លោក​ ខៀវ សំផន​ ដែល​បាន​ប្តឹង​មិន​សុខ​ចិត្ត​ទៅ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​សាលា​ដំបូង​នៃ​សាលាក្តី​ខ្មែរ​ក្រហម ​លើ​សំណុំ​រឿង ​០០២/០២ ​ដែលឱ្យ​លោក​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ក្រុង​ហ្សឺណែវ​ (Geneva Conventions)។​

ហើយ​សាលដីកា​នេះ​នឹង​ក្លាយ​ជាសាលដីកា​ស្ថាពរ​បិទ​ផ្លូវ​តវ៉ា​របស់​មេដឹកនាំ​នៃ​របប​ប្រល័យ​ពូជសាសន៍​ដ៏​ជរា​រូប​នេះ៕​

XS
SM
MD
LG