តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម នៅថ្ងៃអង្គារនេះ បានសម្រេចបញ្ចប់សំណុំរឿង០០៤ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហម លោក យឹម ទិត្យ ដោយលើកហេតុផលថាគ្មានដីការបញ្ចូនរឿងនេះទៅជំនុំជម្រះស្ថាពរដែលអាចអនុវត្តបាន។
ការសម្រេចរបស់អង្គជំនុំជម្រះនៃតុលាការកំពូលដែលភាគច្រើនជាចៅក្រមជាតិ ហើយជាដំណាក់កាលចុងក្រោយមិនអាចតវ៉ាបានទៀតនេះ គឺធ្វើឡើងតែមួយសប្តាហ៍ក្រោយពីសំណុំរឿង០០៣ ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ទៀតគឺលោក មាស មុត ត្រូវបានតុលាការកំពូលដដែលនេះ បានសម្រេចបញ្ចប់ឥតចាត់ការបន្ត។
លោក យឹម ទិត្យ អតីតលេខាតំបន់១៣ ក្នុងសម័យខ្មែរក្រហម ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុននៃក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ បទប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩។
សំណុំរឿងចុងក្រោយបង្អស់របស់សាលាក្តីកូនកាត់មួយនេះ បានជាប់គាំងដ៏យូរដោយសារតែការខ្វែងគំនិតគ្នារវាងសហចៅក្រមស៊ើបអង្កេតនៃសាលាក្តីនេះ។
សហចៅក្រមស៊ើបអង្កេតខាងភាគីជាតិ បានសម្រេចលើកលែងការចោទប្រកាន់ប្រឆាំងលោក យឹម ទិត្យ ដោយអះអាងថាជនជាប់ចោទក្នុងសំណុំរឿងនេះ មិនស្ថិតក្រោមយុត្តាធិការរបស់សាលាក្តីនេះទេ ខណៈសហចៅក្រមស៊ើបអង្កេតខាងភាគីអន្តរជាតិ បានស្នើឲ្យបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ គ្រោងនឹងបញ្ចប់នីតិវិធីនៃសំណុំរឿង០០៣ និង០០៤ នៅត្រឹមចុងឆ្នាំ២០២១។ នេះបើយោងតាមកាលវិភាគនៃគម្រោងបញ្ចប់ដំណើរការនីតិវិធីពេញលេញរបស់សាលាក្តីនេះ៕