ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧកញ៉ាកាន់កាប់ដីជាង៥ពាន់ហិកតា និងអភិបាលរងខេត្តបាត់ដំបងត្រូវបញ្ជូនទៅតុលាការរឿងជម្លោះដីធ្លី


លោក សង ថន ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ក្រោមហេតុផលថាលោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)
លោក សង ថន ដែលជាឧកញ៉ាមួយរូប ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ តាំងពីលា្ងចថ្ងៃទី២៧ ខែមិថុនា ក្រោមហេតុផលថាលោកបានប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លីមួយក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ (រូបថតពីបណ្តាញសង្គមហ្វេសប៊ុក)

បន្ទាប់​ពី​ការ​សាកសួរ​អស់​ប៉ុន្មាន​ថ្ងៃ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃច័ន្ទ​នេះ ​បាន​សម្រេច​បញ្ជូន​ឧកញ៉ា​ម្នាក់​ឈ្មោះ ​សង ថន​ ដែល​កាន់កាប់​ដីជាង​ ៥​ពាន់​ហិកតា​ នៅស្រុក​គាស់ក្រឡ​ និង​អភិបាល​រង​ខេត្ត​បាត់ដំបង គឺ​លោក ​ស៊ូ អារ៉ាហ្វាត់ ​ទៅ​តុលាការ។​

អ្នក​នាំពាក្យ​របស់​តុលាការ​រាជធានី​ភ្នំពេញ ​លោក ​គុជ គឹមឡុង​ មាន​ប្រសាសន៍​ថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បញ្ជូន​សំណុំ​រឿង​ទាក់ទង​នឹង​លោក​ សង ថន ​និង​លោក ​ស៊ូ អារ៉ាហ្វាត់ ​ដែល​ជា​មន្រ្តី​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​គាស់ក្រឡ ​មក​តុលាការ ​ហើយ​ព្រះរាជ​អាជ្ញា​បាន​សាក​សួរ​ពួក​គេ។​ ប៉ុន្តែ​ លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​លើ​ពួកគេ​នៅឡើយ​ទេ​ គិត​ត្រឹម​ម៉ោង​៥​ល្ងាច ​ថ្ងៃ​ច័ន្ទ​នេះ។​

មិនទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវ​ការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា​ តើពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​សង្ស័យ​ពី​បទ​អ្វី ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ​ទេ។ ​ជម្លោះ​ដី​ធ្លីនៅ​ស្រុក​គាស់ក្រឡ​ក៏​នាំ​ឲ្យ​មាន​ការ​ដក​តំណែង​អភិបាល​ស្រុក​គាស់​ក្រឡ​ផង​ដែរ។ ​

ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី​ កាលពី​ថ្ងៃ​សុក្រ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បញ្ជា​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​រដ្ឋបាល​ខេត្ត​បាត់ដំបង ​ដកហូត​ដី​ពី​លោក​ សង ថន​ ត្រឡប់​មក​វិញ​ ដោយ​បាន​ចោទ​ឧកញ៉ា​រូប​នោះ​ថា​ «បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុស​ច្បាប់» ​និង​ត្រូវ​បាន​ប្រគល់​ឲ្យ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ គ្រប់​គ្រង​និង​រក្សា​ទុក​សម្រាប់​ធ្វើ​ប្រទាន​កម្ម​ ជូន​ប្រជា​ពលរដ្ឋ​ក្នុង​គោល​ដៅ​សម្បទាន​សង្គម​កិច្ច។​

លោក​ ស៊ឹប គូ ​អាយុ​៤៩​ឆ្នាំ​ រស់​នៅ​ក្បែរ​ភ្នំវែង ​ក្នុង​ភូមិតារួន ​ឃុំ​ព្រះ​ផុស ​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ប្រជា​ពលរដ្ឋ​បាន​កាប់​ឆ្ការ​ដី​ព្រៃ​ជិត​ ១០​ឆ្នាំមក​ហើយ ​ដោយ​សារ​ពួក​គេ​ពុំមាន​ដី​រស់​នៅ។​

លោក​ ស៊ឹប គូ​ ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង​ ២០០​គ្រួសារ ​អះអាង​ថា​ ប្រជា​ពលរដ្ឋ​បាន​កាន់កាប់​ដី​នោះ​យូរ​មក​ហើយ​ និង​ពួកគេ​យល់​ថា ​មិនមែន​ជា​ដី​របស់​ឧកញ៉ា​ សង ថន​ នោះ​ទេ។ ​ប៉ុន្តែ​ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ឧកញ៉ា​រូប​នេះថា​ ជា​ដី​របស់​លោក ​ដែល​មាន​ទៅ​ដល់​ជាង ​៥ពាន់​ហិកតា។​

ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង​តាំងពី​ឆ្នាំ ​២០១៥​ រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​ ហើយ​អ្នកភូមិ​ ៧​នាក់​ ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ​១​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ ២០​លាន​រៀល​ ក្នុង​មួយ​នាក់៕

XS
SM
MD
LG