ក្រុមហ៊ុន Amazon និយាយថាខ្លួននឹងកាត់ប្រតិបត្តិការពាណិជ្ជកម្មក្នុងប្រទេសចិន ដែលជាទីផ្សារលក់រាយដ៏ធំជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីពិបាក ប្រជែងជាមួយនឹងក្រុមហ៊ុនខ្លាំងៗក្នុងស្រុកជាច្រើនអស់រយៈពេលជាង១ទសវត្សរ៍។
ក្រុមហ៊ុននេះ បានប្រកាសថ្មីៗថា នៅថ្ងៃទី១៨ ខែកក្កដា ខ្លួននឹងមិនផ្តល់សេវាកម្មលក់ ដូរទំនិញលើគេហទំព័រចិនរបស់ខ្លួន ហៅថា Amazon.cn ទៀតទេ។ ការសម្រេចចិត្ត នេះមានន័យថាក្រុមហ៊ុន Amazon នឹងឈប់លក់ដូរទំនិញពីអ្នកលក់ដែលមាន មូលដ្ឋានក្នុងប្រទេសចិន ជូនដល់អតិថិជនក្នុងស្រុកលើគេហទំព័ររបស់ខ្លួន។ ទោះជាក្រុមហ៊ុន Amazon បញ្ឈប់ធ្វើពាណិជ្ជកម្មលក់រាយតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសចិនមែន ក៏ក្រុមហ៊ុននេះនឹងបន្តពាណិជ្ជកម្មឆ្លងកាត់ប្រទេសចិន ដោយនាំ យកទំនិញ និង ផលិតផលក្រៅប្រទេសទំនើបៗទៅលក់ក្នុងប្រទេសចិនដដែល។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន។
ការប្រកាសដដែលបានបន្ថែមថា៖ «តម្រូវការរបស់ពលរដ្ឋចិនគឺទំនិញដែលមានគុណភាពខ្ពស់ ផលិតផលពិសេសៗមកពីជុំវិញ ពិភពលោក បន្តរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបើនិយាយពីវត្តមានទំនិញពិភពលោករបស់យើង ក្រុមហ៊ុន Amazon គឺជាក្រុមហ៊ុនល្អបំផុតដែលបំរើសេវាកម្មដល់ពលរដ្ឋចិន»។
ការប្រកាសរបស់ក្រុមហ៊ុន Amazon បានបង្ហាញក្តីកង្វល់នានាអំពីវត្តមានតិចតួចរបស់ក្រុមហ៊ុនបរទេសក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសចិន ខណៈដែលក្រុមហ៊ុនចិនទាំងឡាយដូចជាក្រុមហ៊ុន អាលីបាបា (Alibaba) បង្កើត លំហទីផ្សាររបស់ខ្លួនយ៉ាងធំធេងនៅជុំវិញពិភពលោក។
ផ្សារភាគហ៊ុនក្រុមហ៊ុន អាម៉ាហ្ស៊ូនបានធ្លាក់ចុះប្រហណ១៥ភាគរយ ដល់ ៦ភាគរយ ក្នុងរយៈពេល១ទសវត្សរ៍កន្លងទៅ។ តែក្រុមហ៊ុន អាលីបាបា និងក្រុមហ៊ុនក្នុងស្រុក ដ៏ទៃទៀតដូចជា jd.com គ្រប់គ្រងទីផ្សារក្នុងប្រទេសចិនដល់ទៅ៧៥ភាគរយ។ ក្រុមហ៊ុន អ៊ីបេ (eBay) បានចាកចេញពីចិនផងដែរ នៅពេលដែលក្រុមហ៊ុននេះមិន អាចរកប្រាក់ចំណេញបាន៕