ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​សភា​កម្ពុជា​អនុម័ត​ច្បាប់​បី​សម្រាប់​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌


ច្បាប់​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​​ទាំង​៣​ដែល​​ត្រូវបាន​រដ្ឋសភា​កម្ពុជា​ទើបតែ​អនុម័តនោះ គឺ​​​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​អង្គ​តុលាការ ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
ច្បាប់​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​​ទាំង​៣​ដែល​​ត្រូវបាន​រដ្ឋសភា​កម្ពុជា​ទើបតែ​អនុម័តនោះ គឺ​​​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​អង្គ​តុលាការ ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។
សមាជិក​សភា​ដែល​មកតែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​លើក​ដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជ​អាជ្ញា​ និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

សេចក្តីព្រាង​ច្បាប់​ទាំងពីរ​នេះ​បាន​ទទួល​រង​ការរិះ​គន់​ពី​សង្គម​ស៊ីវិល​និង​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

​តំណាង​រាស្ដ្រ​គណបក្ស​កាន់​អំណាច​ទាំង​៦៥​រូប​ដែល​មាន​វត្តមានក្នុង​កិច្ច​ប្រជុំបាន​ចំណាយ​ពេល​ត្រឹម​តែ​ជាង​ ៤ម៉ោង​ប៉ុណ្ណោះ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​ដោយ​គ្មានសំឡេង​ជំទាស់​នោះ​ឡើយ។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​រដ្ឋ​សភា​ឯកបក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​អង្គ​តុលាការ។ ​ច្បាប់​ទាំង​ ៣​នេះ​ត្រូវបាន​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​អះអាង​ថា​នឹង​ជួយ​ធ្វើ​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌​ និង​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។

​ស្រប​ពេល​ជាមួយ​គ្នា​នោះ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័នបកស្រាយ​ថា​សេចក្តី​ព្រាងច្បាប់ដ៏​ចម្រូង​ចម្រាស់​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯ​ករាជ្យ​ភាព​របស់​តុលាការ​នៅ​កម្ពុជា។

​លោក​ស្រី តំណាង​រាស្រ្ត​ឡោក ខេង​ ​ច្រាន​ចោល​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​ដែល​ថា​ច្បាប់នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រសួង​យុត្តិធម៌មានអំណាច​លើសលប់​លើ​វិស័យ​តុលាការ​នៅ​កម្ពុជា។ លោកស្រី​ទទួលស្គាល់ថា​ច្បាប់ទាំង​អស់​មិន​ល្អ​ ១០០​ភាគរយ​ទេ​ ប៉ុន្តែ​រដ្ឋសភា​កម្ពុជា​អាច​ធ្វើ​វិសោធនកម្ម​បាន​នៅ​ពេល​ក្រោយ។

«យើង​ដឹង​ថាច្បាប់​គេតាក់​តែង​មក​មិនមែន​ល្អ​ឥត​ខ្ចោះ​នោះទេបើ​ចឹង​គេ​មិនប្រើ​វិសោធនកម្ម​ទេ។​ បណ្តា​អស់​លោក​ទាំង​អស់​នេះ​មិនមែន​មាន​ខួរក្បាល​ឲ្យ​ប្រសើរជាង​ខួរ​ក្បាល​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​ទេ​ក្នុង​ការ​ក៏សាង​ច្បាប់»។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានសួរ​ដេញ​ដោល​តិច​តួច​ប៉ុណ្ណោះ​ទៅ​លើ​តំណាង​រដ្ឋាភិបាល​ដែលត្រូវ​មកបកស្រាយ​ និង​ឆ្លើយ​សំណួរ​របស់​សភា។

មាន​ការ​ចោទ​សួរ​ដេញ​ដោល​ និង​រិះគន់​ធ្ងន់​ធ្ងន់ៗ​ខ្លះ​ទៅ​មន្ត្រី​រដ្ឋាភិបាល​នៃ​ក្រសួង​យុត្តិធម៌​អំពី​អសមត្ថភាព​របស់​មន្ត្រី​តុលាការ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។​

លោក​ ឈាង​វ៉ុន​បញ្ជាក់​ថា​ក្រសួងយុត្តិធម៌​គ្រាន់តែ​ដើរ​តួរ​ជា​ស្មៀន​រៀបចំ​កិច្ចការ​រដ្ឋបាល​ប៉ុណ្ណោះ​ដូច្នោះ​ក្រសួង​នឹង​មិនអាច​មាន​ឥទ្ធិពល​អ្វីលើ​ប្រព័ន្ធ​តុលាការនៅ​កម្ពុជា​ទេ។

«ក្រសួង​យុត្តិធម៌​មាន​តួនាទី​ធ្វើ​ត្រឹម​តែ​ការងារ​រដ្ឋបាល​ក្នុង​ប្រព័ន្ធ​តុលាការ​ក្នុង​ការងារ​ឧត្តម​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រម​នៅ​តាម​សាលា​តុលាការ​កំពូល​ ឧទ្ធណ៍​ និង​សាលាដំបូង។ ​ការងារ​រដ្ឋបាលនេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​ឯករាជ្យ​របស់ប្រព័ន្ធតុលាការ​ទេ»។

ដោយ​ឡែក​សមាជិក​សភា​គណបក្ស​កំណាចមួយរូបទៀត​ គឺលោក​ឡូយ​ សុផាត​បាន​ចោទ​សួរ​អំពី​តួនាទី​និង​អ្វីដែល​ក្រសួង​យុត្តិធម៌បាន​ធ្វើ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

តំណាង​រាស្រ្ត​រូបនេះ​បាន​លើកឡើង​ថា​កន្លង​មក​លោក​ឃើញថា​បញ្ហា​ដីធ្លី​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រជាពលរដ្ឋ​ធម្មតា​កម្រ​ទទួលបាន​យុត្តិធម៌​ពី​តុលាការ​ និង​ចៅក្រម​ភាគច្រើន​នៅ​កម្ពុជា។

​«ឯក​ឧត្តម​រដ្ឋមន្ត្រី​គឺថា​ពាក្យថា​យុត្តិធម៌​ឮ​ដល់​ប្រជាជន​ដល់​ពេលណា​ប្រជាជន​នឹង​ទះ​ដៃ​អបអរសាទរ​ភ្លាម​ឲ្យ​តែ​ធ្វើ​បានដោយ​យុត្តិធម៌»។

​នេះ​គឺជា​សំណួរ​ដោយ​កម្រ​ដែល​ធ្វើ​ឡើង​ដោយ​តំណាង​រាស្ដ្រ​គណ​បក្ស​ប្រជាជន​កម្ពុជាដែល​ធ្លាប់​តែ​ទះដៃ​អបអរសាទរ​និង​កោតសរសើរ​អំពី​អ្វី​ដែល​ត្រូវ​ចាត់ទុកថា​ជា​ស្នាដៃ​ល្អ​របស់​រដ្ឋា​ភិបាល​នោះ។​

ជា​ការ​ឆ្លើយ​តប​លោក​ អង្គ​ វង្ស​វឌ្ឍនា​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ និង​ជា​តំណាង​រដ្ឋាភិបាល​ដែល​ត្រូវ​ឡើង​មក​ការ​ពារ​ច្បាប់​បង្វែ​សំណួរ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​តុលាការ​ និង​ព្រះរាជអាជ្ញា​ទៅ​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម​ដែល​ដើរ​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យ​ឬ​ដាក់ពិន័យ​ដល់​មន្ត្រី​ដែល​ធ្វើ​ខុស​ច្បាប់។

រដ្ឋ​មន្ត្រី​រូបនេះ​បាន​ធ្វើ​ការអះអាង​ថា​ក្រសួង​យុត្តិធម៌​នឹង​បន្ត​ខិតខំ​ធ្វើការ​បន្ថែម​ដើម្បី​កំណែ​ទម្រង់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។

អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​និង​ជា​តំណាងរាស្ដ្រជាប់​ឆ្នោត ​លោក យឹម សុវណ្ណ ​ចាត់ទុក​ការ​អនុម័ត​ច្បាប់​របស់​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

​«នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះជាតិ​មាន​អំណាច​ក្នុង​រដ្ឋសភា​គ្រប់​គ្រាន់​គឺយើ​ង​នឹងធ្វើ​វិសោធនកម្ម​ គឺ​យើង​នឹងធ្វើ​វិសោធន​កម្ម​លើច្បាប់​ទាំង​ឡាយ​ណា​ដែ​ល​មិន​បម្រើ​ឲ្យ​ផល​ប្រយោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រជាជន។​ យើង​នឹងធ្វើ​ឲ្យ​ច្បាប់​នោះ​មិនត្រឹម​តែ​ល្អ​មើល​ទេ​ ត្រូវមាន​ប្រសិទ្ធភាព​ទៀត»។

ច្បាប់​សម្រាប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការទាំង​ ៣​ដែល​ទើប​ត្រូវបាន​រដ្ឋសភា​កម្ពុជា​អនុម័ត​មាន​ដូចជា​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គតុលាការ​មាន៨​ជំពូក​ និង​ ៩១​មាត្រាដែល​ផ្តោត​សំខាន់​លើ​ការ​ធានា​ឲ្យ​បាន​នូវ​ឯករាជ្យភាព​របស់​តុលាការនឹង​ផ្តល់​យុត្តិធម៌​ដល់​គ្រប់​រឿង​ក្តី។​

រីឯ​ច្បាប់​ស្តី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅ​ក្រម​វិញ​មាន​ ០៦​ ជំពូក​ និង​ ៣១​មាត្រា។ ច្បាប់​នេះ​ផ្តោត​សំខាន់​លើ​តួនាទី​របស់​ព្រះមហាក្សត្រ​ និង​សមាជិក​របស់​ក្រុម​ប្រឹក្សា​នៃ​អង្គចៅ​ក្រម​ទាំង​អស់​ត្រូវតែង​តាំង​ដោយ​ព្រះរាជ​ក្រឹត្យ​និង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជ្ញា​វិញ​មាន​ ៦​ជំពូក​ និង​ ១១១មាត្រា។

ទោះ​បីជា​យ៉ាង​ណាក្តី​សង្គម​ស៊ីវិល​យល់​ឃើញថា ​ច្បាប់ទាំង​នេះ​ នឹង​ផ្តល់​អំណាច​ហួស​ហេតុ​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុង​ការ​គ្រប់​គ្រង​ និង​ដឹកនាំ​សេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ដែល​ជា​ស្ថាប័ន​កំពូល។ ​ជា​ពិសេស​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌មាន​សិទ្ធិ​អំណាច​គ្រប់​គ្រង​ចាត់​ចែង​ថវិកា​របស់​តុលា​ការ​គ្រប់​ជាន់​ថ្នាក់​ និង​អាច​ផ្លាស់​ប្តូរ​ ឬ​ដំឡើង​ឋានៈ​ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញា​ផង៕
XS
SM
MD
LG