ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Albanese នឹង​រក្សា​ជំហរ​ដ៏​ខ្លាំង​មួយ​របស់​អូស្ត្រាលី​លើ​ប្រទេស​ចិន


រូប​ឯកសារ៖ លោក Anthony Albanese កាល​នៅ​ជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​អូស្ត្រាលី​ ក្នុង​​​កិច្ច​ពិភាក្សា​ដេញដោល​មួយ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ នៅ​ទីក្រុង​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២។

ពួក​អ្នក​វិភាគ​និយាយ​ថា ទំនាក់ទំនង​របស់​អូស្ត្រាលី​ជាមួយ​ចិន​មិន​ទំនង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោម​រដ្ឋាភិបាល​ឆ្វេង​និយម​ថ្មី​នៅ​ក្រុង​កង់បេរ៉ា​ទេ ថ្វីបើ​ពួកគេ​និយាយ​ថា ការ​សម្រេច​ចិត្ត​ដោយ​ប្រទេស​នានា​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ទប់ទល់​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្តល់​សញ្ញា​នៃ​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​នៃ​ថាមពល​នៅ​ក្នុង​តំបន់​សម្រាប់​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​និង​ក្រុម​ចតុភាគី​ឬQuadដែល​ជា​ក្រុម​ក្រៅ​ផ្លូវការ​មួយ​ដែល​មាន​សហរដ្ឋ​អាមេរិក ​ជប៉ុន ​ឥណ្ឌា​និង​ប្រទេស​អូស្ត្រាលី​ក៏ដោយ។

ពួក​អ្នក​គាំទ្រ​ខ្លះ​ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ចង់​ឱ្យ​មាន​ទំនាក់ទំនង​ប្រសើរ​ឡើង​ជាមួយ​ចិន​កាលពី​ដំបូង​បាន​ទទួល​ការលើកទឹកចិត្ត​អំពី​ជ័យ​ជម្នះ​របស់​គណបក្ស​ការងារ​អូស្ត្រាលី​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា​ដែល​បាន​ធ្វើ​ឱ្យ​លោក Anthony Albaneseក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។ ក៏ប៉ុន្តែ លោក Bart Edes ជា​សាស្ត្រាចារ្យ​ខាង​ការអនុវត្ត​នៅឯ​សាកលវិទ្យាល័យ McGill ក្នុង​ទីក្រុង Montreal នៃ​ប្រទេស​កាណាដា​បាន​និយាយ​ថា «ការមាន​ទំនាក់​ទំនង​ការទូត​កាន់តែ​ខ្លាំង​ឡើង»​ជាមួយ​ចិន​ទំនង​កើត​មាន​ឡើង ហើយ​«ការឆ្លើយឆ្លង​ពាក្យ​សម្តី​និង​ការបង្ក​ហេតុ​ទំនង​ជា​មាន​តិច​ជាង ហើយ​គោលនយោបាយ​នោះ​មិន​ប្រាកដ​មាន​ការផ្លាស់ប្តូរ​ទេ»។

អូស្ត្រាលី​ជា​អ្នក​រិះគន់​យ៉ាង​ខ្លាំង​ដល់​ចំណាត់ការ​របស់​ចិន​ចំពោះ​កោះ​តៃវ៉ាន់ ទីក្រុង​ហុងកុង ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គ័រ​ ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ហើយ​នឹង​ការចោទប្រកាន់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ជ្រៀតជ្រែក​ក្នុង​ដំណើរការ​បោះឆ្នោត​របស់​អូស្ត្រាលី​ដែល​បណ្តាល​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់នៃ​ការជ្រៀតជ្រែក​បរទេស​នៅ​ឆ្នាំ២០១៨។

ទំនាក់ទំនង​នោះ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ថ្មី​មួយ​កាលពី​ខែ​មេសា ឆ្នាំ២០២១ នៅពេល​ដែល​លោក​នាយករដ្ឋមន្ត្រី Scott Morrison បាន​ស្នើ​ឱ្យ​មាន​ការស៊ើប​អង្កេត​ឯករាជ្យ​មួយ​អំពី​ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩ ដែល​បាន​បណ្តាល​ឱ្យ​ចិន​ដាក់​ទណ្ឌកម្ម​ការនាំចូល​ទំនិញ​របស់​អូស្ត្រាលី។

លោក Hunter Marsten ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ជាតិ National University អូស្ត្រាលី​បាន​ប្រាប់​វីអូអេ​ថា «ខ្ញុំ​មិន​គិត​ថា ការបោះឆ្នោត​នោះ នឹង​ប្រែក្រឡាស់​ទិសដៅ​ទាំង​អស់​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ចិន​នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា ទំនាក់ទំនងទាំង​នោះ​មាន​ភាព​ប្រសើ​ឡើង​រួចហើយ​នោះ​ទេ។ វា​ជា​ការពិបាក​ដើម្បី​និយាយ​ថា តើ​ទំនាក់​ទំនង​នោះ​នឹង​មាន​ភាពប្រសើឡើង​នោះ​ឬ​ទេ»។

ភ្លាមៗ​បន្ទាប់​ពី​ជ័យ​ជម្នះ​របស់​លោក លោក Albanese និង​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស Penny Wong បាន​ឡើង​ជិះ​យន្តហោះ​ទៅ​កាន់​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ហើយ​បាន​បញ្ជាក់​ឡើង​វិញ​ពី​ការតាំងចិត្ត​របស់​អូស្ត្រាលី​ដល់​ក្រុម​ចតុភាគី​ឬQuad ជាមួយ​មេដឹកនាំ​របស់​ឥណ្ឌា ជប៉ុន​និង​សហរដ្ឋ​អាមេរិក។

បន្ទាប់​មក លោក​ស្រី Wong បាន​ជិះ​យន្តហោះ​ទៅកាន់​ប្រទេស​ហ្វ៊ីជី​ជា​ទីកន្លែង​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​សង្ឃឹម​ថា នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​និង​សន្តិសុខ​ជាមួយ​ប្រទេស​ចំនួន១០ដែល​ជា​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​មេដឹកនាំ​ប្រទេស​ទាំង​នោះ បាន​ត្អូញត្អែរ​ជា​យូរយា​ណាស់​មកហើយ​ពី​ការព្រងើយ​កន្តើយ​របស់​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​ដែល​មាន​សហរដ្ឋ​អាមេរិក អូស្ត្រាលី​និង​នូវែលសេឡង់។ ​

បញ្ហាដ៏​សំខាន់​មួយ​នៅតែ​មិន​ទាន់​មាន​ការជឿនលឿន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ។ នាយក​រដ្ឋមន្ត្រី​ហ្វ៊ីជី​លោក Frank Bainimarama បាន​បញ្ជូន​សារ​តាម Twitterថា៖ «ការ ព្រួយ​កង្វល់​ដ៏​ធំ​បំផុត​របស់​យើង មិន​មែន​ភូមិសាស្ត្រ​នយោបាយ​ទេ-វា​គឺ​ជា​ការប្រែប្រួល​អាកាសធាតុ»។ លោក​បាន​បន្ថែម​ទៀត​ថា លោក​មាន​ជំនួប​ដ៏​អស្ចារ្យ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោក​ស្រី Wong។

លោកMarstenបាន​និយាយ​ថា អូស្ត្រាលី​មាន​ការធូរស្រាល​ក្នុង​ចិត្ត​ដែល​កិច្ចព្រមព្រៀង​សន្តិសុខ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វះស្វែង​ដើម្បី​ត្រួតត្រា​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នោះ​បាន​នៅ​ជាប់គាំង​ បន្ទាប់ពី​ពួក​មេដឹកនាំ​កោះ​នោះ​ខកខាន​មិន​បាន​ឈោង​ដល់​ការមូលមតិ​គ្នា​ដោយ​និយាយ​ថា កិច្ចព្រមព្រៀង​នោះ​ខ្វះ​តម្លាភាព​ហើយ​ថា កិច្ចព្រមព្រៀង​នោះ​ធ្វើ​ឱ្យ​មាន​ការតានតឹង​ខាង​នយោបាយ​ខ្លាំង។

លោកMarsten បាន​និយាយ​ទៀត​ថា៖ «មាន​ក្តីរំពឹង​ខ្លះ​ថា កិច្ចព្រមព្រៀង​នោះ នឹង​មិនមាន​រូបរាង​ឡើង​ទេ។ គំនិត​ដែល​ថា លោក អ្នក​អាច​ដាក់​បញ្ចូល​កោះ​នៅ​មហា​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ចូល​ក្នុង​សហគមន៍ជាមួយ​គ្នា​ដ៏​ធំ​មួយ​នោះ​ដើម្បី​ធ្វើការ​ជាមួយ​ដៃគូ​មួយ ​ជា​អង្គភាព​មួយ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ​មាន​ភាព​មិន​ប្រាកដប្រជា»។

ពលរដ្ឋ​កាន់​បដា​និង​អុជ​ទៀន​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២២ ដើម្បីរំឭក​ខួប​ទី​៣៣​នៃ​ការ​បង្រាប​លើ​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទី​លាន​ Tienanmen (ធានអានមេន) នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​១៩៨៩។
ពលរដ្ឋ​កាន់​បដា​និង​អុជ​ទៀន​ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២២ ដើម្បីរំឭក​ខួប​ទី​៣៣​នៃ​ការ​បង្រាប​លើ​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទី​លាន​ Tienanmen (ធានអានមេន) នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​១៩៨៩។

អូស្ត្រាលីក៏​បាន​បញ្ជាក់​ពី​ចំណង​ទាក់ទង​ជា​ប្រពៃណី ជា​ពិសេស​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​មាន​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២ នៅពេល​ដែល​ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​ទទួល​រង​ការវាយ​ប្រហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​សង្គ្រាម។

លោក Marsten បាន​និយាយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​បន្ថែម​របស់​លោកស្រី ​Wong ​ទៅ​ដែនកោះ​ Samoa និង​Tonga​ ថា៖ «ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស Penny Wong បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី​ចង់​ពិនិត្យ​មើល​ឱ្យ​បាន​ដិតដល់​ដើម្បី​ក្លាយ​ជា​ដៃគូ​ដ៏​មាន​តម្លៃ​ដែល​អាច​ត្រូវ​បាន​គេ​បកស្រាយ​ថា​ជា​ប្រភេទ​នៃ​ការប្រកួត​ប្រជែង​ដ៏​ឆ្លៀសវៃ​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

លោក​បាន​បញ្ជាក់​ទៀត​ថា ការចូលរួម​របស់​លោក Albaneseនៅ​ក្នុង​ជំនួប​របស់​ក្រុម​ចតុភាគី​ឬQuad បាន​ចង្អុល​បង្ហាញ​«ពីការបន្ត​នៃ​កិច្ចព្រមព្រៀង​ដ៏​ធំ» នៅ​ក្នុង​ការគាំទ្រ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Bidenនិង​គោលនយោបាយ​អភិរក្សនិយម​របស់​លោកMorrison រួម​ទាំង​កិច្ចព្រមព្រៀងAUKUSដែល​អាច​ឱ្យ​អូស្ត្រាលី​ទទួល​បាន​នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​ដែល​ជា​បន្លា​ក្នុង​កែវភ្នែក​របស់​ចិន។

លោក Marstenបាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​គិត​ថា មាន​ការបែកបាក់​សំខាន់ៗ​ខ្លះ​នៅ​ត្រង់​នេះ មួយ​ផ្នែក​ដោយសារ​ការ​បង្ខិត​បង្ខំ​ផ្នែកសេដ្ឋកិច្ច​និង​ច្បាប់​ខ្លះ​តាំង​ពី​ចិន​មាន​ឥទ្ធិពល​ក្នុង​នយោបាយ​អូស្ត្រាលី​ចាប់តាំង​ពី​ឆ្នាំ​២០១៨​មក។

លោក Gavin Greenwoodជា​អ្នក​វិភាគ​នៅ​អង្គការ​ហានិភ័យA2 Global Riskដែល​មាន​ទី តាំង​ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ប្រទេស​ជា​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិកមិនត្រូវបាន​យកចិត្តទុកដាក់​ពីបណ្តា​ប្រទេស​ដែល​មាន​តួនាទី​ធំៗ ​ជាពិសេស​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ហើយ​នឹង​ការព្រួយ​កង្វល់​របស់​ពួកគេ​អំពី​កម្រិត​ទឹក​សមុទ្រ​កើនឡើង។

ក៏ប៉ុន្តែ ដោយ​មាន​ការជាប់​ទាក់ទិន​នឹង​ចិន មុន​ដំបូង​ដោយ​សន្ធិសញ្ញា​សន្តិសុខ​ជាមួយ​ប្រទេស Solomon Islandsបាន​ប្រកាស​កាលពី​ខែ​មេសា ប្រទេសនេះ​អាច​នាំឱ្យ​មាន​ជម្លោះ​ដោយ​ប្រយោល​ដោយ​មាន​ការទាក់ទិននឹង​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក កោះ​តៃវ៉ាន់ ជប៉ុន បារាំង​និង​ចក្រភព​អង់គ្លេស​ក៏​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​ដែរ។

លោក Greenwoodនិយាយ​ទៀត​ថា៖ «អូស្ត្រាលី​ជា​និច្ចកាល​ជាប់គាំង​នៅ​កណ្តាល​ជម្លោះ»។
លោក​បាន​បន្ថែម​ទៀត​ថា ការប្រយុទ្ធ​ដោយ​ប្រយោល​ដើម្បី​ឥទ្ធិពល​នឹង​រីក​កាន់តែ​ធំ​ឡើង ដោយសារ​គ្រឿង​លើក​ទឹកចិត្ត​ហិរញ្ញវត្ថុ​ដូចជា​ការសិក្សា​អប់រំ​និង​អាហាររូបករណ៍​និង​ជំនួយ​គ្មាន​ចំណង។

លោក​បាន​បន្ថែម​ទៀត​ថា៖ «សមត្ថភាព​របស់​សហរដ្ឋ​អាមេរិក អូស្ត្រាលី​និង​កោះ​តៃវ៉ាន់​ដើម្បីធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ឡើងវិញ​ជាមួយ​បណ្តា​ប្រទេស​នៅ​កោះ​ប៉ាស៊ីហ្វិក​ធំ​សម្បើម​ណាស់ ហើយ​ខ្ញុំ​ប្រាកដ​ថា ការណ៍​នេះ​នឹង​បន្ត​កើត​មាន​ឡើង​ហើយ​ខ្ញុំ​ជឿ​ថា វា​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​ដែល​មិនស្ថិត​នៅ​ក្រោម​ការតាមដាន​ហើយ​នឹង​បន្ត​ធ្វើ​ដូច្នេះ»។ ​

លោក Albaneseបាន​ធ្វើ​យុទ្ធនាការ​ដោយបាន​ជំរុញ​ការប្រែប្រួល​អាកាសធាតុឡើង​ទៅដល់​របៀប​វារៈកំពូល​នយោបាយ​ខណៈដែល«ធ្វើ​ការទាក់ទង​ឡើង​វិញ​ជាមួយ​បណ្តា​ប្រទេស​ជា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​និង​ប្រឆាំង​កិច្ចព្រមព្រៀង​សន្តិសុខ​មុន​ដំបូង​ដែល​បាន​ប្រ កាស​កាលពី​ខែ​មេសា​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្រទេស Solomon Islands ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក Morrison អាម៉ាស់។

ក៏ប៉ុន្តែ នៅ​ទីបំផុត អ្វីៗ​ទាំងអស់​សុទ្ធតែ​ទាក់ទិន​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហើយ​លោក Edesបាន​និយាយ​ទៀត​ថា មាន​ការកំណត់​ថា​ តើ​ទំនាក់​ទំនង​រវាង​អូស្ត្រាលី​និង​ចិន​អាចមាន​ភាពប្រសើ​ឡើង​ត្រឹម​កម្រិត​ណា​ចំពោះ​ការខ្វែង​គំនិត​គ្នា​ដ៏​សំខាន់​នោះ មិន​ថា​តើ​អូស្ត្រាលី​ត្រូវ​បាន​ដឹកនាំ​ដោយ​គណបក្ស​សេរី​អភិរក្ស​និយម​ឬ គណបក្ស​ពលកម្ម​អូស្ត្រាលី​(ALP)​ នោះ​ទេ៕

ប្រែសម្រួល​ដោយ​ លោក​ជឹង ប៉ូជីន

XS
SM
MD
LG