កងទ័ពជើងទឹកថៃទើបបានបញ្ជាក់ថា ក្មេងប្រុសយ៉ាងហោចណាស់៤នាក់ក្នុងចំណោម១២នាក់និងគ្រូបង្វឹកកីឡាបាល់ទាត់របស់ពួកគេ ត្រូវបានជួយសង្គ្រោះពីរូងភ្នំលិចទឹកភាគខាងជើងប្រទេសថៃ ដែលនៅទីនោះ ពួកគេបានជាប់អស់រយៈពេលជាងពីរសប្តាហ៍មកនេះ។
លោក Narongsak Osatanakorn អភិបាលស្តីទីខេត្តឈៀងរ៉ៃ ដែលក៏ជាប្រធាននៃបេសកកម្មជួយសង្គ្រោះនេះ បានថ្លែងថា អ្នកមុជទឹកសង្គ្រោះត្រូវការរយៈពេល១០ម៉ោងទៀតដើម្បីរៀបចំខ្លួនមុននឹងធ្វើបេសកកម្មសង្ក្រោះបន្ទាប់ទៀត ប៉ុន្តែលោកថា បេសកកម្មនៅពេលនេះបានដំណើរការ«ប្រសើរជាងការរំពឹងទុក»។
ក្មេងប្រុសទាំងបួននាក់ដែលត្រូវបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានសរសេរនៅក្នុងគណនី Twitter របស់លោកកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតដិតជាមួយក្រុមមន្ត្រីថៃ ដើម្បីនាំក្មេងប្រុសទាំងនោះទៅកាន់ទីសុវត្ថភាព៕
សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតពី VOA នៅក្នុងការផ្សាយខាងមុខទៀត។