ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កុមារ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ធ្វើការ​ក្រោម​លក្ខខណ្ឌ​ការងារ​គ្រោះថ្នាក់​


រូបភាពឯកសារ៖ កុមារ​អាហ្វហ្គានីស្ថាន​កំពុង​រៀប​ដុំឥដ្ឋ​​នៅ​ទីក្រុង Jalalabad កាលពី​ថ្ងៃ​ទី​១៧ ធ្នូ​ ២០១៣។

កុមារ​អាហ្វហ្គានីស្ថាន​រាប់ពាន់​នាក់​ធ្វើការ​ក្រោម​លក្ខខណ្ឌ​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ ដែល​អាចបណ្តាល​ឲ្យ​កើតជំងឺ​ រងរបួស​ ឬ​រហូត​ដល់​បាត់បង់​ជីវិត។ នេះ​បើតាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​ដោយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស។

ក្រោម​ចំណង​ជើងថា​ ពួកគេ​អត់ធ្មត់​នឹង​ភាពឈឺចាប់​ទាំងអស់៖ ពលកម្ម​កុមារ​ដ៏គ្រោះថ្នាក់​នៅ​អាហ្វហ្គានីស្ថាន​ (They Bear All the Pain: Hazardous Child Labor in Afghanistan)​ របាយការណ៍​នេះ​បានរៀបរាប់​ថា​ យ៉ាងហោចណាស់​មួយភាគ​បួន​នៃ​កុមារ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែលមានអាយុ​ចន្លោះពី​៥ឆ្នាំ​ ដល់​១៤ឆ្នាំ ​ធ្វើការ​ដើម្បី​រកប្រាក់​ចំណូល​សម្រាប់​គួ្រសារ​ពួកគេ។

យោងតាម​ក្រុម​សិទ្ធិ​មនុស្ស​នេះ​ កុមារ​ជាច្រើននាក់​ក្នុង​ចំណោម​កុមារ​ទាំងនោះ​ ធ្វើការ​ច្រើនម៉ោង​ ហើយ​ទទួលបាន​ប្រាក់កម្រៃ​តិច​ ឬ​មិន​បានប្រាក់​កម្រៃទាល់តែសោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្កោលទោស​ទៅលើ​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ ដែល​មិនបាន​ការពារ​កុមារទាំងនេះ។

«កុមារ​អាហ្វហ្គានីស្ថាន​រាប់​ពាន់នាក់​កំពុង​យកសុខភាព និង​សុវត្ថិភាពពួកគេ​ទៅផ្សងគ្រោះថ្នាក់​ជារៀងរាល់ថ្ងៃ​ ដើម្បី​ប្តូរយកអាហារ​នៅ​លើ​តុ​បាយ»។ នេះ​ជាសម្តី​របស់​លោក​ Phelim Kine​ អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅអាស៊ី។ លោក​បានបន្តថា៖ «រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ត្រូវតែ​ធ្វើការ​ការពារ​កុមារ​ទាំងនេះ​ និង​អនាគត​របស់​ប្រទេសនេះ​បន្ថែម​ ដោយ​អនុវត្ត​ច្បាប់​ហាមឃាត់​កុមារ​ក្នុងការ​ធ្វើ​ការងារប្រកប​ដោយគ្រោះថ្នាក់»។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​បដិសេធការចោទប្រកាន់​ដែល​របាយការណ៍​នេះបាន​លើក​ឡើង។

លោក​ Fatih Ahmadzai​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ កិច្ចការ​សង្គម​ ទុក្ករបុគ្គល​ និង​ជនពិការ​ និយាយថា​ក្រសួង​របស់​លោក​ជឿជាក់ថា​ តួលេខ​ទាំងនោះ​មិនត្រឹមត្រូវទេ​ ព្រោះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​មិនបាន​ធ្វើ​ការស្ទង់មតិ​សម្រាប់​របាយការណ៍​នេះឡើយ។

ស្របពេលនេះដែរ​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​ឯករាជ្យ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដែល​ជា​ស្ថាប័ន​សិទ្ធិមនុស្ស​ក្នុង​ប្រទេសនេះ​ និយាយ​ថា ​មាន​កុមារ​អាហ្វហ្គានីស្ថាន​រហូតដល់​២លាន​នាក់​ កំពុង​ធ្វើ​ការងារ​ ហើយ​ខ្លះ​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់។

គណៈកម្មាធិការ​នេះ​និយាយថា​ ភាពក្រីក្រ​ដ៏ធ្ងន់ធ្ងរ​ និង​ការកើនឡើង​នូវ​ភាពអត់ការងារ​ធ្វើ​ ជាមួយ​នឹង​អំពើហិង្សា​ បាន​បណ្តាល​ឲ្យ​កុមារ​ជាច្រើននាក់​កំព្រា​ ហើយក៏​ជា​មូលហេតុ​ដែលនាំឲ្យ​កុមារ​ដែល​ប្រឡូក​ក្នុង​ការងារមានចំនួន​ខ្ពស់។

ច្បាប់​អាហ្វហ្គានីស្ថាន​ មិន​អនុញ្ញាត​ឲ្យ​កុមារ​ក្រោម​អាយុ​១៤ឆ្នាំ​ ​ធ្វើការនោះទេ​ ប៉ុន្តែ​ដោយសារ​កង្វះខាត​ធនធាន​ និង​បុគ្គល​អនុវត្តច្បាប់​ ការ​ប្រតិបត្តិ​មាន​ការ​ធូររលុង។

មួយផ្នែក​ធំនៃ​ថវិកា​ជាតិ​ ត្រូវបាន​ប្រើប្រាស់​ទៅលើ​សន្តិសុខ​ ដែល​ជាហេតុ​នាំឲ្យ​សេវាកម្ម​សង្គម​ដូចជា​សុខុមាលភាព​កុមារ​ត្រូវបាន​មើលរំលង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បានទទួល​ស្គាល់​ថា​ ​ការរឹតត្បិត​ខាងថវិកា​ ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យពលកម្មកុមារ​កើតមាន​ជាទូទៅ​ ប៉ុន្តែក៏បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​នៃ​ការ​បន្ត​កើត​មាន​ភាពក្រីក្រ​នេះ​ ដែលបាន​បណ្តាល​ឲ្យ​កុមារ​បាត់បង់​ការ​ទទួលបាន​ការអប់រំ។ អង្គការ​នេះ​ បានសំណូមពរ​ទៅកាន់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ និង​ម្ចាស់ជំនួយ​ទាំងឡាយ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ការពារ​កុមារ​ដែល​កំពុង​ធ្វើការ​ក្រោម​លក្ខខណ្ឌ​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ ក៏​ដូចជា​ មានគម្រោង​ក្នុងផ្តល់​ការអប់រំ​ដល់​កុមារ​ទាំងអស់៕

ប្រែសម្រួលដោយ៖ វិញ សុជាតា

XS
SM
MD
LG