ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ប្រាប់​ទៅ​ប្រទេសអាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនាការ​ដាក់សម្ពាធ​អតិបរមា​ប្រឆាំង​នឹង​កូរ៉េខាងជើង


រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ 
រូបឯកសារ៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ 

ក្រុងវ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ខ្លួន​នឹង​បន្ត​ពង្រឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​បណ្តា​ក្រុមហ៊ុន និង​បុគ្គល​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ជាមួយ​នឹង​ក្រុងព្យុងយ៉ាង។

សហរដ្ឋអាមេរិក​កំពុង​ប្រមូលផ្តុំ​ប្រទេសនានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនាការ​ដាក់សម្ពាធ​អតិបរមា​ប្រឆាំង​នឹង​កូរ៉េខាងជើង​រហូត​ទាល់តែ​ឧបទ្វីបកូរ៉េ​ទាំងមូល​ទទួល​ជោគជ័យ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​ទាំងស្រុង។

នៅ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ដែល​នឹង​ចាប់ផ្តើម​នៅថ្ងៃទី១១ខែវិច្ឆិកា​នៅ​ប្រទេសសិង្ហបុរី​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​កំពុង​ជំរុញ​ដល់ប្រទេស​ទាំង១០ជា​សមាជិក​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន មិន​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ​និង​ជំនួស​មកវិញ​នូវ​ការបន្ត​ប្រឆាំង​ទៅនឹង​លំហូរ​នៃ​ប្រាក់​ចំណូល​ដែល​កូរ៉េខាងជើង​ទទួល​បាន​ទៅ​ទូទាំង​តំបន់​ទាំងមូល។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រាប់ VOA នា​ពេលថ្មីៗ​នេះ​ថា «​សហរដ្ឋអាមេរិក​បន្ត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ​ ដើម្បី​ធានា​ឲ្យ​បាន​ថា​ប្រជាជាតិ​ទាំង​អស់​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ។ យុទ្ធនាការ​ដាក់​សម្ពាធ​នេះ​នឹង​បន្ត​រហូត​ទាល់​តែ​ឧបទ្វីប​កូរ៉េ​ទាំងមូល​គ្មាន​នុយក្លេអ៊ែរ»។

ក្រុងវ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ខ្លួន​នឹង​បន្ត​ពង្រឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​បណ្តា​ក្រុមហ៊ុន និង​បុគ្គល​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ជាមួយ​នឹង​ក្រុងព្យុងយ៉ាង។

អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​និយាយ​បន្ត​ថា «យើង​រំពឹង​ថា​រដ្ឋ​ជា​សមាជិក​ទាំងអស់​នឹង​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​បាន​ពេញលេញ​ រួមទាំង​ការហាមឃាត់​ទំនិញ​លើ​វិស័យ​មួយ​ចំនួន​ដែល​មាន​ចែង​នៅក្នុង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ និង​រំពឹង​ថា​ប្រជាជាតិ​ទាំងអស់​ទទួល​ខុស​ត្រូវយ៉ាង​ហ្មត់ចត់​ក្នុង​ការ​ជួយ​ដល់​កិច្ចប្រឹងប្រែង​បញ្ចប់​កម្មវិធីនុយក្លេអ៊ែរ​ទាំងស្រុង​នៅលើ​ឧបទ្វីបកូរ៉េ​ទាំងមូល»។

ការលើកឡើង​ដូចនេះ​ត្រូវ​បាន​ធ្វើឡើង​នៅស្រប​ពេល​កិច្ចពិភាក្សា​ដែល​ត្រូវ​រៀបចំ​ឡើង​នៅ​សប្តាហ៍នេះ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo និង​មន្រ្តី​កូរ៉េ​ខាងជើង​លោក Kim Yong Cholក្នុង​ទីក្រុងញ៉ូវយ៉ក​ត្រូវ​បាន​ពន្យាពេលដោយ​គ្មាន​មូលហេតុ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG