ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថា​ការ​ចាប់ខ្លួន​អ្នក​ជំទាស់​សង្ស័យ​ថា​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ​ជា​រឿង​ត្រឹមត្រូវ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងលើកទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ ហ៊ុន សែន អះអាង​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាប់​ខ្លួន​ក្រុម​អ្នក​ជំទាស់​ ដែល​លោក​ចោទ​ថាស្ថិត​ក្នុង​សកម្មភាព​ដែល​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ នោះ​ ជា​ការត្រឹមត្រូវ។ លោក​បាន​ថ្លែង​ដូច្នេះ ដោយ​យក​ករណី​ចាប់ខ្លួន​ក្រុម​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​មួយ​ក្រុម​នៅ​ប្រទេស​អាល្លឺម៉ង់ មក​ធ្វើ​ជា​ហេតុផល​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា។

បើតាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​ចក្រភព​អង់គ្លេស​ អាជ្ញាធរ​អាល្លឺម៉ង់​បាន​ចាប់​ខ្លួន​មនុស្ស​ ២៥ នាក់​ ដែល​ជា​ក្រុមស្តាំ​និយម​ជ្រុល​ និង​ភាគច្រើន​ជា​សមាជិក​នៃ​ចលនា​ Reichsbuerger ដែល​ត្រូវ​បាន​រដ្ឋអាជ្ញា​សហព័ន្ធ​រដ្ឋាភិបាល​អាល្លឺម៉ង់​ចោទ​ថា​មិន​ជឿ​លើ​ការ​កើត​មាន​រដ្ឋទំនើប​អាល្លឺម៉ង់​បច្ចុប្បន្ន។

​លោក​ ហ៊ុន សែន ​ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុងតំបន់​អឺរ៉ុប​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ក្រោម​ក្របខណ្ឌ​អាស៊ាន​ក្នុង​ទីក្រុង​ព្រុចសែល​ ប្រទេស​បែលហ្ស៊ិក និង​បំពេញ​ទស្សនកិច្ច​ការទូត​នៅ​ប្រទេស​បារំាង​ មិន​បាន​និយាយ​ចំឈ្មោះ​អ្នក​ជំទាស់​ណាមួយ​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​លោក​សំដៅ​ដល់​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដែល​គេ​ដឹង​ថា​បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។

បើ​តាម​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេលជាង ៣ នាទី​ ដែលបង្ហោះ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ Fresh News​ លោក​ ហ៊ុន សែន​ បាន​សួរ​ទៅ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​សំណេះ​សំណាល​មួយ​ក្នុងទីក្រុង​ព្រុច​សែល​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ​ ឯណា​អ្នកនៅ​អាល្លឺម៉ង់​ អ្នក​នៅ​អាល្លឺម៉ង់​ តើពិត​ជា​មាន​គេ​ចាប់​មនុស្ស​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មែន​ទេ?...ហេតុអី​បាន​ជា​ប្រជាធិបតេយ្យ​ចាក់ឫស​តាំង​ពីក្រោយ​សង្គ្រាម​ លោក​លើកទី ២ មក​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​២ ០២២?»។

លោក​បន្ថែម​ថា៖ «ហេតុអីបាន​អាល្លឺម៉ង់​ត្រូវ​ចាប់​មនុស្ស​ហ្នឹង? កម្ពុជា​ច្បាស់​ណាស់​ ពួក​អ្នក​ឯង​ប៉ុនប៉ង​ទៅ​រក​ចាប់​ខ្ញុំ​ថែមទៀត​ រឿង​អីខ្ញុំមិន​ចាប់​អ្នកឯង? មើល​ខ្ញុំសុំ​សួរ​អ្នក​ឯង? អ្នក​ឯង​ដាក់​ផែនការ​ចូល​ស្រុក​ដើម្បី​បំផុស​ចាប់​ ហ៊ុន​ សែន​ ផ្តួល​ ហ៊ុន សែន​ដោយ​អាវុធ។ អ៊ីចឹង ហ៊ុន សែន​ ចាប់​អត់​មាន​អី​ខុស​ទេ! បើ​អាល្លឺម៉ង់​ថា​ចាប់​អត់​ខុស​ អ៊ីចឹង​ ហ៊ុន​ សែន​ ចាប់​អត់​ខុស​ទេ»។

លោក ហ៊ុន​ សែន ​បាន​លើក​ឡើង​ទៀត​ថា​ នៅ​ប្រទេស​កម្ពុជា​ អ្នក​ជំទាស់​នឹង​លោក​មាន​បំណង​ពិត​ក្នុងការ​រៀប​គម្រោង​ផ្តួល​រំលំរដ្ឋាភិបាល​របស់​លោក​ ព្រោះ​មាន​ការ​កំណត់​ពេល​ជាក់​លាក់​ក្នុងការ​អនុវត្ត​ផែនការ​ផ្តួល​រំលំនោះ។

លោកថ្លែងថា៖ «​អ៊ីចឹង ហេតុអី​យើង​ចេញ​ជា​សំណួរ​សួរ​ថា​ ហេតុអី​បាន​ជា​ ពី​ឆ្នាំ​ ៤៥ ​រហូត​មក​ដល់​ឥឡូវ​ វា​ចូល​ដល់​ចិតសិប​ប៉ុន្មាន​ឆ្នាំហើយ? បានបែរ​ជា​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។ អ៊ីចឹង​ នៅ​កម្ពុជា​ អ្នក​ឯង​ប៉ុន​ប៉ង​ពិត​ អ្នក​ឯង​និយាយ​ពិត​ គ្រោង​ធ្វើ​ពិត​ ការ​ផ្តួល​រំលំ​ពិត​ កំណត់​ទាំង​កាល​បរិច្ឆេទ​ ដើម្បីរំលំ​នៅថ្ងៃ​ទី​ ២៩​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៣​ ដែល​ពេល​នោះ​ហើយ​ ឈាន​ទៅដល់​ការ​ស្លាប់​មនុស្ស រឿងអី​ដែល​យើង​មិន​ត្រូវ​ធ្វើ? អ៊ីចឹង​ មិនអាច​មាន​ស្តង់ដា​ពីរ​ ស្តង់ដា​បី​ទេ only single standard (ស្តង់ដា​តែ​មួយ)»។

បើតាម​សារព័ត៌មាន​ BBC របស់​ចក្រភព​អង់គ្លេស​បុរស​ម្នាក់ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Heinrich XII​ មក​ពី​គ្រួសារ​អភិជន​ដែល​មាន​អាយុកាល​ចំណាស់​មួយ ត្រូវបាន​ចោទ​ប្រកាន់​ថា​ ជា​អ្នកស្ថិត​នៅ​កណ្តាល​នៃ​ផែនការ​ផ្តួល​រំលំរដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង​នោះ។ ​សារព័ត៌មាន​បាន​យោង​តាម​រដ្ឋអាជ្ញា​សហព័ន្ធ​អាល្លឺម៉ង់​ដែល​ថា​ បុរស​រូប​នោះ​គឺ​ជា​មេគំនិត​ម្នាក់​ក្នុង​ចំណោម​មេគំនិត​ពីរនាក់​ និង​ស្ថិត​ក្នុង​ចំណោម​ជន​ឯ​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​រដ្ឋ​ចំនួន​ ១១ ​នៅ​អាល្លឺម៉ង់។

ចំណែក​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ​បាន​បង្ហាញថា​ ចលនា Reichsbuerger នេះ​តំណាង​ឲ្យ​ការ​គំរាម​កំហែង​ដែល​កំពុង​កើន​ឡើង​ចំពោះ​ប្រទេស​អាល្លឺម៉ង់។ នៅ​ក្នុង​រយៈពេល​តែ​មួយឆ្នាំ​ ចលនា​នេះ​បាន​ពង្រីក​ខ្លួន​ពី​មនុស្ស​មាន​ចំនួន​តែ​ ២.០០០ នាក់​ ទៅ​ដល់​ ២៣.០០០ នាក់។ រដ្ឋ​អាជ្ញា​បាន​រាយការណ៍​ថា​ ជន​សង្ស័យ​ រួម​មាន​បុគ្គល​ដែល​មាន​អាវុធ​ និង​បាន​ដឹង​ពី​របៀប​ប្រើ​អាវុធ​ទាំង​នោះ។ ចលនា​នោះ​បាន​ប៉ុនប៉ង​រើស​បន្ថែម​សមាជិក​កងទ័ព​បច្ចុប្បន្ន​ ឬ​អតីត​សមាជិក​កងទ័ព​ ហើយ​មាន​ស្តុក​អាវុធ​ទុក​ជាច្រើនទៀត​ផង។

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​ភ្នំពេញ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ តែ​គ្មា​ន​ការឆ្លើយ​តប​ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

លោក ​អ៊ូ ចន្ទរ័ត្ន​ អតីត​តំណាង​រាស្ត្រអតីតគណបក្ស​សង្គ្រោះ​ជាតិ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ អង្គារ​នេះ​ថា​ លោក​មិន​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​អាល្លឺម៉ង់​នោះ​ទេ។ ប៉ុន្តែ​លោកយល់​ថា​ ស្ថានភាព​នៅ​អាល្លឺម៉ង់​និង​នៅ​កម្ពុជា​ អាច​ខុស​គ្នា​ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះជាតិ​គំាទ្រ​តែ​សកម្មភាព​បោះឆ្នោតបែប​ប្រជាធិបតយ្យ​ក្នុង​ការប្រកួត​យក​អំណាច​ប៉ុណ្ណោះ។

លោក​ថ្លែងថា៖ «បើ​សិន​ជា​ប្រទេស​គេមាន​បញ្ហា​ដូច​កម្ពុជា​មែន​ ខ្ញុំយល់​ថា​ សម្តេច​ធ្វើ​ត្រូវ​ហើយ​ ប៉ុន្តែ​ភាគច្រើន​ ប្រទេស​គេ គេអត់​ធ្វើ​អ៊ីចឹង​ទេ។ ហើយ​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​ណាមួយ​ ខ្ញុំ​មិន​ជឿ​ថា​ វា​អាច​មាន​កើត​ឡើង​ទេ»។

លោក​បន្ថែមថា៖ «ហើយ​នៅ​កម្ពុជា​ ក៏​ដូច្នោះ​ដែរ​ កាល​ពី​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​គ្មាន​អ្នក​ណា​ទៅ​មាន​ចិត្ត​ទៅ​រំលំ​រដ្ឋាភិបាល​អី​ដែរ ព្រោះ​យើង​ដឹង​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​មាន​ការ​គាំ​ទ្រ​ច្រើន​ណាស់​ទៅ​ហើយ​ តាម​លក្ខណៈ​តាម​បែប​ប្រជាធិបតេយ្យ។ ដូច្នេះ​គ្មាន​មូលហេតុ​អី​ដែល​ត្រូវ​ទៅ​មាន​ចេតនា​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ មែន​ទែន​ទៅ​នោះ។ អានេះ​ អ្វី​ដែល​ខ្ញុំ​នៅ​ក្នុង​ហ្នឹង​ ហើយ​ខ្ញុំ​មើល​ឃើញ​ ខ្ញុំ​យល់​ថា​ អ៊ីចឹង»។​

គួររំឭក​ថា​ គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ និង​ជា​គូប្រជែង​នយោបាយ​ប្រកៀក​ប្រកិត​បំផុត​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច​ ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល​ កាល​ពី​ឆ្នាំ​ ២០១៧​ ក្រោម​ការ​សង្ស័យ​របស់​រដ្ឋាភិបាល​ថា ​គណបក្ស​នេះ​មាន​បំណង​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​មាន​បរទេស​នៅ​ពី​ក្រោយ៕

XS
SM
MD
LG