រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមទប់ការប៉ះពាល់ផ្នែកការទូតនិងនយោបាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកមួយចំនួនបានរាយការណ៍ថា អាមេរិកដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួននោះ បានឈ្លបយកការណ៍លើមន្ត្រីសន្តិសុខជាន់ខ្ពស់កូរ៉េខាងត្បូងជាច្រើននាក់។
ការចោទប្រកាន់នេះកើតមានឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បន្ទាប់ពីកាសែត The New York Times របស់អាមេរិក បានចេញផ្សាយពីការបែកធ្លាយនៃលិខិតផ្ទៃក្នុងមួយច្បាប់របស់អាមេរិក ដែលបានពណ៌នាពីការពិភាក្សាគ្នា ជាមួយនឹងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ថាតើគួរត្រូវផ្តល់អាវុធទៅឱ្យប្រទេសអ៊ុយក្រែន ឬយ៉ាងណា។
លិខិតផ្ទៃក្នុងនេះ ជាផ្នែកមួយនៃឯកសារស៊ើបការណ៍យោធាសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានលេចធ្លាយដោយអាថ៍កំបាំងនៅលើបណ្តាញសង្គម ដែលបង្កើតឱ្យមានបញ្ហាឈឺក្បាលនិងប៉ះពាល់ដល់សន្តិសុខជាតិផងដែរ សម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តជាច្រើនរបស់អាមេរិក។
បើទោះបីជារបាយការណ៍ចារកម្មរបស់កូរ៉េខាងត្បូងដែលផ្តោតលើរឿងនេះ បានបង្ហាញតិចតួច ដល់ព័ត៌មានដែលធ្វើឱ្យមានការភ្ញាក់ផ្អើល ឬធ្វើឱ្យមានការខូចខាតនោះ ក៏វាបានបង្ហាញយ៉ាងហោចណាស់ក៏ផ្នែកខ្លះដែរ ទៅលើអ្វីដែលគេហៅថា ជា«សញ្ញាចារកម្ម»ដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងធ្វើចារកម្មទៅលើសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន។
ស្ថានភាពនេះហាក់ដូចជាកំពុងដើរបញ្ច្រាសគ្នា ទៅនឹងគោលជំហររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលបានព្យាយាមដាក់ប្រទេសរបស់លោកឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយសហរដ្ឋអាមេរិក ហើយកំពុងត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្រមួយ ទៅកាន់សេតវិមាននៅក្នុងខែមេសានេះផងដែរ។
កាលពីថ្ងៃចន្ទម្សិលមិញ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏ធំមួយរបស់កូរ៉េខាងត្បូងបានថ្កោលទោសលើឧប្បត្តិហេតុថាជា «ជាការរំលោភដ៏ច្បាស់លាស់មួយ»ទៅលើបូរណភាពរបស់កូរ៉េខាងត្បូង និងបានចោទប្រកាន់លោកប្រធានាធិបតីលោក Yoon ថា បានមើលរំលងទៅលើបញ្ហាគោលនយោបាយសន្តិសុខដ៏ធូររលុងរបស់ប្រទេសនេះ។
ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានធ្វើប្រតិកម្មតបតវិញទៅលើការរិះគន់នោះ ដោយចោទគណបក្សប្រឆាំងថា បានធ្វើឱ្យខូចខាតដល់សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក និងបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិផងដែរ៕
សហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ពីបទចារកម្មលើកូរ៉េខាងត្បូងមុនជំនួបមេដឹកនាំទាំងពីរ
ទីក្រុងសេអ៊ូល —