ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាស​អំពី​ភាព​ជា​ដៃគូ​ផ្នែក​វ៉ាក់សាំង​កូវីដ១៩ រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​កាសែតរួម​គ្នា​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in, នៅ​សេរតវិមាន ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​ធ្វើ​សន្និសីទ​កាសែតរួម​គ្នា​មួយ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in, នៅ​សេរតវិមាន ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ជូន​ពលរដ្ឋ​បាន​តែ ៣% ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន ៥២ លាន​នាក់​របស់​ខ្លួន ប៉ុន្តែ​មាន​គោល​បំណង​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នូវ​ភាព​ស៊ាំ​ដោយ​ប្រយោល​នៃ​ជំងឺ​កូវីដ១៩ នៅ​ត្រឹម​ខែ​វិច្ឆិកា​ខាង​មុខ។

សហរដ្ឋ​អាមេរិក​បាន​សន្យា​ជួយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​នៅ​ក្នុង​រឿង​នេះ​តាមរយៈ​ភាព​ជា​ដៃគូ​ផ្នែក​វ៉ាក់សាំង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​នៅ​ក្នុង​អំឡុងពេល​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Moon Jae In នៅ​សេតវិមាន​កាលពី​ថ្ងៃ​សុក្រ​ថា៖ «យើង​អាច​បង្កើន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល។ យើង​នឹង​ពង្រឹង​សមត្ថភាព​របស់​យើង​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​ឆ្លើយតប​ចំពោះ​ការ​គំរាមកំហែង​ជីវសាស្ត្រ​ដទៃ​ទៀត​នៅ​ពេល​អនាគត»។

មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ផ្ដោត​ផងដែរ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ សន្តិសុខ​ក្នុង​តំបន់ និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាងជើង។

លោក Biden បាន​បញ្ជាក់​ថា៖ «ប្រទេស​យើង​ទាំង​ពីរ​ក៏​មាន​ឆន្ទៈ​រួម​ផងដែរ​នៅ​ក្នុង​ការ​ប្រឡូក​ផ្នែក​ការទូត​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងជើង ដើម្បី​ចាត់​វិធានការ​ផ្អែក​លើ​ហេតុផល​ជាក់ស្ដែង ដែល​នឹង​កាត់​បន្ថយ​ភាព​តានតឹង នៅ​ពេល​ដែល​យើង​ឈាន​ទៅ​រក​គោល​បំណង​ចុងក្រោយ​របស់​យើង​នៅ​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

លោក Moon បាន​ច្រានចោល​នូវ​គំនិត​ដែល​ថា​មាន​ការ​យល់​ឃើញ​ផ្សេង​គ្នា​នូវ​ភាព​បន្ទាន់ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា ប្រទេស​ទាំង​ពីរ​មាន​គំនិត​ស្រប​គ្នា​អំពី​ពេលវេលា​សម្រាប់​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

លោក Moon បាន​ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​រួច​ស្រេច​ហើយ​អំពី​គោលការណ៍​នៃ​ការ​ចរចា​ជាមួយ​ប្រទេស​កូរ៉េ​ខាងជើង។ គោលការណ៍​នោះ​មាន​លក្ខណៈ​ជាក់លាក់​តាម​ក្បួន​ខ្នាត​ដែល​អាច​សម្រេច​បាន​បណ្ដើរៗ​មួយ​ជំហាន​ម្ដងៗ និង​អាច​បត់បែន​បាន»។

ប៉ុន្តែ អ្នក​វិភាគ​នានា​បាន​និយាយ​ថា ក្ដី​រំពឹង​នៅ​ក្នុង​ការ​រារាំង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ហាក់ដូចជា​មិន​សូវ​មាន​ពន្លឺ​អ្វី​ទាល់តែ​សោះ។

រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​មើល​ប៉ុស្តិ៍​ទូរទស្សន៍មួយ​ដែល​ចាក់​បញ្ចាំង​ពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ស្ថានីយ៍​រថភ្លើងSuseo ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ មនុស្ស​ម្នា​នាំ​គ្នា​មើល​ប៉ុស្តិ៍​ទូរទស្សន៍មួយ​ដែល​ចាក់​បញ្ចាំង​ពី​ការ​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ស្ថានីយ៍​រថភ្លើងSuseo ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

អ្នកស្រី Sue Mi Terry អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​កូរ៉េ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​និយាយ​ថា៖ «ទាក់ទិន​នឹង​បញ្ហា​កូរ៉េ​ខាងជើង យើង​ឃើញ​ថា វា​ហាក់ដូចជា​គ្មាន​សន្ទុះ​ទាល់តែសោះ។ វា​ហាក់ដូចជា​គ្មាន​ដំណោះស្រាយ​ណា​មួយ​ដែល​អាច​រំពឹង​បាន​នោះ​ឡើយ»។

លោក Moon អន្ទះសា​ចង់​ធ្វើ​យ៉ាង​ណា​បន្សល់​ទុក​នូវ​កេរដំណែល​ជា​អ្នក​បង្កើត​សន្តិភាព​ជាមួយ​កូរ៉េ​ខាងជើង មុន​ពេល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ។

ប៉ុន្តែ អាវុធ​នុយក្លេអ៊ែរ​និង​ឃ្លាំង​ស្តុក​ប្រេង​ឥន្ធនៈ​របស់​កូរ៉េ​ខាងជើង​មាន​លក្ខណៈ​ជឿនលឿន​ទៅ​មុខ ទោះបីជា​ទំនាក់ទំនង​ការទូត​ដោយ​ផ្ទាល់​ធ្លាប់​ធ្វើ​ឡើង​រវាង​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​លោក Kim Jong Un ក៏ដោយ។

រដ្ឋបាល​របស់​លោក Biden បាន​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​សម្រេច​ឲ្យ​បាន​នូវ «វិធានការ​ជាក់លាក់​តាម​ក្បួនខ្នាត​ដែល​អាច​សម្រេច​បាន» ជាមួយ​នឹង​កូរ៉េ​ខាងជើង ប៉ុន្តែ​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​នោះ​ទេ។

លោក Scott Snyder ប្រធាន​កម្មវិធី​គោល​នយោបាយ​សហរដ្ឋ​អាមេរិក​កូរ៉េ​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស (Council on Foreign Relations) បាន​និយាយ​ថា៖ «រដ្ឋបាល​របស់​លោក Biden ចង់​ឲ្យ​ខ្លួន​មាន​លំហ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ទុក​ឱកាស​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាងជើង​ផង និង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ការ​អាម៉ាស់​មុខ​ផង​ក្នុង​ករណី​ដែល​កូរ៉េ​ខាងជើង​ងាក​ទៅរក​ការ​បង្កហេតុ​ឡើង​វិញ»។

លោក Biden បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​នានា​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​សម្រាប់​ការ​វិនិយោគ​ជាង ២៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​អរគុណ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​សម្រាប់​ការ​គាំទ្រ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​កសាង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឲ្យ​មាន​ភាព​ធន់។

លោក Moon គឺ​ជា​មេដឹកនាំ​បរទេស​ទី​ពីរ ដែល​លោក Biden បាន​ទទួល​ជួប​ពិភាក្សា​ទល់​មុខ តាំងពី​ពេល​ដែល​លោក Biden បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក។

មេដឹកនាំ​បរទេស​ទី​មួយ​ដែល​លោក Biden បាន​ទទួល​ជួប​ពិភាក្សា​ទល់​មុខ គឺ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga។ លោក​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ខែ​មេសា។

នេះ​គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ផ្ដោត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​លើ​សម្ព័ន្ធមិត្ត​អាស៊ី ស្រប​ពេល​ដែល​កំពុង​ប្រឈម​នឹង​ប្រទេស​ចិន​ដែល​កំពុងតែ​មាន​ឥទ្ធិពល​កាន់តែ​កើនឡើង។

អ្នកស្រី Sue Mi Terry នៃ​មជ្ឈមណ្ឌល CSIS បាន​និយាយ​ថា៖ «បរិយាកាស​គឺ​ល្អ​ខ្លាំង​ណាស់​រវាង​ប្រទេស​ទាំង​ពីរ។ ពួកគេ​ពិតជា​ចង់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ខ្លាំងក្លា​នៃ​ទំនាក់ទំនង​សម្ព័ន្ធ​ភាព​របស់​ពួកគេ»។

កាលពី​ថ្ងៃ​ទី ២១ ខែ​ឧសភា​នោះ​ផងដែរ លោក Biden បាន​ប្រគល់​មេដាយ​កិត្តិយស​ជូន​លោក Ralph Puckett Jr. ដែល​ជា​វរសេនីយ៍​ឯក​ចូល​និវត្តន៍​នៃ​កងទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក សម្រាប់​ភាព​ក្លាហាន​លេចធ្លោ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​មេដឹកនាំ​បរទេស​បាន​ចូលរួម​នៅ​ក្នុង​ពិធី​ដូច​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG