ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​កសិកម្ម​ប្រាប់​កសិករ​អំពី​របៀប​ខ្លះ​នៃការ​ដាំ​ដំណាំ​ពេល​មាន​ទឹក​ជំនន់


រូបឯកសារ៖ ទឹក​ជំនន់​នៅ​តំបន់​ក្បែរស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)
រូបឯកសារ៖ ទឹក​ជំនន់​នៅ​តំបន់​ក្បែរស្ថានីយ​រថភ្លើង​នៅ​ក្នុង​ទី​រួម​ខេត្ត​​ខេត្ត​កំពត​ ដោយ​សារ​ការបើក​ទ្វារ​ទំនប់​អគ្គីសនី​កំចាយ​ ក្រោយ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ ហើយ​បាន​ធ្វើ​ឲ្យ​អាង​ស្តុក​ទឹក​ពេញ​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​ (រូប​ថត​ដែល​ផ្តល់​ដោយ​ប្រជាជន​នៅ​ក្នុង​ខេត្ត​កំពត)

លោកថា​ ជា​ទូទៅ​ដំណាំ​បន្លែរដូវ​វស្សា ​មាន​តម្លៃ​ខ្ពស់​ជាង​ដំណាំ​បន្លែ​រដូវ​ប្រាំង​មួយ​ទ្វេ​ជា​២​ដោយសារ​ ​នៅ​ក្នុង​រដូវ​វស្សា​ផលិតផល​កសិកម្ម​របស់​កសិករ​កម្ពុជា​មិន​សូវ​សម្បូរ​ ហើយ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ ក៏​មាន​ការ​កើនឡើង​ថែម​ទៀត​ផង។

ស្រប​ពេល​ដែល​ផលិត​ផល​កសិកម្ម​រួម​មាន​ដំណាំ​ និង​បន្លែ​នៅ​តាម​ទីផ្សារ​មាន​តម្លៃ​កើន​ឡើង​ទ្វេ​ដង​ ក្រុម​អ្នក​ជំនាញ​កសិកម្ម​ ក្រើន​រំឭក​ឲ្យ​ប្រជា​កសិករ​កម្ពុជា​គប្បី​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ដាំ​ដុះ​ ចៀសវាង​ផលិតផល​កសិកម្ម​របស់​ពួកគេ​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយសារ​ជំនន់​ទឹក​ភ្លៀង​។​

លោក គាម​ មករាឌី​ ប្រធាន​ផ្នែក​បរិស្ថាន​ និង​សុខភាព​នៃ​អង្គការ​ ​CEDAC​ បញ្ជាក់​ប្រាប់​ VOA ថា​ ការ​កើន​ឡើង​នៃ​តម្លៃ​បន្លែ​នា​រដូវ​វស្សា​ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ​ ជា​ពិសេស​នៅ​ពេល​ដែល​ដំណាំ​ និង​បន្លែ​កសិករ​កម្ពុជា​ ងាយ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ ឬ​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ។

លោកថា​ ជា​ទូទៅ​ដំណាំ​បន្លែរដូវ​វស្សា ​មាន​តម្លៃ​ខ្ពស់​ជាង​ដំណាំ​បន្លែ​រដូវ​ប្រាំង​មួយ​ទ្វេ​ជា​២​ដោយសារ​ ​នៅ​ក្នុង​រដូវ​វស្សា​ផលិតផល​កសិកម្ម​របស់​កសិករ​កម្ពុជា​មិន​សូវ​សម្បូរ​ ហើយ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ ក៏​មាន​ការ​កើនឡើង​ថែម​ទៀត​ផង។​ ការណ៍​នេះ​ បានរួម​ចំណែក​ធ្វើ​ឲ្យ​បន្លែក្នុង​ទីផ្សារមាន​តម្លៃ​ខ្ពស់​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​។

​លោក គាម​ មករាឌី ឲ្យ​ដឹង​ថា​អង្គការ​ ​CEDAC បាន​ណែ​នាំ​ឲ្យ​កសិករពី​របៀប​បង្កា​រ​ផលិតផល​កសិកម្មពី​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ដូច្នេះ​៖ «យើង​កំពុង​ជំរុញ​ឲ្យ​កសិករ ​គាត់​ខិត​ខំ​ធ្វើ​ការ​ដាំ​ដុះ​នា​រដូវ​វស្សា​ ឲ្យ​គាត់​លើក​ជា​ដី​ទួល​ សម្រាប់​ដាំដំណាំ​ កុំ​ឲ្យ​មាន​លេច​ទឹក​ ហើយ​យើង​ឲ្យ​គាត់​ដាំ​ជា​មាន​គម្រប​រងកុំ​ឲ្យ​ភ្លៀង​ត្រូវ​។ ហើយ​បើ​កសិករ​មាន​ទុន​ច្រើន​ យើង​ក៏​ជំរុញ​ឲ្យ​គាត់​ដាំ​ក្នុង​រង​ប្លាស្ទិក​»។​

លោក ​ឆុង ​សុផល ​មន្ត្រី​សម្រប​សម្រួល​សហគមន៍​កសិកម្ម​នៃ​បណ្ដាញ​កសិករ​ និងធម្មជាតិ ​(FNN) ​ឲ្យ​ដឹង​ថាជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​២០១៦​នេះ​ បាន​ប៉ះពាល់​ដល់​ទី​តាំង​សំខាន់​ៗ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្មក្នុង​ប្រទេស​។​

«ទឹក​ជំនន់​មាន​ន័យ​ថា​យើង​ដាំ​បន្លែ​អត់​បាន​។ វា​ភ្លៀង​ខ្លាំង​ផង ​ទឹក​ជំនន់​ផង​ ដែល​អាច​ប៉ះពាល់​ដល់​បន្លែ​ ដោយសារ​យើង​ដាំ​ជា​លក្ខណៈ​ធម្មតា។​ អញ្ចឹង​បើ​សិន​ជា​ដំណាំ​ខូច​ ចង់ឬ​មិន​ចង់​វាប៉ះពាល់​ដល់​ការ​ដាំ​ដុះ​ និង​តម្លៃ​»។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​គប្បី​មាន​គោល​នយោបាយ​ជាក់លាក់​ ដើម្បី​ជួយ​ដល់​កសិករ​ ដូចជា​ការ​សាងសង់​ប្រព័ន្ធ​បន្លាយ​ទឹក​ជាដើម​។​

«អញ្ចឹង​ វា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ មាន​គោលនយោបាយ​គាំ​ទ្រ​ដល់​កសិករ​ មាន​ប្រព័ន្ធ​ដាំដុះ​អីឲ្យ​ជាក់​លាក់ ​មាន​ប្រព័ន្ធ​បន្លាយ​សម្រាប់​បង្ហូរ​ទឹក។​ អញ្ចឹង​ពេល​មាន​ទឹកភ្លៀង​ មក​ច្រើន​គាត់​អាច​បង្ហូរ​ទម្លាក់ ទឹក​បាន​ ទើប​ការ​ដាំ​ដុះ​របស់​គាត់​អត់​មាន​អី​ប៉ះពាល់​»។​

ប្រជា​កសិករ​កម្ពុជា​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ បាន​បង្ហាញ​ក្តី​បារម្ភ​ប្រាប់​ VOA ​ចំពោះ​ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នា​ពេលចុង​ក្រោយ​នេះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​របស់​ពួកគេ។

អ្នកស្រី លឹម នូ ​វ័យ​៣២ឆ្នាំ​ ជា​កសិករ​មួយ​រូប​ក្នុង​ខេត្ត​កំពង់ស្ពឺ​ថ្លែង​យ៉ាង​ដូច្នេះ​៖ «ទឹក​លិច​អញ្ចឹង​ ដល់ពេល​កសិករ​ គាត់​ដាំ​អត់​បាន​ ខាត​ច្រើន​ធ្វើឲ្យ​បន្លែ​ ឡើង​ថ្លៃ​ខ្លាំង​»។​

អ្នកស្រី ​ហ៊ុយ ថារិន​ វ័យ​៥៩ឆ្នាំ​ ជា​កសិករ​មួយ​រូប​ទៀត​ក្នុង​ខេត្ត​កំពង់​ស្ពី​ ឲ្យ​ដឹង​ថា​ភូមិ​របស់​អ្នកស្រី​មិន​ធ្លាប់​ប្រទះ​នឹង​ជំនន់​ទឹក​ភ្លៀង​ធំ​ដូច​ឆ្នាំ​នេះ​ទេ​ ហើយ​នេះ​ជា​មូលហេតុ​ដែល​កសិករ​មិន​បាន​ត្រៀម​ខ្លួន​នោះ​។

«បន្លែ​នៅ​ស្រុក​ខ្ញុំ​នេះ​ រលួយ​អស់​ហើយ​ក្មួយ​។​ ត្រឡាច​ ធ្លាប់មួយ​៥០០រៀល ឥឡូវ​ឡើង​១៥០០រៀល។ ប៉ះខ្លាំង​ លិច​យូរពេក។​ ឥឡូវ​ហ្នឹង​ ដូច​ជា​ខ្នុរល្មមៗ​ដុះ​កម្ពស់​យើង​ហ្នឹង ​ក៏ងាប់ ​ ទាបក៏ងាប់ ​ល្ហុង​ ត្រឡាច​អី​ ងាប់អស់​ ហើយ​ស្រូវ ​រលួយ​ទាំង​ឬស​ »។

លោក​ស្រី​ ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​របស់​អាជ្ញាធរ​គ្រោះ​មហន្តរាយ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​មក​ប្រមូល​ទិន្ន​ន័យ​ និង​កំពុង​ធ្វើ​របាយ​ការណ៍​ទាក់ទង​នឹង​ការ​ខូច​ខាត​ផល​ដំណាំ​នេះ​។​

ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារនេះ​ថា​ នៅ​ពេល​ដែល​មាន​ទឹកជន់​លិច​នៅ​តាម​តំបន់​ផលិតកម្ម​ នោះ​ វា​ធ្វើ​ឲ្យការ​ផ្គត់ផ្គង់​មាន​តិច​ជាង​តម្រូវ​ការខ្លាំង​ពេក។ ហេតុ​នេះ​ទើប​មាន​ការ​ឡើង​ថ្លៃ​ចំពោះ​ផលិត​ផល​កសិកម្ម​នោះ។​

លោក​ ហ៊ាន វណ្ណហ៊ន ​ប្រធាន​នាយកដ្ឋាន​ច្រក​ចេញ​តែ​មួយ​នៃ​ក្រសួង​កសិកម្ម​បាន​ប្រាប់​VOA ​ថា​ នា​ថ្ងៃ​អង្គារ​នេះមន្ត្រី​ជំនាញនៃ​ក្រសួង​កសិកម្ម​បាន​ទៅ​ចុះ​ពិនិត្យ​ និង​វាយ​តម្លៃ​អំពី​ការ​ខូច​ខាត​ ​ដើម្បី​កំណត់​ជម្រើស​នៃ​អន្តរាគមន៍​។​ ក៏​ប៉ុន្តែ​ លោក​ថា​ ការ​ឆ្លើយ​តប​ជាក់លាក់​យ៉ាង​ណា​នោះ​ ត្រូវ​រង់ចាំ​របាយ​កាណ៍​ពី​ការ​វាយ​តម្លៃ​សិន។​

«អញ្ចឹង​ ក្នុង​ចំណោម​ដី​ប៉ះពាល់ទាំង​អស់​ហ្នឹង​ យើង​នឹង​បែង​ចែក​ជា​៣​។​ ទី១​ វា​លូត​លាស់ឡើង​វិញ​ ដោយ​ល្អ​ជាង​មុន​។ ទី២​លូតលាស់ឡើង​វិញ​ ដោយ​ផល​ទាប​ជាង​សក្តានុពល។​ ទី៣​ ខូច​ទាំង​ស្រុង​។ អញ្ចឹង​យើង​នឹង​សម្លឹង​មើល​ថា​ យើង​នឹង​គួរ​ជួយ​អី។​ ការ​វាយ​តម្លៃនេះ​ មិន​អាច​ចុះ​ទៅ​កាល​ពី​អាទិត្យ​មុនៗ​នោះ​ទេ​ ព្រោះ​ទឹក​មិន​ទាន់​ស្រក​ លទ្ធផល​មិន​ទាន់​ចេញ​»។

លោក​កែវ វី ​នាយក​ខុទ្ទកាល័យ​គណៈក​ម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​ប្រាប់​VOA ​ថា រដូវ​វស្សា​ឆ្នាំ​២០១៦​នេះ​ កម្ពុជា​មិន​មាន​ប្រឈម​នឹង​បញ្ហា​ទឹក​ជំនន់​ទន្លេ​មេគង្គ​នោះ​ទេ។​ក៏​ប៉ុន្តែ​ខេត្ត​មួយ​ចំនួន​នៃ​កម្ពុជា​បាននឹង​កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ ជា​ពិសេស​នា​រយៈពេល​ចុង​ក្រោយ​នេះ​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ៗ​ជា​បន្តបន្ទាប់​នោះ។​ ខេត្ត​ចំនួន​៨​ ដែល​រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ និង​បាន​បំផ្លាញ​ផលិត​ផល​កសិកម្ម​របស់​ប្រជាកសិករ​កម្ពុជា ​រួម​មាន​ ខេត្ត​កំពង់ស្ពឺ​ តាកែវ ​កណ្តាល ​ព្រៃ​វែង ​ត្បូង​ឃ្មុំ បាត់​ដំបង ​ស្វាយរៀង​ និង​រាជធានី​ភ្នំពេញ​៕​

XS
SM
MD
LG