នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានបញ្ចប់ទស្សនកិច្ចរយៈពេលបីថ្ងៃ នៅប្រទេសឥណ្ឌា ជាទីដែលលោកបានស្នើឲ្យអ្នកវិនិយោគឥណ្ឌាមកបោះទុនធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា និងបានស្នើដល់រដ្ឋាភិបាលឥណ្ឌាឲ្យជួយកម្ពុជា ក្នុងការធ្វើឲ្យជឿនលឿនទៅមុខនៃវិស័យកសិកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា។ ភាគីកម្ពុជា និងឥណ្ឌាក៏បានចុះកិច្ចព្រមព្រៀងជាច្រើន ដែលផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងការផ្តល់ឥណទានសម្បទានរាប់សិបលានដុល្លារផងដែរ។ នេះបើយោងតាមព័ត៌មាននានាដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន និងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃអាទិត្យ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៨ លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍ បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាឥណ្ឌានិងចូលរួមពិធីបើកកិច្ចប្រជុំកំពូលរំឭកអនុស្សាវរីយ៍២៥ឆ្នាំ អាស៊ាន- ឥណ្ឌា (ASEAN-India Commemorative Summit) និងចូលរួមទស្សនាក្បួនព្យុហយាត្រានៃទិវាសាធារណរដ្ឋលើកទី៦៩ របស់សាធារណរដ្ឋឥណ្ឌា (69th Republic Day)។
លោក ហ៊ុន សែន ក៏បានជួបពិភាក្សាជាមួយក្រុមមេដឹកនាំឥណ្ឌាជាច្រើន ក្នុងនោះរួមមានលោក រ៉ាម ណាតកូវីន (RamNat Kovind) ប្រធានាធិបតីឥណ្ឌា លោក វ៉េនកៃអា ណៃឌូ (Venkaiah Nai du) អនុប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយរដ្ឋមន្ត្រីឥណ្ឌា អ្នកស្រី ស៊ូស្មា ស្វារ៉ាជ (Smt Sushma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា។លោកបានអនុញ្ញាតឲ្យ លោក Rahul Gandhi ប្រធានសភាជាតិឥណ្ឌា និងកូនប្រុសរបស់លោក រ៉ាស៊ី គន្ធី អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ស៊ីង អតីតនាយករដ្ឋមន្រ្តី ឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយក៏បានដឹកនាំប្រតិភូកម្ពុជាជួបជាមួយក្រុមមន្ត្រីនៃប្រទេសឥណ្ឌា ដែលមានលោក Modi ជាប្រមុខ ហើយលោកក៏បានចូលរួមក្នុងវេទិកាធុរកិច្ចឥណ្ឌាកម្ពុជាផងដែរ។
យោងតាមវីដេអូឃ្លីបដែលបង្ហោះលើទំព័រហ្វេសប៊ុក លោក ហ៊ុន សែន កាលពីថ្ងៃសៅរ៍ លោក ហ៊ុន សែន ត្រូវគេឃើញថា បានថ្លែងក្នុងពិធីប្រកាសព័ត៌មានរួម បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនបួន។ លោក ហ៊ុន សែន បានថ្លែងថា លោកធ្លាប់បានទៅបំពេញទសន្សកិច្ចនៅប្រទេសតាំងពីឆ្នាំ ១៩៨១ គឺរយៈពេល៣៧ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ សម្រាប់ទស្សនកិច្ចរបស់លោកនាពេលនេះ គឺលោកផ្តល់តម្លៃលើប្រព័ន្ធព័ត៌មានវិទ្យារបស់ឥណ្ឌា ដែលអាចនឹងជួយកម្ពុជាក្នុងវិស័យកសិកម្ម។
«ទស្សនកិច្ចរបស់ខ្ញុំលើកនេះ ខ្ញុំបានរកឃើញចំណុចពិសេសមួយដែលឥណ្ឌាអាចមានលទ្ធភាពនឹងជួយដល់កម្ពុជា នៅក្នុងការប្រើបច្ចេកវិទ្យាព័ត៌មាន ប្រើឌីជីថល ទៅក្នុងការជួយទៅក្នុងវិស័យកសិកម្ម ដែលក្នុងនោះ ខ្ញុំបានស្នើចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី ដើម្បីផ្តល់នូវគម្រោងជាអាទិភាពទៅក្នុងការវិភាគអំពីគុណភាពដីសម្រាប់បែងចែកតំបន់ដាំដុះ។ ចំណុចនេះ គឺជាចំណុចដែលឥណ្ឌាមានលទ្ធភាពខ្ពស់បំផុត នៅក្នុងការជួយទៅដល់កម្ពុជា ហើយជួយដល់កសិករកម្ពុជា»។
ថ្លែងនៅក្នុងពិធីដដែលនោះ លោក ហ៊ុន សែន ក៏បានស្នើឲ្យអ្នកវិនិយោគមកដាក់ទុនរកស៊ីនៅកម្ពុជាផងដែរ។ លោកថា ដើម្បីឲ្យដំណើរការវិនិយោគរបស់ឥណ្ឌា វិវត្តន៍ទៅមុខឆាប់រហ័ស លោកបានស្នើឲ្យលោកនាយករដ្ឋមន្ត្រី Modi មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយ។ លោកបានលើកឡើងយ៉ាងដូច្នេះ។
«អ្វីដែលខ្ញុំសង្ឃឹមរង់ចាំ គឺឯកឧត្តមនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប ព្រោះថា គឺទស្សនកិច្ចរបស់ឯកឧត្តមនឹងអាចនាំមកនូវជោគជ័យនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសគឺជំរុញអ្នកវិនិយោគនិងអ្នកទេសចររបស់ឥណ្ឌាទៅកាន់ព្រះរាជាណាចក្រកម្ពុជា»។
VOA មិនទាន់អាចទទួលបានការអធិប្បាយពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាបានទេកាលពីថ្ងៃអាទិត្យ ដោយទូរស័ព្ទលោករោទិ៍តែគ្មានអ្នកទទួល។
យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៨នេះ បានឲ្យដឹងថា ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន ចំពោះកិច្ចការព័ត៌មានវិទ្យា លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា «បានស្វាគមន៍ចំពោះសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជួយបណ្តុះបណ្តាលយុវជនកម្ពុជា លើផ្នែកព័ត៌មានវិទ្យា។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសពីការគាំទ្ររបស់រាជរដ្ឋាភិបាលឥណ្ឌាក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យាមួយដ៏ប្រសើរបំផុតនៅកម្ពុជា»។
លោក Modi ក៏បានសម្តែងអំណរគុណចំពោះ លោក ហ៊ុន សែន ក្នុងការអញ្ជើញលោកទៅបំពេញទស្សនកិច្ចតបវិញនាពេលអនាគត ដើម្បីពង្រឹងថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បានបន្តឲ្យដឹងទៀតថា ភាគីកម្ពុជានិងឥណ្ឌា បានចុះកិច្ចព្រមព្រៀងចំនួនបួន ដែលរួមមាន អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ កម្មវិធីផ្លាស់ប្តូរវប្បធម៌ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួនជិត៣៧លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។
ពាក់ព័ន្ធនឹងបញ្ហាឥណទានសម្បទាននេះ ភាគីកម្ពុជា និងឥណ្ឌា បានឯកភាពគ្នាអំពីការផ្តល់ឥណទានសម្បទានចំនួន ២០លានដុល្លារដោយឥណ្ឌា សម្រាប់ការសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅកម្ពុជា ហើយឯកភាពគ្នារៀបចំការចុះហត្ថលេខាក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ រដ្ឋាភិបាលឥណ្ឌា ក៏បានលើកពីបំណងចង់ផ្តល់ឥណទានបន្ថែមសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមានក្នុងវិស័យសុខាភិបាល (បង្កើតមន្ទីរពេទ្យឯកទេសកម្រិតខ្ពស់) និងការតភ្ជាប់ (ផ្លូវថ្នល់ ផ្លូវដែក និងឌីជីថល)។
ភាគីទាំងពីរបានព្រមព្រៀង និងពិភាក្សាគ្នាលើកិច្ចការងារជាច្រើនទៀត រួមមានបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ការតភ្ជាប់ ការការពារជាតិ និងសន្តិសុខ វប្បធម៌ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ នេះបើយោងតាមការបញ្ជាក់របស់សេចក្តីថ្លែងការណ៍រួមចេញផ្សាយដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃអាទិត្យ។
សេចក្តីថ្លែងការណ៍រួមដដែលបានបញ្ជាក់ឲ្យដឹងបន្ថែមថា ថា្នក់ដឹកនាំទាំងពីរបានអំពាវនាវឲ្យប្រជាជាតិទាំងអស់ ប្រកាន់យកនូវវិធីសាស្ត្រទូលំទូលាយមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ក្នុងនោះ រួមទាំងកម្លាំងភេរវករអន្តរជាតិ ការទប់ស្កាត់ប្រភពផ្តល់ហិរញ្ញវត្ថុភេរវកម្ម ដែលមានជាអាទិ៍ ឧក្រិដ្ឋកម្មជាប្រព័ន្ធ ការលាងលុយ ការផ្គត់ផ្គង់អាវុធប្រល័យលោក ការជួញដូរគ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗ ការបំផ្លាញចោលមូលដ្ឋានភេរវករ ប្រយុទ្ធប្រឆាំងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត និងបណ្តញសង្គម ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដោយពួកភេរវករ។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបានកាន់តែឆាប់ ដើម្បីឲ្យស្ថាប័ននេះឆ្លុះបញ្ជាំងពីតថភាព និងមុខងារពេលបច្ចុប្បន្ន ប្រកបដោយគណនេយ្យភាព ភាពជាតំណាង និងប្រសិទ្ធិភាពជាងមុន។
សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការបរទេសកម្ពុជា បានសរសេរក្នុងន័យដើមថា៖
«ភាគីកម្ពុជាបញ្ជាក់ជាថ្មីពីការគាំទ្របេក្ខភាពឥណ្ឌា ជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោយពីមានការកែទម្រង់ និងពង្រីក។ ភាគីឥណ្ឌាបានបញ្ជាក់ជាថ្មីពីការគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩»។
ប្រទេសឥណ្ឌា ត្រូវគេរាយការណ៍ថា អាចក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចសាកល កាលពីឆ្នាំ២០១៦ គឺនៅពេលដែលប្រទេសបានឃើញកំណើនសេដ្ឋកិច្ចក្នុងកម្រិតជាង ៧ភាគរយ។ ក៏ប៉ុន្តែ សេដ្ឋកិច្ចឥណ្ឌាបានចុះថមថយ មកវិញនៅត្រឹមកម្រិត ៥.៧ភាគរយ ក្នុងត្រីមាសទីមួយឆ្នាំ ២០១៧ ដោយសារតែវិធានការលុបបំបាត់ចរាចរលុយសុទ្ធប្រមាណ៨៦ភាគរយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ និងការរុះរើវិធានការពន្ធ ដោយបានកែប្រែពីប្រព័ន្ធពន្ធរបស់រដ្ឋ និងសហភាព មកជាប្រព័ន្ធពន្ធលើសេវាកម្ម និងទំនិញ ដែលគេស្គាល់ GST។
ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចរបស់ខ្លួនរដ្ឋាភិបាលឥណ្ឌា បានដាក់ចេញវិធានការសង្គ្រោះវិស័យធនាគារសាធារណៈដោយមានទឹកប្រាក់ប្រមាណ៣២ពាន់លានដុល្លារអាមរិក។ ការណ៍នេះបានធ្វើឲ្យរដ្ឋាភិបាលរបស់លោក Modi ជួបបញ្ហាប្រឈមជាច្រើនមកដល់ឆ្នាំ២០១៨នេះ៕