អាជ្ញាធរអាមេរិកាំងជិតសម្រេចគោលដៅរបស់រដ្ឋបាលលោក អូបាម៉ា ហើយក្នុងការទទួលយកជនភៀសខ្លួនស៊ីរីមួយម៉ឺននាក់មិនឱ្យហួសពីដំណាច់ខែកញ្ញានេះ ក្រោយពេលមានកំណើននៃការទទួលយកជនភៀសក្នុងរយៈពេលបីខែចុងក្រោយនេះ។
ចាប់តាំងពីថ្ងៃទី១ខែ តុលា ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៤ ខែសីហា មានជនភៀសខ្លួនស៊ីរី ៨០០៤ នាក់ដែលបានរត់គេចខ្លួនចេញពីអំពើហិង្សានិងការធ្វើទុក្ខបុកម្នេញក្នុងប្រទេសរបស់ពួកគេ ហើយបានមកតាំងលំនៅដ្ឋានជាថ្មីក្នុងស.រ.អា. ហើយពាក់កណ្តាលនៃចំនួនជនភៀសខ្លួនទាំងនេះ មានអាយុតិចជាង១៤ឆ្នាំ នេះបើតាមទិន្នន័យរបស់មជ្ឈមណ្ឌលពិនិត្យសំណុំឯកសារពួកជនភៀសខ្លួននៃក្រសួងការបរទេសស.រ.អា.។
អ្នកស្រី Juliane Ramic នាយិកាជាន់ខ្ពស់សម្រាប់កិច្ចការជនភៀសខ្លួន និងការរួមបញ្ចូលក្នុងសហគមន៍នៃមជ្ឈមណ្ឌលសេវាកម្មខាងជាតិសាសន៍នៅក្នុងក្រុង Philadelphia បានធ្វើការច្រើនជាងមុនជាមួយពួកកុមារស៊ីរីកាលពីប៉ុន្មានខែមុននេះ។
អ្នកស្រី Ramic បាននិយាយប្រាប់វីអូអេថា៖ យើងមាននុំ cookies Little Debbie ទាំងនេះ ហើយកុមារាម្នាក់អាយុ៧ឆ្នាំបានគ្រវីដៃដាក់ខ្ញុំ ហើយខ្ញុំគិតថា ក្មេងនេះនឹងដាក់បាតដៃវាទល់នឹងបាតដៃខ្ញុំដើម្បីអបអរសាទរ ក៏ប៉ុន្តែវាដាក់នុំ cookie វាក្នុងដៃខ្ញុំ ហើយទាញម្រាមដៃខ្ញុំបិទលើនុំនោះ។ ម្តាយក្មេងនេះបាននិយាយថាអ្នកស្រីជាមិត្តទីមួយរបស់វាហើយវាចង់អរគុណអ្នកស្រី»។
អ្នកស្រី Ramic បានថ្លែងបន្តថា៖ «នេះជាការរំភើបចិត្តណាស់ពីព្រោះនៅពេលខ្ញុំពិនិត្យមើលអាយុក្មេងនេះនិងអ្វីដែលកើតមានឡើងនៅក្នុងប្រទេសស៊ីរី អ្វីទាំងអស់ដែលពួកគេស្គាល់គឺសង្គ្រាមនិងការប្រយុទ្ធគ្នា»។
កាលពីខែកុម្ភៈ ក្រសួងការបរទេស .រ.អា. បានបង្កើតអ្វីដែលហៅថា«មជ្ឈមណ្ឌលបង្កើនការតាំងលំនៅដ្ឋានជាថ្មីនៃពួកជនភៀសខ្លួន»នៅក្នុងក្រុង Amman ប្រទេស Jordanie។ ការបំពេញសំណុំឯកសារ ការសម្ភាសន៍ ការពិនិត្យសុខភាព និងសន្តិសុខសម្រាប់ពួកជនភៀសខ្លួននៅទីនោះ ជាធម្មតា ត្រូវចំណាយពេលពី១៨ទៅ២៤ខែ ប៉ុន្តែមន្ត្រីអាមេរិកាំងអះអាងថាពួកគេអាចកាត់បន្ថយពេលវេលានៃការពិនិត្យសំណុំឯកសារឱ្យមកនៅត្រឹមបីខែប៉ុណ្ណោះ។
ចាប់តាំងពីខែឧសភាមក ទិន្នន័យនៃការមកដល់នៃពួកជនភៀសខ្លួនបង្ហាញថាចំនួនជនជាតិស៊ីរីបានកើនឡើងពីរាប់រយនាក់ក្នុងខែមុនៗដល់ចំនួន១០៦៩នាក់ក្នុងខែឧសភា បន្ទាប់មកចំនួននេះបានឡើងដល់២០០០នាក់ក្នុងខែមិថុនា និងខែកក្កដា៕