ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​រង​ការរិះគន់ វិបសាយ VICE បាន​ដក​ចេញ​រូបថត​ជន​រងគ្រោះ​គុក​ទួលស្លែង​ដែល​ខ្លួន​កែប្រែ​ខុស​ពី​លក្ខណៈ​ដើម


រូបឯកសារ៖ អ្នក​ទោស​ទាំងអស់​ ដែល​បញ្ជូន​​ទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ អ្នក​ទោស​ទាំងអស់​ ដែល​បញ្ជូន​​ទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

វិបសាយ VICE បាន​ដក​រូប​ជន​រងគ្រោះ​គុក​ទួលស្លែង​ចេញ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បន្ទាប់ពី​រង​ការ​ថ្កោលទោស​ថា​ បាន​យក​រូប​របស់​ជន​រងគ្រោះ​ទាំង​នោះ​ទៅ​បន្ថែម​ពណ៌​ថ្មី​និង​កាត់ត​បន្ថែម​ស្នាម​ញញឹម និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

វិបសាយ​នេះ​បាន​បញ្ជាក់​ថា រូប​ទាំង​នេះ​មិន​បាន​បំពេញ​ទៅ​តាម​ស្ដង់ដារ​នៃ​ដំណើរការ​និពន្ធ​ផ្ទៀងផ្ទាត់​របស់​ខ្លួន ហើយ​ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ។

ការ​ដក​រូប​ទាំង​នេះ​ចេញ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ថ្កោលទោស​វិបសាយ​នេះ ដោយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ «ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​ជន​រងគ្រោះ»។


ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តី​ជូន​ដំណឹងមួយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដោយ​បាន​ស្នើវិបសាយ VICE ឲ្យ​ដក​រូប​ទាំង​នោះ​ចេញ និង «សំណូមពរ​ដល់​អ្នក​ស្រាវជ្រាវ វិចិត្រករ និង​សាធារណជន​កុំ​ឲ្យ​ប្រើប្រាស់​រូបថត​ក្នុង​ន័យ​ខុស​ពី​ការពិត​នៃ​បរិបទ​ប្រវត្តិសាស្ត្រ ព្រម​ទាំង​គោរព​ចំពោះ​ជន​រងគ្រោះ»។

លោក Matt Loughrey ដែល​ជា​អ្នក​កែ​រូប​ជន​រងគ្រោះ​ទាំង​នោះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក Loughrey បាន​និយាយ​ថា គម្រោង​របស់​លោក​ដែល​បាន​បន្ថែម​ពណ៌​លើ​រូប​របស់​ជន​រងគ្រោះ​គុក​ទួលស្លែង​មួយ​ចំនួន មាន​គោល​បំណង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ប្រហែល ១៤.០០០ នាក់ ដែល​ត្រូវ​បាន​សម្លាប់​និង​ធ្វើ​ទារុណកម្ម​នៅ​គុក​ទួលស្លែង មាន​លក្ខណៈ​តាម​បែប​ធម្មជាតិ​របស់​មនុស្ស។

អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​និរទេស​ខ្លួន​នៅ​បរទេស បាន​សរសេរ​នៅ​លើ Twitter ថា៖ «ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​កែប្រែ [លក្ខណៈ​ដើម​នៃ​រូប] ជន​រងគ្រោះ​នៃ​មន្ទីរ​ស-២១ ...គឺជា​ការ​ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ​ដល់​ព្រលឹង​របស់​ជន​រងគ្រោះ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍»៕

XS
SM
MD
LG