ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ខាន​ឮ​ចម្លើយ​សារភាព ក្រោយ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក អោ អាន ស្លាប់


រូបឯកសារ៖ លោក​អោ​ អាន​ អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល​ ក្នុង​របប​ខ្មែរ​ក្រហម​ អង្គុយ​លើ​ដី​ក្នុង​​ចម្ការ​របស់​លោក​ក្នុង​ស្រុក​កម្រៀង​ ខេត្ត​បាត់​ដំបង​កាលពីថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​អោ​ អាន​ អតីត​អនុ​លេខា​ភូមិភាគ​កណ្ដាល​ ក្នុង​របប​ខ្មែរ​ក្រហម​ អង្គុយ​លើ​ដី​ក្នុង​​ចម្ការ​របស់​លោក​ក្នុង​ស្រុក​កម្រៀង​ ខេត្ត​បាត់​ដំបង​កាលពីថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)

ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម បង្ហាញ​ការ​សោក​ស្តាយ ដែល​ពួក​គេ​មិន​បាន​ឮ​ចម្លើយ​សារភាព​របស់​លោក អោ អាន បើ​ទោះ​បី​ជា​ពួកគេ​មិន​ស្គាល់​លោក ដូច​មេដឹកនាំ​ជាន់​ខ្ពស់ផ្សេង​ទៀត​នៃ​របប​ខ្មែរ​ក្រហម​ក៏​ដោយ។

ការ​សម្តែង​អារម្មណ៍​សោក​ស្តាយ​នេះ កើត​ឡើង​ ក្រោយ​ពី​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក អោ អាន ​បាន​ស្លាប់ ​កាល​ពី​ថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ក្នុង​អាយុ​៨៧​ឆ្នាំ នៅ​ខេត្ត​បាត់​ដំបង។ នេះ​បើ​យោង​តាម​លោក នេត ភក្ត្រា អ្នក​នាំពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម។

រឿង​ក្តី​របស់​លោក អោ អាន ​ក្នុង​សំណុំ​រឿង​០០៤​វគ្គ​២​ ត្រូវ​បាន​ទម្លាក់​ចោលទាំង​ស្រុង កាល​ពី​ខែ​សីហា ឆ្នាំ​២០​២០ គឺ​ប្រមាណ​៣ខែ មុន​ពេល​លោក​ស្លាប់។

លោក នេត ភក្រ្តា អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ថ្លែង​ប្រាប់​VOA​ថា​តុលាការ​បាន​សម្រេច​ចុង​ក្រោយ គឺ​ថា​លោក​មិន​ត្រូវ​នាំ​មក​កាត់​ទោស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​សំណុំ​រឿង​របស់​លោក អោ អាន បាន​បិទ​បញ្ចប់​នៅ​ចំពោះ​មុខ​តុលាការ​ហើយ។ ហើយ​តុលាការ​ក៏​មិន​មាន​យុត្តាធិការ​អ្វីទៅ​លើ​អតីត​ជន​សង្ស័យ លោក អោ អាន​ នេះ​ទៀត​ដែរ»។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​VOA​កាល​ពី​ចុង​ឆ្នាំ​២០១៩ លោក អោ អាន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់ និយាយថា​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ធ្ងន់​ធ្ងរ ដូច​ការ​ចោទ​ប្រកាន់​របស់តុលាការ​ខ្មែរ​ក្រហម​នោះ​ទេ។ ខណៈ​កំពុង​សម្អាត​ដី​ចម្ការ​របស់​លោក​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង​ក្នុង​ពេល​លោក​នៅ​រស់ លោក អោ អាន បាន​ថ្លែង​ថា​ការ​ចោទ​ប្រកាន់​លើ​រូប​លោក​មិន​ត្រឹម​ត្រូវ​ ហើយលោក​ក៏​មិន​មាន​តំណែង​ជា«ប្រធាន»​អ្វី​ទេ​ក្នុង​សម័យ​ក្រហម។

លោក​បាន​ថ្លែង​កាល​គ្រា​នោះ​ថា៖ «គេ​ចោទ​ខ្ញុំ​ សុទ្ធ​តែ​ខ្ញុំ​ហ្នឹង ប្រធាន​តំបន់​អី​ណា។ ខ្ញុំ​មិន​មែន​ទេ។ ខ្ញុំ​ខាង​សេដ្ឋកិច្ច គឺ​ដោះ​ស្រាយ​ជីវភាព​ប្រជាជន​ហ្នឹង មាន​តែ​ស្រែ ភ្ជួរ​រាស់​ហ្នឹង»។

លោក​បាន​ប្រៀប​ធៀប​ការ​ចូលរួម​ជាមួយខ្មែរ​ក្រហម ដូច​ជា​ការ​«លូក​ភ្លើង រលាក​រហូត» អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ដោយ​មិន​ដឹង​ខ្លួន។ លោកបន្ថែម​នៅ​ពេល​នោះថា៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​តើ​ថា​ក្នុង​សង្គ្រាម ខ្ញុំ​ប្រព្រឹត្ត បាញ់​ទៅ​ បាញ់​មក។ ដល់​ក្រោយ​សង្គ្រាម ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អ្វី​ទេ​ មាន​តែ​ការ​ធ្វើ​ស្រែ​ ដោះស្រាយជីវភាព​ប្រជា​ជន​ហ្នឹង។ ខ្ញុំ​មានបាន​ទៅ​ប្រព្រឹត្ត​អំពើ​វិនាស​កម្មអ្វីៗ ឧក្រិដ្ឋ​កម្ម​អ្វីៗ​នោះ អត់​ទេ»។

ដោយ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សហ​ចៅក្រមស៊ើប​អង្កេតជាតិ​ និង​អន្តរ​ជាតិ ក្នុង​ការ​បញ្ជាក់​ថា​លោក អោ អាន ជា«មេដឹកនាំ​ខ្ពស់​បំផុត» ឬ​«​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត»​សម្រាប់នាំ​មក​កាត់​ទោស តុលាការក៏​បាន​សម្រេច​ចុង​ក្រោយ​ថា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក។

បើ​តាម​ឯកសារ​របស់​សាលាក្តី​ខ្មែរ​ក្រហម លោក អោ អាន មាន​ឈ្មោះ​ហៅ​ក្រៅ​ផ្សេង​ទៀត ដូច​ជា​ឱម យឿង អោ យឿង ឬ​តា អាន។ លោក​កើត​ក្នុង​ភូមិ​តាំង​ស្វាយ ឃុំ​ពាម ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ក្នុង​ឆ្នាំ​១៩៣៣។ នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម លោក​មាន​តួនាទី​មួយ​ចំនួន ដូច​ជា​លេខា​តំបន់​៤១ ផ្នែក​ភូមិភាគ​កណ្តាល សមាជិកគណៈ​កម្មាធិការ​ភូមិ​ភាគ​កណ្តាល និង​អនុលេខា​ភូមិ​ភាគ​កណ្តាល ចាប់​ពី​ចុង​ឆ្នាំ​១៩៧៧ ដល់ខែ​មករា ឆ្នាំ​១៩៧៩ មុន​ពេល​ការ​ដួល​រំលំ​នៃ​របប​ខ្មែរ​ក្រហម។

បើ​តាម​សាលាក្តី​ខ្មែរ​ក្រហម លោក​ អោ អាន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ​ចាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ក្រោម​ទម្រង់​ជា​ការ​ធ្វើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការដាក់​ជា​ទាសករ ការដាក់ពន្ធនាគារ​ អំពើ​ទារុណ​កម្ម អំពើ​អមនុស្សធម៌​ដទៃ​ទៀត រួម​មាន​អាពាហ៍ពិពាហ៍​ដោយបង្ខំ ការធ្វើ​ទុក្ខ​បុក​ម្នេញ​ ដោយមូល​ហេតុនយោបាយ និង​សាសនា។

ឯកសារ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ឱ្យដឹង​ទៀត​ថា លោក កែ ពក ដែល​កាល​នោះជា​លេខាភូមិ​ភាគ​កណ្តាល​និង​ជា​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស បាន​តែង​តាំង​លោក អោ អាន ​ធ្វើ​ជា​លេខា​តំបន់​៤១ ហើយ​ក្នុង​តួនាទី​នេះ សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លើក​ឡើង​ថា លោក អោ អាន «បាន​អនុវត្ត​សិទ្ធិ​អំណាចផ្នែក​យោធា និង​ស៊ីវិល​ទាំង​ស្រុង​ទៅ​លើ​តំបន់​៤១»។

ប៉ុន្តែ​សហ​ចៅក្រម​ក្រម​ស៊ើប​អង្កេត​ជាតិ លើក​ឡើង​ថា លោក ​អោ អាន មិន​មែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ឡើយ ហើយ​ពុំ​មាន​ភស្តុតាង​បញ្ជាក់ថា​លោក ​អោ អាន ទទួល​ខុស​ត្រូវ​កិច្ចការ​យោធា សន្តិសុខ ឬ​សេដ្ឋកិច្ចភូមិ​ភាគ ​ឬ​ថា​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​គោល​នយោបាយ​បក្សឡើយ។

សហ​ចៅក្រម​ស៊ើប​អង្កេត​ជាតិ​ លើក​ឡើង​ថាលោក អោ អាន បាន​ប្រព្រឹត្ត​តាម​បញ្ជា ​និង​ការ​ណែនាំ​របស់​លោក កែ ពក ដែល​ជា​លេខា​ភូមិ​ភាគ​កណ្តាល ក្រោម​ហេតុ​ផល​ថា​កម្មាភិបាល​ម្នាក់ ​ត្រូវ​តែអនុវត្ត​ដាច់​ខាត បើ​មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បោស​ម្អាត។ ឯកសារ​បញ្ជាក់​ថា៖ «អោ អាន ខ្លួន​ឯង​ក៏​បាន​បញ្ជាក់​ថា ខ្លួន​ត្រូវ​តែ​អនុវត្ត​តាម​បញ្ជា​ដាច់​ខាត ហើយ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត ប្រសិនបើ​ខ្លួន​មិន​អនុវត្ត​តាម»។​

ឯកសារ​បន្ថែម​ថា៖ «យោ​ង​តាម​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ជាតិ ការ​ចូល​រួម​របស់​អោ អាន គឺ​មិន​ស្វយ័ត មិន​សកម្ម មិន​បង្កើត​ថ្មី និង​មិន​ផ្ទាល់ បើ​ប្រៀប​ធៀប​ទៅ​នឹង​តួនាទី​ដោ​យ​ផ្ទាល់ និងយ៉ាង​សកម្ម​របស់​ឌុច (មេ​គុក​ស​២១ ឬ​ទួល​ស្លែង)​ក្នុង​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម»។

ការ​ស្លាប់​របស់​លោក អោ អាន នាំ​ឱ្យ​ជន​រង​គ្រោះ​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហមបង្ហាញ​ការ​សោក​ស្តាយ​ដែល​មិន​បាន​ឃើញអតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នោះ សារភាព​ទោស​កំហុស​ និង​រៀប​រាប់​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង ​ទុកជា​ឯកសារ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

អ្នក​ស្រី អ៊ុក ផាឡី អាយុ​៧០​ឆ្នាំ បាន​បាត់​បង់​ឪពុក​ម្តាយ និង​បង​ប្អូន​ពីរ​នាក់​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដោយ​សារ​តែ​ឪពុក​របស់​អ្នក​ស្រី ​មាន​តួនាទី​ជា​ទាហាន​របស់​របប​សាធារណរដ្ឋ​ លន់ នល់។ អ្នកស្រី​មាន​ប្រសាសន៍​ថា​អ្នក​ស្រី​ចង់​ឃើញ​ការ​សារភាព​របស់​អតីត​មេដឹកនាំខ្មែរ​ក្រហម និង​ការ​កាត់​ទោស​ពួក​គេ បើ​ទោះ​បីជាអ្នកស្រី​មិន​ស្គាល់​ឈ្មោះ​អោ អាន​ ក៏​ដោយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ពួក​ហ្នឹង វា​អត់​ទទួល​កំហុស​ផង​ហ្នឹង ដល់​ហើយ​ស្លាប់​ទៅ​ក៏​ស្រួល​ដែរ។ (ពួក​គេ)​អត់​និយាយ​អី​ផង។ ខៀវ សំផន ប្រកែ​ក​តែ​រហូត។ អត់​ដែល​ឮ​ថា​សុំ​ទោស​អី​ជន​រង​គ្រោះ​អី​ផង។ គិត​តែ​ថា​អត់​ដឹង​ អត់​ដឹង​អញ្ចឹង»។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​អស់​ចិត្ត​ហើយ​ក្មួយ បាន​គេ​យក​ឈ្មោះ​អ្នក​ធំ​ជំនាន់​ហ្នឹង យក​មក​ឱ្យយើង​ស្គាល់​ យើង​ដឹង​ពី​គំនិត​អាក្រក់​ ចង់​(តាម​ចិត្ត​)​ចង់ឱ្យកាត់​ទោស​។ ឥឡូវ​ចប់​ហើយ អស់​អី​ហើយ​ក្មួយ។ ត្រូវ​សារ​ភាព​ហៅ​មក​កាត់​ទោស​។ ប៉ុន​ឥឡូវ​វា​ស្លាប់​ហើយ ទៅ​រកអី​ទៀត​ក្មួយ។ មនុស្ស​ស្លាប់​បាត់​ហើយ គេ​លែង​និយាយ»។

ចំណែក​ជនរ​ង​គ្រោះ​ម្នាក់​ទៀត គឺ លោក យន់ ប៊ីន អាយុ​៦៥​ឆ្នាំ រស់​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ និងជា​ជន​រង​គ្រោះ​ម្នាក់​ដែល​គេ​យក​ទៅ​វាយ​សម្លាប់​ក្នុង​រណ្តៅ តែ​លោក​អាច​រួច​ផុត​ពី​ការ​ស្លាប់ មានប្រសាសន៍​ថា បើ​ទោះ​បី​ជា​លោក​មិន​ដែល​ស្គាល់​ឈ្មោះ អោ អាន ប៉ុន្តែ​លោក​ថា​លោក​ក៏​អាចជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប ដែល​ត្រូវ​តែ​សារ​ភាព​នូវ​ទោស​កំហុស​ដែល​ធ្វើ​មក​ប្រជាជន​កម្ពុជា ក្នុង​នោះ​មាន​ការ​ស្លាប់​មនុស្ស​១​លាន​៧​សែ​ន​នាក់ តាម​រយៈ​ការសម្លាប់ ការ​ធ្វើ​ទារុណ​កម្ម ការ​បង្ខំ​ឱ្យធ្វើ​ការ និង​ការ​បង្អត់​អាហារ​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច​ថា​ចង់​ឱ្យឡើង​ផ្ទាល់​និយាយពី​រឿង​រ៉ាវ​ដែល​ពួក​វា ​ដែល​បាន​សម្លាប់​ប្រជាជន​ សម្លាប់​កម្មាភិបាល​អី​ហ្នឹង។ ខ្ញុំ​ចង់​និយាយ​ថា​ឱ្យរៀបរាប់ ឱ្យទទួល​សារភាព​ដូច​កាំង ហ្កេក​អ៊ាវ ហៅ​ឌុច អីអ៊ីចឹង។ ខ្ញុំ​ថា​អញ្ចឹង​អា​ការ​ពិត​ហ្នឹង វា​ត្រូវ​កប់​លុប​បាត់​ហើយ បើ​វា​ស្លាប់​បាត់​ទៅ​ហើយ​អញ្ចឹង»។

លោក​បន្ត​ថា​ពួក​គេ​ជា​«មេ​ឃាតក»​ មិន​មែន​ជា​មនុស្ស​ល្អ​អ្វី​នោះ​ទេ បើ​ទោះ​បីជា​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​ដែល​ពួកគេ​រស់​នៅ កោត​សរសើរ​លោក អោ អាន ក៏​ដោយ។

លោក​បញ្ជាក់​ថា៖ «បើ​តាម​ខ្ញុំ​គិត​មើល​ទៅ វា​អត់​សមអ្នក​ល្អ អ្នក​អី​ទេ ព្រោះ​អ្នក​ហ្នឹង​សុទ្ធ​តែ​មេ​ឃាតក​ទាំង​អស់»។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារកម្ពុជា (DC-Cam) ជំរុញកុំ​ឱ្យបោះ​បង់​ការ​ទាម​ទារ​រកយុត្តិធម៌ ទោះជន​សង្ស័យឬ​ឧក្រិដ្ឋ​ជន​ដែល​ដឹកនាំ​សម័យ​ខ្មែរ​ក្រហម ស្លាប់​ក៏​ដោយ ដោយ​ត្រូវ​ទាមទារ​ឱ្យមាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​កុំ​ឱ្យអំពើ​នេះ​កើត​ឡើង​ម្តង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​ស្លាប់​របស់​គាត់​ហ្នឹង មិន​គួរ​លះ​បង់ឆន្ទៈ​ដែល​ទាមទារ​យុត្តិធម៌ ពី​ព្រោះ​វា​មាន​វិធី​ច្រើន​យ៉ាង​ទៀត ​ដែល​យើង​អាច​បន្ត​ស្វែង​រក​យុត្តិធម៌​ដែរ»។

លោក​បន្ថែម​ថា៖ «ទោះ​បី​គាត់​មិន​បាន​និយាយ យើង​ដឹង​ថា​គាត់​ជាប់​ជំពាក់​នៅ​ក្នុង​របប​មួយ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​យើង​បាត់​បង់​ជីវិត​ដែរ»។

ទោះ​ជា​យ៉ាង​ណា លោក ឆាំង យុ ដែល​ជា​ជន​រង​គ្រោះ​មួយ​រូប​ដែរ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ លើក​ឡើង​ថា ប្រជា​ជន​ត្រូវ​តែ​គោរព​ការ​សម្រេច​របស់​តុលាការខ្មែរ​ក្រហម ព្រោះ​តុលា​ការ​ក៏​បាន​កែ​ប្រែ​ការ​ចោទ​ប្រកាន់​អ្នក​ដទៃ ដោយ​គ្មាន​ភស្តុតាង​ ដែល​មាន​ការ​លើក​ឡើង​ជា​ហូរហែ​ មុន​ពេល​មាន​តុលាការ​ខ្មែរ​ក្រហម ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦។

បើ​តាម​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា ក្រៅ​ពី​លោក អោ អាន ដែល​បាន​ស្លាប់​ តុលាការ​ខ្មែរ​ក្រហម​បាន​សម្រេច​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ទៀត គឺ​អ្នកស្រី​ អ៊ឹម ចែម​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។

លោក​បន្ថែម​ថា​នៅ​មាន​សំណុំ​រឿង​ពីរ​ទៀត​នៅ​តុលាការ គឺ​ពាក់ព័ន្ធ​នឹង​លោក មាស មុត អតីត​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម​ និង​លោក យឹម ទិត្យ។ លោក​ឱ្យ​ដឹង​ថាសាល​ដីកា​សម្រេច​ថា​តើ​លោក មាស មុត រស់​នៅ​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់​ដំបង នឹង​ត្រូវ​នាំ​មក​កាត់​ទោស ឬ​យ៉ាងណា ​អាចធ្វើ​ឡើង​នៅចុង​ឆ្នាំ​នេះ។ ចំណែក​សាល​ដីកា​លើ​លោក យឹម ទិត្យ អាចធ្វើ​ឡើង​នៅ​ខែ​មីនា ឆ្នាំ​២០២១៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG