សំណុំរឿង ០០៣ របស់លោក មាស មុត អតីតមេបញ្ជាការខ្មែរក្រហមមួយរូប ត្រូវបានជាប់គាំងបន្ទាប់ពីចៅក្រមអង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម មិនមានសំឡេងគ្រប់គ្រាន់ ដើម្បីសម្រេចបន្តដំណើរការកាត់ទោស ឬទម្លាក់ចោល។ នេះបើតាមសេចក្តីសម្រេចរបស់តុលាការ ដែលផ្សាយនៅថ្ងៃពុធ។
ចៅក្រមអន្តរជាតិពីររូបបានសម្រេចឲ្យអង្គជំនុំជម្រះសាលាដំបូង ទទួលយកសំណុំរឿង ០០៣ មកពិនិត្យ ខណៈចៅក្រមជាតិទាំងបីរូបបានជំទាស់ ដោយស្នើឲ្យបញ្ជូនទៅរក្សាទុកក្នុងបណ្ណសាររបស់សាលាក្តី។
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហម ត្រូវបានសាលាក្តីកូនកាត់រវាងរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងបទល្មើសជាតិដែលស្ថិតនៅក្រោមច្បាប់របស់កម្ពុជា។
ក្រោយពីការសាកសួរជាច្រើនឆ្នាំ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញដីកាដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ បញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ប៉ុន្តែក្នុងថ្ងៃតែមួយនោះដែរ សហចៅក្រមស៊ើបអង្កេតជាតិបានចេញដីកាសម្រេចលើកលែងការចោទប្រកាន់។ ការណ៍នេះដោយសារសហចៅក្រមស៊ើបអង្កេតជាតិ យល់ថា មាស មុត មិនស្ថិតក្រោមយុត្ថាធិការរបស់សាលាក្តីនេះទេ។
ប៉ុន្តែសហចៅក្រមស៊ើបអង្កេតអន្តរជាតិយល់ឃើញថា មាស មុត ស្ថិតនៅក្រោមយុត្ថាធិការរបស់សាលាក្តី និងជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ១ រូប នៃរបបវាលពិឃាតខ្មែរក្រហម ហើយបាននាំឲ្យមានការប្តឹងតវ៉ាទៅអង្គបុរេជំនុំជម្រះនៃសាលាក្តី។
ចៅក្រមនៃអង្គបុរេជំនុំជម្រះបានចាត់ទុកការចេញដីកាដំណោះស្រាយពីរព្រមគ្នា ប៉ុន្តែផ្ទុយគ្នារបស់សហចៅក្រមស៊ើបអង្កេតជាតិនិងអន្តរជាតិ គឺជាការខុសច្បាប់និងបានបិទផ្លូវតវ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហម។
អ្នកច្បាប់នានាមើលឃើញថា ដោយសារការជាប់គាំងនេះ គឺសំណុំរឿងនេះអាចនឹងត្រូវបានរក្សាទុកជាបណ្ណសារដោយមិនចាត់ការអ្វីទាំងអស់ ដូចសំណុំរឿងកន្លងមក ក្នុងករណីជនជាប់ចោទឈ្មោះ អោ អាន ហៅ តាអាន។
ក្រៅពីសំណុំរឿងរបស់លោក មាស មុត សាលាក្តីខ្មែរក្រហមនៅសល់សំណុំរឿង ០០៤ ពាក់ព័ន្ធនឹងលោក យឹម ទិត្យ ដែលជាអតីតកម្មាភិបាលខ្មែរក្រហមថ្នាក់កណ្តាល និងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន រួមមានអំពើប្រល័យពូជសាសន៍ខ្មែរក្រោម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលរួមទាំងការធ្វើទុក្ខម្នេញលើខ្មែរក្រោមនិងជនជាតិវៀតណាម។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ប្រាប់វីអូអេថា ករណីរបស់លោក យឹម ទិត្យ គឺអង្គបុរេជំនុំជម្រះអាចនឹងសម្រេចនៅត្រីមាសទី ២ ឆ្នាំ ២០២១ នេះ ថាតើត្រូវបញ្ជូនទៅជំនុំជម្រះ ឬក៏ទម្លាក់ចោល។
រីឯសំណុំរឿងមួយទៀត គឺបណ្តឹងសារទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហមត្រូវតុលាការគ្រោងនឹងបើកសវនាការនៅក្នុងខែឧសភាខាងមុខ ហើយគ្រោងនឹងប្រកាសសាលក្រមស្ថាពរនៅចុងឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា៕