បុគ្គលិកជួយសង្គ្រោះនិងកងទ័ពឆ្មាំការពារជាតិកំពុងស្វែងរកមនុស្សដែលនៅជាប់គាំងនៅទីក្រុង Florida Keys ដោយសារព្យុះអឺម៉ា ខណៈដែលប្រទេសបារាំងនិងចក្រភពអង់គ្លេសបានសន្យាបង្កើនការឆ្លើយតបរបស់ខ្លួនទៅនឹងតំបន់ដែលទទួលរង្គ្រោះដោយព្យុះសង្ឃរានៅក្នុងដែនដីរបស់ខ្លួននៅតំបន់ការ៉ាអ៊ីប។ លោកប្រធានាធិបតីបារាំង Emmanuel Macron កំពុងបំពេញទស្សនកិច្ចកោះ Saint Martin និង Saint Barthelemy មួយថ្ងៃក្រោយពីបានទៅដល់កោះ Guadeloupe ដែលនៅទីនោះលោកប្រធានាធិបតីបានទទួលស្គាល់ពីការឆ្លើយតបប្រកបដោយការខឹងសម្បាបស់មនុស្សខ្លះត្រូវបានគេមើលឃើញជាការជួយមិនបានគ្រប់គ្រាន់មកពីប្រទេសបារាំង។ លោកប្រធានាធិបតី Macron បានសន្យាផ្តល់ការផ្គត់ផ្គង់និងកងកម្លាំងសន្តិសុខកាន់តែច្រើនឡើងដល់កោះទាំងនោះ។
លោក Boris Johnsonរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសកំពុងទស្សនកិច្ចកោះ Anguillaនិងប្រជុំកោះ Virgin Islands ដែលជាប្រជុំកោះដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីព្យុះអឺម៉ាកាលពីសប្តាហ៍មុន នៅពេលដែលព្យុះនោះបានក្លាយជាប្រភេទព្យុះទី៥។ លោករដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសក៏បាននិយាយដែរថា កងកម្លាំងសន្តិសុខកាន់តែច្រើនឡើងហើយនឹងគ្រឿងផ្គត់ផ្គង់ដ៏ច្រើនបានមកកាន់កន្លែងរងគ្រោះទាំងនេះ ហើយលោកបាននិយាយទៀតថាលោករំពឹងថា លោកស្រីនាយករដ្ឋមន្រ្តី Theresa May នៃចក្រភពអង់គ្លេសនឹងប្រកាសជំនួយបន្ថែមទៀត។
អង្គការសហប្រជាជាតិកំពុងដឹកជញ្ជូនម្ហូបអាហារហើយនឹងជំនួយសំខាន់ៗទៀតតាមយន្តហោះទៅកាន់កោះ Antigua កោះ St. Martin កោះ Turks និង Caicos។ ព្យុះសង្ឃរាបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៣៧នាក់ក្នុងតំបន់ការ៉ាអ៊ីបហើយបានបំផ្លិចបំផ្លាញប្រជុំកោះទាំងនោះ រួមទាំងកោះ Barbuda ដែលបានជម្លៀសមនុស្សទាំងអស់ទៅកាន់ទៅកាន់កោះ Antigua៕