ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៦៣ឆ្នាំ​ក្រោយ​មក ចិន​ចាប់​ផ្តើម​គិត​ឡើង​វិញ​ពី​បទប្បញ្ញត្តិ​កំណត់​កន្លែង​ស្នាក់នៅ​ដ៏​តឹងរ៉ឹង


រូបឯកសារ៖ ស្ត្រីជនជាតិចិនម្នាក់កំពុងហាលម្ទេសនៅក្នុងភូមិមួយ ក្នុងស្រុក Wuyuang ខេត្ត Jiangxi ប្រទេសចិន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

ខេត្ត Shandong នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​ចិន​ បាន​ប្រែក្រឡាស់​បទប្បញ្ញត្តិ​ដ៏​យូរលង់​របស់​ខ្លួន​ដែល​រឹតត្បិត​ការ​ផ្លាស់​ទី​លំនៅ​ពី​តំបន់​ជនបទ​ទៅ​កាន់​ទីក្រុង​ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្កើន​ការ​ទិញដូរ​នៅ​ក្នុង​ទីក្រុង និង​លុប​បំបាត់​ការ​បែងចែក​រវាង​អ្នក​រស់នៅ​ទីក្រុង និង​ជនបទ​នៅ​ក្នុង​ខេត្ត​នេះ។​

ការ​សម្រេច​របស់​ខេត្ត Shandong កាល​ពី​ថ្ងៃទី ០៤ ខែមីនា​ ធ្វើ​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ខេត្ត​ទី ២ ​ក្នុង​ការ​អនុវត្ត​ការ​ផ្លាស់ប្តូរ​នេះ។​ រដ្ឋបាល​ខេត្ត Jiangxi នៅ​ភាគ​ខាង​ត្បូង បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី ២៣ ខែកុម្ភៈ​ថា ប្រជាពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​ពី​តំបន់​ជនបទ​ទៅ​ទីក្រុងអាច​ទទួល​បាន​ការ​ចុះ​បញ្ជី​ស្នាក់នៅ​ដោយ​មិន​មាន​ការ​រឹតត្បិត។

សេចក្តី​ប្រកាស​របស់​ខេត្ត Shandong សរសេរ​ថា៖ «យើង​នឹង​លុប​ចោល​ទាំងស្រុង​នូវ​ការ​រឹតត្បិត​ការ​តាំង​ទីលំនៅ​នៅ​តំបន់​ទីក្រុង»។ កាល​ពី​មុន ប្រជាពលរដ្ឋ​ត្រូវ​មាន​លំនៅស្ថាន​និង​ការងារ​ស្រប​ច្បាប់​ មុន​នឹង​មាន​សិទ្ធិ​ស្នើ​សុំ​បណ្ណ​ស្នាក់នៅ​ក្នុង​ទីក្រុង។

នេះ​ជា​ការ​ផ្អាក​អនុវត្ត​ប្រព័ន្ធ​បណ្ណ​ស្នាក់នៅ​របស់​ចិន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រព័ន្ធ «hukou» (ហ៊ូខូ) ចាប់​តាំង​ពី​ពេល​ប្រព័ន្ធ​នេះ​ត្រូវ​បាន​អនុវត្ត​ដំបូង នៅ​ក្នុង​ឆ្នាំ ១៩៥៨។

នៅ​ក្រោម​ប្រព័ន្ធ​នេះ ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​កំណត់ត្រា​ចុះ​បញ្ជី​ស្នាក់នៅ (ផ្នែក​នៃ​បណ្ណ​គ្រួសារ) ដែល​បញ្ជាក់​ជា​ផ្លូវការ​ថា ​ពួកគេ​ជា​ប្រជាពលរដ្ឋ​អចិន្ត្រៃយ៍​នៅ​តំបន់​ណា​មួយ។ កំណត់ត្រា​នេះ​រួម​មាន​ព័ត៌មាន​ ដូចជា​ឈ្មោះ​របស់​បុគ្គល​នោះ ព័ត៌មាន​ឪពុកម្តាយ ព័ត៌មាន​របស់​សហព័ទ្ធ​ និង​ថ្ងៃខែឆ្នាំ​កំណើត។

ឋានៈ Hukou កំណត់​ពី​របៀប​រស់នៅ​ពេញ​មួយ​ជីវិត​របស់​បុគ្គល​ម្នាក់។ ឋានៈ​នេះ​កំណត់​ទីកន្លែង​ដែល​ពួកគេ​រស់នៅ កន្លែង​ធ្វើ​ការ អត្ថប្រយោជន៍​សង្គម​ដែល​ពួកគេ​ទទួល​បាន និង​កន្លែង​ដែល​កូនៗ​របស់​ពួកគេ​ត្រូវ​ទៅ​រៀន។ ជា​ធម្មតា អ្នក​ដែល​មាន​ឋានៈ hukou ទីក្រុង​ទទួល​បាន​ធនធាន​ល្អ​ជាង​អ្នក​ដែល​ស្ថិត​ក្នុង​ឋានៈ hukou ជនបទ​ឆ្ងាយ​ណាស់។​

បើ​យោង​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ New Horizons តួនាទី​សំខាន់ៗ​ចំនួន ​៣ ​នៃ​ប្រព័ន្ធ hukou គឺ​ដើម្បី​គ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ គ្រប់គ្រង​ការ​បែងចែក​ធនធាន​សង្គម និង​រក្សា​ស្ថិរភាព។

ការ​គ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស គឺ​ជា​គោលបំណង​សំខាន់​បំផុត។ ប្រព័ន្ធ​នេះ​កម្រិត​ទីកន្លែង​ដែល​បុគ្គល​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ ​ជា​ពិសេស​ប្រសិន​បើ​បុគ្គល​នោះ​បាន​កើត​នៅ​ក្នុង​តំបន់​ជនបទ។ ការ​ព្យាយាម​ផ្លាស់ប្តូរ​ទៅ​កាន់​ទីលំនៅ​ល្អ​ជាង​មុន ឬ​ទៅ​តំបន់​ទីក្រុង ​គឺ​ជា​ការ​ពិបាក​ខ្លាំង​បំផុត។ ដូច្នេះ​ប្រព័ន្ធ​នេះ​បង្កើត​ឱ្យ​មាន​វិសមភាព​ជា​ប្រព័ន្ធ។

រូបឯកសារ៖ កសិករជនជាតិចិនកំពុងដកដំឡូងនៅក្នុងតំបន់ជនបទ Jining ខេត្ត Shandong ក្នុងប្រទេសចិន កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបឯកសារ៖ កសិករជនជាតិចិនកំពុងដកដំឡូងនៅក្នុងតំបន់ជនបទ Jining ខេត្ត Shandong ក្នុងប្រទេសចិន កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្រុមហ៊ុន New Horizon បាន​និយាយ​នៅ​ក្នុង​ការ​វិភាគ​មួយ​ថា៖ «ប្រព័ន្ធ hukou ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ការ​គ្រប់គ្រង​ភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ និង​សង្គម ដែល​ធ្វើ​ឱ្យ​មាន​ការប្រព័ន្ធ​បែងចែក​វណ្ណៈ​ ហើយ​វា​ធ្វើ​ឱ្យ​កសិករ​មិន​ទទួល​បាន​អត្ថប្រយោជន៍​និង​សិទ្ធិ​ដូច​គ្នា​នឹង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ទីក្រុង​នោះ​ទេ»។

លោក Fei-Ling Wang សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ Georgia និង​ជា​អ្នក​និពន្ធ​នៃ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «Organization Through Division and Exclusion: China’s Hukou System» បាន​ប្រាប់​ទស្សនាវដ្តី​អនឡាញ​ Sixth Tone ថា ការ​សម្រេច​នេះ «ជា​ការ​បោះជំហាន​ក្នុង​ផ្លូវ​ត្រឹមត្រូវ​ ដើម្បី​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​ផ្លាស់ប្តូរ​ការងារ»។

លោក​បាន​និយាយ​ថា៖ «ការ​ធ្វើ​បែប​នេះ​ស្រប​ទៅ​នឹង​និន្នាការ​ទូទៅ​នៃ​ការ​រៀបចំ​ប្រព័ន្ធ hukou ក្នុង​ប្រទេស ​ដែល​បង្ហាញ​ពី​ការ​ផ្អាក​ការ​គ្រប់គ្រង​លើ​ការ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស និង​ជា​កិច្ចប្រឹងប្រែង​ដែល​ត្រូវ​បាន​ស្វាគមន៍​មួយ​ ដើម្បី​កាត់បន្ថយ​របាំង​រវាង​ទីក្រុង និង​ជនបទ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ខេត្ត​មួយ»។​

ចំនួន​ប្រជាជន​ចិន​ដែល​រស់​នៅតាម​ទី​ក្រុង (នគរូបនីយកម្ម) មាន​អត្រា​ ៦០,៦%​ នៅ​ចុង​ឆ្នាំ ២០១៩ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Xinhua របស់​ចិន។

អ្នក​សេដ្ឋកិច្ច​បាន​និយាយ​ថា ការ​ផ្អាក​ការអនុវត្ត​បទប្បញ្ញត្តិ​ស្តី​ពី​ទីកន្លែង​ស្នាក់នៅ​អាច​នឹង​ជួយ​សម្រួល​ដល់​កង្វះខាត​ពលកម្ម​នៅ​ក្នុង​ទីក្រុង និង​ថា​ការ​ហូរ​ចូល​នៃ​កម្មករ​ជនបទ​នឹង​ធ្វើ​ឱ្យ​មាន​កំណើន​ការ​ទិញ​ដូរ​ ជាពិសេស​តាមរយៈ​ការ​ទិញ​ផ្ទះ​សម្បែង។

ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ក្នុង​ខេត្ត Jiangxi នៅ​មិន​ជឿជាក់​ចំពោះ​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​នេះ។ លោក Peng ដែល​ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ខេត្ត Jiangxi និង​មាន​ឋានៈ hukou ជនបទ​បាន​ប្រាប់ VOA ថា លោក​មិន​ច្បាស់​ថា ប្រជាពលរដ្ឋ​ដូច​លោក​អាច​ទទួល​បាន​អត្ថប្រយោជន៍​សង្គម​ដូច​គ្នា​នោះ​ទេ ទោះ​បី​ជា​លោក​ទទួល​បាន​បណ្ណ​ស្នាក់នៅ​ក្នុង​ទីក្រុង​ក្តី។

លោក​បាន​ប្រាប់ VOA ថា៖ «ក្តីបារម្ភ​ចម្បង​របស់​ខ្ញុំ​គឺ​ការ​អប់រំ​របស់​កូនៗ​ខ្ញុំ។ ធនធាន​សាលារៀន​មិន​ដែល​មាន​ភាព​ស្មើ​គ្នា​នោះ​ទេ ​រវាងអ្នកទីក្រុង​និង​អ្នក​ជនបទ ហើយ​ខ្ញុំ​មិន​ច្បាស់​ថា ការ​ផ្លាស់ប្តូរ​គោលនយោបាយ​នេះ​នឹង​ផ្តល់​ឱ្យ​កូនៗ​ខ្ញុំ​នូវ​ធនធាន​ដូច​គ្នា​ទៅ​នឹង​ការ​រៀនសូត្រ​នៅ​ទីនេះ​នោះ​ទេ (នៅ​ទីក្រុង)»។

អ្នក​ជំនួញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​មូលហេតុ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ បាន​ប្រាប់ VOA ថា ការ​លុបចោល​បទប្បញ្ញត្តិ​ស្តីពី​កន្លែង​ស្នាក់នៅ​ គឺ​ជា​ជំហាន​ល្អ​មួយ ប៉ុន្តែ​វា​ជា​រឿង​ល្អ​តែ​នៅ​ពេល​ដែល​អ្នក​ដែល​ផ្លាស់​លំនៅ​ទៅ​តំបន់​មួយ ​ទទួល​បាន​សេវា​សុខាភិបាល សេវា​អប់រំ និង​អត្ថប្រយោជន៍​សង្គម​ស្មើ​គ្នា​តែ​ប៉ុណ្ណោះ»។

លោក​បាន​និយាយ​ថា៖ «បណ្ណ Hukou គ្រាន់​តែជា​ក្រដាស​ប៉ុណ្ណោះ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ថា ឋានៈ​ hukou របស់​អ្នក​អាច​ជះ​ឥទ្ធិពល​ខ្លាំង​លើ​អត្ថប្រយោជន៍​សង្គម​របស់​អ្នក។ ដូច្នេះ​យើង​ត្រូវ​រង់ចាំ​មើល​សិន​ថា​ តើ​កសិករ​ពិត​ជា​អាច​ចាប់​ផ្តើម​មាន​សិទ្ធិ​ស្មើ​គ្នា និង​ទទួល​បាន​ធនធាន​ដូច​អ្នក​រស់នៅ​ទីក្រុង​ដែរ​ឬ​ទេ ប្រសិន​បើ​ពួកគេ​សម្រេច​ផ្លាស់ប្តូរ​ទៅ​តំបន់​ទីក្រុង។ ប្រសិន​បើ​អត់​ទេ [ការ​ផ្លាស់ប្តូរ​នេះ]​ គ្រាន់​តែ​ជា​ឆាកល្ខោន​ប៉ុណ្ណោះ»៕

XS
SM
MD
LG