ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ឱកាស​និង​បញ្ហា​ប្រឈម​កើតមាន​ស្របគ្នា ខណៈ​សេដ្ឋកិច្ច​ឌីជីថល​កំពុង​រីកចម្រើន


កម្មវិធី​បញ្ជា​ទិញ​ទំនិញ​របស់​ក្រុមហ៊ុន Walgreens Instacart នៅលើ​អេក្រង់​ទូរស័ព្ទ​ទំនើប​ពីរគ្រឿង។

របាយការណ៍​ចុងក្រោយស្តី​ពី​ការ​ផ្តល់​ការងារ​និង​ទស្សនវិស័យ​សង្គម​ជា​សកលឆ្នាំ ២០២១ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិបាន​រក​ឃើញ​ថា កំណើន​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ កំពុង​ផ្តល់​ជា​ឱកាស​ ក៏ដូច​ជាបញ្ហា​ប្រឈម​ថ្មី​ ដែល​ត្រូវ​ដោះស្រាយ។

របាយការណ៍ស្តី​ពី​ការ​ផ្តល់​ការងារ​ និង​ទស្សនវិស័យ​សង្គម​ជា​សកលឆ្នាំ២០២១ ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) បង្ហាញ​ថា ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ បាន​កើន​ឡើង​ច្រើន​ជាង​មុន​ចំនួន​ប្រាំ​ដង​នៅ​ទូទាំង​ពិភពលោក​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ របាយការណ៍​នេះ​បន្ត​ថា ភាគច្រើន​នៃ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិតនេះ ​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​ខ្លះ​ទៀត​នៅ​ប្រទេស​ឥណ្ឌា និង​អង់គ្លេស។

អគ្គនាយកអង្គការ​ពលកម្ម​អន្តរជាតិ​លោក Guy Ryder និយាយ​ថា ៩៦​ភាគរយ​នៃ​ការ​ផ្តល់​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ ​គឺ​ភាគច្រើន​ប្រមូល​ផ្តុំ​នៅ​តំបន់​ចំនួន​បី​ប៉ុណ្ណោះ រួម​មាន ទ្វីប​អាមេរិក​ខាង​ជើង អឺរ៉ុប និង​អាស៊ី។ លោក​បាន​បន្ថែម​ថា ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​ឌីជីថល​កាន់​តែ​ធំ​រវាង​អឌ្ឍគោល​ខាង​ជើង (ប្រទេស​អភិវឌ្ឈន៍) និង​អឌ្ឍគោលខាង​ត្បូង (ប្រទេស​កំពុង​អភិវឌ្ឍ) ដែល​អាច​បង្ក​ឲ្យ​មាន​វិសមភាព​កាន់​តែ​ខ្លាំង​ឡើង។

លោក​ Ryder បាន​ថ្លែង​ថា៖ «នៅ​ឆ្នាំ២០១៩ ប្រហែល​ ៧០​ភាគរយ​នៃ​ប្រាក់​ចំណូលពីការងារតាម​អ៊ីនធឺណិត​ គឺ​ប្រមូល​ផ្តុំ​នៅ​ប្រទេស​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ គឺ​សហរដ្ឋ​អាមេរិកដែលមាន​ ៤៩​ភាគរយ និង​ចិន ដែល​មាន​២២​ភាគរយ»។

របាយការណ៍​របស់អង្គការ​ពលកម្ម​អន្តរជាតិ​ ហៅ​កាត់​ថា ILO នេះ គឺ​ផ្អែក​លើ​ការ​ស្ទង់មតិ និង​បទសម្ភាសន៍​ជាមួយ​អ្នក​ធ្វើការ​ចំនួន ១២.០០០​នាក់ និង​តំណាង​របស់​អាជីវកម្ម​ចំនួន​៨៥នៅ​ជុំវិញ​ពិភពលោក។ របាយការណ៍​នេះ បាន​រកឃើញ​ថា ទីផ្សារ​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កំពុង​បង្កើត​ជា​ឱកាស​ការងារ​ថ្មីៗ។ លើស​ពី​នេះ​ទៀត​ ទីផ្សារ​នេះ ​ជួយ​ផ្តល់​ជា​ភាព​បត់បែន​សម្រាប់​ការ​រៀបចំ​ការងារ ដោយ​អង្គការ​នេះ​បានលើកឡើងថា ​ការណ៍​នេះ​ មាន​អត្ថប្រយោជន៍​ជា​ពិសេស​សម្រាប់​ស្រ្តី ជនពិការ និង​ជន​វ័យ​ក្មេង។

ទោះបីជា​យ៉ាង​នេះ​ក៏​ដោយ ក៏​មាន​ផល​អវិជ្ជមាន​មួយ​ចំនួន​ពាក់ព័ន្ធ​ទម្រង់​ការងារ​ថ្មី​នេះ​ផង​ដែរ។ ជា​ឧទាហរណ៍ លោក Ryder អគ្គនាយកអង្គការ​ ILO កត់សម្គាល់​ថា ពេល​ខ្លះ មាន​តម្រូវការ​ឲ្យអ្នក​ធ្វើការ​ ត្រូវបង់​ថ្លៃ​កម្រៃ​ជើងសារ​ ដើម្បី​អាច​មាន​លទ្ធភាព​ទទួល​បាន​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន។ ​

លោក​បាន​ថ្លែង​ថា៖ «ជា​ទូទៅ អ្នក​ធ្វើការ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​ផ្តល់​ប្រាក់​ចំណូល​ល្អ​គ្រប់គ្រាន់ ហើយមួយ​ចំនួន​ មិន​ទទួល​បាន​ការ​គាំពារ​សង្គម​នោះ​ទេ។ នេះ​បាន​ក្លាយ​ជា​រឿងគួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​អំឡុង​ពេល​មាន​ការ​រាតត្បាតនៃ​ជំងឺកូវីដ១៩ ​នា​ពេល​បច្ចុប្បន្ននេះ។ លើស​ពី​នេះ​ទៀត អ្នក​ធ្វើការ​មិន​អាច​ចូលរួម​នៅ​ក្នុង​ការ​ចរចា​ជា​សមូហភាព ដែល​អាច​ជួយ​ផ្តល់​ជាមធ្យោបាយ​សម្រាប់​ពួកគេ​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទាំង​នេះ​ទេ»។

របាយការណ៍​នេះ ក៏​បាន​រក​ឃើញដែរ​ថា ម៉ោង​ធ្វើ​ការ​អាច​មាន​រយៈពេល​វែង និង​ផ្លាស់ប្តូរ​មិន​ទៀង​ពេល។ របាយការណ៍​បាន​បន្ថែម​ថា ពាក់កណ្តាល​នៃ​អ្នក​ធ្វើការ​តាម​ប្រព័ន្ធអ៊ីនធឺណិត​ រក​ប្រាក់​ចំណូល​បាន​តិច​ជាង ២​ដុល្លារ​ក្នុង​មួយ​ម៉ោង ស្រ្តី​រក​ចំណូល​បាន​តិច​ជាង​បុរស ហើយ​អ្នក​ធ្វើ​ការ​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​រក​ប្រាក់​ចំណូល​បាន​ ៦០​ភាគរយ​ តិចជាង​អ្នក​ធ្វើការ​ដូចគ្នា​នៅ​ប្រទេស​អភិវឌ្ឍន៍។

ដោយសារ​បណ្តាញ​ផ្តល់​ការងារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​ចំនួន​ មាន​ប្រតិបត្តិការ​នៅក្នុង​ដែន​រដ្ឋបាលលើស​ពី​មួយ ​អង្គការ​ពលកម្ម​ពិភពលោក​និយាយ​ថា គេ​ត្រូវតែ​អនុម័ត​បទដ្ឋាន​ពលកម្ម​អន្តរជាតិ​សម្រាប់​អ្នក​ធ្វើការ​តាម​ប្រព័ន្ធ​ឌីជីថល។

នៅ​ក្នុង​ចំណោម​អនុសាសន៍​ផ្សេងៗ ក្រុម​អ្នក​រៀបរៀង​របាយការណ៍​និយាយ​ថា អ្នកធ្វើការ​ដោយ​ខ្លួន​ឯងតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផ្ទាល់ខ្លួន ​គួរ​មាន​សិទ្ធិ​ចរចា​ជា​ក្រុម។ ពួក​គេ​បាន​បន្ត​ថា អ្នក​ធ្វើការ​ទាំងអស់ ​រួម​មាន​អ្នក​ធ្វើការតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ផង​ដែរ ក៏​គួរ​តែ​ទទួល​បានប្រព័ន្ធ​គាំពារ​សន្តិសុខ​សង្គមសមរម្យ​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG