យ៉ាងហោចណាស់មានកម្មករកម្មការិនីនៃរោងចក្រកាត់ដេរសម្លៀកបំពាក់សរុបជាង២០០នាក់ បានដួលសន្លប់ និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសៅរ៍។ នេះបើតាមក្រុមសហជីពនិងអាជ្ញាធរ។
មន្ត្រីកម្ពុជានៅថ្ងៃអង្គារដាក់ការស្តីបន្ទោសទៅលើក្លិនប្រេងចាស់ៗដែលគេបង្ហូរចោលក្បែររោងចក្រស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យដែលធ្វើឱ្យកម្មករបន្តដួលសន្លប់។
លោក សែម ជឿន អ្នកចងក្រងឯកសារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) ដែលបានចុះទៅជួបជាមួយនឹងកម្មករកម្មការិនីដែលកំពុងសម្រាកនៅមន្ទីរពេទ្យផ្ទាល់បានប្រាប់ VOA ថា កម្មកររបស់រោងចក្រកាត់ដេរ អូលីវ អឹភែរិល(ខេមបូឌា)ក្នុងខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ចាប់តាំងពីថ្ងៃសៅរ៍។ លោកថា មានកម្មករសរុបជាង២០០នាក់ បានត្រូវបញ្ចូនទៅមន្ទីរពេទ្យ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
លោកបាននិយាយថា៖
«សន្លប់ និយាយទៅ។ គាត់មានអាការៈខ្លះសន្លប់ ខ្លះពួកគាត់កំពុងធ្វើការអ៊ីចឹងទៅ មានរបៀបថប់ដង្ហើមហើយ រកក្អួតចង្អោរអ៊ីចឹង អ៊ីចឹងក៏ថៅកែគេឲ្យគាត់ចេញ»។
លោក សែម ជឿន បានបន្តថា៖
«គេឲ្យអ្នកដែលសន្លប់ហ្នឹង គេឲ្យសម្រាក ជាក់ស្តែងណា។ ប៉ុន្តែអ្នកដែលមានសុខភាពធម្មតាហ្នឹងគេឲ្យគាត់នៅធ្វើការ។ ប៉ុន្តែអ្នកដែលសុខភាពធម្មតាហ្នឹងគឺត្រូវតែសន្លប់ទៀតឲ្យតែចូល»។
អ្នកនាង រស់ សោភ័ណ កម្មករផ្នែកដេរនៃរោងចក្រកាត់ដេរអូលីវ បានរៀបរាប់ប្រាប់ VOA ថា ខ្លួនមានអាការៈថប់ៗដង្ហើមតាំងពីចូលទៅដល់រោងចក្រភ្លាមនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលមិត្តរួមការងារជាច្រើនបានសន្លប់កាលពីថ្ងៃសៅរ៍និងថ្ងៃចន្ទ ដោយសារតែក្លិនប្រេង និងហ្គាស។ យ៉ាងណាក៏ដោយនាងថា នៅថ្ងៃអង្គារនេះមិនមានក្លិនអ្វីនោះទេ ពេលដែលពួកគេចាប់ផ្តើមអាការៈសន្លប់នោះ។
អ្នកនាងបាននិយាយថា៖
«ចូលទៅមានលក្ខណៈដូចណែនៗទ្រូង ថប់ៗដង្ហើម ឈឺក្បាលហ្មងចូលទៅ អត់មានធំក្លិនអីទេ។ អត់ទាន់ចូលដល់រោងចក្រផងហ្នឹង ទើបទៅដល់កន្លែងតុបាយ។ អាការៈម្នាក់ៗចាប់ផ្តើមអ៊ីចឹងហ្មង»។
លោក ប៉ុក វណ្ណថាត ប្រធានក្រុមការងារទប់ស្កាត់ករណីដួលសន្លប់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា កម្មករទាំងនោះមិនបានសន្លប់នោះទេ គ្រាន់តែមានអាការៈទន់ដៃទន់ជើងតែប៉ុណ្ណោះ។
លោក ប៉ុក វណ្ណថាត ដែលបានចុះត្រួតពិនិត្យកន្លែងកើតហេតុបានប្រាប់ VOA ថា៖
«ព្រឹកមិញដែលមានបញ្ហាបន្តិចបន្តួចហ្នឹងយើងឲ្យទៅសម្រាកនៅមន្ទីរពេទ្យ។ អ្នកនៅសល់ទាំងប៉ុន្មានគឺបន្តដល់ម៉ោងនេះ អត់អីទេ។ ព្រឹកមិញហ្នឹងប្រហែលជា៣០នាក់ទៅ៥០នាក់ទៀត វាប៉ុណ្ណឹង។ គ្រាន់ទន់ដៃទន់ជើងទេវាមិនសន្លប់អីទេ។ ហើយយើងធ្វើអ៊ីចឹងដើម្បីទប់សភាពការឲ្យរោងចក្រហ្នឹងមានដំណើរការឡើងវិញ»។
មន្ត្រីដដែលបាននិយាយថាតាមការត្រួតពិនិត្យរបស់លោក រោងចក្រនោះមិនមានបញ្ហាអ្វីឡើយ ប៉ុន្តែឫសគល់ដែលបណ្តាលឲ្យកម្មករចាប់ផ្តើមទន់ដៃទន់ជើងនេះដោយសារក្លិនប្រេងដែលត្រូវបានបង្ហៀរចោលរបស់កន្លែងជួសជុលត្រាក់ទ័រមួយនៅក្បែរនោះ។
«ការសាយភាយប្រេងរបស់ការច្រាលប្រេងចោល វានៅជិតហ្នឹង ខ្យល់ហ្នឹងវាបុកទៅហ្នឹងហ្មង បាទរឿងពិតតែប៉ុណ្ណឹងទេ»។
យ៉ាងណាក៏ដោយ លោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានបង្ហាញក្តីបារម្ភប្រាប់ VOA ថា ករណីកម្មកររោងចក្រដួលសន្លប់នៅតែមានការកើនឡើង ទោះបីជាស្ថាប័នពាក់ព័ន្ធបានដាក់យន្តការការពារយ៉ាងណាក៏ដោយ។
«កន្លងមកយើងពិនិត្យមើលឃើញ ហើយទោះបីជាមានការសិក្សាស្រាវជ្រាវអំពីឫសគល់នៃការដួលសន្លប់របស់កម្មករហ្នឹងក៏ដោយ យើងឃើញថា យន្តការក្នុងការអនុវត្តដើម្បីការពារ ទប់ស្កាត់ទៅហ្នឹងការដួលសន្លប់វាអត់ឃើញមានប្រសិទ្ធភាពអ៊ីចឹងណា»។
ករណីកម្មកររោងចក្រកាត់ដេរដួលសន្លប់នៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីដែលកម្មកររោងចក្របានដួលសន្លប់ចំនួនពីរករណីមកហើយ៕