ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគ្រិន​ជា​ស្ត្រី​នៅ​អាហ្វ្រិក​ចែក​រំលែក​ចំណេះដឹង​របស់​ពួកគេ​នៅ​ទីក្រុង​ណៃរ៉ូប៊ី


អ្នកស្រី Harriette Chiggai ទីប្រឹក្សា​ប្រធានាធិបតី​កេនយ៉ា​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ស្ត្រី ថ្លែង​ទៅកាន់​អ្នកចូលរួម​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។
អ្នកស្រី Harriette Chiggai ទីប្រឹក្សា​ប្រធានាធិបតី​កេនយ៉ា​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ស្ត្រី ថ្លែង​ទៅកាន់​អ្នកចូលរួម​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

បន្ទាប់ពី​ជួប​ប្រជុំ​គ្នា​តាម​អនឡាញ​អស់​រយៈពេល ៣ ឆ្នាំ​មក ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) បាន​រៀបចំ​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា​កាលពី​ពេល​ថ្មីៗ​នេះ ដែល​ជា​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ បង្អស់​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ មក។

កម្មវិធី​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក​នេះ​គឺ​ជា​កម្មវិធី​រយៈពេល​មួយ​ឆ្នាំ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល Center for Global Enterprise ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​រក​ប្រាក់​កម្រៃ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក។

លោក Christopher Caine នាយក​មជ្ឈមណ្ឌល Center for Global Enterprise បាន​ប្រាប់ VOA ថា កម្មវិធី​នេះ​បាន​ដំណើរការ​រយៈពេល ៥ ឆ្នាំ​មក​ហើយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ជា​ស្ត្រី​នៅ​អាហ្រ្វិក​បង្កើត​អាជីវកម្ម​ដែល​មាន​ភាព​ធន់។ យើង​ធ្វើ​ដូច្នេះ​ដោយ​ផ្តោត​លើ​សមត្ថភាព​ជំនាញ​គ្រប់គ្រង​របស់​ពួកគេ​និង​លើ​អ្វីៗ​ទាំងអស់​ដែល​អ្នក​ដឹកនាំ​អាជីវកម្ម​ត្រូវការ​ដើម្បី​ជោគជ័យ»។

អ្នកចូលរួម​ថតរូប​ជា​ក្រុម​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កេនយ៉ា​អ្នកស្រី Meg Whitman ក្នុង​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។
អ្នកចូលរួម​ថតរូប​ជា​ក្រុម​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កេនយ៉ា​អ្នកស្រី Meg Whitman ក្នុង​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

អ្នកស្រី Dawn Leaness នាយក​គ្រប់គ្រង​កម្មវិធី​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក បាន​ប្រាប់ VOA ថា ស្ត្រី​ប្រមាណ ២០០ នាក់​ត្រូវ​បាន​ជ្រើសរើស​ជា​រៀងរាល់​ឆ្នាំ​ចេញ​ពី​បេក្ខជន​ប្រមាណ ៣.០០០ នាក់។ អ្នកស្រី​បាន​និយាយ​ថា ពួកគេ​ផ្តោត​លើ​ការ​សិក្សា​បែប​អនុវត្ត​ផ្ទាល់។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «ស្ត្រី​គ្រប់​រូប​នៅ​ទី​នេះ​គឺ​ជា​សហគ្រិន។ ពួកគេ​កំពុង​គ្រប់គ្រង​អាជីវកម្ម​ផ្ទាល់​ខ្លួន ហើយ​ក្នុង​អំឡុង​ពេល​កម្មវិធី​នេះ ពួកគេ​ប្រើប្រាស់​អាជីវកម្ម​របស់​ពួកគេ​ជា​ករណី​សិក្សា។ ឧទាហរណ៍ ពួកគេ​រៀន​អំពី​ប្រធានបទ​មួយ​ដូចជា​អំពី​ទីផ្សារ​ឌីជីថល​ជាដើម ហើយ​បន្ទាប់មក ពួកគេ​តាក់តែង​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត​ទីផ្សារ​ឌីជីថល​សម្រាប់​អាជីវកម្ម​របស់​ពួកគេ​នៅ​ថ្ងៃ​បន្ទាប់។ ពេល​យើង​បណ្ដុះបណ្ដាល​អំពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ពួកគេ​បាន​យក​តារាង​តុល្យការ​របស់​ពួកគេ​មក​សិក្សា»។

អ្នកស្រី Elizabeth Njorge ម្ចាស់​ហាង Liz Njorge Collection បាន​ថ្លែង​ថា អ្នកស្រី​បាន​ធ្វើ​អាជីវកម្ម​អស់​រយៈពេល ២០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ស្ទើរតែ​រក​ប្រាក់​មិន​បាន។

អ្នកស្រី Njorge បាន​លើកឡើង​ដូច្នេះ​ថា៖ «សម្រាប់​សហគ្រិន​យើង​ភាគ​ច្រើន​ដែល​ធ្វើ​អាជីវកម្ម ដោយសារ​យើង​មិន​អាច​រក​ប្រាក់​បាន យើង​មិន​ដឹង​ថា​យើង​កំពុង​ធ្វើ​អ្វី​ទេ ប៉ុន្តែ​យើង​នៅ​ប្រឹង​បន្ត​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​សង្ឃឹម​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ។ ប៉ុន្តែ​នៅ​ពេល​អ្នក​កំពុង​ធ្វើ​អាជីវកម្ម អ្នក​មាន​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​នៅ​ក្នុង​អាជីវកម្ម​របស់​អ្នក។ ឧទាហរណ៍ នៅ​ពេល​អ្នក​ងាក​ចេញ​ពី​ទិសដៅ​របស់​អ្នក អ្នក​មាន​ភាព​ភាព​ងាយស្រួល​ក្នុង​ការ​ត្រឡប់​ទៅ​រក​ទិស​ដៅ​នោះ​វិញ»។

ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។
ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

អ្នកស្រី Uzoamaka Igweike នាយក​គ្រប់គ្រង​ក្រុមហ៊ុន Loom Craft Chocolate ដែល​ជា​ក្រុមហ៊ុន​កែច្នៃ​គ្រាប់​កាកាវ​និង​ផលិត​សូកូឡា​នៅ​ទីក្រុង​អាប៊ូហ្សា​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​ថ្លែង​ថា កម្មវិធី​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក​នេះ​បាន​ជួយ​អ្នកស្រី​ដោយ​ធ្វើ​ឱ្យ​ជំនាញ​លក់​របស់​អ្នកស្រី​ប្រសើរ​ឡើង​និង​ផ្តោត​លើ​អតិថិជន។

អ្នកស្រី Igweike បាន​លើកឡើង​ដូច្នេះ​ថា៖ «ដោយ​បាន​ឆ្លង​កាត់​កម្មវិធី​រយៈពេល ១២ ខែ​នេះ ខ្ញុំ​ឃើញ​មាន​ភាព​ខុស​គ្នា​ច្បាស់​ណាស់​រវាង​ពេល​ដែល​យើង​ចាប់ផ្តើម​និង​ពេល​ដែល​យើង​បញ្ចប់។ នៅ​ពេល​យើង​ចាប់ផ្តើម យើង​លក់​ឱ្យ​ហាង​ដែល​ភាគច្រើន​នៅ​ទីក្រុង​អាប៊ូហ្សា ប៉ុន្តែ​ឥឡូវ​នេះ​យើង​លក់​ឱ្យ​ហាង​ជិត ១០០ កន្លែង​នៅ​ទូទាំង​ប្រទេស»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កេនយ៉ា​អ្នកស្រី Meg Whitman ក៏​បាន​ចូលរួម​នៅ​ក្នុង​ការ​ប្រជុំ​នេះ​ផង​ដែរ។ ក្នុង​នាម​ជា​អតីត​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន eBay និង​ក្រុមហ៊ុន Hewlett Packard អ្នកស្រី Whitman បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Princeton និង​សាកលវិទ្យាល័យ Harvard ដែល​នៅ​ក្នុង​ថ្នាក់​របស់​អ្នកស្រី​គឺ​មាន​ស្ត្រី​តែ ១០% ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក​ថា អ្វីៗ​បាន​ប្រសើរ​ឡើង​ហើយ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កេនយ៉ា​អ្នកស្រី Meg Whitman ថ្លែង​ទៅកាន់​អ្នកចូលរួម​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កេនយ៉ា​អ្នកស្រី Meg Whitman ថ្លែង​ទៅកាន់​អ្នកចូលរួម​កិច្ចប្រជុំ​ក្រុម​សហករណ៍​សហគ្រិនភាព​ស្ត្រី​អាហ្រ្វិក (AWEC) ក្នុង​ទីក្រុង​ណៃរ៉ូប៊ី។

អ្នកស្រី Whitman ថ្លែង​ដូច្នេះ​ថា៖ «មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក​បន្ទាប់ពី​បាន​ធ្វើ​ការ​ក្នុង​វិស័យ​អាជីវកម្ម​អស់​រយៈពេល​ជិត ៤៥ ឆ្នាំ​ចុង​ក្រោយ​នេះ​គឺ​ថា​វា​លំបាក​សម្រាប់​ស្ត្រី។ សព្វថ្ងៃ​នេះ វា​ងាយ​ស្រួល​ជាង​ពេល​ខ្ញុំ​ទើប​រៀន​ចប់ ប៉ុន្តែ​វា​នៅតែ​លំបាក។ ប៉ុន្តែ​ជារឿយៗ យើង​អាច​ប្រឹងប្រែង​ធ្វើការ​ជាង​មុន​និង​ត្រូវ​ឆ្លាត​ជាង​មុន​ហើយ​តស៊ូ​ស្វិតស្វាញ ដែល​នេះ​គឺ​ជា​ការ​ចាំបាច់​ក្នុង​នាម​ជា​សហគ្រិន»។

អ្នកស្រី Harriette Chiggai ទីប្រឹក្សា​ប្រធានាធិបតី​កេនយ៉ា​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​ស្ត្រី គឺ​ជា​វាគ្មិន​កិត្តិយស​នៅ​ក្នុង​ការ​ប្រជុំ​នេះ។ អ្នកស្រី​បាន​ប្រាប់ VOA ថា មិន​ថា​ពួកគេ​ជួប​ការ​លំបាក​បែប​ណា​នោះ​ទេ សហគ្រិន​ជា​ស្ត្រី​គួរតែ​បន្ត​ដំណើរ​ទៅ​មុខ។

អ្នកស្រី Chiggai បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ចំណុច​សំខាន់​មួយ​ដែល​ខ្ញុំ​ចង់​ផ្តាំ​គឺ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។ ស្ត្រី​គ្រប់​រូប​ចាំបាច់​ត្រូវ​អាច​បណ្តុះបណ្តាល​និង​កសាង​សមត្ថភាព​ដើម្បី​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន»។

អ្នកស្រី​បាន​ថ្លែង​ថា ខណៈ​ស្ត្រី​ជា​ច្រើន​រក​ប្រាក់​បាន ការ​ដឹង​អំពី​របៀប​ប្រើប្រាស់​ប្រាក់​នោះ​គឺ​ជា​រឿង​សំខាន់៕

XS
SM
MD
LG