ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​នឹង​មិន​លុប​បំណុល​របស់​ពួក​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ទេ


នេះ​ជា​ទិដ្ឋាភាព​ទូទៅ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​រថភ្លើង​នៅ​លើ​បណ្តាញ​ខ្សែ​រថភ្លើង Standard Gauge Railway ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation​ និង​ផ្តល់​ហរិញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ក្នុង​ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

ពួក​អ្នក​ជំនាញ​ខាង​ការ​ទាក់ទង​រវាង​ប្រទេស​ចិន​ និង​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​និយាយ​ថា​ដោយ​សារ​មាន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ​១៩​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អាហ្វ្រិក​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ការ​សង​បំណុល​ជា​បណ្តោះ​អាសន្ន​ ឬ​ឱ្យ​មាន​ទម្រង់​មួយ​នៃការ​លុបចោល​បំណុល។​

នៅ​ពេល​ដែល​ប្រទេស​ចិន​ចាយ​វាយ​ត្បិត​ត្បៀត​ និង​សន្សំ​សំចៃ​ខាង​សេដ្ឋកិច្ច​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​ ពួក​មេដឹកនាំ​អាហ្វ្រិក​បារម្ភ​អំពី​អនាគត​នៃ​គម្រោង​ហេរដ្ឋា​រចនា​សម្ព័ន្ធ​ ពាណិជ្ជកម្ម​របស់​ចិន​ ហើយ​ក្នុង​ករណី​ខ្លះ​បាន​សុំ​ឱ្យ​មាន​ការ​សម្រាល​បំណុល​ផង​ដែរ។

ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំ​បំផុត​របស់​ទ្វីប​អាហ្វ្រិក​ ដោយ​មាន​ការ​ដឹក​ជញ្ជូន​ទំនិញ​នាំ​ចូល​ និង​នាំ​ចេញ​រួម​គ្នា​មាន​ទឹក​ប្រាក់​២០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​ ប្រទេស​ចិន​បាន​ផ្តល់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ដូច​ជា​ផ្លូវ​ កំពង់ផែ​ និង​ផ្លូវ​ដែក​នៅ​ទូទាំង​ទ្វីប​នេះ។​

ក៏​ប៉ុន្តែ​ជំងឺ​កូវីដ១៩​បាន​បណ្តាល​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​ពិភព​លោក​ដែល​នាំ​ឱ្យ​ពួក​ប្រទេស​អាហ្វ្រិក​គ្មាន​សមត្ថភាព​សង​បំណុល​ និង​បាន​បន្ថយ​ចំណង់​របស់​ប្រទេស​ចិន​ក្នុង​ការ​បណ្តាក់​ទុន​នៅ​ក្រៅ​ប្រទេស។​ ពួក​អ្នក​សង្កេត​ការណ៍​កំពុង​រក​មើល​សញ្ញា​ថា​តើ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ និង​ទ្វីប​អាហ្វ្រិក​នឹង​ផ្លាស់ប្តូរ​បែប​ណា​នៅ​ក្រោយ​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា។​

លោក ​Yun Sun ​ជា​នាយក​នៃ​កម្មវិធី​ប្រទេស​ចិន​នៅ​ឯ​មជ្ឈមណ្ឌល​ Stimson​ ដែល​ស្រាវជ្រាវ​ខាង​គោល​នយោបាយ​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

រូប​ឯកសារ៖ មនុស្សម្នា​ពាក់​ម៉ាស​ដើរ​កាត់​ហាង​របស់​ក្រុមហ៊ុន Huawei មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូប​ឯកសារ៖ មនុស្សម្នា​ពាក់​ម៉ាស​ដើរ​កាត់​ហាង​របស់​ក្រុមហ៊ុន Huawei មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក​បាន​និយាយ​ថា៖ «សេដ្ឋកិច្ច​ប្រទេស​ចិន​រងគ្រោះ​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩។ ​ការណ៍​នេះ​នឹង​បន្ថយ​សមត្ថភាព​ប្រទេស​ចិន​ក្នុង​ការ​បែង​ចែក​ខាង​ហិរញ្ញវត្ថុ​ ឬ​មិន​អាច​បន្ត​គាំទ្រ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​រួមបញ្ជូល​ទាំង​ទ្វីប​អាហ្វ្រិក តាម​អត្រា​ដែល​ចិន​បាន​ធ្វើពី​ពេល​មុន​នោះ​ទេ។​

សំណួរ​មួយ​ក្នុង​បណ្តា​សំណួរ​ធំៗ​គឺ​អនាគត​នៃ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ច្រើន​របស់​ប្រទេស​ចិនដោយ​មាន​រួម​បញ្ចូល​ការ​ផ្តើម​គំនិត​ផ្លូវ​ក្រវ៉ាត់​សេដ្ឋកិច្ច​ផង​ដែរ។​ រដ្ឋាភិបាល ​ធនាគារ​ និង​ពួក​អ្នក​បណ្តាក់​ទុន​ឯកជន​ចិន​បាន​ឱ្យ​ប្រទេស​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​ខ្ចី​ប្រាក់​១៤៦​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​២០០០​និង​ឆ្នាំ២០១៧។​ ដោយ​សារ​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ ប្រទេស​ជា​ច្រើន​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ផ្អាក​ការ​សង​បំណុល​ជា​បណ្តោះអាសន្ន ​ឬ​ឱ្យ​មាន​ទម្រង់​មួយ​នៃ​ការ​លុបចោល​បំណុល​ថែម​ទៀត​ផង។​

លោក​ Su ​បាន​និយាយ​ថា៖ ​«មិន​មែន​មាន​តែ​អាហ្វ្រិក​តែ​មួយ​ទេ​ដែល​ស្វាគមន៍​កាយវិការ​សាកល​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​សម្រាល​ប្រាក់​បំណុល​សាកល​នេះ។​ ក៏ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា​ គំនិត​នេះ​ខុស​ប្លែក​ពី​គំនិត​ចិន។​ ជា​ដំបូង​ ដោយគិត​អំពី​ប្រាក់​បំណុល​ដ៏​ច្រើន​ដែល​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ជំពាក់​ប្រទេស​ចិន​នោះ ​គេ​ត្រូវ​ពិចារណា​ថា​តើ​ប្រទេស​ចិន​អាច​ធ្វើ​បាន​ឬ​ទេ​ក្នុង​ការ​លុប​ចោល​បំណុល​ទាំង​នេះ​ ហើយ​នេះ​ជា​សំណួរ​សំខាន់​មួយ»។

គេ​ស្ទង់ប្រមាណ​ថា ​ប្រទេស​ទាំង​ឡាយ​ក្នុង​ទ្វីប​អាហ្វ្រិក​ជំពាក់​ប្រទេស​ចិន​៤៤​ពាន់លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ។​ អង្គការ​ឱ្យ​ខ្ចី​ប្រាក់​សាកល​ដែល​មាន​រួម​បញ្ចូល​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ធនាគារ​ពិភពលោក​ និង​ពួក​ឱ្យ​ខ្ចី​ប្រាក់​ឯកជន​នៃ​ក្រុម​ប្រទេស​ G-7​ ដោយ​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ​បាន​យល់​ព្រម​ផ្អាក​ការ​សង​បំណុល​ពី​ប្រទេស​ចំនួន​៧៧​ក្នុង​បណ្តា​ពួក​ប្រទេស​ក្រីក្រ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។​

ប្រទេស​ចិន​បាន​និយាយ​ថា ​ខ្លួន​បើក​ចំហ​ឱ្យ​មាន​ការ​សម្រាល​បំណុល​ថែម​ទៀត​ ក៏​ប៉ុន្តែ​ខ្លួន​ចង់​ធ្វើ​ការ​ចរចា​អំពី​លក្ខខណ្ឌ​ជា​មូលដ្ឋាន​ជា​មួយ​ប្រទេស​នីមួយៗ។​

លោក​ Sun ​បាន​និយាយ​ថា៖ ​«ជា​ដំបូង​ ឥរិយាបថ​របស់​ប្រទេស​ចិន​ចំពោះ​បញ្ហា​នេះ​គឺ​មាន​ការ​ជំទាស់​ខ្លះ។​ ការណ៍​នេះ​មិន​មែន​មាន​ន័យ​ថាប្រទេស​ចិន​នឹង​មិន​ធ្វើ​ការ​ចរចា​ជា​ថ្មី​អំពី​ប្រាក់​បំណុល​ ឬ​ការ​រៀប​ចំ​ទម្រង់​បំណុល​ជា​ថ្មី​ ឬ​ការ​ពន្យារ​ពេល​ការ​សង​បំណុល​សម្រាប់​ពួក​ប្រទេស​អាហ្វ្រិក​ដើម្បី​សង​បំណុល​នោះ​ទេ។​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ ចិន​មិន​ព្រមឱ្យ​មានការ​លុប​ចោល​បំណុល​ទេ»។​

ពួក​ប្រទេស​អាហ្វ្រិក​ហាក់​ដូចជា​មិន​អន្ទះសា​ប្រឆាំង​នឹង​ប្រទេស​ចិន​អំពី​បញ្ហា​បំណុល​ទេ។​

អ្នក​ស្រី​ Hannah Ryder​ ជា​អ្នក​ចាត់ចែង​កិច្ចការ​ក្រុម​ហ៊ុន ​Development Reimagined ​ដែល​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់ខាង​ការ​អភិវឌ្ឍ​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ប៉េកាំង។​ អ្នក​ស្រី​បាន​និយាយ​ថា​ពួក​មេដឹកនាំ​អាហ្វ្រិក​ច្រើននាក់​មាន​ជំនឿ​ថា​ ការ​ខ្ចី​ប្រាក់​ជា​ការ​ចាំ​បាច់​ដើម្បី​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាតិ​ជា​ការ​ចាំបាច់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ និង​ជួយ​ប្រជា​ពលរដ្ឋ​ឱ្យ​ចេញ​ផុតពី​ភាព​ទីទាល់​ក្រ។

អ្នក​ស្រី​ Hannah Ryder ​ចង្អុល​បង្ហាញ​ថា​ ​ប្រទេស​ជាតិ​អាហ្វ្រិក​ត្រូវ​មាន​ប្រាក់​សរុប​៦៨​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស។​ ប្រទេស​ទាំង​នេះ​មិន​មាន​ប្រាក់​សម្រាប់​សេចក្តី​ត្រូវការ​ទាំង​នេះ​ទេ​ហើយ​ត្រូវ​តែ​ខ្ចី​ប្រាក់​ពី​អង្គការ​អន្តរជាតិ ​និង​ប្រទេស​នានា​ដោយ​មានរួម​បញ្ចូល​ទាំង​ប្រទេស​ចិន​ផង​ដែរ។​

អ្នក​ស្រី ​Ryder ​បាន​ថ្លែង​ថា៖ ​«ជា​ការ​ពិត​គឺ​មាន​បញ្ហា​ប្រាក់​បំណុល​ហើយ​បំណុល​មិន​មែន​នាំ​ឱ្យ​មាន​ការ​សប្បាយ​រីករាយ​ទេ​ ទោះ​ណា​ជា​បុគ្គល​ក៏​ដោយ។​ មិន​មែន​ជា​ការ​អស្ចារ្យ​ទេ​ដែល​មាន​បំណុល។​ ក៏​ប៉ុន្តែ​ហេតុ​ផល​ដែល​នាំ​ឱ្យពួក​មេដឹកនាំ​អាហ្វ្រិក​សម្រេច​ខ្ចី​បំណុល​គឺ​ដើម្បី​យក​ប្រាក់​កម្ចី​ទៅ​ចាយ​វាយ​សម្រាប់​កសាង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ដូច​ជា​ថាមពល​ និង​ផ្លូវ។ល។ ​ពី​ព្រោះ​ទ្វីប​នេះ​ត្រូវ​ការ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​នេះ។​ ទ្វីប​អាហ្វ្រិក​មិន​អាច​សម្រេច​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ទេ​ ប្រសិន​បើ​គ្មាន​វិនិយោគ​ទាំង​នេះ»។​

ក៏​ប៉ុន្តែ​នៅ​តែ​មាន​កង្វល់​អំពី​ថា​តើ​ប្រទេស​ចិន​នឹង​មាន​ប្រតិកម្ម​បែប​ណាការ​ដែល​ពួក​ប្រទេស​ អាហ្វ្រិក​គ្មាន​សមត្ថភាព​សង​ប្រាក់​បំណុល​នោះ។​ ជា​ឧទាហរណ៍​ប្រទេស​ជីប៊ូទី​ (Djibouti) ​ជំពាក់​ប្រាក់​បរទេស​ស្មើ​នឹង​ប្រមាណ​៨០​ភាគ​រយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក។​ ប្រទេស ​កេនយ៉ា​មាន​បំណុល​ស្មើ​៦១​ភាគ​រយ។​ ប្រទេស​ទាំង​ពីរ​នេះ​ធ្វើ​កំពង់ផែ​ធំៗ​ដែល​ផ្តល់​ប្រាក់​ដោយ​ប្រទេស​ចិន។​ ពួក​អ្នក​សង្កេត​ការណ៍​បារម្ភ​ថា​ នៅ​ពេល​ប្រាក់​បំណុល​កើន​ច្រើន​ឡើងៗ​ ការ​ធ្វើ​គម្រោង​ក៏​មិន​ធ្វើ​ចប់​ ឬចិន​ដែល​ជាម្ចាស់​បំណុល​នឹង​គ្រប់គ្រង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ទ្វីប​ អាហ្វ្រិក​ជំនួស​ការសង​បំណុល។​

អ្នក​ស្រី​ Ryder ​បាន​ថ្លែង​ថា៖ ​«គម្រោង​ខ្លះ​នឹង​ត្រូវ​ផ្អាក​ដោយ​សារ​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។​ បញ្ហា​ទាំង​នេះ​គួរត្រូវ​ពិនិត្យ​ដោយ​ល្អិតល្អន់។ ​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ទាំង​នេះ​គួរ​គិត​អំពី​ការ​ជំរុញ​ទៅ​មុខ​ហើយ​ពួក​គេគួរ​រៀបចំ​ផែនការហើយ​និយាយ​ជា​មួយ​ប្រទេស​ចិន​អំពីបញ្ហា​ទាំង​នេះ​ផង​ដែរ»៕​

ប្រែសម្រួល​ដោយ​លោក​ឈឹ​ម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG