ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សិក្សា​រក​ឃើញ​ថា​៖ ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ទំនង​នឹង​មិន​ទស្សនា​ឧទ្យាន​ជាតិ​ទេ​


រូបភាពឯកសារ៖ ខ្លាឃ្មុំ​រោម​ស្រម៉ូវ​ដើរ​កាត់​វាល​ស្មៅ​នៅ​ឧទ្យាន​ជាតិ​ Yellowstone រដ្ឋ​ Wyoming ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១១។

រដូវ​ក្តៅ​កំពុង​តែ​ខិតជិត​មក​ដល់​ ហើយ​នឹង​មាន​អ្នក​ដើរ​លេង​កម្សាន្ត​ និង​អ្នក​ទៅ​ទស្សនា​ឧទ្យាន​ជាតិ និង​ឧទ្យាន​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក​យ៉ាង​ច្រើន​ក្នុង​រយៈពេល​នេះ។ បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​អាមេរិក សម្រាប់​តែ​ឆ្នាំ២០១៥​ប៉ុណ្ណោះ មាន​មនុស្ស​រាប់​លាន​នាក់​បាន​ទៅ​ទស្សនាឧទ្យានជាតិ​នានា។

ប៉ុន្តែ​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​នៅ​ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រធម្មជាតិ​របស់​សាកលវិទ្យាល័យ Missouri បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ទំនង​មិន​ចង់​ចូលរួម​ឲ្យស្គាល់​ពី​ភាព​អស្ចារ្យ​នៃឧទ្យាន​ជាតិ​នានារបស់​អាមេរិក ដូច​ពលរដ្ឋ​អាមេរិកាំង​ស្បែក-​ស​នោះ​ទេ។ ការ​ស្រាវជ្រាវ​ពី​មុនៗ​បង្ហាញ​ថា នេះ​មក​ពី​ភាព​ខុស​គ្នា​នៃ​វប្បធម៌រវាង​ពលរដ្ឋ​ស្បែក​ស និង​ស្បែក​ខ្មៅ។

កេរ្តិ៍តំណែលនៃ​ជនរង​គ្រោះដោយសារការ​ប្រកាន់​ពូជសាសន៍​នៅ​មាន​បន្ត​ដល់​សព្វថ្ងៃ

លោក​សាស្ត្រាចារ្យ Kanjae “Jerry” Lee នៃ​សាកលវិទ្យាល័យ​ខាង​លើ​នេះ​ ដែល​បាន​ដឹក​នាំ​ការ​សិក្សា​ស្រាវ​ជ្រាវនោះ​បាន​និយាយ​ថា​ ការ​វិភាគ​មួយ​នោះ​មិន​ធ្វើ​ឡើង​ឲ្យ​ស៊ី​ជម្រៅ​គ្រប់គ្រាន់​នោះ​ទេ។ ការ​សិក្សា​ជ្រាវជ្រាវ​នោះ​ត្រូវ​បាន​គេ​ដាក់​ចំណង​ជើង​ថា «Bourdieu និង​ការ​ទៅ​ទស្សនា​ឧទ្យាននៃ​ប្រជាជនអាមេរិកាំង​ដែល​មាន​ដើម​កំណើតអាហ្វ្រិក​៖ ករណី​សិក្សា​នៃ​ឧទ្យាន Cedar Hill ក្នុង​រដ្ឋ​តិច​សាស់»។​

«យើង​ត្រូវ​តែ​យល់ពី​របៀប​ដែល​ការគាប​សង្កត់​រាប់​សតវត្សរ៍បាន​បង្កើត​នូវ​ផ្នត់​គំនិត​ជាក់លាក់​មួយ​ក្នុង​ចំណោម​ប្រជាជន»។

សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​របស់​គាត់ លោក Lee បាន​ធ្វើ​ការ​សម្ភាសន៍​ស៊ី​ជម្រៅ​ជាមួយ​ពលរដ្ឋ​អាមេរិកដើម​កំណើតអាហ្វ្រិក ១៣នាក់​មក​ពី​ក្រុង Cedar Hill រដ្ឋ​តិច​សាស់។ មនុស្ស​ភាគ​ច្រើន​ជា​ពលរដ្ឋ​វណ្ណៈ​កណ្តាល និង​រស់នៅ​ក្បែរ​ឧទ្យាន Cedar Hills។​

លោក Lee ​បាន​កត់​សម្គាល់​ថា ការ​រើសអើង​ជាតិ​សាសន៍​ខាង​ផ្លូវច្បាប់​មិន​មាន​ទៀត​នោះ​ទេ។ ក៏​ប៉ុន្តែ លោកនិយាយ​ថា ការ​មិន​ទៅ​ទស្សនា​ឧទ្យាន​នេះ​នៅ​តែ​កើត​ឡើង​ ដោយ​សារ​តែ​ឪពុក​ម្តាយ​ និង​ជីដូន​ជីតា​ ជីលួតជីលា​របស់​អ្នក​ដែល​លោក​បាន​សម្ភាសន៍​តែងតែ​ភ័យ​ខ្លាច​ពី​អាយុ​ជីវិត​របស់​ពួកគេ ដែល​ស្ថិត​ក្នុងកណ្តាប់ដៃ​របស់​ពលរដ្ឋ​ស្បែក​ស។ «វា​បាន​បង្កើត​នូវ​ផ្នត់​គំនិត​ជាក់លាក់​មួយ​ក្នុង​សហគមន៍​ជនជាតិ​អាមេរិក​ដើម​កំណើតអាហ្វ្រិក​។ ដូច្នេះ សមាជិក​គ្រួសារ​របស់​ពួកគេ​មិន​អាចបង្កើត​ឲ្យ​មានវប្បធម៌​ដែល​ឲ្យ​តម្លៃ​ដល់​ឧទ្យាន ឬ​បរិយាកាស​នៃការ​ កម្សាន្ត​នៅ​តាម​ទី​ធម្មជាតិ​នានា​នោះទេ»។

ប្រវត្តិសាស្ត្រនា​ពេលអតីតកាល ភាព​ភ័យ​ខ្លាច​នាពេល​បច្ចុប្បន្ន

ប៉ុន្តែ​ការមិន​ចង់​ទៅ​ទស្សនា​ឧទ្យានរបស់​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក​មិន​មែន​ដោយ​សារ​តែ​ការ​រំលោភ​បំពានដែល​បន្សល់ពី​អតីតកាល​នោះ​ទេ។ អ្នក​ត្រូវ​បាន​សម្ភាសន៍​ភាគ​ច្រើន​និយាយ​ថា ពួកគេ​ធ្លាប់ឆ្លង​កាត់ការ​រើសអើង​ពូជសាសន៍ពី​ក្រុម​ពលរដ្ឋ​ស្បែក​ស​នៅ​ក្នុង​សហគមន៍​របស់​គេ​នា​ពេល​បច្ចុប្បន្ន​នេះ ហេតុ​នេះ​ហើយពួក​គេ​ក៏គិត​ថា​ការ​រើស​អើង​បែប​នេះ​អាច​នឹង «ឆ្លង​ទៅ​ដល់​» ពលរដ្ឋ​ស្បែក​សនៅ​តាមឧទ្យាននោះ។

ម្យ៉ាង​ទៀត ឧទ្យាន Cedar Hill​ ស្ថិត​នៅ​លើ​ទីតាំង​ចម្ការ​ពី​មុន។​ ចម្ការ​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​មួយ​ដែល​មាន​ទាសករ​សុទ្ធ​តែ​ជា​ពលរដ្ឋអាមេរិក​ដើម​កំណើតអាហ្វ្រិក ។ ការ​ពិត​មួយ​នេះ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៏​ក្នុង​ការ​ដាក់​សញ្ញា​សម្គាល់​ក្នុង​ឧទ្យាន​នោះ​ទេ ដែល​បែ​ជា​ហៅ​កន្លែង​នោះ​ថា «កសិដ្ឋាន»។ លោក Lee និយាយ​ថា ការមិន​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រដ៏ខ្មៅ​ងងឹត​នៃ​ទីតាំង​របស់​ឧទ្យាននេះ ​មាន​ន័យ​ស្មើនឹងរើសអើង​ពូជសាសន៍​នៅ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ។

លោក Lee ផ្តល់​នូវ​វិធីសាស្រ្ត​មួយ​ចំនួន​ដែល​អាច​នឹង​ជួយ​ពលរដ្ឋ​ស្បែក​ខ្មៅ​ឲ្យ​យល់​ថា​ ឧទ្យាន​ជាតិ និងឧទ្យានរដ្ឋក៏ជា​កេរ្តិ៍​ដំណែល​ និង​ភាព​រីករាយ​របស់​ពួកគេ​ដែរ។​

«យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពលរដ្ឋ​ស្បែក​ខ្មៅ​ជំនាន់​ក្រោយ​យល់​ថា ការ​ទៅ​ទស្សនា​ឧទ្យាន​ និង​កន្លែង​កម្សាន្ត​ខាង​ក្រៅ​ផ្សេង​ទៀត​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព និង​សង្គម​ជា​ច្រើន»។

ការ​អប់រំ​ឲ្យ​ពលរដ្ឋ​ស្បែក​ខ្មៅ​ «ចេះ​ទាមទារ​នូវ​ចំណែក​របស់​ខ្លួន»

លើស​ពី​នេះទៅ​ទៀ​ ដោយ​សារ​តែ​ឧទ្យាន​ជាតិ​ និង​ឧទ្យាន​រដ្ឋ​ត្រូវ​បាន​គ្រប់គ្រង​ និង​ត្រូវ​បាន​បង់​ថ្លៃ​តាម​រយៈ​ប្រាក់​ប្រជាជន​បង់​ពន្ធ​ជូន​រដ្ឋ ​ លោក Lee និយាយ​ថា ពលរដ្ឋ​ស្បែក​ខ្មៅ​ត្រូវតែ​ភ្ញាក់​រឭកថា​ ការ​នៅ​ផ្ទះ​មាន​ន័យ​ថា ប្រាក់​ពន្ធ​ដែល​ពួកគេ​បង់ ​ត្រូវ​បានយក​ទៅចំណាយលើ​អ្នក​ផ្សេង ដែល​ជា​ទូទៅ​ គឺ​ទៅ​លើ​ពលរដ្ឋ​ស្បែក​ស។ លោក Lee បាន​បន្ថែម​ថា «ខ្ញុំ​គិត​ថា វិធីសាស្ត្រ​មួយ​ចំនួន​អាច​ជា​ការ​ទៅ​ទាក់ទង​ជាមួយ​សាលា​ក្នុង​តំបន់ និង​ការនាំ​ក្មេងៗ​ឲ្យ​ទៅ​លេង​នៅ​ឧទ្យាន ក្នុង​ន័យ​ជា​ការ​ចុះ​ទស្សនកិច្ចសិក្សា​ ឬ​ដំណើរ​ពិកនិក ឬ​កម្មវិធីផ្សេង​ៗទៀត​ ដូច្នេះ​ពួកគេ​អាច​ស្គាល់ឧទ្យានជាតិទាំងអស់​នេះ»។ ​

ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Missouri មួយ​នេះ មិន​បានបញ្ចូល​ឲ្យ​មាន​ការ​ចូលរួម​ពីសំណាក់ពលរដ្ឋស្បែកខ្មៅក្នុង​រដ្ឋដទៃ​ ឬ​ឧទ្យាន​ជាតិដទៃ​ទៀតដូចជា ឧទ្យាន​ជាតិ Yellowstone ឧទ្យាន​ជាតិ Glacier ឬ​ឧទ្យាន​ជាតិ​ភ្នំ Great Smoky ទេ។ លោក Lee នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ លំអាន​ដែល​លោក និង​សហការី​របស់​លោក​បាន​រក​ឃើញ​នៅ​ក្នុង​ក្រុងCedar Hills ​រដ្ឋ​តិចសាស់ ក៏​បាន​រក​ឃើញ​នៅតាមទី​កន្លែង​ពេញ​និយម​ និង​កន្លែង​សម្រាក​ក្នុង​រដូវ​ក្តៅ​ផ្សេង​ទៀតផង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG