ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មហា​កំពែង​បៃតង​របស់​អាហ្វ្រិក៖ អ្នក​ស្រាវជ្រាវ​ជំរុញ​ការ​អភិវឌ្ឍ​ថ្មី ទោះជា​មាន​ជម្លោះ​និង​បញ្ហា​មូលនិធិ​ក្តី


សត្វគោ​នៅ​ក្នុង​ក្រុង Widou Thiengoly ប្រទេស​សេណេហ្គាល់។ សេណេហ្គាល់​ជា​ប្រទេស​មយយ​ដែល​ប្រើប្រាស់​គំនិត​ផ្តួចផ្ដើម​បៃតង Great Green Wall នៅ​ក្នុង​សហគមន៍។ (Agathe Euzen/Great Green Wall Researchers)

មហា​កំពែង​បៃតង​នៃ​ដើមឈើ​និង​គុម្ពោតព្រៃ​របស់​អាហ្រិ្វក កំពុង​កកើតឡើង​បន្តិច​ម្តងៗ។ ​ជា​គោលដៅ ​គម្រោង​នេះ​លាត​សន្ធឹង​ក្នុង​ចម្ងាយ ៨.០០០ គីឡូម៉ែត្រ​ ពី​ប្រទេស Mauritania នៅ​ភាគ​ខាង​លិច និង​ទៅកាន់​ផ្នែកតូច​មួយ​នៃ​ប្រទេស Djibouti នៅ​ភាគ​ខាង​កើតនៃទ្វីប​អាហ្វ្រិក។​ ក្នុង​រយៈពេល ១៥ ឆ្នាំ​នៃ​ការ​អនុវត្ត​គម្រោង​ដែល​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ ២០៣០ គម្រោង​ស្តារ​ដើមឈើ​ឡើងវិញ​នេះ​ បាន​សម្រេច​គោលដៅ​ត្រឹម​តែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ។ ប្រទេស​ចំនួន ៨ ក្នុង​ចំណោម​ប្រទេស​ ១១ ដែល​ចូលរួម​ក្នុង​គម្រោង​នេះ កំពុង​ប្រឈម​នឹង​ភាព​ចលាចល​ក្នុង​ប្រទេស។ ហើយ​ការ​ផ្តល់​ជំនួយ​មូលនិធិ ក៏​មិន​ទាន់​ត្រូវ​នឹង​កម្រិត​នៃ​គោលដៅ​អភិវឌ្ឍ​ផង​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ សាស្ត្រាចារ្យ​ផ្នែក​បរិស្ថាន​លោក Aliou Guissé ចង្អុល​បង្ហាញ​ពី​ភាព​ជោគជ័យ​ជាក់ស្តែង​មួយ​ចំនួន​នៃ​គម្រោង​នេះ។​ នៅក្នុង​តំបន់​សាហ៊ែល (Sahel) នៃ​ប្រទេសសេណាហ្គាល់ ដែល​ជា​ប្រទេស​កំណើត​របស់​លោក មាន​ការ​កើនឡើង​នៃ​តំបន់​ដាំដុះ​ដើមឈើ​ឡើង​វិញ។​ លោក​ Guissé មាន​ប្រសាសន៍​ថា៖ «តំបន់​ទាំងនោះ​គឺជា​ជម្រក​សម្រាប់​ហ្វូងសត្វ​ បក្សី និង​សត្វល្អិត​ដ៏​ធំ​និង​ចម្រុះ ជាង​តំបន់​ផ្សេងៗ​ទៀត ដែល​មិនទាន់​មាន​ការ​ដាំ​ដើមឈើ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​កំពុង​ស្រាវជ្រាវ​ពី​អត្ថប្រយោជន៍​ផ្នែក​សុខភាព និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​របស់​រុក្ខជាតិ​ក្នុងស្រុក ដូចជា​ផ្លែល្មើរ ដែលសហគមន៍​នានា​ចាត់ទុក​ថា​មាន​ប្រយោជន៍​ច្រើន ហើយ​អាចយក​ធ្វើ​ពាណិជ្ជកម្ម និង​បង្កើត​ប្រាក់​ចំណូល​បាន​ផង​ដែរ។​

គ្រូពេទ្យ​កំពុង​ពិនិត្យ​សុខភាព​កុមារ​ម្នាក់​នៅ​ក្នុង​ក្រុង Widou Thiengoly ប្រទេស​សេណេហ្គាល់។(Priscilla Duboz/Great Green Wall Researchers)
គ្រូពេទ្យ​កំពុង​ពិនិត្យ​សុខភាព​កុមារ​ម្នាក់​នៅ​ក្នុង​ក្រុង Widou Thiengoly ប្រទេស​សេណេហ្គាល់។(Priscilla Duboz/Great Green Wall Researchers)

លោក Guissé ជា​សហនាយក​នៃ​មជ្ឈមណ្ឌល​អង្កេត Tessekere (Tessekere Observatory) នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​សេណាហ្គាល់ ដែល​ស្វែងរក​វិធីសាស្រ្ត​រួម​មួយ​សម្រាប់​ការ​អភិវឌ្ឍ​មហា​កំពែង​បៃតង ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​ កសិកម្ម សេដ្ឋកិច្ច និង​បរិស្ថាន។

លោក​និង​អ្នក​ជំនាញ​ដទៃទៀត​បាន​ជួប​ពិភាក្សា​គ្នា​កាលពី​ដើម​ខែ​កក្កដា នៅ​ក្នុង​ទីក្រុង Poitiers ភាគខាង​លិច​នៃ​ប្រទេស​បារាំង ដើម្បី​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​របស់​ពួកគេ ដែលបច្ចុប្បន្ន​កំពុង​ធ្វើឡើង​នៅ​ប្រទេស​បួរគីណា ហ្វាសូ​ និង​ប្រទេស​សេណាហ្គាល់ ដើម្បី​រួម​បញ្ចូល​អ្នក​ស្រាវជ្រាវ​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត​ នៅក្នុង​តំបន់​សាហ៊ែល ដូចជា​ប្រទេស Niger ប្រទេស Chad និង​ប្រហែលជាប្រទេស​ម៉ាលី​ផង ឲ្យ​ធ្វើការ​ងារ​រួមគ្នា។ ទោះបី​ជា​ប្រទេស​ទាំងនោះ​មាន​ភាពចលាចលក្តី ក៏ក្រុម​អ្នក​ស្រាវជ្រាវនិយាយ​ថា វឌ្ឍនភាព​ដូចជា​ការ​ប្រមូលផ្តុំ​ទិន្នន័យ​មូលដ្ឋាន អាច​ធ្វើ​ទៅ​បាន។

សហនាយក​ម្នាក់​ទៀត​របស់​មជ្ឈមណ្ឌល​អង្កេត Tessekere គឺ​នរវិទូ​ជនជាតិ​បារាំង​លោក Gilles Boëtsch មាន​ប្រសាសន៍​ថា៖​ «គោលដៅ​មួយទៀត គឺ​ការ​កសាង​ភាពជា​ដៃគូរ​រវាង​អ្នក​ស្រាវជ្រាវ​និង​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ ដែល​គ្រប់គ្រង​ការ​អភិវឌ្ឍ​គម្រោង​មហា​កំពែង​បៃតង។ ក្រុម​ស្រាវជ្រាវ​នេះ កំពុង​ស្វែងយល់​ពី​គំនិត​ថ្មីៗ ដូចជា​ការ​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺឆ្លង​ពី​សត្វ​មក​មនុស្ស ដូចជា​ជំងឺ​អ៊ីបូឡា (Ebola) និង ជំងឺ​កូវីដ១៩ ជាដើម។

លោក Boëtsch បាន​បន្ថែម​ថា ការ​សិក្សា​ស្រាវជ្រាវ​របស់​ពួកគេ មិនត្រឹម​តែ​ផ្តល់​ផលប្រយោជន៍​ដល់​តំបន់​សាហ៊ែល​នៃ​ទ្វីប​អាហ្រិ្វក​ប៉ុណ្ណោះ​ទេ តែថែម​ទាំង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ផ្សេងៗ​ទៀត ដូចជា​ប្រទេស​បារាំង​ដែល​កំពុងតែ​ប្រឈម​នឹង​ការ​កើន​ឡើង​នៃកម្តៅ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ៕

ប្រែសម្រួល​ដោយ​កញ្ញា អ៊ូ ចរិយា

ពាក្យក្នុងសារព័ត៌មាន៖ Emulate
សូម​រង់ចាំ

No media source currently available

0:00 0:01:29 0:00
XS
SM
MD
LG