ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គម្រោង​វិនិយោគ​ឯកជន​របស់​សហរដ្ឋ​អាមេរិក វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​ទ្វីបអាហ្វ្រិក


រូបឯកសារ៖ ក្រុមស្រ្តីនៃកម្មវិធី​ Prosper Africa ធ្វើកញ្ជ្រែងនិង​ល្អី​ដោយដៃ។ ​

តើ​ការ​ប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ទ្វីប​អាហ្វ្រិក​មាន​ទំហំ​ប៉ុណ្ណា?

អ្នកស្រី Victoria Whitney ប្រធាន​ប្រតិបត្តិការ​នៃ​កម្មវិធី Prosper Africa ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៨ បាន​និយាយ​ថា គម្រោង​ផ្ដួចផ្ដើម​ដែល​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ចំនួន ១៧ នេះ បាន​សម្រួល​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​ច្រើន​ដែល​មាន​ទឹក​ប្រាក់​ជាង ២២ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ជាង ៣០ នៅ​ទ្វីប​អាហ្វ្រិក ដែល​ផ្តោត​លើ​អាជីវកម្មខ្នាត​តូច​និង​ខ្នាត​មធ្យម។

កាល​ពី​ចុង​ខែ​តុលា អ្នកស្រី Victoria Whitney បាន​ប្រកាស​អំពី​វិធានការ​ថ្មីៗ ដែល​មាន​គោល​បំណង​ប្រើប្រាស់​ការ​វិនិយោគ​ឯកជន​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​វិនិយោគ​ក្នុង​ផ្នែក​សហគ្រិនភាព​នៅ​ទ្វីប​អាហ្វ្រិក។

អ្នកស្រី Whitney បាន​និយាយ​ថា៖ «កម្មវិធី​ថ្មី​សម្រាប់​ទ្វីប​អាហ្វ្រិក​នេះ នឹង​ផ្តល់​សេវា​ទូលំទូលាយ​ដូចជា​ការ​ពិគ្រោះ​យោបល់​ផ្នែក​អាជីវកម្ម​និង​ការ​សម្របសម្រួល​អន្តរកាល និង​ការ​អន្តរាគមន៍​ខាង​គោល​នយោបាយ​ដែល​ដៅ​ទុក​ជាដើម ដែល​ទាំង​នេះ​គឺជា​គោល​សំខាន់ៗ​នៃ​កម្មវិធី​ផ្ដួចផ្ដើម​នេះ។ គម្រោង​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​នាំ​ឱ្យ​មាន​ការ​នាំ​ចេញ​និង​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ថែម​ទៀត ព្រម​ទាំង​បង្កើត​ការងារ​រាប់​សែន​ការងារ​នៅ​ត្រឹម​ឆ្នាំ ២០២៦។ ខ្ញុំ​យល់​ថា កម្មវិធី​ថ្មី​នេះ​គឺ​នឹង​អាច​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​បាន»។

កម្មវិធី​នេះ​ គឺ​ជា​គម្រោង​ផ្ដួចផ្ដើម​មួយ​ក្នុង​ចំណោម​គម្រោង​ផ្ដួចផ្ដើម​ជា​ច្រើន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​មាន​គោល​បំណង​នាំ​វិនិយោគ​ឯកជន​ចូល​ក្នុង​ទ្វីប​អាហ្វ្រិក។

សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ (International Development Finance Corporation) គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក។ ស្ថាប័ន​នេះ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍន៍​ឯកជន​នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម។

ចាប់តាំង​កម្មវិធី​នេះ​បាន​ចាប់ផ្ដើម​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ ២០២០ មក ស្ថាប័ន​នេះ​បាន​វិនិយោគ​ជាង ៨ ពាន់​លាន​ដុល្លារ​លើ​គម្រោង​ចំនួន ៣០០ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក រួម​ជាមួយ​នឹង​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ USAID ដែល​កំពុង​ធ្វើការ​លើ​កិច្ច​ព្រមព្រៀង​នានា​ដែល​មាន​ទឹក​ប្រាក់ ១០ ពាន់​លាន​ដុល្លារ។

អ្នកស្រី Whitney បាន​ថ្លែង​ថា៖ «លោក Adam Boehler ដែល​ជា​ប្រធាន​ប្រតិបត្តិ​នៃ​កម្មវិធី Prosper Africa នេះ និង​ជា​នាយក​ប្រតិបត្តិ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អភិវឌ្ឍន៍​អន្តរជាតិ DFC បាន​រៀបរាប់​អំពី​គម្រោង​នេះ។ លោក​បាន​និយាយ​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ យើង​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​វិនិយោគ​នៅ​ទ្វីប​អាហ្វ្រិក​ទេ។ នៅ​ពេល​ដែល​សួរ​ថា​ហេតុអ្វី​មិន​ឃើញ​សហរដ្ឋ​អាមេរិក [មក​វិនិយោគ​នៅ​ទ្វីប​អាហ្វ្រិក] យើង​មិន​មាន​ចម្លើយ​ល្អ​បំផុត​ទេ។ ប៉ុន្តែ ដោយសារ​ច្បាប់ BUILD Act ដោយសារ​កម្មវិធី Prosper Africa យើង​មាន​ចម្លើយ។ យើង​និយាយ​ថា គម្រោង​របស់​សហរដ្ឋ​អាមេរិក​ទោះបី​ថ្មី​ក៏​ពិត​មែន ប៉ុន្តែ​ជា​គម្រោង​ដ៏​ធំ ហើយ​ដូច​លោក Adam Boehler បាន​និយាយ​ដូច្នេះ​ដែរ អ្នក​នឹង​ឃើញ​គម្រោង​ជា​ច្រើន​ទៀត​ពី​សហរដ្ឋ​អាមេរិក»។

លោក Martyn Davies ដែល​ជា​ប្រធាន​គ្រប់គ្រង​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​កំពុង​អភិវឌ្ឍ​និង​ទ្វីប​អាហ្វ្រិក នៃ​ក្រុមហ៊ុន Deloitte បាន​ប្រាប់ VOA ថា លោក​បាន​កត់​សម្គាល់​ឃើញ​ថា​មាន​ការ​កើនឡើង​នូវ​គម្រោង​ផ្ដួចផ្តើម​វិនិយោគ​ឯកជន​នានា​ពី​វិនិយោគិន​អាមេរិកាំង។

លោក Martyn Davies បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា ពី​មុន​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ហេដ្ឋារចនា​សម្ព័ន្ធ និង​ធនធាន​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ខ្ញុំ​យល់​ថា ការ​ប្រឈម​លើ​បញ្ហា​ការិយាធិបតេយ្យ​សាធារណៈ​ឯកជន...បាន​ធ្វើ​ឲ្យ​មាន​ការ​បាក់​ទឹកចិត្ត។ តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ខ្ញុំ​យល់​ថា ក្រុមហ៊ុន​ពហុជាតិ​របស់​សហរដ្ឋ​អាមេរិក​នៅតែ​មាន​តួនាទី​ប្រសើរ ជា​ពិសេស​ទាក់ទិន​នឹង​ការ​ស្គាល់​យីហោ និង​រឿង​ស្រដៀង​គ្នា​នេះ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក»។

អ្នកស្រី Victoria Whitney បាន​ទទួល​ស្គាល់​ថា ពិភព​វិនិយោគ​ហាក់​ដូចជា​ពិបាក​យល់​និង​សាំញ៉ាំ។អ្នកស្រី​បាន​លើក​ឧទាហរណ៍​ជាក់ស្តែង​មួយ​អំពី​ថា​តើ​កម្មវិធី​នេះ​បាន​ដំណើរការ​បែប​ណា​សម្រាប់​សហគ្រិន​ជនជាតិ​ហ្គាណា​ម្នាក់។

អ្នកស្រី​ថ្លែង​ថា៖ «ដំបូង​ឡើយ អ្នកស្រី Eugenia Akuete បាន​ចាប់ផ្តើម​បើក​ក្រុមហ៊ុន​លក់​ផលិតផល​កែ​សម្ជស្ស​ធ្វើ​ពី​គ្រាប់ shea ហើយ​អ្នកស្រី​បាន​ទាក់ទង​អង្គការ USAID ដើម្បី​សុំ​ជំនួយ​បច្ចេកទេស ក៏​ដូចជា​ព័ត៌មាន​ទីផ្សារ ការ​រក​ដៃគូ​អាជីវកម្ម និង​ការ​គាំទ្រ​ផ្នែក​បណ្ដាញ​ទំនាក់ទំនង។ បន្ទាប់​មក អ្នកស្រី​ទទួល​បាន​ដើម​ទុន និង​ជំនួយ​បច្ចេកទេស​ពី​កម្មវិធី USADF ដែល​ជា​ដៃគូ​របស់​កម្មវិធី Prosper Africa។ ជាង​នេះ​ទៀត អ្នកស្រី​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល និង​សន្និសីទ​ជា​ច្រើន​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ USAID»។

អ្នកស្រី Victoria Whitney បាន​និយាយ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ផលិតផល​របស់​អ្នកស្រី Eugenia Akuete មាន​ដាក់​លក់​នៅ​ក្នុង​ហាង Target ជាង​មួយ​ពាន់​កន្លែង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​អ្នក​បេះ​គ្រាប់ shea មួយ​ម៉ឺន​នាក់ មាន​ការងារ​ធ្វើ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG