ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រែប្រួ​ល​អាកាសធាតុ​ត្រូវ​បាន​បន្ទោស​ចំពោះ​ការ​ងាប់​ព្រៃឈើ​នៅ​អាហ្វ្រិក

  • Joe Capua

រូបថត​ដែល​បញ្ចេញ​ដោយ​អង្គការ Oxfam បង្ហាញ​ឲ្យឃើញស្ត្រីម្នាក់ចង្អុរ​ទៅដីដែលស្ងួតបែកក្រហែងនៅ Oud Guedara។

ដើមឈើ​ជា​ច្រើន​កំពុង​តែ​ងាប់​នៅ​តំបន់ សាហេល (Sahel) របស់ទ្វីប​អាហ្វ្រិក ហើយ​ការ​សិក្សា​ថ្មី​មួយ បាន​ឱ្យ​ដឹង​ថា ​ការ​ផ្លាស់​ប្តូរអាកាសធាតុ​ដែល​បណ្តាល​មក​ពី​មនុស្ស​គឺ​ជា​ដើម​ចម​ដែល​ត្រូវ​បន្ទោស។ ការ​សិក្សា​មួយ​នេះ បាន​លេចឡើង​នៅ​ក្នុង​ទនានុប្បវត្តិ​មួយ​ឈ្មោះ​ថា​បរិស្ថាន​រីង​ស្ថួត (Journal of Arid Environments)។ លោក​ ផេតទ្រីក ហ្គូនហ្សាលេស (Patrick Gonzalez) អ្នក​វិទ្យាសាស្ត្រ​ខាង​បម្រែបម្រួល​អាកាសធាតុ បាន​ដឹកនាំ​ការ​ស្រាវជ្រាវ​មួយ​នេះ នៅ​ក្នុង​ប្រទេស​ចំនួន​៦។ ក្នុង​កំឡុងពេល​នៃ​ការសិក្សា​នេះ លោក ហ្គូនហ្សាលេស គឺជាអ្នក​ធ្វើ​ទស្សនិកិច្ចសិក្សា​ស្រាវ​ជ្រាវ​មួយ​រូប​ នៅ​ឯ​មជ្ឈមណ្ឌល​សម្រាប់ព្រៃ​ឈើ (Center for Forestry) នៃ​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​(University of California)​ នៅប៊ឺឃ្លី (Berkeley)​តែ​ប៉ុណ្ណោះ។

លោក​ បានថ្លែងថា យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ នៅ​ក្នុង​តំបន់​សាហេល​របស់​អាហ្វ្រិក ដែល​ជា​តំបន់​ដ៏​រីង​ស្ងួត​មួយ​នៅជាប់​ជាមួយ​តំបន់​វាលខ្សាច់​សាហារ៉ា ជា​កន្លែង​ដែល​មនុស្សពឹងផ្អែកទៅ​លើ​ផល​ព្រៃឈើ​ដើម្បីចិញ្ចឹម​ជីវិត​។ តំបន់​សាហេល បាន​ជូប​ប្រទះនូវ​គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​នៅ​ក្នុង​កំណត់ត្រា​នៃ​កំពស់ទឹកភ្លៀង​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ។

ការ​ស្រាវជ្រាវ​នេះ​ បាន​បង្ហាញ​ថា ​ក្នុង​កំឡុង​សតវត្សរ៍​ទី​២០ ទឹកភ្លៀង​នៅ​តំបន់​សាហេល បាន​ធ្លាក់​ចុះ​ក្នុង​ចន្លោះ​ពី​២០ទៅ​៣០​ភាគរយ។

ដើម​ឈើ​មួយដើម ​ក្នុង​ចំណោមប្រាំមួយ​ដើម​ បាន​ងាប់​ក្នុង​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០​ចុង​ក្រោយ​នេះ ហើយ​ទី​ពីរ ឈើ​មួយ​ប្រភេទក្នុង​ចំណោមប្រាំ​ប្រភេទ​ បាន​ផុត​ពូជ​ពី​ក្នុង​តំបន់។ ហើយ​ទី​បី ​ការ​ប្រែប្រួល​ទាំងនេះ​បាន​ផ្លាស់ទី​នៃ​ទីតាំង​របស់​ពពួក​រុក្ខជាតិ​នានា នៅភាគ​ខាង​ត្បូង​នៃ​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង។

បុព្វហេតុ​ជាយថាហេតុនៃ​ការ​ផ្លាស់ទី​របស់​រុក្ខជាតិ​ទាំងឡាយ រួម​មាន​ការ​ធ្លាក់​ចុះ​របប​ទឹកភ្លៀង ការ​កើន​ឡើង​ចំនួន​ប្រជាពលរដ្ឋ និង​ការ​ថមថយ​ជីវជាតិ​របស់​ដី។

ការ​ប្រៀបធៀបស្ថិតិ​របស់​យើង បាន​បង្ហាញ​ថា កត្តា​អាកាសធាតុ បាន​នាំ​មុខ​កត្តា​ផ្សេង​ៗ​ទៀត។ ដូច្នេះ បម្រែបម្រួល​អាកាសធាតុ​គឺ​ជា​មូលហេតុ​ចំបង​នៃ​ការ​បាត់បង់​ព្រៃឈើ។ ស្ថិត​នៅ​ក្បែរ​តំបន់​វាលខ្សាច់​សាហារ៉ា អ្នក​នឹង​ឃើញ​មាន​ដើមឈើ​ដែល​ធន់​នឹង​តំបន់​ស្ងួត​ហួតហែង ដូចជា​ដើម​អាកាស្យា (Acacia) មាន​បន្លា​ជា​ដើម ដែល​ជា​ពពួក​ដើមឈើ​ដ៏​ស្ងួត​ម្យ៉ាង។ បន្ទាប់មក​ នៅពេល​ដែល​អ្នក​ធ្វើ​ដំណើរ​កាន់​តែ​ឆ្ងាយ ​ឆ្ពោះ​ទៅ​ទិស​ខាងត្បូង ក្នុង​តំបន់អេក្វាទ័រ អ្នក​នឹង​ប្រទះ​ឃើញ​មាន​ប្រភេទ​រុក្ខជាតិ​នានា ដែល​មាន​ផ្លែ​និង​ឈើ​ខ្លឹម និង​ប្រភេទ​ឈើដែល​ត្រូវការ​របប​ទឹកភ្លៀង​ច្រើន​ជាង ហើយ​ដែល​ត្រូវការ​លក្ខខណ្ឌ​សំណើម​ខ្ពស់។

ការ​សិក្សា​នេះ​បាន​បន្ទោសការ​ផ្លាស់ប្តូរ​អាកាសធាតុ ទៅលើ​កត្តា​យានយន្ត និង​ការ​បញ្ចេញចោល​របស់​រោងចក្រ​អគ្គិសនីនានា និង​សកម្មភាព​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

លោក ហ្គូនហ្សាលេស បានពណ៌នា​ស្ថានភាព​នានា​នៅក្បែរ​តំបន់​សាហារ៉ា ថា​ជាការ​សឹក​រិចរិលនៃ​ដី​ក្នុង​រយៈពេល​វែង។

លោក បាននិយាយថា ដូច្នេះ​ ពួកយើង​ពិតជា​កំពុងតែ​បង្ហាញ​អំពីទំរង់​នៃ​ភាពក្លាយ​ជា​វាលរហោឋាន។ ភាពក្លាយ​ជា​វាលរហោឋាន​គឺ​ជា​ការសឹករិចរិលនៃ​ដី។ ពួកយើង​មិនមែន​កំពុងតែ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ​នៃ​វាលខ្សាច់​ក្នុង​តំបន់​សាហារ៉ា​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុងតែ​បង្ហាញគឺ​ជា​ភាព​សឹក​រិច​រិលនៃ​ដី នៅ​ភាគខាងត្បូង​នៃតំបន់​វាលខ្សាច់​សាហារ៉ា ក្នុង​តំបន់​សាហេល​នៅ​ក្នុង​ប្រទេស​ស៊ូដង់ (Sudan) ​និង​ប្រទេស​ហ្គីណេ​ (Guinea) ថែមទៀត។ កន្លែង​ទាំងនោះ​គឺ​ជា​តំបន់​ភាគ​ខាងត្បូង​នៃ​តំបន់​វាល​ខ្សាច់​សាហារ៉ា។

ប្រជាពលរដ្ឋមូលដ្ឋាន​ក្នុង​តំបន់​បានតាំង​ទី​លំនៅ​នៅ​ទី​នោះ ជាង​មួយពាន់​ឆ្នាំ​មក​ហើយ ហើយ​ការ​ផ្លាស់ទី​លំនៅ​គឺ​មិនមែន​ជាជម្រើសមួយ​ដែល​សមស្រប​នោះ​ឡើយ។ ឧទាហរណ៍ ជនជាតិ​ដើម​ទាំងនោះ​គឺ​កំពុងតែ​សម្រប​ខ្លួន​ទៅ​នឹងការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ហើយ តាមរយៈ​ការ​ថែទាំ​និង​ការ​កាត់​មែក​ងាប់​ៗ​ចេញ​ពី​ដើមឈើ រហូត​ដល់​ដើមឈើ​ធំ​ខ្ពស់​ជាដើម។ ការ​អនុវត្តន៍​បែបនេះ អាច​ជួយ​បង្កើន​ដង់ស៊ីតេ​ដើមឈើ​ទ្វេ​ដង ក្នុង​ទី​វាល​មួយ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្គូនហ្សាលេស បាន​និយាយ​ថា​ ប្រជាពលរដ្ឋក្នុង​តំបន់​មិន​អាច​ដោះស្រាយ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ដោយ​ខ្លួនឯងបាន​នោះ​ទេ។ លោក ​បាន​និយាយ​ថា ​សហគមន៍​អន្តរជាតិ​ត្រូវតែ​ចាត់​វិធានការ។

វេទិកា​អន្តរ​រដ្ឋាភិបាល​សម្រាប់ការផ្លាស់ប្តូរ​អាកាសធាតុ (Intergovernmental Panel on Climate Change) ដែល​ជា​វេទិកា​វិទ្យាសាស្ត្រ​កំពូល​ដែល​ពិនិត្យ​មើល​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ហើយ​ដែល​ខ្ញុំ​មាន​វត្តមាន​នៅ​លើ​វេទិកា​នោះ​ផង​ដែរ បាន​បង្ហាញ​ថា ពួកយើង​នៅ​សហរដ្ឋអាមេរិក និង​នៅ​តាម​បណ្តា​ប្រទេស​ឧស្សាហកម្ម​ផ្សេង​ទៀត មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ការ​អនុវត្ត​ន៍នានា នា​ពេល​បច្ចុប្បន្ន ដើម្បី​រារាំង​ផល​ប៉ះពាល់​នានា​បន្ថែម​ទៀត​ជុំវិញ​ពិភពលោក​ដោយ​កាត់​បន្ថយ​ការ​បញ្ចេញ​ចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ពួកយើង។

លោក ហ្គូនហ្សាលេស ត្រូវ​បានបញ្ចូល​ក្នុងក្រុមស្រាវជ្រាវ​នេះ ជាមួយ​លោក ខាំតុន ថុកឃឺ (Comptom Tucker) អ្នក​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​ខាង​ផែនដី នៅ​ឯ​មជ្ឈមណ្ឌល​អវកាស​ហ្គតដាដ (Goddard Space Flight) របស់អង្គការណាសា និង​លោក ហាម៉ាឌី ស៊ី (Hamady Sy) អ្នក​តំណាងប្រចាំ​ប្រទេសនៃ​ប្រទេស​ម៉ូរីតានី​( Mauritania) នៅ​ឯ​បណ្តាញ​ប្រព័ន្ធ​ព្រមាន​មុន​សម្រាប់​ភាព​អត់ឃ្លាន (Famine Early Warning Systems Network)។ អង្គការណាសា និង មណ្ឌល​ស្ទង់មតិ​ផែនដីវិទ្យា​របស់​អាមេរិក (U.S. Geological Survey) បាន​រួម​គ្នា​ផ្តល់​ថវិកា​សំរាប់​ការ​ស្រាវជ្រាវ​មួយ​នេះ៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG