ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ពិភាក្សា​អំពី​​តម្លៃ​​នៃ​ដំណោះ​ស្រាយ​​​​​សន្តិភាព​​​ជើរហ្កា


ដោយ SEAN MARONEY ប្រែ​សម្រួល​ដោយ​ ​លី សុខឃាង

លោក​ប្រធានាធិបតី​ ហាមីឌ ខាហ្សាយ​ បាន​កោះ​អញ្ជើញ​គណៈប្រតិភូ​មក​ពី​គ្រប់ស្រទាប់​វណ្ណៈ នៅ​ក្នុង​ប្រទេស​អាហ្វកានីស្ថាន ដែលរួម​មាន​អ្នក​នយោបាយ​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ផ្នែកសាសនា​ មេដឹក​នាំ​កុលសម្ព័ន្ធ​ បុគ្គលិក​ស៊ីវិល​ និងជន​ភៀស​ខ្លួន​ជន​ជាតិ​អាហ្វកានីស្ថានទៀត​ផងឲ្យចូលរួម ផែនការ​សន្តិភាព​ជើហ្កា​របស់លោក​។

អ្នក​តំណាង​ទាំង​១ពាន់​៦០០​នាក់ បាន​សម្តែង​ការ​គាំទ្រ​ដោយ​មាន​សម្លេងរួម​គ្នាតែ​មួយ​ ដល់ផែនការ​របស់​លោក​ ខាហ្សាយ ដើម្បី​ស្វែង​រក​ការ​ផ្សះ​ផ្សា​នឹង​ការ​ធ្វើ​សមាហរណកម្ម ​ជាមួយពួក​ក្រុម​បះបោរ។

ប៉ុន្តែ មិន​មែន​ជន​គ្រប់​រូប មាន​ការ​ចាប់​អារម្មណ៍នឹង​ដំណោះ​ស្រាយ​ជើរហ្កា​នេះទេ។

លោក​ អេស្សាក ហ្កាយឡានី (Eshaq Gailani) ជា​សមាជិក​រដ្ឋសភា​ និង​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង ដល់ អតីត​គូ​ប្រជែងតំណែង​ប្រធានាធិបតីរបស់​លោក​ ខាហ្សាយ​ គឺលោក អាបឌុលឡា អាបឌុលឡា (Abdullah Abdullah) ដែល​បាន​ធ្វើ​ពហិការ​ដំណោះ​ស្រាយសន្តិភាពជើរហ្កា។

លោក ហ្កាយឡានី មិន​បាន​ចូល​រួម​ដែរ​ បើ​ទោះបីជា​លោក​ត្រូវ​បាន អញ្ជើញ​ក្នុង​នាម​ជា​សមាជិករដ្ឋ​សភា​ក៏​ដោយ។​ លោកមាន​ប្រសាសន៍​ថា សេចក្តី​ប្រកាសនៃផែនការ​សន្តិភាពជើរហ្កា​ បាន​ផ្តោតខ្លាំង​ពេកលើ​ចំណុចចាស់ៗ​ដែល​ត្រូវ​បាន​លើក​ឡើង​រួចហើយ ដូច​ជា​ការ​ដោះលែង​អ្នកទោស​នយោបាយ​ពីពន្ធនាគារ​ និងការ​ដក​ឈ្មោះ​ចេញពីបញ្ជី​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។ លោក​មាន​ថ្លែង​ថា៖

"ដំណោះ​ស្រាយ​នេះ​មិន​មាន​អ្វី​ថ្មី​ទេ។​ វា​ជា​រឿង​ចាស់ៗទាំង​អស់​ តាំង​ពី​យូរ​យា​ណាស់​មកហើយ​ រដ្ឋាភិបាល​ក្រុង​កាប៊ុល​កំពុង​តែ​សួរ​អំពី​រឿងនេះ ?” ។

លោកបាន​ឲ្យ​ដឹង​ថា​ អ្នក​ឈ្នះ​ធំ​ជាង​គេនៃ​ផែនការ​សន្តិភាពជើរហ្កា​ គឺ​លោក​ប្រធានាធិបតី​ ខាហ្សាយ​ ជា​ពិសេស​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​អំពើ​ពុក​រលួយ​ នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​លួចបន្លំ​សន្លឹកឆ្នោត​កាល​ពី​ឆ្នាំ​មុន។ លោក​បន្ត​ថា៖

"ការ​ធ្វើ​បែប​នេះ​គឺ​ល្អ​សម្រាប់​លោក​ ខាហ្សាយ​ ក្នុង​ការ​នាំ​យក​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ឲ្យ​មក​អង្គុយ។​ ហើយ​សម្រាប់​រូប​គាត់ បន្ទាប់​ពី​ការ​បោះឆ្នោត​ វា​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ធំ​បំផុត​ សម្រាប់​គាត់​ដើម្បី​និយាយ​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ"។

លោក​ ហារូន មៀរ (Haroun Mir) ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវនិងសិក្សាអំពី គោល​នយោបាយរបស់​ប្រទេស​អាហ្វកានីស្ថាន (Center for Research and Policy Studies) បាន​យល់​ស្រប​ជា​មួយ​លោក ហ្កាយឡានី។ លោក មៀរ ចង្អុល​បង្ហាញ​ថា តម្រូវ​ការ​មួយ​នៅក្នុង​ដំណោះ​ស្រាយ​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​សម្រាប់​សន្និសីទ​អន្តរ​ជាតិនាខែ​ក្រោយ​នៅ​ទី​ក្រុងកាប៊ុល។

លោក និយាយ​ថា​ នៅ​ក្នុង​សន្និសីទ​កាល​ពី​លើក​មុន​ស្តី​ពី​ប្រទេស​អាហ្វកានីស្ថាន​ ដែល​បាន​ធ្វើ​នៅ​ទី​ក្រុងឡុងដ៍​ លោក​ ខាហ្សាយ​ បាន​ស្នើ សុំ​ប្រាក់​ចំនួន​១​ពាន់​លាន​ដុល្លារ​ សម្រាប់កម្មវិធី សមាហរណកម្ម​ក្រុម​តាលីបាន​ ប៉ុន្តែ​ប្រទេស​នានា​ បាន​សន្យា​តែ​ចំនួន​១៥០​លាន​ដុល្លារ​តែ​ប៉ុណ្ណោ។​ តាម​រយៈ​ការ​ប្រើ​ប្រាស់ ផែនការ​សន្តិភាពជើរហ្កា​ លោក មៀរ បាន​ឲ្យ​ដឹង​ថា ​លោក​ប្រធានាធិបតី​ខាហ្សាយ​ ចង់​ដាក់​សម្ពាធ​លើ​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ ដើម្បី​ទទួលប្រាក់​ច្រើន​ថែម​ទៀត។

ដំណោះ​ស្រាយ​នេះ​ អំពាវនាវ​សុំ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ស្តី​ពី​អាហ្ថកានីស្ថាន​ ដើម្បី​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សន្តិភាព ជា​មួយ​ពួក​ក្រុម​បះបោរ​ ដែល​មិន​មាន​ទំនាក់​ទំនងជា​មួយ​បរទេស។​ ជា​ច្រើន​លើក​នៅ​ក្នុង​អំឡុង​ការ​ជួប​ប្រជុំ​ជើរហ្កា​ វាគ្មិន​បាន ព្យាយាមទាក់​ទង ពួកតាលីបាន​ នឹង​បក្ស​ពួក​ក្រុម​បះ​បោរ​គូ​ប្រជែង​ ហ្គុលប៊ូឌីន​ ហេកម៉ាតយ៉ា (Gulbuddin Hekmatyar) នៃ​គណបក្ស​ ហេហ្សប-អ៊ី-អ៊ីឥស្លាមី (Hezb-e-Islami)។

លោក ម៉ៅឡាវី​ អាតូឡោះ​ លូឌីន (Mawlawi Ataullah Ludin) គឺ​ជា​អតីត​មេ​បញ្ជាការ​របស់​ក្រុម​ហេកម៉ាតយ៉ា។​ ឥឡូវ​ គាត់​ជា​សមាជិក​រដ្ឋសភា នៃគណបក្ស​ហេហ្សប-អ៊ី-អ៊ីឥស្លាមី។​ លោក បាន​ចូល​រួម​ក្នុងផែនការ​សន្តិភាពជើរហ្កា​ ហើយ​និយាយ​ថា​ លោក​មាន​ភាព​ប្រាកដ​ប្រជា​ណាស់​ ដែល​ហេកម៉ាតយ៉ា​នឹង​ពិចារណា​លើ​ដំណោះ​ស្រាយ​នេះ។

លោក​ លូឌីន​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​កំណែ​ទម្រង់​រដ្ឋបាល​ប្រព័ន្ធ​តុលាការ​ និងប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋសភា​ មាន​ប្រសាសន៍​ថា ផែនការ​សន្តិភាពជើរហ្កា​ ជា​ជំហាន​ដ៏ល្អ​ក្នុង​ការ​ចាប់ផ្តើម​ការ​ចចារ​ជាមួយ​ពួក​ក្រុម​បះបោរ។

ប៉ុន្តែ​ គាត់​ក៏​បាន​និយាយ​ទៀត​ថា​ ជើរហ្កា​ធំ​មួយ​ មិន​អាច​ដោះស្រាយ​រាល់​បញ្ហា​របស់ប្រទេស​អាហ្វកានីស្ថាន​បាន​ទេ។​ គាត់​ជឿ​ជាក់​ទៅ​លើ ផែនការ​សន្តិភាព ជើរហ្កា​តូចៗ​តាម​មូលដ្ឋាន ថានឹង​មានឱកាសពិនិត្យ​មើល​បញ្ហា​ផ្សេងៗ​ទៀត។

លោក​ ហ្វារូគ ម៉េរ៉ែនី (Farooq Meraini) ជា​សមាជិក​រដ្ឋសភា​ ហើយ​បាន​ចូល​រួម​ក្នុងផែនការ​សន្តិភាពជើរហ្កា​ក្នុង​នាម​ជា​គណៈប្រតិភូ។​ គាត់​មាន​ប្រសាសន៍​ថា​ គាត់​សប្បាយ​ចិត្តនឹង​លទ្ធផលនេះ​ ហើយ​ស្នើរសុំ​ឲ្យ​រដ្ឋាភិបាល​អនុវត្តន៍​តាម​ដំណោះស្រាយជើហ្កា។ លោក​ មែរ៉ែនី​ មាន​ប្រសាសន៍​ថា៖

"សន្តិភាព មិន​មែន​សម្រាប់​តែកុល​សម្ព័ន្ធ​មួយ​ មិន​មែន​សម្រាប់​តែ​គ្រួសារ​មួយ​ មិន​មែន​សម្រាប់​តែខេត្ត​មួយ​ ប៉ុន្តែសម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា"។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ប្រធានាធិបតី​ ខាហ្សាយ​ បាន​ចេញ​ក្រិត​មួយ​ ដោយ​ចាត់​វិធានការដំបូង ដើម្បី​អនុវត្ត​ដំណោះ​ស្រាយ សន្តិភាពជើរហ្កា។​ លោក​បាន​តែង​តាំង​គណៈកម្មាធិការ​មួយ ដែល​នឹង​ពិនិត្យ​មើល​គ្រប់​សំណុំ​ឯកសារ​ទាំងអស់​របស់​ពួក​តាលីបាន ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ដើម្បី​ដោះលែង​អ្នក​ដែល​មិន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់ណា​មួយ៕

XS
SM
MD
LG