នៅក្នុងលិខិតចំហរមួយទៅកាន់ពលរដ្ឋអាមេរិកាំង ក្រុមតាលីបង់បានអំពាវនាវឲ្យមានកិច្ចសន្ទនារដើម្បីបញ្ចប់សង្គ្រាមអាហ្វហ្គានីស្ថានដែលបានអូសបន្លាយអស់រយៈពេលជាយូរមកហើយនោះ ដែលក្រុមនេះអះអាងថា ការបង្កើនការវាយប្រហារតាមអាកាសរបស់យោធាសហរដ្ឋអាមេរិក មិនបានជួយសូម្បីតែដីមួយម៉ែត្រក៏មិនអាចដណ្តើមយកមកវិញពីក្រុមបះបោរផងនោះ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid កាលពីថ្ងៃពុធបានផ្សព្វផ្សាយឯកសារដែលមាន១០ទំព័រ ដោយបានបកប្រែជាច្រើនភាសា រៀបរាប់យ៉ាងលម្អិតពីជ័យជម្នះរបស់ក្រុមបះបោរ និងបានរៀបរាប់ពីអ្វីដែលពួកតាលីបង់ហៅថាបរាជ័យនៃការវាយលុកដោយខុសច្បាប់ ដឹកនាំដោយយោធាសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមដែលមានរយៈពេល១៧ឆ្នាំមកហើយ។ ក្រុមបះបោរបានសរសេរលិខិតជូនចំពោះពលរដ្ឋអាមេរិកាំងដែលមានក្តីសង្ឃឹម ក្រុមឯករាជ្យនានា និងសមាជិកសភាដែលស្រឡាញ់សន្តិភាព នឹងអានលិខិតនោះដោយប្រុងប្រយ័ត្ន ដើម្បីធ្វើការវាយតម្លៃទៅលើអនាគតយោធារបស់ពួកគេនៅក្នុងបេសកម្មក្នុងប្រទេសអាហ្វហ្គានីស្ថាន។
តាមរយៈលិខិតនោះក្រុមបះបោរបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានប្រើប្រាស់ច្បាប់ឧក្រិដ្ឋកម្មបោកបញ្ឆោត ដើម្បីកម្ទេចក្រុមតាលីបង់ និងក្រុមអាល់កៃដា ប៉ុន្តែតាមពិតនេះគ្រាន់តែជាការត្រួសត្រាយផ្លូវទៅរកភាពអនាធិបតេយ្យ និងបង្កើតក្រុមផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសតែប៉ុណ្ណោះ។ លិខិតនោះចង់សំដៅទៅលើប្រទេសដែលមានការកើនឡើងក្រុមរដ្ឋឥស្លាម។
ក្រុមអ្នកគាំទ្រពួកភេរវកម្មនៅតំបន់មជ្ឈិមបូព៌ា បានបង្កើនការវាយប្រហារកាន់តែខ្លាំងនាពេលថ្មីៗនេះ ជាពិសេសនៅក្នុងខេត្តភាគខាងកើត និងភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។ នៅក្នុងលិខិតនោះក្រុមបះបោរក៏បានលើកឡើងពីការស្ទង់មតិរបស់អង្គការសហប្រជាជាតិ ដែលបានកត់ត្រាពីការកើនឡើងយ៉ាងខ្លាំងនៃផលិតផលអាភៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ ដែលការណ៍នេះកាន់តែបង្កឲ្យមានអសន្តិសុខ ទោះជាក្រុមមន្រ្តីសហរដ្ឋអាមេរិកបានធ្វើការប៉ាន់ស្មានថា ៦៥ភាគរយនៃហរិញ្ញវត្ថុរបស់ពួកលីតាបង់បានមកពីការជួញដូរថ្នាំញៀនខុសច្បាប់យ៉ាងណាក៏ដោយ។
ក្រុមតាលីបង់បានរំឭកឡើងវិញថា សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តនានាបានបាត់បង់ជីវិតពលរដ្ឋរបស់ពួកគេរាប់ពាន់នាក់ និងបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតរដ្ឋាភិបាលអាហ្វហ្គានីស្ថានស្របច្បាប់មួយ ប៉ុន្តែកិច្ចខំប្រឹងប្រែងរបស់ពួកគេបែរជាបណ្តាលឲ្យមានការបែកបាក់ផ្នែកនយោបាយ និងបង្កឲ្យមានប្រព័ន្ធគ្រប់គ្រងពុករលួយក្នុងប្រទេសទៅវិញ។
លិខិតនោះក៏បានបញ្ជាក់យ៉ាងដូច្នេះថា«ប្រសិនបើអ្នកចង់ឲ្យមានការសន្ទនារដោយសន្តិភាពមួយ ជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងជាមួយមេដឹកនាំនានានៅក្នុងពិភពលោកនេះ អ្នកត្រូវតែធ្វើឲ្យប្រធានាធិបតីរបស់អ្នក សមាជិកសភាដែលទទួលខុសត្រូវលើសង្គ្រាមនេះ និងមន្រ្តីក្រសួងការពារជាតិ យល់ពីធាតុពិត និងជំរុញពួកគេឲ្យអនុម័តគោលនយោបាយមួយសម្រាប់ដោះស្រាយសង្គ្រាមនៅអាហ្វហ្គានីស្ថាន»។
ក្រុមតាលីបង់បានផ្សព្វផ្សាយលិខិតនេះនៅស្របពេលដែលសហរដ្ឋអាមេរិក បានបង្កើនការវាយប្រហារតាមអាកាសដើម្បីជួយគាំទ្រដល់កងកម្លាំងប្រឆាំងក្រុមបះបោរលើដី និងប្រតិបត្តិការតាមអាកាសធ្វើឡើងដោយកងកម្លាំងអាហ្វហ្គានីស្ថាន នៅក្រោមយុទ្ធសាស្រ្តសង្រ្គាមថ្មីរបស់ប្រធានាធិបតី Donald Trump ដើម្បីបំបែកភាពជាប់គាំងរបស់យោធាជាមួយក្រុមតាលីបង់ និងដើម្បីជំរុញឲ្យក្រុមបះបោរចូលរួមក្នុងតុចរចា។
នៅអំឡុងដំណើរទស្សនៈកិច្ចនៅក្នុងសប្តាហ៍នេះ ទៅកាន់តំបន់ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នាយឧត្តមសេនីយ៍ John Nicholson មេបញ្ជាការយោធាសហរដ្ឋអាមេរិក និងជាអ្នកដឹកនាំបេសកម្មគាំទ្ររបស់អង្គការអូតង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លោកបានថ្លែងថា ការវាយលុកកាន់តែខ្លាំងកំពុងតែទទួលបានលទ្ធផល។
លោកNicholsonបានថ្លែងបន្តថា«ជោគជ័យនៃប្រតិបត្តិការរបស់អាហ្វហ្គានីស្ថាននៅទូទាំងប្រទេស គឺបានទទួលការគាំទ្រពីបេសកម្មដែលដឹកនាំដោយអង្គការអូតង់ Resolute Support និងពីកងកម្លាំងសហរដ្ឋអាមេរិកបានសម្លាប់សត្រូវកាន់តែច្រើនគ្រប់ទិសទី។
ការណ៍នេះបានធ្វើឲ្យពួកគេបញ្ឈប់ការព្យាយាមវាយដណ្តើមយកខេត្ត និងរដ្ឋធានីនានា និងបញ្ឈប់ការព្យាយាមវាយដណ្តើមយកស្រុកផ្សេងៗ» ទៀត។
ឧត្តមសេនីយ៍អាមេរិកាំងរូបនោះក៏បានបញ្ជាក់អំពីការបំផ្ទុះគ្រាប់បែកអត្តឃាតនាពេលថ្មីៗនេះ របស់ក្រុមតាលីបង់ប្រឆាំងនឹងពលរដ្ឋអាហ្វហ្គានីស្ថាន ដោយសារតែក្រុមបះបោរបានទទួលបរាជ័យនៅក្នុងសមរភូមិប្រយុទ្ធ។
ទោះជាយ៉ាងណា លិខិតរបស់ក្រុមតាលីបង់បានចោទសួរពាក់ព័ន្ធនឹងការអះអាងទាំងនោះថា«យោងតាមយុទ្ធសាស្រ្តថ្មីរបស់ប្រធានាធិបតី Trump គ្រាន់តែក្នុងរយៈពេលមួយខែ នៅក្នុងខែកញ្ញាឆ្នាំមុន កងទ័ពអាមេរិកាំងបានប្រើប្រាស់កងយោធាថ្មីទាំងអស់របស់ខ្លួន និងបានបើកការវាយប្រហារតាមអាកាសចំនួន៧៥១ដង។ អ្នកគួរតែសួរមេបញ្ជាការរបស់អ្នកថា ទោះជាមានការប្រើប្រាស់កងកម្លាំងទាំងនោះ តើអ្នកបានដណ្តើមយកទឹកដីសូម្បីតែមួយចង្អាមពីក្រុមតាលីបង់ដែរឬទេ? ឬក៏ពួកគេឥឡូវនេះមានអំណាចខ្លាំងជាមុន?»
ក្រុមបះបោរបានទទូចថា វត្តមានរបស់ទាហានអាមេរិកាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងគោលនយោបាយគ្មានបទពិសោធន៍របស់លោក Trump និងទីប្រឹក្សាដែលចូលចិត្តធ្វើសង្គ្រាម របស់លោក នឹងបង្កើនអរិភាពកាន់តែខ្លាំងជាងមុននៅក្នុងប្រទេសនេះ និងនៅតំបន់ផ្សេងទៀត។
ក្រុមតាលីបង់មានបំណងចង់ចរចាដោយផ្ទាល់ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនជាយូរមកហើយ ដោយពួកគេបាននិយាយថា ក្រុងវ៉ាស៊ីតោនគឺជាអ្នកសម្រេចជោគវាសនារបស់សង្គ្រាម និងបាននិយាយថាពួកមេដឹកនាំអាហ្វហ្គានីស្ថានជាអាយ៉ងរបស់អាមេរិក»។
ក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅរក្សាជំហរថា រាល់ដំណើរការសន្តិភាពដែលមានជាប់ពាក់ព័ន្ធនឹងក្រុមបះបោរ ត្រូវតែផ្តួចផ្តើមឡើងនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុងកាប៊ុល និងត្រូវស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញអាហ្វហ្គានីស្ថាន ដែលតម្រូវឲ្យក្រុមតាលីបង់ត្រូវបញ្ចប់អំពើហិង្សានានា និងបញ្ចប់ទំនាក់ទំនងជាមួយនឹងក្រុមភេរវកម្មអាល់កៃដា។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានមិនទាន់ឆ្លើយតបចំពោះលិខិតរបស់ក្រុមតាលីបង់នេះទេ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានអំពាវនាវឲ្យក្រុមបះបោរ
ចូលរួមក្នុងដំណើរការសន្តិភាពដើម្បីបញ្ចប់សង្គ្រាម។ ប៉ុន្តែបន្ទាប់ពីហេតុការណ៍ផ្ទុះគ្រាប់បែកអត្តឃាតដែលបានសម្លាប់មនុស្សជាច្រើននៅក្នុងទីក្រុងកាប៊ុលកាលពីខែមុនមក លោក Ghaniបានសច្ចាថានឹងមិនធ្វើការចរចាជាមួយនឹងក្រុមណាដែលបានប្រកាសជាសាធារណៈទទួលខុសត្រូវលើហេតុការណ៍នេះជាដាច់ខាត។
ការវាយប្រហារទាំងនេះរួមទាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរថយន្ត ហេតុការណ៍វាយប្រហារទៅលើសណ្ឋាគារIntercontinental ក្នុងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន និងទៅលើអាគារក្រសួងមហាផ្ទៃចាស់ ដែលបានសម្លាប់មនុស្សប្រហែល១៤០នាក់ ដែលពួកគេទាំងនោះភាគច្រើនគឺជាពលរដ្ឋស៊ីវិល។ ការវាយប្រហារទៅលើសណ្ឋាគារក៏បានសម្លាប់ពលរដ្ឋអាមេរិកាំង៤នាក់ផងដែរ។
អ្នកនាំពាក្យក្រុមតាលីបង់លោក Mujahidបានអះអាងទទួលខុសត្រូវលើការវាយប្រហារទំាងពីរនេះ ដោយបាននិយាយថា ពួកគេមានបំណងវាយប្រហារទៅលើកងសន្តិសុខអាហ្វហ្គានីស្ថាន និងកងសន្តិសុខសហរដ្ឋអាមេរិក។
ចាប់តាំងពីពេលនោះមក អំពើហិង្សាបានបញ្ឆេះកំហឹងកាន់តែខ្លាំងប្រឆាំងនឹងពួកតាលីបង់នៅក្នុងទីក្រុងកាប៊ុល និងបាននាំឲ្យលោកTrumpបិទការចរចាសន្តិភាពជាមួយនឹងក្រុមបះបោរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា