ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូ​មតិ​ប្រមូល​ស្នាម​មេដៃ​ពី​ពលរដ្ឋ​ដើម្បី​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង


លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព និងក្រុមការងារ ចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើដំឡើងពន្ធស្រាបៀ និងពន្លឿនច្បាប់គ្រឿងស្រវឹង នៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។(ស៊ុន ណារិន/វីអូអេ)
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព និងក្រុមការងារ ចុះប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើដំឡើងពន្ធស្រាបៀ និងពន្លឿនច្បាប់គ្រឿងស្រវឹង នៅខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។(ស៊ុន ណារិន/វីអូអេ)

មន្ត្រី​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ឬហៅ​ថា (PDP-Center) កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​ជា​ការគាំទ្រ​មួយ​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​ស្រា​ក្នុង​ប្រទេស​កម្ពុជា។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ដែល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ប្រមូល​ស្នាម​មេដៃ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​ថា​ ក្រុម​ការងារ​របស់​អង្គការ​លោក​កំពុង​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​ឱ្យ​បាន​ខ្ពស់ ដែល​លោក​ថា​ វា​នឹង​អាចចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​សេព​គ្រឿង​ស្រវឹង។

លោក​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​សេព​គ្រឿង​ស្រវឹង​ច្រើន ខណៈ​ស្រាបៀ​ថ្មីៗ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ធ្វើ​យុទ្ធនាការ​លើ​រឿង​នេះ។

លោក​ថ្លែង​ថា៖ «កាលណា​ពន្ធ​កាន់​តែ​ច្រើន តម្លៃ​គ្រឿង​ស្រវឹង​ហ្នឹង វា​កាន់​តែ​ថ្លៃ​ដែរ។ វា​ថ្លៃ​ជាង​បច្ចុប្បន្ន​នេះ គឺ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នានា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​បាន​ច្រើន។ អ៊ីចឹង​យើង​ឃើញ​ថា​ ពន្ធ​នេះ​ជា​យុទ្ធសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នានា​ដោយសារ​គ្រឿង​ស្រវឹង។ អ៊ីចឹង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថា​ បើ​សិន​ជា​ចង់​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដោយសារ​គ្រឿង​ស្រវឹង ត្រូវ​តែ​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ដំឡើង​ពន្ធ»។

បើ​តាម​លោក យង់ គិម​អេង បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​យក​ពន្ធ​លើ​ស្រាបៀ​ចំនួន​ ៣០% និង​ស្រា ចំនួន​ ៣៥%។ តាម​រយៈ​ការ​ប្រមូល​ស្នាម​មេដៃ​ឱ្យ​បាន​ជាង​ ១ម៉ឺន​នាក់​នេះ អង្គការ​របស់​លោក​មាន​បំណង​ស្នើ​រដ្ឋាភិបាល​បង្កើន​ពន្ធ​ ១០% បន្ថែម​ទៀត។

ញត្តិ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ស្នាម​មេដៃ​បាន​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​ឆ្នាំ ២០២២ ដែល​លើក​ឡើង​ថា ​គ្រឿង​ស្រវឹង​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ ៣ លាន​នាក់​នៅ​លើ​ពិភពលោក ជា​រៀង​រាល់​ឆ្នាំ​ ជារួម​ ១០ វិនាទី មាន​មនុស្ស​ម្នាក់​ស្លាប់។

នៅ​កម្ពុជា មិន​ទាន់​មាន​របាយការណ៍​ដែល​បង្ហាញ​អំពី​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង​នេះ​នៅ​ឡើយ​ទេ។

លោក យង់ គិមអេង បន្ថែម​ថា ​ការ​ប្រមូល​ស្នាមមេដៃ​នេះ ក៏​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​គ្រឿង​ស្រវឹង ដែល​ជាប់​គាំង​ជិត​ ១០ ឆ្នាំ​មក​ហើយ បើ​ទោះ​មាន​សេចក្តី​ព្រាង​ច្បាប់​ពី​ក្រសួង​សុខាភិបាល។

លោក​បញ្ជាក់​ថា៖ «នៅ​ថៃ នៅ​វៀតណាម នៅ​ឡាវ​ ជុំវិញ​យើង​ហ្នឹង គេ​មាន​អស់​[ច្បាប់​ហ្នឹង]ហើយ កម្ពុជា​ពេលណាដែល​ត្រូវ​ចេញ។ អ៊ីចឹង​យើង​ចង់​ជំរុញ​ឱ្យ​ច្បាប់​នោះ​ចេញ​ឱ្យ​លឿន»។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង ​ដែល​ត្រូវ​បាន​ព្រាង​តាំង​ពី​ឆ្នាំ​ ២០១៥​ នោះ មិន​អនុញ្ញាត​ឱ្យ​យុវជន​អាយុ​ក្រោម​ ២១ ​ឆ្នាំ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម។

កាល​ពី​ឆ្នាំ​ ២០១៥ ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល ​លោក ​ម៉ម ប៊ុន​ហេង ​ធ្លាប់​ឱ្យ​ដឹង​ថា​ក្រសួង​នឹង​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​គ្រឿង​ស្រវឹង​ទៅ​រដ្ឋា​ភិបាល​ ដើម្បី​អនុម័ត​ឱ្យ​បាន​ឆាប់។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​ហេតុ​អ្វី​មិន​ទាន់​មាន​ការ​អនុ​ម័ត​ច្បាប់​នេះ​រហូត​មក​ដល់​ពេល​នេះ។

​មាត្រា​ ១៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះចែង​អំពី​ការ​ហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ ចាប់​ពី​ម៉ោង​ ១២ ​យប់​ដល់​ម៉ោង​ ៦ ​ព្រឹក ​លើក​លែង​តែ​ទីតាំង​មួយ​ចំនួន​ដែល​កំណត់​ដោយ​អនុ​ក្រឹត្យ។ ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ពី​មាត្រា​នេះ​អាច​ជាប់​ពន្ធនាគារ​ពី ១ ខែ​ទៅ​ ៦ ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ម៉ឺន​រៀល​ទៅ​ ១ លាន​រៀល។

​ចំណែក​មាត្រា​ ៣៣ នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ អំពើ​លក់ ​ឬ​ចែក​ចាយ​ផលិត​ផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ​ដល់​ជន​ដែល​មាន​អាយុ​ក្រោម​ ២១ ឆ្នាំ ​ស្រ្តី​មាន​គ័ភ៌ ​កាល​បើ​គ័ត៌​នោះ​ត្រូវ​បាន​គេ​ឃើញ​ជាក់​ស្តែង ​ឬ​កាល​បើ​ខ្លួន​បាន​ដឹង ​ឬ​ជន​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ស្រវឹង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ ​ការ​បំពាន​មាត្រា​នេះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ថ្ងៃ​ទៅ​ ១ ​ខែ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០​ ម៉ឺន​រៀល​ទៅ​ ១ ​លាន​រៀល។

លោក យង់ គិម​អេង អះអាង​ថា​អាច​មាន​ការ​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​មិន​ទាន់​ឱ្យ​អនុម័ត​ច្បាប់​នេះ​ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​ផលិត​ស្រាបៀ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ថា៖ «រឿង​នេះ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​សោក​ស្តាយ ហើយ​ដែល​យើង​មាន​ការ​សង្ស័យ​ថា​ទំនងជា​ឧស្សាហករ​គ្រឿង​ស្រវឹង​ហ្នឹង អាច​នឹង​រារាំង​កុំឱ្យ​ច្បាប់​នេះ​ចេញ ដែល​អាច​ទៅ​បញ្ចុះ​បញ្ចូល​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​នៅ​ក្នុង​ន័យ​ផ្សេង​ ដែល​គេ​យក​មូល​ហេតុ​នៃ​ការ​ខាត​បង់​សេដ្ឋ​កិច្ច។ តាម​ពិត​គឺ​មិន​មែន​ទេ កាល​ណា​មាន​ច្បាប់​គ្រប់​គ្រង ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​នេះ គឺ​វា​អាច​ធ្វើ​ឱ្យ​រដ្ឋ​មាន​ដំណើរ​ការ​នៃ​ការ​ដំឡើង​ពន្ធ​នេះ​ជា​បន្ត​បន្ទាប់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​រៀបចំ​ប្រមូល​ស្នាម​មេដៃ​តាម​រយៈ​ញតិ្ត​នេះ ជា​ការអនុវត្ត​សិទ្ធិ​សេរីភាព​ត្រឹម​ត្រូវ​មួយ​នៃ​ការសម្តែង​មតិ​របស់​ប្រជា​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ​គ្រឿងស្រវឹង​ ដែល​ខាង​រដ្ឋាភិបាល​គោរព​នឹង​ទទួល​យក ព្រោះ​នេះ​គឺ​ជា​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដែល​ត្រឹម​ត្រូវ​ស្រប​នឹង​នីតិវិធីច្បាប់។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ការដាក់​សុំ​ឱ្យ​ដំឡើងពន្ធ​ អាហ្នឹង​គឺ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ទាំង​មូល​ ដែល​នឹង​ពិចារណា​ហេតុផល​ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​តុល្យភាព​រវាង​ចំណូល​នៃ​សារពើ​ពន្ធ​ ជាមួយ​នឹង​ហេតុផល​នៃ​សុខភាព​សាធារណៈ​ថា​ផល​ប៉ះពាល់​ពី​ការ​ប្រើ​គ្រឿង​ស្រវឹង​ហ្នឹង ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ប៉ុនណា ដែល​ជា​តម្លៃ​នៃ​ទឹក​ប្រាក់​នោះ​»។

លោក​បន្ថែម​ទៀត​ថា​ សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​ទៅ​នឹង​ការគ្រប់គ្រង​គ្រឿង​ស្រវឹង​មិន​ទាន់​ក្លាយ​ជា​ច្បាប់​សម្រាប់​យក​មក​អនុវត្ត​នៅ​ឡើយ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​ថា ​សេចក្តី​ព្រាងនោះ​ធ្វើ​ឡើង​ដោយ​ក្រសួង​ណា​ ហើយ​មាន​ដំណើរ​ការ​បែប​ណា​នោះ​ទេ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ស្រាបៀ​មួយ​ចំនួន​បាន​នៅ​ឡើយ​ទេ។

ខណៈ​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ការ​ផលិត​ស្រាបៀ​ថ្មីៗ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ​ចំណែក​ការ​សេព​គ្រឿង​ស្រវឹង​ក្នុង​ចំណោម​យុវជន​ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​ មាន​ការ​កើន​ឡើង​ច្រើន​ផង​ដែរ។

ការ​ស្ទង់​មតិ​ថ្មី​មួយ ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​បង្ហាញ​ថា បុរស​ ៧ ​នាក់​ក្នុង​ចំណោម​ ១០ ​នាក់​ដែល​ស្មើ​ប្រមាណ​ ៧០% ​សេព​គ្រឿង​ស្រវឹង។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា ២០២១-២០២២ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មេសា ​ឆ្នាំ​ ២០២៣។

ការ​ស្ទង់​មតិ​បង្ហាញ​ថា ​ក្នុង​មួយ​ខែ ​បុរស​ ១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។ ​ចំណែក​ ៦០% ​សេព​គ្រឿង​ស្រវឹង​ពី​ ១ ​ថ្ងៃ​ទៅ​ ៥ ថ្ងៃ។ ​១៨% ​ពិសា​គ្រឿង​ស្រវឹង​ ៦ ​ថ្ងៃ​ទៅ​ ១០ ​ថ្ងៃ ​និង​ ១២%​ ពិសា​គ្រឿង​ស្រវឹង​ពី​ ១១ ​ថ្ងៃ​ទៅ​ ២៤ ​ថ្ងៃ។

បើ​តាម​លោក យង់ គិមអេង ក្រុម​ការងារ​របស់​អង្គការ​របស់​លោក គ្រោង​នឹង​ប្រមូល​ស្នាម​មេដៃ​ជាង​ ១ ម៉ឺន​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដូចជា​ខេត្តសៀមរាប បាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍​សាត់ កំពង់ចាម និង​ស្វាយរៀង​ជាដើម។ បន្ទាប់​មក អង្គការ​របស់​លោក​នឹង​មាន​ជា​យុទ្ធនាការ​ផ្សេងៗ​ជា​បន្តបន្ទាប់ ដើម្បី​យក​ស្នាមមេដៃ​ទាំង​នោះ​ទៅ​ដាក់​ជូន​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG