ទស្សនៈចម្រុះអំពីតួនាទីប្រវត្តិសាស្ត្ររបស់វៀតណាមនៅកម្ពុជា នៅបន្តកើតឡើងដ៏ចម្រូងចម្រាស ក្រោយពេលជិត៤ទសវត្សរ៍ដែលវៀតណាមបានចូលឈ្លានពានទឹកដីកម្ពុជា ដើម្បីបណ្តេញក្រុមខ្មែរក្រហមចេញពីអំណាច។
មានទស្សនៈមួយចំនួនបានលើកឡើងថា ទង្វើវៀតណាមគឺជាការជួយរំដោះកម្ពុជាមិនមែនជាការឈ្លានពានទេ ហើយកងទ័ពវៀតណាមបានបន្តស្ថិតនៅក្នុងប្រទេសកម្ពុជារយៈពេលយូរ គឺដោយសារតែចង់រៀបចំប្រទេសកម្ពុជា និងការពារមិនឲ្យក្រុមខ្មែរក្រហមវាយបក ដើម្បីដណ្តើមអំណាចវិញ។ តែពលរដ្ឋកម្ពុជាជាច្រើនមិនបានយល់ស្របតាមគំនិតនោះទេ។
អ្នកស្រាវជ្រាវអំពីបញ្ហាកម្ពុជាម្នាក់ បាននិយាយថា ប្រទេសវៀតណាមបានប្រថុយប្រថានក្នុងការគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែវៀតណាមបានមើលឃើញថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមានសមត្ថភាពនិងឆ្លាតដែលអាចគាំទ្រអំពីរឿងវៀតណាម រំដោះកម្ពុជាពីខ្មែរក្រហម។
លោក Hoang Vu បេក្ខជនបណ្ឌិតនៅសាកលវិទ្យាល័យ Cornell ស.រ.អា បានប្រាប់ក្រុមអ្នកចូលរួមនៅក្នុងសន្និសីទសិក្សាអាស៊ីប្រចាំឆ្នាំនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីខែមីនាថា វៀតណាមបានស្នាក់នៅប្រទេសកម្ពុជាអស់រយៈពេលមួយទសវត្សរ៍ ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ដែលពួកគេបានចូលមករំដោះប្រទេសកម្ពុជា។
លោក វូ បានប្រាប់ VOA បន្ទាប់ពីបានធ្វើបទបង្ហាញថា៖
«វាគឺជាផលប្រយោជន៍ធំបំផុតរបស់វៀតណាម ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាទទួលបានជោគជ័យ បានជោគជ័យក្នុងការការពារកុំឲ្យខ្មែរក្រហមវិលមកកាន់អំណាចបន្ត បានជោគជ័យនៅក្នុងការកសាងប្រទេសឡើងវិញ ហើយពួកគេត្រូវការមេដឹកនាំដែលមានសមត្ថភាព ដើម្បីធ្វើកិច្ចការនោះ បើទោះបីជាពួកគេត្រូវប្រថុយប្រថានចំពោះលោក ហ៊ុន សែន ក៏ដោយ»។
វៀតណាមបានឈ្លានពានកម្ពុជានៅខែមករា ឆ្នាំ១៩៧៩ ដោយមានកងទ័ពប្រហែល ២សែននាក់ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមដែលបានគ្រប់គ្រងតាំងពីឆ្នាំ ១៩៧៥ មក។ កងកម្លាំងវៀតណាមនៅទីបំផុតបានដកទ័ពនៅឆ្នាំ១៩៨៩។
លោក វូ បាននិយាយថា នៅដើមដំបូងអាជ្ញាធរវៀតណាម បានផ្តល់អាទិភាពដល់ឥស្សរជនដែលវៀតណាម ជឿទុកចិត្តបាន ហើយបន្ទាប់មកក៏បានគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បច្ចុប្បន្ន ទោះបីពេលនោះលោកនៅជាយុវជនក្តី។
«ខ្ញុំគិតថា ជាមួយលោក ហ៊ុន សែន រដ្ឋាភិបាលវៀតណាមបានបង្កើតការប្រថុយប្រថានដ៏ធំមួយ។ ពួកគេយល់ថា គាត់គឺជាមនុស្សដែលឆ្លាតណាស់។ ខ្ញុំមានន័យថា ទោះបីជាគាត់មានអាយុត្រឹម ២៧ឆ្នាំ នៅពេលនោះ វៀតណាមសុខចិត្តប្រគល់តំណែងជារដ្ឋមន្ត្រីការបរទេសដល់គាត់។ គាត់មានភាពវៃឆ្លាតខ្លាំង និងមានមហិច្ឆតាយ៉ាងខ្លាំង ហើយគាត់បានដឹងអំពីរបៀបកាន់អំណាច និង រក្សាអំណាចនៅក្នុងគ្រប់ស្ថានភាពទាំងអស់»។
លោក វូ ក៏បានមានប្រសាសន៍ដែរថា ជម្រើសនោះបានបង្ហាញឱ្យឃើញដ៏គួរឲ្យចាប់អារម្មណ៍ថា លោក ហ៊ុន សែន ជាឥស្សរជនឯករាជ្យជាងឥស្សរជនដែលមានឋានៈខ្ពស់ជាងលោក ហើយលោកមានឆន្ទៈខ្លាំងជាងក្នុងការធ្វើការសម្រេចចិត្តដែលមិនមែនជាផលប្រយោជន៍ផ្ទាល់សម្រាប់វៀតណាម។
«វៀតណាមបានធ្វើការសម្រេចចិត្តត្រឹមត្រូវដើម្បីគាំទ្រអ្នកដឹកនាំដូចលោក ហ៊ុន សែន។ ខ្ញុំចង់និយាយថា មិនមែនមានតែលោក ហ៊ុន សែន ទេ គឺលោក ហេង សំរិន និងមេដឹកនាំដទៃដែរ។ ហើយការដឹងពីហានិភ័យនេះ ពីព្រោះទីបំផុតកម្ពុជាក្លាយជាប្រទេសគួរឱ្យជឿជាក់ និងមានស្ថិរភាព ដែលយ៉ាងហោចណាស់មិនប្រឆាំងនឹងវៀតណាមទេ។ នោះគឺជាលក្ខខណ្ឌអប្បបរមា ហើយវៀតណាមសម្រេចបាននូវរឿងនេះ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនជំពាក់គុណប្រទេសវៀតណាមតាមរបៀបនោះឡើយ ហើយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយវៀតណាមនោះទេ ប៉ុន្តែក៏មិនប្រឆាំងនឹងវៀតណាមយ៉ាងសកម្មដែរ»។
លោក វូ បានសង្កត់ធ្ងន់អំពីសមត្ថភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមទៀតថា៖
«លោកអ្នកដឹងថាលោក ហ៊ុន សែន មានអ្នកគាំទ្រតាមប្រព័ន្ធសង្គមដ៏ធំ។ គាត់បានកសាងទំនាក់ទំនងនៅគ្រប់កម្រិតនៃរដ្ឋាភិបាល ហើយជាពិសេសនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់បានធ្វើឱ្យមានការអន់ចិត្តដល់ភាគីខ្លះក្នុងក្រុមបក្សកាន់អំណាចនៅក្នុងគណបក្សប្រជាជន ចំពោះរឿងធ្វើតុល្យភាពអំណាច ហើយការខកចិត្តនេះ គឺក្នុងន័យថា គាត់ទទួលបានការគ្រប់គ្រង ទាំងស្រុងទៅលើគណបក្សប្រជាជន និងជាការពិតប្រទេសកម្ពុជាផងដែរ»។
សាស្រ្តាចារ្យ George Chigas មកពីក្រុងឡូវែល រដ្ឋម៉ាស្សាជូសេដ្ឋត៍ (Massachusetts) ដែលជាអ្នកចូលរួមម្នាក់បានប្រាប់ VOA ខ្មែរថា អំណះអំណាងរបស់លោក វូ ថា វៀតណាមមិនត្រូវបានជំរុញឱ្យបង្កើតរដ្ឋចំណុះមួយនៅកម្ពុជា ហើយថែមទាំងបានគិតពីផលប្រយោជន៍កម្ពុជា។
លោក Chigas បានថ្លែងថា៖ «វៀតណាមមិនមែនគ្រាន់តែជួយសង្រ្គោះប្រជាជន កម្ពុជាទេ តែវៀតណាមក៏មានការជំរុញទឹកចិត្តមួយចំនួនផងដែរ»។
ក៏ប៉ុន្តែ ប្រជាជនកម្ពុជាជាច្រើនមិនយល់ស្របជាមួយនឹងការលើកឡើងរបស់លោក វូ នៅសម័យកាលប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជាទេ។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបតិ្តនៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាក្រុមមួយដែលវាយប្រហារវៀតណាមឥតសំចៃមាត់ ដោយសារបញ្ហាទឹកដីកម្ពុជាក្រោមនោះ បាននិយាយថា ការបរាជ័យរបស់សហភាពសូវៀត គឺជាកត្តាជំរុញចម្បងនៅពីក្រោយការបង្អាក់មហិច្ឆតារបស់វៀតណាមចំពោះប្រទេសកម្ពុជា។
«មហិច្ឆតារបស់វៀតណាមនៅតែដដែល ... ប៉ុន្តែប្រសិនបើគេមិនអាចយកដល់ស្រុកសៀមដល់ម៉ាឡេស៊ីទេ ត្រឹមស្រុកខ្មែរហ្នឹង គឺយកឲ្យបាន។ តែបើយកដោយចេញទ័ពមកវ៉ៃខុសសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។ ដូច្នេះមានតែបញ្ជូនចារកិច្ចមកបង្កប់ក្នុងទ័ព ក្នុងនគរបាលខ្មែរ ក្នុងពួកបណ្តាញផ្សេងៗហ្នឹង ដើម្បីធ្វើឲ្យយើងរំលាយ ដោយវៀតណាមមិនចាំបាច់លើកកាំភ្លើង បាញ់យើងទេ រឿងហ្នឹងដែលយើងប្រយ័ត្ន»។
VOA មិនទាន់អាចសុំអត្ថាធិប្បាយបំភ្លឺមន្ត្រីវៀតណាម អំពីការចោទប្រកាន់នេះបាននៅឡើយទេរហូតមកទល់ពេលនេះ៕