ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព​ប្រារព្ធ​ខួប​​ទី​១៦ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​លោក​ ជា វិជ្ជា


លោក​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯករាជ្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​កាត់ថា IDEA (ឈរ​នៅ​កណ្តាល) ថ្លែង​នៅក្នុង​ពិធី​គម្រប់​ខួប​១៦​ឆ្នាំ​នៃ​ឃាតកម្មលោក ជា វិជ្ជា នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ​២០២០។​ (ហ៊ុល រស្មី​/VOA)

ក្រុម​មេដឹកនាំ​សហជីព​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ធ្វើ​ពិធី​សាសនា​រំឭក​ខួប​ឃាតកម្ម​លើលោក ​ជា វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​ក្នុង​ពេល​លោក​កំពុង​ឈរនៅ​ក្នុង​តូប​កាសែត​មួយ ​ក្រៅ​វត្ត​លង្កា​ក្នុង​ទីក្រុង​ភ្នំពេញ​ កាល​ពី​១៦​ឆ្នាំមុន។

ការ​បាញ់​សម្លាប់លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពីលោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់​និង​ការ​គំរាម​កំហែង​ពីជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ​នោះ។

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​ពិធី​រំឭក​ដល់​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ថា​ លោក​ជា វិជ្ជា​ បាន​ទទួល​ការ​បណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​លើ​ជំនាញ​គីមី​ពីអតីត​សហភាព​សូវៀត​ តែ​ដោយ​លោក​មាន​ចិត្ត​អាណិត​កម្មករ​ លោក​ក៏​បាន​លះបង់​ជំនាញ​នោះ ហើយ​ចូលរួម​ចលនា​សហជីព ​និងបាន​ក្លាយជា​ប្រធាន​សហជីព​សេរី​កម្មករ​នៅ​ឆ្នាំ​១៩៩៩។

«នៅ​ពេល​ដែល​គាត់​ដឹកនាំ​ ចាប់​ដឹកនាំ​ឡើង​ជា​ប្រធាន​នៅ​ឆ្នាំ​១៩៩៩​បាទ​ អីចឹង​ឃើញ​ថា​ មាន​ការ​គាំ​ទ្រ​ច្រើន​ រហូត​មក​បាញ់​សម្លាប់​ នៅ​ថ្ងៃ​២២​ មករា​ ២០០៤។ អីចឹង​ គាត់​បាន​បន្សល់​ទុក​ គុណូបការៈ​ ហើយ​ថ្ងៃ​នេះ​ យើង​មក​គោរព​វិញ្ញាណក្ខន្ធ​ មក​រំឭក​នូវ​គុណូបការៈ​របស់​គាត់​និង​វីរៈភាព​របស់​គាត់​ ដែល​គាត់​បាន​បន្សល់​ទុក»។

លោក ​រ៉ុង ឈុន​ ដែល​ជា​អតីត​សមាជិក​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់​ថា​ (គ.ជ.ប)​ មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​វែក​មុខ​រក​ឃាតករ​ដែល​បាន​សម្លាប់​លោក​ ជា វិជ្ជា ​នៅ​ឡើយ។

«ខ្ញុំមិន​អស់​សង្ឃឹម​ទេ​ ថ្វីដ្បិត​តែ​១៦ឆ្នាំ​ យើង​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​ លោក​ជា វិជ្ជា​ តែ​ក្នុង​នាម​ខ្ញុំផ្ទាល់​ នៅ​តែ​តស៊ូ​យ៉ាង​ស្វះស្វែង​ធ្វើ​ម៉េច​ ដើម្បី​រក​យុត្តិធម៌​ជូន​លោក​ជា វិជ្ជា​ ទោះបី​ពេល​នេះ​ មិន​ទាន់​បាន​ទទួល​យុត្តិធម៌​ តែ​នៅ​ថ្ងៃ​ក្រោយ​ យើង​នឹង​ទទួល​បាន​យុត្តិធម៌»។

លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)
លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ រំឭកពី​ចលនា​សហជីព​របស់​លោក​ជា វិជ្ជា​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជានៅទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)

លោក​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុនប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី/VOA)
លោក​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា (នៅ​ខាង​ឆ្វេង​ដៃ)​ លោក​រ៉ុង ឈុនប្រធាន​សហភាព​សហជីព​កម្ពុជា​ (នៅកណ្តាល​)​ និង​លោក​អាត់ ធន់​ប្រធាន​សហភាព​ការ​ងារ​កម្ពុជា (នៅខាង​ស្តាំដៃ)​ ចូលរួម​រំឭក​ខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា។ (ហ៊ុល រស្មី/VOA)

ក្រៅពី​លោក ​រ៉ុង ឈុន​ មាន​មេដឹក​នាំ​សហជីព​ធំៗ​ជាច្រើន​នាក់​ទៀត​ ក្នុង​នោះ​មាន​លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក​ ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា និង​លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឬ​ហៅ​កាត់ថា IDEA។ ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សកម្ម​ជន​សិទ្ធិមនុស្ស​ប្រមាណ​មួយ​រយ​នាក់​និង​ព្រះ​សង្ឈ​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ដែរ។

ក្រុម​កង​កម្លាំង​សន្តិសុខនិង​មន្ត្រី​នគរ​បាល​ជាង៥០​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ នៅ​ក្បែរ​ទីតាំង​នៃ​កន្លែង​តម្កល់​រូប​សំណាក​លោក​ ជា វិជ្ជា​ ដែល​ស្ថិត​នៅ​ផ្នែក​ខាងលិច​នៃ​វិមាន​ឯករាជ្យ​ក្នុង​ទីក្រុង​ភ្នំ​ពេញ។ ក៏​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​រំឭក​ដល់​ការ​ស្លាប់​របស់​លោក ជា វិជ្ជា​ បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​ប្រឈម​មុខ​ជា​មួយ​កងកម្លាំង​សន្តិសុខ។ ក្រុម​សកម្មជន​បាន​អុជ​ធូប​និង​ដាក់​កម្រង​ផ្កា​នៅ​មុខ​ទី​តម្កល់​រូប​សំណាក​លោក ​ជា វិជ្ជា ដែល​នៅ​មិន​ឆ្ងាយ​ពី​របង​វត្តលង្កា។

លោក ​ជា វិជ្ជា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ទាំង​កណ្តាល​ថ្ងៃ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​នៅ​ពេល​លោក​កំពុង​ទិញ​កាសែត​នៅ​ក្នុងតូប​លក់​កាសែត​មួយក្រៅវត្ត​លង្កា​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​មួយ​សប្តាហ៍​ក្រោយ​មក ឃាតកម្មជន​សង្ស័យ​ពីរ​រូប​ដែល​ក្រុម​សង្គម​ស៊ីវិល​ហៅ​ថា ជា​«ឃាតករ​សិប្ប​និមិ្មត​គឺ​លោក​ ប៊ន សំណាង​ ​និង​លោក ​សុខ សំអឿន» ត្រូវ​បាន​ចាប់​ខ្លួន។​ ក្រោយ​ការ​ឃុំ​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​ ​អ្នក​ទាំង​ពីរ​រូប ​ត្រូវ​បាន​រក​ឃើញ​ថា​គ្មាន​ទោស​កំហុស​ ​និង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ តាម​ដីកា​សម្រេច​របស់​តុលាការ​កំពូល​នៅ​ចុង​ឆ្នាំ​២០១៣។

ស្តាប់បទសម្ភាសន៍ VOA ជាមួយភរិយារបស់លោក ជា វិជ្ជា


លោក​ស្រី​ ជា​ គឹមនី​ ភរិយា​សព​លោក​ជា វិជ្ជា​ បានប្រាប់ VOA ​តាម​ទូរស័ព្ទ​ពី​ប្រទេស​ហ្វាំងឡង់​ នៅ​មុន​ថ្ងៃធ្វើពិធី​រំឭកខួប​នៃ​ឃាតកម្ម​លើ​ស្វាមីលោកស្រី​ថា​ រយៈពេល​១៦ឆ្នាំ​កន្លង​មក​នេះ​ យុត្តិធម៌​នៅ​តែ​មិន​ទាន់​មាន​សម្រាប់​ស្វាមី​លោក​ស្រី។

លោក​ស្រី​បាន​ប្រៀប​ប្រដូច​ការ​ស្លាប់​ស្វាមី​លោក​ស្រី​ទៅ​នឹង​ការ​បាញ់​សម្លាប់​អ្នកវិភាគ​លោក ​កែម ឡី​ ដែល​លោក​ស្រី​អះអាង​ថា​ មាន​ការ​ចាប់​ខ្លួន​ឃាតករ​សិប្បនិម្មិត្ត​មក​ទទួល​ទោសដូច​គ្នា។

«រឿង​រ៉ាវ​មិន​ខុស​ពី​ លោកគ្រូ​កែម ឡី​ ប៉ុន្មាន​ទេ​ច៎ា​ ការ​រៀបចំ​ធ្វើ​សកម្មភាព​ ចាប់​អ្នក​ដែល​អត់​មាន​កំហុស​ យក​ទៅដាក់​នៅ​ពន្ធនាគារ​ឲ្យ​គ្នា​រងគ្រោះ​ ជំនួស​អ្នក​ដែល​ពិតប្រាកដ​នោះ​ណ៎ា! ច៎ា​វា​អត់មាន​ទេ​ ហើយ​អីចឹង​វា​រឿង​រ៉ាវ​ វា​ដូច​តែ​គ្នា»។

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធនេះថា​ កិច្ច​ស៊ើប​អង្កេត​នៅ​បន្ត ប៉ុន្តែសមត្ថកិច្ច​មិន​ទាន់​មាន​ព័ត៌មាន​ណាមួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​បន្ត​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃការ​បាញ់​សម្លាប់​លោក​ជា វិជ្ជា ​នោះ​ទេ។

«ដូច្នេះ​ខ្ញុំសុំ​យក​ឱកាស​នេះ​ ដើម្បី​ថ្លែង​អំពាវនាវ​សុំ​ឲ្យ​មាន​ព័ត៌មាន​ថ្មី​ ព័ត៌មាន​ណា​ដែល​ស្វែង​អាចអាច​បន្ត​ទៅ​រក​ ស្វែង​រកចាប់​ខ្លួន​ជនល្មើស​ហ្នឹង​ អាហ្នឹងជា​ការ​ល្អ​ត្រឹម​ត្រូវ​ណាស់។ គ្រាន់​តែ​ជា​ការ​អំពាវនាវ​ឬ​ក៏​ស្អី​ជា​ការ....ទៅ​មើល មិន​ ​មិនអាចនឹងរក​លទ្ធផល​ឃើញ​ទេ»។

មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ​ ក៏​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ដែល​លើកឡើង​ថា​ មាន​មន្ត្រីរបស់​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​សំណុំ​រឿង​នេះ​ដែរ។

«រដ្ឋាភិបាល​ មន្ត្រី​រដ្ឋាភិបាល ​អ្នកនៅ​ពីក្រោយ​ នោះ​មន្ត្រី​ច្រើន​គគោគគរដី​ ចាប់​នរណា​ ឥឡូវ​នរណា​ថា​ឲ្យពិត​មក​ ហ្នឹង​ហើយ​ សូម សូមឲ្យមាន​ព័ត៌មាន​ពិត​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ហ្នឹង»។

លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ឈរថ្លែងនៅពី​មុខ​រូបសំណាក​លោក​ជា​ វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)
លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ឈរថ្លែងនៅពី​មុខ​រូបសំណាក​លោក​ជា​ វិជ្ជា​ អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ​ ក្នុងខួប​លើក​ទី​១៦ឆ្នាំនៃឃាតកម្ម​លើ​លោក​ជា វិជ្ជា នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/VOA)

លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ និង​ភាគី​ពាក់​ព័ន្ធរក​ឃាតករ​ពិត​ប្រាកដ​ដែល​បាន​សម្លាប់​លោក​ជា វិជ្ជា​ ហើយ​ក៏​ស្នើ​ឲ្យ​បញ្ឈប់​ការប្រើ​ប្រាស់​អំពើ​ហិង្សា​មក​លើ​មេដឹកនាំ​សហជីព។

សហភាព​អឺរ៉ុប​ដែល​កំពុង​តែ​ពិនិត្យ​សើរើ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬ (Everything But Arms) សម្រាប់​ប្រទេស​កម្ពុជា​ក៏​បាន​ពណ៌នា​ក្នុង​របាយការណ៍​របស់​ខ្លួន អំពី​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​បីនាក់​ គឺ​មាន​លោក​ ជា វិជ្ជា​ និង​លោក​រស់​ សុវណ្ណរ៉េត​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០០៤​ និង​លោក​ ហ៊ី វុទ្ធី​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ឆ្នាំ​២០០៧។

របាយ​ការណ៍​សហភាព​អឺរ៉ុប​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អង្គការ​ពលកម្ម​អន្តរជាតិ ឬ​ហៅ​ថា​ (ILO) បាន​ទទូច​ដល់​ប្រទេស​កម្ពុជា​ ឲ្យ​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​កិច្ច​ស៊ើប​អង្កេត​ និង​នាំ​យក​ជន​ល្មើស​មក​កាត់​ទោស​ ដើម្បី​បញ្ចប់​ស្ថានភាព​និទណ្ឌភាព​ដែល​ចេះតែ​រីកធំនៅ​ក្នុង​ប្រទេស។

ជា​ការ​ឆ្លើយតប​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា​ ទោះ​បី​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេងៗ​ បាន​ចូល​រួម​ក្នុង​កិច្ច​ស៊ើបអង្កេត​ក្នុង​រយៈពេល​ដ៏យូរ​ក៏ដោយ​ តែ​ពេល​វេលា​ដែល​បាន​ចំណាយ​យូរនោះ​ត្រូវ​ផុត​កំណត់​ ហើយ​បាន​ធ្វើ​ឲ្យ​កិច្ច​ស៊ើប​អង្កេត​កាន់​តែ​ស្មុគស្មាញ។ រដ្ឋាភិបាល​អះអាង​ថា​ ខ្លួន​កំពុង​ស្នើ​សុំ​កិច្ច​សហការ​ និង​ការ​គាំទ្រ​ពេញលេញ​ពីរាល់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ការ​ស៊ើប​អង្កេត​ ហើយ​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​ចំណេញ​ចំពោះ​ការ​ពន្យារ​ពេល​នៃ​កិច្ច​ស៊ើប​អង្កេត​នេះ​ដែរ។ នេះ​បើ​តាម​របាយ​ការណ៍​សហភាព​អឺរ៉ុប។

បច្ចុប្បន្ន​ ​សហគមន៍​អឺរ៉ុប​កំពុង​តែ​សិក្សា​លើ​របាយការណ៍​ឆ្លើយតប​របស់​រដ្ឋាភិបាល​កម្ពុជា​មុន​នឹង​សម្រេច​លើ​ឋានៈ​ពន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ត្រឹម​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នំា​២០២០។

តាមរយៈ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ ​គឺ​ទំនិញ​របស់​កម្ពុជា​បាន​រួច​ពន្ធ​ក្នុង​ទឹក​ប្រាក់​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ​ហើយ​បើ​សហភាព​អឺរ៉ុប​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ គឺ​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ឆ្នាំ​២០២០៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG