ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​​ធ្វើ​​តេស្ត ACT របស់​ក្រុម​សិស្ស​​​​អាមេរិកាំង​​​បានពិន្ទុ​​ទាប​​ក្នុងរយៈពេល៣០ឆ្នាំ


រូបឯកសារ៖ សៀវភៅត្រៀមប្រឡងមួយ​ក្បាលត្រូវបាន​ថតកាលពីថ្ងៃទី​០១ មេសា ឆ្នាំ២០២១៤។(AP Photo/Seth Perlman, File)
រូបឯកសារ៖ សៀវភៅត្រៀមប្រឡងមួយ​ក្បាលត្រូវបាន​ថតកាលពីថ្ងៃទី​០១ មេសា ឆ្នាំ២០២១៤។(AP Photo/Seth Perlman, File)

ពិន្ទុនៃ​ក្រុម​សិស្ស​វិទ្យាល័យក្នុង​សហរដ្ឋអាមេរិកក្នុង​ការធ្វើ​តេស្ត ACT សម្រាប់ចូល​រៀនក្នុង​មហា​វិទ្យាល័យ​បាន​ធ្លាក់ដល់កម្រិត​ទាប​បំផុត​ក្នុងពេល​ជាង​បី​ទសវត្សរ៍ ដែល​បង្ហាញឱ្យ​ឃើញ​ថា​ក្រុម​សិស្ស​ទាំង​នេះ​មិនបានប្រុងប្រៀប​សម្រាប់​ការសិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ​ទេ។ នេះ​បើ​តាម​អង្គការ​មិនគិតកម្រៃ​មួយដែល​ចាត់ចែង​តេស្ត​នេះ។

ពិន្ទុនៃ​ការធ្វើ​តេស្ត​នេះបាន​ធ្លាក់​ចុះ​៦ឆ្នាំបន្ត​គ្នា​ តែ​ទំនោរ​នេះបានលឿន​នៅពេល​មាន​ការរាតត្បាត​ជំងឺ​កូវីដ១៩។

ក្រុម​សិស្ស​ក្នុងឆ្នាំ​សិក្សា២០២៣ដែលពិន្ទុ​ពួក​គេ​ត្រូវបានរាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី ១១តុលា បានរៀន​ក្នុងវិទ្យាល័យ​ក្នុង​ឆ្នាំ​ទីមួយ​របស់​ពួក​គេ​នៅពេល​អាមេរិក​មាន​ជំងឺ​កូវីដ។

អ្នកស្រី Janet Godwin ប្រធាន​មន្ត្រី​ខាង​កិច្ចការប្រតិបត្តិរបស់​អង្គការ​មិន​គិត​កម្រៃ ACT បាន​និយាយ​ថា«ការពិតជាក់ស្តែងគឺថាយើង​មិនបាន​ចាត់វិធានការ​ឱ្យបាន​គ្រប់ គ្រាន់​ដើម្បីធ្វើឱ្យ​ប្រាកដថា​ក្រុម​សិស្សមាន​សញ្ញាប័ត្រពេល​រៀន​ចប់ក្នុង​វិទ្យាល័យ​បាន​ប្រុងប្រៀប​សម្រាប់ជោគជ័យក្នុង​មហាវិទ្យាល័យ​និង​អាជីព​ក្រោយ​រៀន​ចប់​ក្នុង​វិទ្យា ល័យ»។

ពិន្ទុ ACT ជា​មធ្យមភាគ​របស់​សិស្ស​អាមេរិកាំង​គឺ១៩,៥លើ៣៦។ កាល​ពី​ឆ្នាំទៅ​ ពិន្ទុ​មធ្យម​គឺ១៩,៨។

ពិន្ទុ​មធ្យម​ខាង​ការអាន​ វិទ្យាសាស្ត្រ​និង​គណិតវិទ្យានៅ​ក្រោម​លក្ខណៈវិនិច្ឆ័យ​ដែល​ ACT និយាយ​ថាក្រុម​និស្សិត​ត្រូវ​តែធ្វើឱ្យសម្រេចសម្រាប់ជោគជ័យ​ក្នុងការសិក្សា​ក្នុង​ឆ្នាំ​ទីមួយនាមហាវិទ្យាល័យ។ ពិន្ទុមធ្យមខាងភាសាអង់គ្លេសមាន​លើស​លក្ខណៈ​វិនិច្ឆ័យ​បន្តិច តែនៅតែ​ចុះថយប្រៀបធៀប​នឹងឆ្នាំទៅ។

សាកលវិទ្យាល័យ​ជា​ច្រើន​បានធ្វើ​ការធ្វើតេស្ត​សម្រាប់​ចូលរៀនជាស្តង់ដារជាជម្រើស​ដោយ​ធ្វើក៏​បាន មិនចាំ​បាច់ធ្វើក៏​បាន នៅពេលមានការរិះគន់ថាពួក​គេអនុគ្រោះតែពួកអ្នកមាន​ហើយ​បានដាក់ក្រុមនិស្សិតមានប្រាក់ចំណូល​ទាប​ក្នុងភាពចាញ់ប្រៀប។

សាកលវិទ្យាល័យ​ខ្លះ​មានរួមសាកលវិទ្យាល័យរដ្ឋ California ផង​មិនពិចារណា​ពិន្ទុ ACT ឬ SAT ទេ​ទោះ​ជាត្រូវ​ដាក់ស្នើ​ក៏​ដោយ។

អ្នកស្រី Godwin បានថ្លែងថា​ពិន្ទុ​នៅ​តែ​មានប្រយោជន៍​សម្រាប់​ដាក់​និស្សិត​ឱ្យ​រៀន​មុខវិជ្ជា​សមស្រប​ក្នុង​មហាវិទ្យាល័យហើយ​ចាត់ចែង​ទីប្រឹក្សា​ខាង​ការសិក្សា​ឱ្យជួយ​គាំទ្រ​និស្សិត​ឱ្យបានល្អ​ជាង​មុន។

អ្នកស្រី Godwin បានពោលថា«ស្តី​ពីការប្រុងប្រៀប​ចូល​រៀន​ក្នុង​មហាវិទ្យាល័យ ទោះ ជាការ​ធ្វើ​តេស្ត​ជា​ជម្រើស​ដោយធ្វើក៏​បាន មិនធ្វើក៏បាន ​ពិន្ទុនៃការធ្វើតេស្តទាំងនេះ​អំពី​ការប្រុងប្រៀប​ចូលរៀន​ក្នុង​មហាវិទ្យាល័យមានសារៈសំខាន់ណាស់»។

មាន​សិស្សប្រមាណ១លាន៤សែន​នាក់​ក្នុងសហរដ្ឋអាមេរិកបានធ្វើតេស្ត ACT នៅ​ឆ្នាំនេះ ដោយ​កើន​ច្រើន​ជាងឆ្នាំទៅ។ តែយ៉ាង​ណាក៏​ដោយ ក៏​តួលេខ​នេះ​មិន​បាន​កើន​ឡើង​ដល់កម្រិត​មុនការ​រាតត្បាត​ជំងឺកូវីដ១៩ទេ។ អ្នកស្រី Godwin ​បាន​និយាយថា​អ្នកស្រី​យល់ថា​តួលេខទាំង​នោះ​នឹងមិនកើន​ឡើងពេញលេញ​ទេ ជាផ្នែក ដោយសារ​គោលនយោបាយសុំចូលរៀនដោយ​មាន​ជម្រើស ចង់ធ្វើ​តេស្ត​ក៏​បាន មិន​ចង់​ធ្វើ​ក៏​បាន។

ក្នុងបណ្តា​ពួកនិស្សិតដែល​បាន​ធ្វើតេស្ត មានតែ២១%ប៉ុណ្ណោះដែលបាន​ទទួល​លទ្ធផល​តាម​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ជោគជ័យ​ក្នុងការសិក្សា​កម្រិត​មហាវិទ្យាល័យ​ក្នុង​មុខ​វិជ្ជាទាំងអស់។

ការស្រាវជ្រាវ​របស់​អង្គការមិនគិតកម្រៃនេះ​បង្ហាញ​ថា​ពួក​សិស្ស​ដែល​បានពិន្ទុ​តេស្ត​តាមលក្ខណៈ​វិនិច្ឆ័យទាំង​នោះ​មាន​ឱកាស៥០%​ទទួល​ពិន្ទុ B​ ឬ​ល្អជាងនេះ​និងមាន​ឱកាសជិត៧៥%ក្នុ​ងការទទួល​ពិន្ទុCឬ​ល្អ​ជាងនេះក្នុងមុខវិជ្ជាដែល​ពួកគេ​រៀន៕

ប្រែសម្រួល​ដោយ​លោក ឈឹម​ សុមេធ

XS
SM
MD
LG