ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាពលរដ្ឋនៅតាមបណ្តាខេត្ត និងជនបទនានាពាសពេញប្រទេស បានចេញទៅបោះឆ្នោតជាបណ្តើរៗហើយ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក កែវ ពិសិដ្ឋ វ័យ៦៥ ដែលជាអ្នកបោះឆ្នោតមួយរូបនៅការិយាល័យមួយ សង្កាត់ផ្សារកណ្តាលទី១ រាជធានីភ្នំពេញ ប្រាប់ VOA ថា សម្រាប់ការបោះឆ្នោតឃុំសង្កាត់លើកនេះ លោកចង់ឃើញមេឃុំល្អអភិវឌ្ឍសហគមន៍ ដូចជាអនាម័យជាដើម។
«ខ្ញុំចង់ឃើញមានអនាម័យ និងការរៀបចំសួនសាធារណៈឲ្យបានស្អាត»។
អតីតទាហានសម័យរដ្ឋកម្ពុជាដែលបានចូលនិវត្តន៍រូបនេះ ថ្លែងបន្តថា កន្លងមក អាជ្ញាធរមូលដ្ឋានក្នុងសហគមន៍លោក បានសហការល្អជាមួយពលរដ្ឋក្នុងការផ្តល់លិខិតស្នាមផ្សេងៗ។ លោកថា៖ «នៅពេលសហគមន៍ណាមានអ្នកដឹកនាំល្អ សហគមន៍នោះនឹងមានការរីកចម្រើន»។
អ្នកស្រី គាត គឹមស្រី វ័យ៤២ឆ្នាំ ដែលជាពលរដ្ឋម្នាក់ទៀតរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ បានថ្លែងថា អ្នកស្រីបោះឆ្នោតលើកនេះ ចង់ឃើញការផ្លាស់ប្តូរផ្នែកសណ្តាប់ធ្នាប់ក្នុងសង្គម ដោយសារអ្នកស្រីបារម្ភផ្នែកសុវត្ថិភាព។
«ទឹកចិត្តខ្ញុំចង់បានការរៀបរយសណ្តាប់ធ្នាប់ គ្មានជនអនាថា គ្មានជនហិតកាវ វាយគ្នាចឹង អត់ល្អទេ»។
លោកស្រីថ្លែងយ៉ាងដូច្នេះ ដោយសារលោកស្រីឃើញការវាយប្រហារគ្នារវាងក្មេងហិតកាវក្នុងសហគមន៍ ដែលជាក្តីបារម្ភរបស់ពលរដ្ឋទូទៅ។ អ្នកស្រី គឹមស្រី ដែលមានកូន៣នាក់ក្នុងបន្ទុក បានបន្ថែមថា អ្នកស្រីក៏ចង់បានជីវភាពរស់នៅប្រសើរដែរ។ អ្នកស្រីថា អ្នកស្រីមិនចង់ឃើញអតិផរណា ឬការឡើងថ្លៃទំនិញ ដែលជីវភាពអ្នកស្រី មិនអាចទ្រទ្រង់បាននោះទេ។ លោកស្រីបន្តថា ប្តីអ្នកស្រីធ្វើការម្នាក់ឯង ហើយអ្នកស្រីនៅផ្ទះមើលថែរក្សាកូន។
លោក សេន សេនី វ័យ៤៥ឆ្នាំ ថ្លែងថា លោកបានបោះឆ្នោតស្របតាមឆន្ទៈរបស់លោកដោយគ្មានការបង្ខិតបង្ខំឡើយ។ ហើយលោកចង់ឃើញចៅសង្កាត់ថ្មី គិតគូរដល់ពលរដ្ឋក្រីក្រនៅក្នុងសហគមន៍។
លោកថា៖ «តាមអារម្មណ៍របស់ខ្ញុំ ខ្ញុំគិតថា នឹងមានមេឃុំត្រឹមត្រូវ ទទួលបានគុណសម្បត្តិផ្សេង ដូចជាចេះមើល ថាអ្វីខ្វះខាតក្នុងភូមិឃុំ»។
លោកបន្តថា ក្រុមប្រឹក្សាថ្មីត្រូវប្រមូលទិដ្ឋន័យជនក្រីក្រក្នុងសហគមន៍ និងគិតគូរដល់ជីវភាពរបស់ពួកគេ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត Comfrel ថ្លែងថា នាព្រឹកនៃថ្ងៃបោះឆ្នោតនេះ មិនទាន់មានភាពមិនប្រក្រតី និងបញ្ហាសន្តិសុខកើតឡើងក្នុងការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញនោះទេ។ ក៏ប៉ុន្តែលោកថា ការិយាល័យមួយចំនួន គ.ជ.ប ហាក់ដូចជាមិនទាន់បានរៀបចំសណ្តាប់ធ្នាប់ ដែលបង្កឲ្យពលរដ្ឋអាចបោះឆ្នោតដោយងាយស្រួលនោះទេ ទាក់ទងនឹងការខ្វះខាតនីតិវិធី និងការណែនាំផ្សេងៗសម្រាប់អ្នកបោះឆ្នោត។
ប្រទេសកម្ពុជាមានការិយាល័យបោះឆ្នោតជាង២ម៉ឺននៅក្នុងឃុំ សង្កាត់ចំនួន១៦៤៦ ទូទាំងប្រទេស។ គណក្សនយោបាយទាំង១២ ចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជន ដែលកាន់អំណាចជាង៣០ឆ្នាំ។
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់នីមួយៗ បានសន្យា និងប្តេជ្ញាចិត្តរៀងខ្លួនថា នឹងអភិវឌ្ឍមូលដ្ឋាន ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងជួយសម្រួលកិច្ចការនានាជូនពលរដ្ឋម្ចាស់ឆ្នោតតាមគោលនយោបាយរបស់គណបក្សគេរៀងៗខ្លួន។
លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញទៅបោះឆ្នោត នៅការិយាល័យមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលរួចហើយនាព្រឹកនេះ។ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងចេញទៅបោះឆ្នោតនៅចាក់អង្រេលើ រាជធានីភ្នំពេញនៅព្រឹកនេះដែរ។ ដោយឡែកមេដឹកនាំគណបក្សដទៃទៀត គ្រោងនឹងចេញទៅបោះឆ្នោតនៅតាមបណ្តាខេត្តក្រុង រាជធានី។
គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈជាមេឃុំ ចៅសង្កាត់ ជាង១៥៩០ឃុំ កាលពីការបោះឆ្នោតឆ្នាំ២០១២ នៅអាណត្តិទី៣។ គណបក្សជំទាស់ទទួលបានតែ ៤០អាសនៈ ជាមេឃុំ និងចៅសង្កាត់តែប៉ុណ្ណោះ។
ក្រុមមេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល បានចាត់ទុកការបោះឆ្នោតឃុំសង្កាត់ ជាការបោះឆ្នោតសំខាន់សម្រាប់ការផ្លាស់ប្តូរជីវភាព និងការអភិវឌ្ឍ ហើយអ្វីដែលក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ដើរតួនាទីសំខាន់ផងដែរនោះ គឺ នឹងក្លាយទៅជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត និងស្រុកជាដើម៕